Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី រ៉ូ​ណា ស្មី​ត និង​លោក ខៀវ កាញារីទ្ធ ឆ្លងឆ្លើយ រឿង​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន

spot_img

​ភ្នំពេញ​ ៖ ក្រោយ​ពី​ជជីក​សួរ​របស់​លោកស្រី រ៉ូ​ណា ស្មី​ត ទាក់ទង​នឹង​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា សេចក្តីព្រាងច្បាប់​នេះ បាន​បិទ​បញ្ចប់ ក្នុង​កម្រិត​បច្ចេកទេស​រួចហើយ ហើយ​បាន​ដាក់​ស្នើសុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន ដើម្បី​រៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង ក្នុង​ការពិភាក្សា លើ​សេចក្តីព្រាងច្បាប់​នេះ​។​

​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​ជួប​ជាមួយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ទីស្តីការក្រសួង ដោយ​បាន​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​សិទ្ធិ​ទទួល​ព័ត៌មាន និង​សិទ្ធិ​ក្នុង​ការបញ្ចេញមតិ នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​តាម​បណ្តាញ​សង្គម​។​

​ក្រោយ​បញ្ចប់​ជំនួប​នោះ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សុភ័ណ្ឌ បាន​ប្រាប់​ក្រុម​អ្នកព័ត៌មាន​ថា នៅក្នុង​ជំនួប​នោះ​លោកស្រី រ៉ូ​ណា ស្មី​ត និង​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ចោទសួរ និង​ឆ្លើយ​លើ​បញ្ហា​ជាច្រើន ជាពិសេស​គឺ​សេចក្តីព្រាងច្បាប់ ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​។ ក្នុងជំនួប​នោះ លោកស្រី រ៉ូ​ណា ស្មី​ត បាន​ចោទសួរ​លោក​រដ្ឋមន្ត្រី​ថា តើ​ដំណើរការ​ពង្រាងច្បាប់​នេះ​វិវឌ្ឍន៍​ដល់​ណា​? តើ​មាន​កំណត់​ថ្ងៃ​បញ្ចប់ ឬ​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ​ហើយ​ឬ​នៅ​?

លោក​រដ្ឋមន្ត្រី បានឲ្យដឹង​ទៀតថា សំណើ​នេះ​ក៏​ទទួល​បាន​ការឯកភាព​ពី​ប្រមុខ​រាជរដ្ឋាភិបាល រួច​ហើយ​ឲ្យ​បង្កើត​គណៈកម្មការ​អន្តរក្រសួង ដែល​គ្រោង​ជួបប្រជុំ​គ្នា​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។ លោកស្រី រ៉ូ​ណា ស្មី​ត ក៏​បាន​ចោទសួរ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ពាក់ព័ន្ធ​នឹង​ការបង្កើត​ក្រុម​ការងារ​អន្តរក្រសួង​មួយ (​ក្រសួងមហាផ្ទៃ ក្រសួង​ព័ត៌មាន និង​ក្រសួង​ប្រៃ​សេនីយ៍ ទូរគមនាគមន៍​) ក្នុង​ការប្រយុទ្ធប្រឆាំង និង​ព័ត៌មាន​ប៉ះពាល់​ដល់​សង្គមជាតិ ក៏ដូចជា គោលដៅ​ទៅ​ថ្ងៃ​អនាគត​ក្នុង​ការពង្រីក​វិសាលភាព នៃ​ការទទួល​ព័ត៌មាន​តាម​អន​ឡាញ​របស់​ប្រជាពលរដ្ឋ​តាម​ជនបទ​។​

​ជា​ការឆ្លើយតប លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា សេចក្តីព្រាងច្បាប់​នេះ បាន​បិទ​បញ្ចប់ ក្នុង​កម្រិត​បច្ចេកទេស​រួចហើយ ហើយ​បាន​ដាក់​ស្នើសុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន ដើម្បី​រៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង ក្នុង​ការពិភាក្សា លើ​សេចក្តីព្រាងច្បាប់​នេះ​។ ការបង្កើត​ក្រុម​ការងារ និង​ប្រកាស​អន្តរក្រសួង​ដាក់ចេញ​វិធានការ​ទប់ស្កាត់​ព័ត៌មាន ប៉ះពាល់​សង្គម​ជាតិ​នៅតាម​អន​ឡាញ មិនមែន​ជា​ចេតនា ក្នុងការ​បំបិទ​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ នៅតាម​បណ្តាញ​សង្គម​នោះ​ឡើយ គ្រាន់តែ​ជា​យន្តការ​មួយ​ទប់ស្កាត់​ព័ត៌មាន​ទាំងឡាយ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សង្គម​ជាតិ​តែ​ប៉ុណ្ណោះ​។​

លោក​រដ្ឋមន្ត្រី បាន​បន្តថា កម្ពុជា​បាន​គិតគូរ​លើ​បញ្ហា​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ ប៉ុន្តែ​ការអនុវត្តន៍​នៅ​មាន​កម្រិត​នៅឡើយ ដោយសារ​ពាក់ព័ន្ធ​បញ្ហា​ធនធាន​។ ប៉ុន្តែ​ជា​គោលការណ៍​ក្រសួង​បាន​គិតគូរ ហើយ​តាមរយៈ​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​មួយចំនួន​បានធ្វើ ហើយ​ប្រជាពលរដ្ឋ​នៅ​ជនបទ​ខ្លះ ក៏​អាច​ទទួលបាន​ព័ត៌មាន​តាម​អន​ឡាញ​ផ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×