Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​លើកទឹកចិត្ត​ដល់​វិស័យ​រដ្ឋ វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​ខិតខំ​បង្កើន​ផលិតផល​ទេសចរណ៍​ថ្មីៗ​

spot_img

​ភ្នំពេញ​ ៖ ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​រដ្ឋ និង​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ នា​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ជំរុញ​លើកទឹកចិត្ត​ដល់​វិស័យ​រដ្ឋ វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​ខិតខំ​បង្កើន​ផលិតផល​ទេសចរណ៍​ថ្មីៗ សម្រួល​មធ្យោបាយ​នានា​ជូន​ទេសចរ ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ឱ្យបាន​ទូលំទូលាយ ពិសេស​ត្រូវ​ពង្រឹងពង្រីក​ផលិផល​ទេស ដើម្បី​ទាក់ទាញ​កំណើន​ទេសចរ​ឱ្យ​មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន និង​ទាក់ទាញ​ពួកគេ​ឱ្យ​ស្នាក់​នៅ​កម្ពុជា​បានយូរ ចំណាយ​កាន់តែច្រើន​។​

​លោក ថោង ខុន បាន​ថ្លែងថា ដើម្បីឱ្យ​ភ្ញៀវទេសចរ​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន ស្នាក់​នៅ​កាន់តែ​យូរ និង​ចំណាយ​កាន់តែ​ច្រើន​ថែមទៀត ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ផ្នែក​រដ្ឋ ឯកជន ប្រជាពលរដ្ឋ និង​ដៃគូ​ពាក់ព័ន្ធ​នានា (4P) ត្រូវ​រួមគ្នា​ធ្វើយ៉ាងណា​ឱ្យ​ប្រទេស​កម្ពុជា​ពោរពេញ​ទៅ​ដោយ​ភាព​ស្អាត និង​បៃតង​។ មួយវិញទៀត ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​គ្មាន​សំរាម​ក្រោម​តុ បង្គន់​អនាម័យ​សាធារណៈ​ស្អាត ក៏​ជា​កត្តា​ចាំបាច់​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃនេះ ភាគី​រដ្ឋ ឯកជន និង​ដៃគូ​ពាក់ព័ន្ធ បាន​ឯកភាពគ្នា​ថា​នឹង​ខិតខំ​បង្កើន​ធនធានមនុស្ស ក្នុង​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែច្រើន តាមរយៈ​ការបណ្ដុះបណ្ដាល ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​បន្ថែម ខិតខំ​អនុវត្ត​យុទ្ធសាស្ត្រ​ដែល​ក្រសួង​ទេសចរណ៍​បាន​ដាក់ចេញ ដូចជា ការទទួលស្គាល់​អ្នកជំនាញ​ពីមុន RPL​កម្មវិធី​រៀន​ផង​ធ្វើការ​ផង និង​កម្មវិធី​រៀន​មុន​ធ្វើ​ការងារ​តាម​ក្រោយ​ជាដើម​។​

​លោក ថោង ខុន បាន​ជំរុញ​ឱ្យមាន​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទេសចរណ៍ ឱ្យបាន​កាន់តែ​ច្រើន​ថែមទៀត​។ លោក​ក៏​បាន​លើក​ទឹកចិត្ត ដល់​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ម្ហូបអាហារ និង​វិស័យ​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់ ត្រូវ​ពង្រឹង​គុណភាព​សេវា​កម្ម​ម្ហូបអាហារ សេវាកម្ម​ស្នាក់នៅ សេវាកម្ម​លក់​កញ្ចប់​ទ​ស្សន​កិច្ច​ជូន​ភ្ញៀវទេសចរ​ជាដើម​។​

​ចំពោះ​ផលិតផល​នានា​ដែល​លក់​ជូន​ភ្ញៀវ​ទេសចរ ត្រូវដាក់​ពាណិជ្ជ​នាម​ទាំងឡាយណា​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិខ្មែរ និង​ងាយស្រួល​ចំណាំ រីឯ​ពាណិជ្ជសញ្ញា​ក៏​ត្រូវ​ដាក់​បែបណា​ស្រួល​ចំណាំ ងាយស្រួល​ក្នុង​ការផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ពី​ផលិត​ផល​ទាំងនោះ ពិសេស​គឺ​ផលិតផល​ឧស្សាហកម្ម​ខ្នាតតូច និង​មធ្យម (SME) ដែល​ជា​ជំនួយ​យ៉ាង​សំខាន់​ដល់​ការផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា​។​

