Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការ​នីតិកម្ម​ផ្តើម​សិក្សា​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​បត្យាប័ន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី​

spot_img

​លោក បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា បាន​ដឹកនាំ សមាជិក សមាជិកា​គណៈកម្មការ​ប្រជុំ​ពិនិត្យ និង​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​បត្យាប័ន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី នៅ​ថ្ងៃ​ទី​៥​ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋ​សភា​។ នេះ​ជា​កិច្ចប្រជុំ​ផ្ទៃក្នុង​គណៈកម្មការ មុន​នឹង​មាន​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​សិក្សា​លើ​អត្ថបទ​សេចក្តីព្រាងច្បាប់​នេះ ជាមួយ​តំណាង​រាជរដ្ឋាភិបាល​ក្នុងពេល​ឆាប់ៗ​នេះ​។​

​សន្ធិសញ្ញា​ស្តីពី​បត្យាប័ន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នៅ​រដ្ឋធានី​មូ​ស្គូ សហព័ន្ធរុស្ស៊ី​។ លោក បណ្ឌិត ប៉ែន បញ្ញា បាន​មានប្រសាសន៍ថា សន្ធិសញ្ញា​នេះ​មាន​គោលបំណង​ជួយ​សម្រួល​ដល់​កិច្ចសហប្រតិបត្តិការ​ក្នុងការ គ្រប់គ្រង​បទល្មើស​ឲ្យមាន​ប្រសិទ្ធភាព​រវាង​គូភាគី ជាពិសេស​អត្ថប្រយោជន៍​ដើម្បី​ជំរុញ​កិច្ច សហប្រតិបត្តិការ​ដ៏​មាន​ប្រសិទ្ធិភាព រវាង​ប្រទេស​ទាំង​ពីរ ក្នុង​ការលុបបំបាត់​ឧក្រិដ្ឋកម្ម ដោយ​ឈរ​លើ​មូលដ្ឋាន​គោរព​អធិបតេយ្យ​គ្នា​ទៅវិញទៅមក សមភាព និង​ផលប្រយោជន៍​ទាំងសងខាង​។​

​លោក បណ្ឌិត ប៉ែន បញ្ញា បាន​លើកឡើង​បន្ត​ថា សន្ធិសញ្ញា​បត្យាប័ន​នេះ​បានកំណត់​ឲ្យ​ភាគី​នីមួយៗ មាន​ភារកិច្ច​ធ្វើ​បត្យាប័ន​ទៅ​ភាគី​ម្ខាង​ទៀត​នូវ​ជន​ទាំងឡាយណា​ដែល​ត្រូវបាន​រកឃើញ​នៅលើ​ទឹកដី​នៃ​ភាគី​ណាមួយ ហើយ​កំពុង​ត្រូវ​គេ​តាម​ចាប់ខ្លួន​ដើម្បី​ធ្វើការ ចោទប្រកាន់ ធ្វើការ​ជំនុំជម្រះ​ក្តី​ឬ​អនុវត្ត​ទណ្ឌកម្ម​តាម​ទោស​កំណត់ នៅលើ​ទឹកដី​របស់​ភាគី​ម្ខាង​ទៀត​ចំពោះ​បទល្មើស​ណាមួយ​។ដូចនេះ​សម្រាប់​ក្របខ័ណ្ឌ​ច្បាប់ ដើម្បី​ស្វែងរក​នូវ ឧក្រិដ្ឋជន ទាមទារ​ឲ្យមាន​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​អន្តរជាតិ​ក្នុង​វិស័យ​ព្រហ្មទណ្ឌ តាមរយៈ​ជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ ព្រហ្មទណ្ឌ ការធ្វើ​បត្យាប័ន និង​ការផ្ទេរ​ទណ្ឌិត​។​

​បើតាម លោក បណ្ឌិត ប៉ែន បញ្ញា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សន្ធិសញ្ញា​ស្តីពី​បត្យាប័ន​បែបនេះ​មាន​ចំនួន​៧​ប្រទេស​រួចមកហើយ មាន​ជាមួយ ប្រទេស​ថៃ នៅ​ឆ្នាំ​១៩៩៩ ជាមួយ​ប្រទេស​ចិន​នៅ​ឆ្នាំ​២០០០ ជាមួយ​ប្រទេស​ឡាវ​ឆ្នាំ​២០០៥ ជាមួយ​ប្រទេស​ឥណ្ឌា​ឆ្នាំ​២០០៩ ជាមួយ​សាធារណរដ្ឋ​កូរ៉េ ឆ្នាំ​២០១០ ជាមួយ​ប្រទេស​វៀតណាម​ឆ្នាំ​២០១៤ ហើយ​នៅពេលនេះ​ជាមួយ​ប្រទេស​រុស្ស៊ី​នេះ​។​

​លោក បណ្ឌិត ប៉ែន បញ្ញា បានស្នើ​ដល់​សមាជិក​គណៈកម្មកា​រ​ទាំងអស់​ពិនិត្យ និង​សិក្សា​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា ស្តី​ពី​បត្យាប័ន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី​នេះ​ឲ្យបាន​ល្អិតល្អន់ និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​ជួប​ប្រជុំ​ជាមួយ​តំណាង​រាជរដ្ឋាភិបាល ក្នុង​ពេល​ឆាប់ៗ​នេះ​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×