Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាង UN ជួប មន្ត្រី​ក្រសួងយុត្តិធម៌ មិនបាន​លើកឡើង ពី​បញ្ហានយោបាយ នៅ​កម្ពុជា

spot_img

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក ជីវ សុង​ហាក់ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានទទួល​ជួប​ជាមួយ​លោកស្រី Rhona Smith អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌ ។​

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ជំ​នួន​ពិភាក្សា​នោះ​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​ថ្លែងថា អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួល បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ពី​ចំនួន អ្នកទោស​ជាប់ពន្ធនាគារ មាន​ចំនួន​ច្រើន ប៉ុន្ដែ​មិនបាន​លើក​ពី​បញ្ហានយោបាយ និង​ករណី​លោក កឹម សុខា ដែល​កំពុង​ជាប់ ពន្ធនាគារ​នោះទេ​។​

លោក ជិន ម៉ា​លីន បាន​បន្ថែមថា លោកស្រី​មិនបាន​លើកឡើង​ពី​បញ្ហានយោបាយ និង​ការ​ជាប់ឃុំ​របស់​ក្រុម​អតីត​បក្ស​ឆាំង​នោះទេ ពិសេស​ករណី​លោក កឹម សុខា គឺ​លើកឡើង​តែ​ពី​ករណី​ដែល​អ្នក​ជាប់ ពន្ធនាគារ មាន​ចំនួន​ច្រើន ហើយ​ជំរុញ​ឱ្យ​ក្រសួង​រក​វិធានការ​ដោះស្រាយ​តែប៉ុណ្ណោះ​។ លោក​បាន​លើកឡើងថា ក្នុងជំនួប​បានលើកឡើង​ពី​ច្ចេកទេស​ផ្លូវច្បាប់​តែប៉ុណ្ណោះ​ក្នុងការ ដោះស្រាយ​បញ្ហា​អ្នក​ជាប់ពន្ធនាគារ​ដែល​មាន​ចំនួន​ច្រើន​ដែល​ធ្វើឱ្យ​កកស្ទះ នៅក្នុង​ពន្ធនាគារ នាពេល​បច្ចុប្បន្ន​។ លោក​បាន​បន្ដថា “​គាត់​រីករាយ​នឹង​ជួយ​លើ​បញ្ហា​បច្ចេកទេស ហើយ​គាត់ ក៏បាន​លើកឡើង​ពី​ក្តីកង្វល់​ពាក់ព័ន្ធ​នឹង​ការកកស្ទះ​ចំនួន​អ្នកទោស​នៅ​ពន្ធនាគារ ការទទួល បាន​សេវា​យុត្តិធម៌​ពី​ជន​គ្រប់រូប​នៅ​កម្ពុជា និង​វិធាន​ភស្តុតាង​របស់​ចៅក្រម​ក្នុងការ​កាត់ សេចក្តី​ជាដើម​”​។​

​លោក​បាន​បញ្ជាក់ថា ក្រសួង​យុត្ដិធម៌​បាន​ស្វាគមន៍​ក្នុងការ​ដោះស្រាយ​បញ្ហា និង​ក្តីកង្វល់​របស់​រាយការណ៍​ពិសេស ដែល​បានលើកឡើង​ទាំងនោះ​។ លោក​បាន​បន្ថែមថា បញ្ហា​ដែល​លោកស្រី រ៉ូ​ណា ស្មី​ត លើកឡើង​នោះ ក៏​ជា​បញ្ហា​ដែល​រាជរដ្ឋាភិបាល​ក៏ដូចជា ក្រសួង​យុត្ដិធម៌​កំពុង​ដោះស្រាយ​។ ជាមួយគ្នានេះ ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា ដើម្បី​ធ្វើ​យ៉ាង ណា​ឱ្យ​អនុម័ត​នូវ​បញ្ញត្តិ​ច្បាប់​ដែលមាន​ចែង ដូចជា​ការអនុវត្ត​ទោស​សហគមន៍ ប៉ុន្តែ​នៅ​មិនទាន់​អនុវត្តន៍​បាន ព្រោះថា​ប្រជាពលរដ្ឋ​មិនទាន់បាន​យល់​នោះទេ​។​

