Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រោយ​បង្ក​ឱ្យ​ធ្លាក់​រថយន្ត​ដឹក​ដី​ស្លាប់​តៃកុង សមត្ថកិច្ច​ឃាត់ខ្លួន​ថៅកែ​ក្រុមហ៊ុន​ធ្វើ​អា​ជី​កម្ម​ដីភ្នំ​លៀប និង​បញ្ឈប់​អាជីវកម្ម​

spot_img

​បន្ទាយមានជ័យ ៖ ក្រោយ​សមត្ថកិច្ច​ចម្រុះ ចុះ​ត្រួតពិនិត្យ​នៅ​ចំណុច​អាជីវកម្ម​ដីភ្នំ​លៀប រកឃើញថា ការធ្វើ​អាជីវកម្ម​ដីភ្នំ​លៀប​ខុសច្បាប់ បង្ក​ឱ្យ​ធ្លាក់​រថយន្ត​ដឹក​ដី​១​គ្រឿង បណ្តាល​ឱ្យ​តៃកុង​រថយន្ត​ម្នាក់ ស្លាប់ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ឃាត់ខ្លួន​ថៅកែ​ធ្វើ​អាជីវកម្ម​ដីភ្នំ​លៀប ចាត់ការ​តាម​ផ្លូវច្បាប់ និង​បាន​បញ្ចប់​អាជីវកម្ម​ដីភ្នំ​លៀប នៅ​ខេត្ត​បន្ទាយមានជ័យ​ទាំងស្រុង ។

ការឃាត់ខ្លួន​ឈ្មួញ​និង​បិទ​អាជីវកម្ម​ដីភ្នំ​លៀប បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ ទ្រ​យោង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។​

​ជុំវិញ​បញ្ហា​នេះ អភិបាល​ស្រុក​ព្រះនេត្រព្រះ លោក ឃូ ពៅ បានបង្ហាញ ឱ្យដឹងថា អាជីវកម្ម​ដីភ្នំ​លៀប​ក្រុមហ៊ុន បាន​សុំ​ច្បាប់​ដល់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​រួចហើយ តាមរយៈ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត បាន​សម្រេច​ឱ្យ​ក្រុមហ៊ុន ដែល​មាន​ម្ចាស់​ឈ្មោះ សឿ​ម សំបូ ធ្វើ​អាជីវកម្ម ដីភ្នំ​លៀប​លើ​ផ្ទៃដី ទំហំ​៦.១៨២ ម៉ែត្រការ៉េ ក្នុង​ប្រតិបត្តិការ​រក្សា​ចម្ងាយ​សុវត្ថិភាព យ៉ាងតិច ២៥​ម៉ែត្រ ពី​មាត់​រណ្តៅ​ចាស់ ដែល​មាន​ស្រាប់ និង​៥​ម៉ែត្រ​ពី​មាត់​រណ្តៅ​ជុំវិញ​។​

ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត លោក សុ​ត វឌ្ឍនា ប្រាប់ឱ្យដឹង​ថា គណៈកម្មការ​ចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ កន្លែងកើតហេតុ ក្រុមហ៊ុន​អាជីវកម្ម​ដីភ្នំ​លៀប ច្បាប់​បាន​អនុញ្ញាត ឱ្យ​ជី​កកាយ​ដីភ្នំ​បាត​ត​ក្រោម ដែល​មាន​រណ្តៅ​ចាស់​ប៉ុណ្ណោះ ។ ប៉ុន្តែ​គណៈកម្មការ​ចម្រុះ​ត្រួតពិនិត្យ​ឃើញថា ក្រុមហ៊ុន​បាន​ទៅ​ជីក​កកាយ​នៅលើ​ភ្នំ ខុស​គោលដៅ​ច្បាប់​បាន​អនុញ្ញាត​។ អាជីវកម្ម​ដីភ្នំ​លៀប ត្រូវបាន​គណៈកម្មការ​ចម្រុះ បញ្ឈប់​អាជីវកម្ម​ទាំងស្រុង​ហើយ ។​

​ពាក់ព័ន្ធ​នឹង​ឃាត់ខ្លួន​ម្ចាស​ក្រុមហ៊ុន​ថៅកែ​អាជីវកម្ម​ដីភ្នំ​លៀប លោក ឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ប្រាប់ឱ្យដឹង​ថា ម្ចាស់​ថៅកែ​ធ្វ​អាជីវកម្ម​ដីភ្នំ​លៀប​នោះ បាន​ឃាត់ខ្លួន និង​ចាត់ការ​តាម​ផ្លូវ​ច្បាប់​អនុញ្ញាត​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ មាស ច័ន្ទ​ពិសិដ្ឋ​។​

​លោក​មេបញ្ជាការ​អាវុធ​ហត្ថ​ខេត្ត ប្រាប់ទៀតថា ក្រុមហ៊ុន​អាជីវកម្ម​ដីភ្នំ​លៀប ដែល​បង្ក​ឱ្យ​ធ្លាក់​រថយន្ត​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​នោះទេ​។ កន្លង​មក​សមត្ថកិច្ច​អាវុធហត្ថ មាន​តួនាទី​បង្ការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ បាន​ទៅ​ធ្វើ​ការណែនាំ​អប់រំ ថៅកែ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដីភ្នំ​លៀប​ម្តង​រួចមកហើយ តែ​មិន​រាងចាល បច្ចុប្បន្ន​ត្រូវ ចាត់ការ​តាម​ផ្លូវច្បាប់​។​

