Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូកង​វែង​ជាង​គេ​របស់​កម្ពុជា ត្រៀម​បំបែក​កំណត់ត្រា​ពិភពលោក​ទូកវែង​ជាងគេ​លើ​លោក នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា​ (វីដេអូ)

spot_img

​ភ្នំពេញ ៖ គណៈកម្មការ​ផលិត​ទូក ង វែង​ជាង​គេ​លើ​ពិភពលោក នឹង​រៀបចំ​ពិធី​បំបែក​កំណត់ត្រា​ទូក ង វែង​ជាង​គេ​លើ​ពិភពលោក ដែល​ប្រារព្ធ​ធ្វើឡើង នា​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ នៅ​អតីត​កំពង់ចម្លង​អ្នក​លឿង​ត្រើយ​ខាងកើត ក្នុង​ឃុំ​ព្រែក​ខ្សាយ ខ ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង ។ ការធ្វើ​ទូកង​នេះ ធ្វើឡើង មិនមែន​ចង់​ត្រឹមតែ​ឲ្យ​វែង​ជាង​គេ ហើយ​បំបែក​កំណត់ត្រា​ពិភពលោក​នោះទេ គឺ​ចង់​ឲ្យ​ទង់ជាតិ​របស់​ប្រទេស​កម្ពុជា ត្រូវបាន​ដាក់​បង្ហាញ នៅក្នុង​សៀវភៅ World Guinness Record ជា​សាធារណៈ​។​

​នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន ស្ដីពី ពិធី​បំបែក​កំណត់ត្រា​ឯគ​ទ​កម្ម ទូក ង វែង​ជាង​គេ​លើ​ពិភពលោក នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ សុខា ភ្នំពេញ លោក ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​កសាង​ទូកង​វែង​ជាងគេ នៅលើ​ពិភពលោក បាន​ថ្លែងថា ទន្ទឹម​នឹង​សមិទ្ធផល​ដែល​បាន​លេចចេញ​ជា​រូបរាង​នេះ នឹង​ត្រូវ​រៀបចំ​ពិធី​បំបែក​កំណត់ត្រា​ទូកង វែង​ជាង​គេ​លើ​ពិភពលោក នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខនេះ ក្រោម​អធិបតីភាព សម្ដេច​ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ដែល​នឹង​រៀបចំ​នៅ​តំបន់​អ្នក​លឿង​ត្រើយ​ខាងកើត​។ គោលបំណង​ផ្សេង ទៀត​ការកសាង​ទូក​នេះ ដើម្បី​ទាកទាញ​ផ្នែក​ទេសចរណ៍ ក៏ដូចជា​បង្ហាញ​នូវ​សមិទ្ធផល​ផ្សេងៗ​ទៀត​ផង​ដែរ ជាក់ស្ដែង​ទូកង​វែង​ជាង​គេ​នេះ នឹង​ត្រូវ​យកមក​ដាក់​បង្ហាញ​ឲ្យ​មហាជន បាន​ទស្សនា​នៅក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ បន្ទាប់មក​នឹង​យកទៅ​ដាក់​តាំង នៅមុខ​វាល​ព្រះមេរុ រយៈពេល​យ៉ាង​យូរ​១០​ថ្ងៃ ទើប​យក​ត្រឡប់​ទៅ​ខេត្ត​ព្រៃវែង​វិញ​។​

លោក ស សុខា​បាន​បញ្ជាក់​ផងដែរ​ថា គិត​ចាប់តាំងពី​ដំណើរការ​សាងសង់ រហូតមក​ដល់​លេចចេញ​ជា​រូបរាង​ទូក​ជា​ស្ថាពរ​នេះ គឺ​មាន​រយៈពេល​ជិត​៧​ខែ មាន​ចំនួន​១៩២​ថ្ងៃ ដោយ​មាន​ទាំង​ថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទៅ ដែល​រស់នៅ​ជុំវិញ​ខេត្ត​ព្រៃវែង សមាជិក ស​.​ស​.​យ​.​ក សរុប​ចំនួន​១៤.០០០​នាក់ បាន​ចូលរួម​កសាង ខណៈ​ខ្ទង់ចំណាយ​អស់​ថវិកា​ប្រមាណ​៥-៦​ម៉ឺន​ដុល្លារ​អាមេរិក ដោយ​មិន​ទាន់​បូក​បញ្ចូល លើ​ការចំណាយ​ផ្សេងៗ​។​

