Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លាស់​ប្តូរ​មុខមាត់​ខេត្ត​ទេសចរណ៍ ត្រូវ​សាងសង់​ផ្លូវ​ខ្នែង​ចំនួន​៥២​ខ្សែ ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវ​១១​ខ្សែ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​១៥​លាន​ដុល្លារ

spot_img

​ភ្នំពេញ​ ៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់​ថា ផ្លូវ​ខ្នែង​ចំនួន​៥២​ខ្សែ ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវ​១១​ខ្សែ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​១៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក នឹង​ត្រូវ​សាងសង់​ក្នុងពេល​ឆាប់ៗ ដើម្បី​ផ្លាស់ប្តូរ​មុខមាត់ ខេត្ត​សៀមរាប​ឱ្យ​ស័ក្តិសម ជា​ខេត្ត​ទេសចរណ៍​មួយ​យ៉ាងសំខាន់​។​

​ថ្ងៃ​អង្គារ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​ការងារ​ជួសជុល និង​ថែទាំ​ផ្លូវថ្នល់​ក្នុង​ខេត្តសៀមរាប ដែល​បាន​ប្រព្រឹត្តទៅ​នៅ សាលាខេត្ត​សៀមរាប ដោយ​មាន​ការចូលរួម​ពី​លោក ពិន ប្រាកដ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត តំណាង​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​តំណាង​អាជ្ញាធរ​អប្សរា​ផងដែរ​។​

​កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដើម្បី​ពិភាក្សា​រក​នីតិវិធី​ក្នុង​ការស្តារ​ផ្លូវថ្នល់​ដែល​ខូចខាត​ទ្រុឌទ្រោម​ដោយ​កត្តា ផ្សេងៗ ពិសេស ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ សំដៅ​ធានា​ឱ្យ​ការគ្រប់គ្រង​ផ្លូវថ្នល់​មាន ប្រសិទ្ធភាព​ខ្ពស់ និង​ឆ្លើយតប​ទៅនឹង​កំណើន​ប្រជាជន កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​នៅក្នុង​ខេត្ត​នេះ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​មន្ទីរ និង​ភាគី​ពាក់ព័ន្ធ​កែសម្រួល​នីតិវិធី​ជួសជុល​ផ្លូវ ដើម្បី​ស្តារ កសាង និង​ជួសជុល​ថែទាំ​បណ្តាញ​ផ្លូវថ្នល់​នានា​ឱ្យបាន​ល្អ​ជាង​មុន ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់ឆ្នោត និង​បាន​សំណូមពរ​ឱ្យ​ធ្វើ​របាយការណ៍​រួម​មួយ​ដាក់​ជូន​រាជរដ្ឋាភិបាល​ស្នើសុំ​ថវិកា ប្រមាណ​១៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​សាងសង់​ផ្លូវ​ខ្នែង​ចំនួន​៥២​ខ្សែ ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវ ១១​ខ្សែ​ទៀត​ក្នុង​ខេត្ត​សៀមរាប ឱ្យបាន​ឆាប់​តាម​ដែល​ធ្វើទៅបាន​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អំពី​គម្រោង​ដាក់ឱ្យ​ដំណើរការ Road Care App នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ដែល​ជា​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​ទាំងឡាយ​នៃ​ផែនការ ១០០​ថ្ងៃ នៅក្នុង​អាណត្តិ​ទី​៦ នៃ​រាជរដ្ឋាភិបាល​ថ្មី​នេះ ដើម្បី​ប្រជាពលរដ្ឋ​អាច​ទាញ​យក​កម្មវិធី​នេះ​ថត​យក​រូបភាព ផ្លូវ​ខូច ឬ​ជង្ហុក​សំបុកមាន់ ហើយ​បញ្ជូន​រូបភាព​នោះ ទៅកាន់​មន្ត្រី​ពាក់ព័ន្ធ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បន្ទាប់​មក​តាម​រយៈ​រូបភាព​នោះ មន្ត្រី​ពាក់ព័ន្ធ​អាច​ដឹង​ពី​ទីតាំង​ពិតប្រាកដ ហើយ​ធ្វើ​ការជួសជុល បាន​ទាន់ពេលវេលា ដើម្បី​បង្ការ​កុំឱ្យ​ខូច​រាលដាល​កាន់តែ​ធំ​។​

​ជាមួយគ្នា​នេះ​ផង​ដែរ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការទប់ស្កាត់​ការដឹកជញ្ជូន លើស​ទម្ងន់​ឱ្យ​កាន់តែ​មាន ប្រសិទ្ធភាព ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឯកភាព​ដាក់បញ្ចូល​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ជា សមាជិក​គណៈកម្មាធិកា​រ​ដឹកនាំ ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​បាន ផ្តល់​ជញ្ជីង​ចល័ត​ចំនួន​ពីរ​គ្រឿង ដើម្បី​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន ចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ នៅ​ខេត្ត​សៀមរាប ឱ្យមាន​ការរីកចម្រើន​ផងដែរ ដើម្បី​ផ្លាស់ប្តូរ​មុខមាត់​ខេត្ត​នេះ​ឱ្យ ស័ក្តិសម​ជា​ខេត្ត​ទាក់ទាញ​ទេសចរណ៍​មួយ​យ៉ាង​សំខាន់​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×