​សូមបញ្ជាក់​ថា រថយន្ត​ដឹក​ដី​១​គ្រឿង​បាន​ធ្លាក់​ពី​ភ្នំ​លៀប ស្ថិតក្នុង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ បណ្តាល​ឱ្យ​សង្កត់​ស្លាប់​អ្នកបើកបរ ខណៈ​ដែល​រថយន្ត​នោះ​បាន​បើក​ឡើង​លើ​ភ្នំ ដើម្បី​ឈប់​រង់ចាំ​អេស្កាវ៉ាទ័រ​កាយ​ដី​ដាក់​លើ​រថយន្ត​។

ហេតុការណ៍​កើតឡើង កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ទ្រ​យោង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។​

​ការធ្វើ​អាជ​វ​កម្ម​ដីភ្នំ​លៀប តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់ថា​៖ ក្រុមហ៊ុន​ជីក​ដីភ្នំ​លៀប ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​នោះ​ទេ​។ មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​បែន​ដឹក​ដី​ម៉ាក​ហ៊ី​ណូ​១​គ្រឿង ពាក់​ស្លាក​លេខ​បាត់ដំបង ៣A ១១០៧ អ្នក​បើ​កមាន ឈ្មោះ ឃិញ ស៊ី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ដែល​បាន​ស៊ីឈ្នួល បើករថយន្ត​ឱ្យ​ថៅកែ​មានឈ្មោះ​យឿន សំបូរ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ ភ្នំ​លៀប ឃុំ​ភ្នំ​លៀប​ស្រុក​ព្រះនេត្រព្រះ​។ រថយន្ត​ត្រូវបាន​បើកបរ​ទៅ​ដឹក​ដី​ជើងភ្នំ​ចំណុច​ខាងលើ ក្នុង​ស្ថានភាព​មាន​ឧបសគ្គ​ដោយ​ការកាយ​ដីភ្នំ​លក់​នៅ ចំណុច​នោះ​ខ្វះ​បច្ចេកទេស​និង​ការត្រួត ពិនិត្យ​ត្រឹមត្រូវ​ពី​សំណាក់​មន្ត្រី​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​នោះទេ​។ លុះ​រថយន្ត​ឡើង​ដល់​គោលដៅ ដោយ​មិន​ពន្លត់​ម៉ាស៊ីន​នោះទេ រង់ចាំ​ដាក់​ដី​ពី​អេស្កាវ៉ាទ័រ ដែល​កំពុង​កាយ​ដីភ្នំ​នោះ ចំណែក​អ្នកបើកបរ ចេញ​ឈរ​លើ​ដំបូល​រថយន្ត​ភ្លាមនោះ រថយន្ត​ក៏​រអិល​ធ្លាក់​ពី​ភ្នំ​ក្នុង​កម្ពស់​ប្រហែល ៧០​ម៉ែត្រ ទាំង​រថយន្ត​និង​តៃកុង​ចូល​រណ្តៅ​ដី​មួយ​កន្លែង រថយន្ត​ធ្លាក់​សង្កត់​តៃកុង បណ្តាលឱ្យ​ស្លាប់ រីឯ​រថយន្ត​វិញ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​។​

​សមត្ថិ​ច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ឱ្យដឹង​ទៀត​ថា​៖ ក្រោយពី​កើតហេតុ​នោះ​ភ្លាម គេ​ឃើញ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច បានចុះ​ទៅ​ត្រួតពិនិត្យ​ដល់​ទីតាំង​កើតហេតុ​និង​បាន​ស្ទូច​រថយន្ត រួម​ទាំង​សាក សព​ជនរងគ្រោះ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​សូមបញ្ជាក់​ថា ភ្នំ​លៀប​បាន​រង​ការជីក​ក​កាយ​ដី ធ្វើ​អាជីវកម្ម​យក​ដី​លក់​យ៉ាង​អាណាធិបតេយ្យ ពី​សំណាក់​ក្រុម​ខ្មូត​ជា​ឈ្មួញ​កាយ​ដី​ភ្នំ​លក់ ជា​យូរ​ឆ្នាំ​មកហើយ បាន​បង្ក​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ​និង​ប៉ះ ពាល់​រំខាន ដល់​ការរៀន សូត្រ​របស់​សិស្ស​នៅ​ក្នុង​សាលាបឋមសិក្សា​ភ្នំ​លៀប ដី​ហ៊ុយ និង​រំខាន​ដោយ​សម្លេង​រថយន្ត ។ កន្លងមក​មាន​ប្រតិកម្ម​ពី​សិស្ស​និង​លោកគ្រូ​អ្នកគ្រូ​រួម​និង ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ​នេះ​ផងដែរ ប៉ុន្តែ​ប្រតិកម្ម​នោះ​មិន​ត្រូវបាន​ដោះស្រាយ​ឡើយ​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×