Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​សេចក្តីថ្លែងការណ៍ រឿង​លោក ហ៊ឹ​ង ប៊ុនថន ជា​ព្រះរាជអាជ្ញារង ចោទប្រកាន់​ក្រុមចោរឆក់​២​នាក់​

spot_img

​ភ្នំពេញ ៖ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្តីថ្លែងការណ៍ ជា​ការឆ្លើយតប​ទៅនឹង​សារព័ត៌មាន និង​សាធារណមតិ ដែល​លើកឡើង​អំពី​ចំណាត់ការ​និង​ការចោទប្រកាន់​របស់​លោក ហ៊ឹ​ង ប៊ុនថន ជា​ព្រះរាជ អាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៦៦២៨​ចុះ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ មាន​ជនសង្ស័យ​ជា​ក្រុមចោរឆក់​ទូរស័ព្ទ​នៅ​តាម​ដងផ្លូវ កាលពី​ពេល​ថ្មីៗ​នេះ​ចំនួន​២​នាក់​។​

​ការចេញ​សេចក្តី​ថ្លែង​ការ​ខាងលើនេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ការរិះគន់​មួយចំនួន ទៅ​លើ​ចំណាត់ការ នៃ​ការចោទប្រកាន់ របស់​ព្រះរាជអាជ្ញា​រង ហ៊ឹ​ង ប៊ុនថន ពាក់ព័ន្ធ ការប្តូរ​បទចោទប្រកាន់​ក្រុមចោរឆក់ ពី​ធ្ងន់​មក​ស្រាល ឆ្ងាយ​ពី​សេចក្តីសន្និដ្ឋាន របស់​នគរបាល​យុត្តិធម៌​ដែល​ខំ​ដេញ​ចាប់​ចោរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​លោក​តុលាការ​។ សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៦៦២៨​ចុះ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ មាន​ជនសង្ស័យ​ឈ្មោះ ឃឺន រ៉ានិត ហៅ​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ឈ្មោះ​ស៊ិន វិសាល ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​មួយ​គ្រឿង​របស់​ជនរងគ្រោះ​ឈ្មោះ ប៊ិន គង្គា​ពិសី នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៣ ផ្លូវ​ហាណូយ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ ។​

​សេចក្តីថ្លែងការណ៍ បាន​ពន្យល់ថា ព្រះរាជអាជ្ញារង ហ៊ឹ​ង ប៊ុនថន បាន​បើក​ការ​ស៊ើបសួរ​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ លើ​សំណុំរឿង​ខាងលើ បាន​ធ្វើ​ការចោទប្រកាន់​ទៅលើ​ក្រុម​ចោរ​ទាំង​២​នាក់ ពីបទ​លួច (​ឆក់​ទូរស័ព្ទ​) ដែល​បទល្មើស​មាន​បញ្ញតិ្ត​ឲ្យ​ផ្តន្ទា  ទោស​តាម​មាត្រា​៣៥៣ និង​មាត្រា​៣៥៦ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ការចោទប្រកាន់​និង​ចំណាត់ការ​តាម​នីតិវិធី នៅ​ក្នុង​សំណុំរឿង​នេះ ធ្វើឡើង​ដោយ​គោរព​តាម បទ​ប្បញ្ញត្តិ​ច្បាប់ ជា​ធរមាន យ៉ាង​ត្រឹមត្រូវ ក្នុង​គោលដៅ​សម្រេច ឲ្យបាន​នូវ​ការអនុវត្ត​ច្បាប់ និង​លុបបំបាត់​និទណ្ឌភាព​។​

​សូម​ជម្រាប​ជូន​ថា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឃាត់ខ្លួន​ក្រុម​លោក​ចោរ​ទាំង​២​នាក់ កាលពី​យប់​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវលំ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​ឆក់​ទូរ​សព្ទ័​ដៃ​ម៉ាក iPhone 7Plus ពណ៌​ខ្មៅ ពី​ជនរងគ្រោះ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៣ ផ្លូវ​ហាណូយ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

​ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បា​ន ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ចំនួន​០១​គ្រឿង (​ម៉ូតូ​សម្រេច​ជិះ​ធ្វើ​សកម្មភាព ឆក់ និង​ប្លន់​), ម៉ូតូ​ម៉ាក​ស៊ុយ​ហ្សុយ​គី​ឡេត ពណ៌ សលាយ​ត្រួយ​ចេក ស៊េរី​ឆ្នាំ​២០១៥ ចំនួន​០១​គ្រឿង (​ជា​របស់​ដែល​គេ ប្លន់​បាន​ពី​ជនរងគ្រោះ​) និង​ទូរ​សព្ទ័​ដៃ​ម៉ាក iPhone 7Plus ពណ៌​ខ្មៅ ជា​របស់​ជនរងគ្រោះ​។​