​ជាមួយគ្នា​នោះ ក្រសួង​ទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ ថែមទាំង​បាន​ឯកភាពគ្នា​លើ​ការ​សិក្សា​រួម​គ្នា​មួយ​នា​ពេលខាងមុខ លើ​យុទ្ធសាស្ត្រ​ទីផ្សារ និង​ផែនការ​សកម្មភាព ក្នង​ការផ្សព្វផ្សាយ​ទេសចរណ៍ ដែល​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍ ដែល​រួប​មាន​សមាជិក​មក​ពី​ផ្នែក​សាធារណៈ និង​ឯកជន នឺង​ពិភាក្សាគ្នា​ឱ្យបាន​ល្អិតល្អន់ នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​ក្នុង​កិច្ចប្រជុំ​ខាងលើ ខាង​ផ្នែក​ឯកជន​បានស្នើ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យ​ជួយ​សម្រួល​ដល់​មធ្យោបាយ​ធ្វើដំណើរ​ឯកជន និង​ជា​គ្រួសារ​របស់​ភ្ញៀវទេសចរ ដែល​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ ហើយ​ភាគី​គយ​ក៏​បាន​បញ្ជាក់​វិញ​ថា នឹង​ខិតខំ​កែសម្រួល​បែបបទ​នេះ​ឱ្យ​បាន​រហ័ស និង​ងាយស្រួល​ជាង​មុន​។ រីឯ​ខាង​អន្តោប្រវេសន៍​ក៏​បាន​សន្យាថា នឹង​ខិតខំ​បណ្ដុះបណ្ដាល​មន្ត្រី​ផ្នែក​ភាសា​អង់គ្លេស ក៏​ដូច​ជា​ភាសា​ចិន និង​ភាសា​ផ្សេងៗ​ទៀត​ឱ្យបាន​ល្អ​ផងដែរ និង​ចូលរួម​ចលនា​ប្រឡងប្រណាំង​ប​ដុស​ណ្ឋា​រ​កិច្ច​ល្អ​ច្រកទ្វារ​អន្តរជាតិ​។​

​ផ្នែក​ឯកជន​ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ផង​ដែរ សូម​ជួយ​រក្សា ការពា​សន្តិសុខ​ដល់​ទេសចរ​។​ ​ផ្នែក​ឯកជន​ក៏​បាន​សំណូមពរ​ដល់​សាលា​រាជធានី​ភ្នំពេញ ឱ្យ​ជួយ​កសាង​កំពង់ផែ​កាណូត​ទេសចរណ៍​នៅ​ទីក្រុង​ភ្នំពេញ​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​បញ្ជាក់ទៀតថា កម្ពុជា​នៅតែ​ស្វាគមន៍​ទេសចរ​ចិន ព្រោះ​ទេសចរ​ចិន​ជា​ទេសចរ ដែល​មាន​ចំនួន​ច្រើន​ជាង​គេ​លើ​ពិភពលោក ហើយ​ចាយ​ច្រើនជាងគេ កម្ពុជា​ខិតខំ​ត្រៀមខ្លួន​ជានិច្ច ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​ចិន តាមរយៈ​យុទ្ធសាស្ត្រ “China Ready” ធ្វើ​យ៉ាងណា​ផ្តល់​បដិសណ្ឋារកិច្ច ដល់​ទីផ្សារ​ទេសចរ​ចិន​ឱ្យបាន​កាន់តែ​ល្អ ដើម្បី​ស្ថិរភាព កំណើន ទាំង​បរិមាណ និង​គុណភាព​។​

​លោក​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ប្រាប់​ថា បច្ចុប្បន្ន​នៅ​លើ​ពិភពលោក​គ្មាន​ប្រទេស​ណាមួយ​មិន​ចាប់​យក​ឱកាស ក្នុងការ​ត្រៀម​ទទួល​ទេសចរ​ចិន​នោះទេ សូម្បីតែ​នៅក្នុង​អាស៊ាន ប្រទេស​ថៃ ម៉ាឡេស៊ី សិង្ហ​បុរី វៀតណាម ក៏​ជា​ប្រទេស​ទទួល​ទេសចរ​ចិន​ច្រើន​ជាង​កម្ពុជា​កម្ពុជា​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ក៏​បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន និង​ដៃគូ​ពាក់ព័ន្ធ​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ នៅ​ខេត្ត​កោះកុង ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១៤-១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ព្រមទាំង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ នៃ​នយោបាយ ឈ្នះ ឈ្នះ និង​ពិធី​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​នយោបាយ ឈ្នះ ឈ្នះ ដែល​នឹង​ព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៩-៣០-៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាង​មុខ​ផង​ដែរ​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×