​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បានឲ្យដឹងថា ទូកង​វែង​ជាងគេ នៅលើ​ពិភពលោក​នេះ មិនមែន​ធ្វើ​មក​ដើម្បី​ប្រណាំង​នោះទេ គឺ​ចង់​បង្ហាញ​ពី​ស្នាដៃ​របស់​កូន​ខ្មែរ ដែល​បាន​ខិតខំ​រួម​រួប​សាមគ្គី​គ្នា ដែល​នឹង​បន្សល់ទុក​នូវ​ស្នាដៃ​ជូន​កូន​ខ្មែរ​ជំនាន់​ក្រោយ ដែល​ដូច​ពាក្យស្លោក​បញ្ជាក់ថា ខ្មែរ​រួមគ្នា ខ្មែរ​សាមគ្គី គឺ​ខ្មែរ​ឈ្នះ​។​

​លោក ងិន បា​ណាល់ អនុប្រធាន​គណៈកម្មកា​រក​សាង​ទូកង​វែង​ជាង​គេ ក៏​បាន​គូសបញ្ជាក់ថា ទូកង​នេះ​ធ្វើ​ចេញពី​ដើម​គគីរ​ចំនួន​៦​ដើម ដែលមាន​៥​ដំ​ណរ ដោយ​៣​ដំណរ​នៅ​តួ​ទូក និង​២​ដំណរ​ទៀត នៅ​ក្បាលទូក និង​កន្សៃ ហើយ​ដោយឡែក​ច្រវា​ត្រូវបាន​ធ្វើ​ឡើង​ពី​ឈើ​ស្រឡៅ​។ សម្រាប់​ការ​បំបែក​កំណត់ត្រា​នេះ World Guinness Record បាន​កំណត់​នូវ​គោលការណ៍​សំខាន់ៗ​ចំនួន​៣ ដើម្បី​ឲ្យ​គណៈកម្មកា​របំ​ពេញ ដោយ​លក្ខខណ្ឌ​ទី​១៖ សម្រាប់​ទូក​នាគ​ដែល​វែង​ជាង​គេ ផ្ដោត​ទៅ​លើ​ការ​រចនា របៀប​ផលិត និង​វត្ថុធាតុដើម ដែល​ប្រើប្រាស់​សម្រាប់​ការផលិត ត្រូវ​ទទួល​បាន​ការឯកភាព​ពី​សហព័ន្ធ​ទូក​នាគ​អន្ដរជាតិ​, លក្ខខណ្ឌ​ទី​២៖ គឺជា​លិខិត​ផ្លូវការ​មួយ ពី​សហព័ន្ធ​ទូក​នាគ​អន្ដរជាតិ ដើម្បី​បញ្ជាក់​ថា ទូក​របស់​កម្ពុជា​ជា ទូក​នាគ និង​លក្ខខណ្ឌ​ទី​៣៖ ការបរិយាយ​លម្អិត​អំពី​ការផលិត​ទូក​។​

​សូមជម្រាបថា ទូក ង របស់​កម្ពុជា​ដែល​ត្រៀម​បំបែក​ឯកទគ្គកម្ម​នេះ ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា កម្ពោជិក​បុត្តា​ខេមរា​តរី ដែល​មាន​អត្ថន័យ​ថា ទូកង​របស់​កូន​ខ្មែរ​រស់នៅ​ក្នុង​ដែនដី​កម្ពុជា មាន​ប្រវែង​រហូតដល់​៨៧,៣​ម៉ែត្រ ទទឹង​១,៩៤​ម៉ែត្រ និង​ជម្រៅ​០,៨​ម៉ែត្រ ដែល​ផ្ទុក​បាន​ចំណុះ រហូតដល់​១៧៩​នាក់​ឯណោះ ដោយ​១០០​នាក់​មក​ពី​ទាហានជើងទឹក និង​៧៩​នាក់ មក​ពី​នគរបាល​ជើង​ទឹក​។ ទូក​ដ៏​វែង​មួយ​នេះ ត្រូវ​រចនា​ឡើង​ដោយ​ផ្នែក​ខាង​ក្បាលទូក ធ្វើ​ជា​ក្បាល​នាគ និង​កន្ទុយ​ហង្ស ប្រកប​ដោយ​ក្បូរក្បាច់​រចនា​ល្អ​ប្រណិត​។​

​ទាំងអស់នេះ ជា​មោទនភាព​សម្រាប់​អ្នក​ខេត្តព្រៃវែង និយាយ​ដោយឡែក ហើយ​និយាយ​ជារួម គឺ​ប្រទេស​កម្ពុជា​តែម្ដង ដែល​បាន​សាងសង់​ទូក បំបែក​កំណត់ត្រា​ពិភពលោក ខណៈ​ប្រទេស​ចិន​ជា​ម្ចាស់​កំណត់ត្រា​ទូកង​វែង​ជាង​គេ​នេះ​នៅលើ​ពិភពលោក នាពេល​បច្ចុប្បន្ន​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×