​យ៉ាងណាក៏ដោយ តាម​សេចក្តីរាយការណ៍​មួយចំនួន កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០១៨ ព្រះរាជអាជ្ញារង ហ៊ឹ​ង ប៊ុនថន ក៏បាន​សម្រេច​ដោះលែង ជនសង្ស័យ​មួយចំនួន​ផងដែរ រួមមាន​៖ ជនជាតិ អ៊ី​ស្រា​អ៊ែល ដែល​ជាប់​ពាក់ព័ន្ធ​ករណី បរិហារកេរ្តិ៍ និង​បង្ហោះ​រូប​អាស អាភាស​, ជនសង្ស័យ​ជា​ថៅកែ​ឃ្លាំង​រថយន្ត​ជាប់​ពាក់ព័ន្ធ ករណី ទទួលផល​ចោរកម្ម និង​ទិញ​ឡាន​ពី​ចោរ​, ជនសង្ស័យ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។​

​សូមបញ្ជាក់​ថា លោក​ផែង វណ្ណៈ បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុ​កថា “​ចោរឆក់​អរគុណ​លោក ហ៊ឹ​ង ប៊ុនថន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ យើងខ្ញុំ​ជា​ចោរឆក់​តាម​ផ្លូវ​សាធារណៈ សូម​គោរព​ថ្លែងអំណរគុណ​ដល់​លោក ហ៊ឹ​ង ប៊ុនថន ព្រះរាជ អាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ចោទប្រកាន់​ដល់​យើងខ្ញុំ​ត្រឹម​ជា ចោរលួច​កំប៉ិកកំប៉ុក​ប៉ុណ្ណោះ ទោះបី​ពេលខ្លះ យើងខ្ញុំ​ឆក់​គេ​ដួល​ស្លាប់​ក៏ដោយ ។ ការចោទប្រកាន់​បែប​នេះ​ធ្វើ​ឲ្យ​យើងខ្ញុំ​មាន​ឱកាស​ងាយ​ចេញពី គុក​ដើម្បី​បន្ត​ឆក់​ត​ទៅ​មុខ​ទៀត ។ យើងខ្ញុំ​ជា​ចោរឆក់ សូម​គោរព​ជូនពរ លោក​ព្រះរាជអាជ្ញារង និង ក្រុមគ្រួសារ​ជួបប្រទះ​តែ​សេចក្ដីសុខ សេចក្ដី​ចម្រើ ប៉ុន្តែ​បើ​យើងខ្ញុំ​ឆក់​ប៉ះ​លើ​ប្រពន្ធ​លោក​ព្រះរាជអាជ្ញារង សូម​លោក​ព្រះរាជអាជ្ញារង​ចោទប្រកាន់​យើងខ្ញុំ​ស្រាលៗ​បាន​ហើយ ។ ពីរ​ថ្ងៃ​នេះ​មាន​ការអន្តរា គមន៍ ពី​ឯកឧត្ដមៗ មក​ខ្ញុំ​ច្រើនណាស់ ពាក់ព័ន្ធ​នឹង​ករណី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ហ៊ឹ​ង ប៊ុនថន កែ​បទល្មើស​ចោរឆក់​ពី លួច​មាន​ស្ថាន​ទម្ងន់ទោស មក​ជា​លួច​ធម្មតា​វិញ ។ ប៉ុន្តែ​ខ្ញុំ​មិន​ឲ្យ​ជួប បើ​ជួប​លោក ហ៊ឹ​ង ប៊ុនថន សុខចិត្ត​យក​ពេល​ជួប​អ្នក សុំទាន​ប្រសើរ​ជាង តែបើ ហ៊ឹ​ង ប៊ុនថន ចង់​បកស្រាយ​បំភ្លឺ សូម​បំភ្លឺ​ជា​លាយលក្ខណ៍អក្សរ​មក ខ្ញុំ​នឹង​ផ្សាយ​បំភ្លឺ​វិញ ។ ពេលវេលា​ខ្ញុំ​មាន​តម្លៃ​ណាស់ ខ្ញុំ​មិន​ជួប​មន្ត្រី ដែល​រាស្ត្រ​ជេរ​ពេញ​ប្រទេស​នោះ​ទេ “៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×