​ជាមួយគ្នានេះដែរ លោកស្រី រ៉ូ​ណា ស្មី​ត មិនបាន​លើក​ពី​បញ្ហា​សិទ្ធិមនុស្ស​ជាទូទៅ​ទេ ប៉ុន្ដែ​លើកឡើង​ផ្តោតទៅលើ​តែ​ពាក់ព័ន្ធ​នឹង​ការកែលម្អ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា ដើម្បី​លើកតម្កើង និង​ការធានា​ឱ្យទទួល​បានការ​ការពា​រ​ដោយ​យុត្តិធម៌​។​

​លោកស្រី Rhona Smith បាន​ថ្លែងថា ការផ្លាស់ប្តូរ​-​ផ្ទេរតំណែង ចៅក្រម និង​ព្រះរាជអាជ្ញា​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ គឺជា​យន្តការ​ដ៏​ល្អប្រសើរ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ធ្វើការ​របស់​ស្ថាប័ន មិន​ឱ្យមាន​ភាពពុករលួយ​។ លោកស្រី​បាន​គាំទ្រ​ក្រសួង​យុត្ត​ធម៌ ចំពោះ​ការផ្លាស់ប្តូរ​-​ផ្ទេរតំណែង ចៅក្រម និង​ព្រះរាជអាជ្ញា ហើយ​បាន​ស្នើឱ្យ​ការផ្លាស់ប្តូរ​-​ផ្ទេរតំណែង​ទាំងនោះ ធ្វើឡើង​ប្រកបដោយ​តម្លាភាព​ផងដែរ​។​

​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ប្រាប់ថា “​គាត់ ចាប់អារម្មណ៍​ទៅនឹង​ការធ្វើការ​ផ្លាស់ប្តូរ​ចៅក្រម ព្រះរាជអាជ្ញា​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ដែល​យើង​បានធ្វើ​នៅពេល​ថ្មីៗ​នេះ​។ គាត់​ថា​នេះ​ជា​យន្តការ​ដ៏​ល្អ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ស្ថាប័ន បង្កើន​ប្រសិទ្ធភាព​ការងារ ជាការ​លុបបំបាត់​អំពើពុករលួយ​ផងដែរ​។ គាត់​ក៏បាន​ស្នើសុំ​ថា ឱ្យ​ការផ្លាស់ប្តូរ​នេះ​មាន​លក្ខណៈ​តម្លាភាព មាន​គោល​លក្ខណៈវិនិច្ឆ័យ​ត្រឹមត្រូវ​”​។​

​លោក ជិន ម៉ា​លីន បាន​ថ្លែងបន្តថា ក្រសួង​យុត្ត​ធម៌​បាន​ប្រាប់​ទៅ លោកស្រី Rhona Smith ឱ្យដឹង​ដែរ​ថា ការផ្លាស់ប្តូរ​-​ផ្ទេរតំណែង ចៅក្រម និង​ព្រះរាជអាជ្ញា​ទាំងអស់ សុទ្ធតែ​ស្របទៅតាម​ច្បាប់​របស់​ក​ម្ពុ​ជា​ជានិច្ច​។​

​លោកអ្នក​នាំពាក្យ បាន​បន្ថែមថា រាជរដ្ឋាភិបាល​កំពុង​ប្រឹងប្រែង បន្ដ​កែទម្រង់​ប្រព័ន្ធ​យុត្ដិធម៌​តាមរយៈ ការបង្កើត​កម្មវិធី​ជំនួយ​ផ្នែក​ច្បាប់ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុងការ​ទទួលបាន​មេធាវី​ការពារ​ដោយ​ឥតគិតថ្លៃ និង​ពង្រឹង​ស្ថាប័ន តម្លាភាព និង​ឯករាជ្យភាព​របស់​ស្ថាប័ន​តុលាការ​ទៀតផង​៕ ដោយ​៖​រចនា​

spot_img
×