Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ប្រាប់ លោកស្រី រ៉ូ​ណា ស្មី​ត លើ​បញ្ហា​មួយចំនួន​

spot_img

​ភ្នំពេញ ​៖ នៅ​រសៀល​ពុធ ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បានអនុញ្ញាត​ឲ្យ​លោកស្រី Rhona Smith អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ចូលជួប​ពិភាក្សា​ការងារ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​។​

​បន្ទាប់​ពី​បញ្ចប់​ជំនួប​នោះ លោក ផាត សុ​ផានិត អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ​កិច្ច​ការងារ​សំខាន់ៗ ចំនួន​៣ ដែល​លោកស្រី រ៉ូ​ណា ស្មី​ត លើកយក​មក​ពិភាក្សា​ជាមួយ សម្ដេច​ក្រឡាហោម ស ខេង រួមមាន ៖ ​ទី​១៖​ពាក់ព័ន្ធ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​២០១៦ និង​អង្គការ​សង្គម​ស៊ីវិល ទី​២៖​ពាក់ព័ន្ធ​បញ្ហា​គណនីយភាព ​និង​ទី​៣៖​ពាក់ព័ន្ធ​រឿង​ចង្អៀត​ណែន ក្នុង​ពន្ធនាគារ​។​

​បើ​តាម​អ្នកនាំពាក្យ​៖ សម្ដេច​ក្រឡាហោម ស ខេង បាន​ប្រាប់​លោក​ស្រី រ៉ូ​ណា ស្មី​ត ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ ​ក៏ដូចជា​ផ្សារភ្ជាប់​ភាព​ជា​ដៃគូរ និង​ការធ្វើការ​ជាមួយ​គ្នា​ដើម្បី​សង្គម គឺ​រាជ​រដ្ឋភិបាល បាន​បង្កើត​ក្រុមការងារ​មួយ ​ដើម្បី​ធ្វើ​ការ​ដោះស្រាយ​ការងារ​ផ្សេងៗ ដែល​ជា​ក្ដីបារម្ភ ឬក៏​ជា​មតិ​លើកឡើង របស់​សង្គម​ស៊ីវិល ​ពាក់ព័ន្ធ​ការអនុវត្ត​សកម្មភាព​របស់​ពួកគាត់ ហើយ​នៅពេល​មាន​បញ្ហា​អ្វី​អាច​ដាក់​ជា​សំណួរ និង​មតិ​ផ្សេងៗ​។​

​ជា​ការឆ្លើយតប លោកស្រី រ៉ូ​ណា​ស្មី​ត សម្ដែង​នូវ​ការរីករាយ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការបង្កើនឲ្យមាន​ការ​ផ្សាភ្ជាប់​ភាព​ជា​ដៃគូ ជាមួយ​អង្គការ សង្គម​ស៊ីវិល និង​NGOs តាមរយៈ​ការបង្កើត​នូវ​វេទិកា ​ក៏ដូចជា​ចេញ​សេចក្ដីជូនដំណឹង​ថ្មី កាលពី​ខែ​តុលា ដើម្បី​បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់ និង​ធ្វើឲ្យ​សង្គម​ស៊ីវិល និង​អង្គការ NGOs ​មាន​ទំនុកចិត្ត​ក្នុង​ការអនុវត្ត​សកម្មភាព ដើម្បី​ចូលរួម​ក្នុង​ការអភិវឌ្ឍន៍​សង្គម​កម្ពុជា​។​

​សម្ដេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​មហាផ្ទៃ ជា​សេនាធិការ បាន​ខិតខំយក​ចិត្ត​ទុក​ដាក់ ​ដើម្បី​លុបបំបាត់​នូវ​ចំណុច​អសកម្ម​ផ្សេងៗ ដែល​កម្ពុជា​ខិតខំ​បង្កើត​ឲ្យមាន​យន្ដការ​ច្រកចេញចូល​តែ​មួយ​នៅ​គ្រប់​រាជធានី​-​ខេត្ត ​ខណៈ​ដែល​ទិសដៅ​ធ្វើ​ឲ្យបាន​គ្រប់​ស្រុក ដើម្បី​ផ្ដល់​សេវា​ឲ្យ​កាន់តែ​ជិត​ជាមួយ​ប្រជា​ពលរដ្ឋ​កាន់តែ​ឆាប់រហ័ស និង​មាន​តម្លាភាព​។​ ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នេះ ក៏​មាន​កន្លែង​ទទួល​ពាក្យបណ្ដឹង​ប្រជាពលរដ្ឋ​ដើម្បី​ដោះស្រាយ ​អ្វី​ដែល​ជា​ចំណុច​អសកម្ម​នៅក្នុង​ការផ្ដល់​សេវា ជូន​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​មូលដ្ឋាន​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ជម្រាបជូន​ថា បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​មួយ ដែល​ជា​ការ​ប្រឈម​មួយ​របស់​សង្គម​កម្ពុជា ​ព្រោះថា​បើ​សមត្ថកិច្ច​មិន​បង្ក្រាប​គ្រឿងញៀន​ទេ​នោះ បញ្ហា​នេះ នឹង​រីក​រាលដាល​នៅក្នុង​សង្គម ​ហើយក៏​ជា​ការទទួលខុសត្រូវ​មួយ​ដ៏​ធំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សម្ដេច​ក្រឡាហោម ស ខេង បន្ថែមថា សមត្ថកិច្ច​ជៀស​មិន​ផុត​នោះទេ អំពី​ការឃាត់​ខ្លូន និង​ឃុំខ្លួន​ជនសង្ស័យ ​ដែល​នាំ​ឲ្យ​ជា​បញ្ហា​ក្នុង​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​។ ប៉ុន្ដែ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រាជរដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ គឺ​បាន​ខិតខំ ​និង​កំពុងតែ​សាង​សង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ពន្ធនាគារ​បន្ថែម នៅតាម​ខេត្ត ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​រំលែក​ទុក ពន្ធនាគារ​នៅ​ភ្នំពេញ ​ក៏ដូចជា​នៅ​ពន្ធនាគា​រណា​ដែល​មាន​ភាព​ចង្អៀត​ខ្លាំង​។ សម្ដេច ស ខេង ក៏​ចង់ឲ្យ​មាន​កិច្ចប្រជុំ​មួយ ដើម្បី​ធ្វើការ​រួមគ្នា ​ដោះស្រាយ​បញ្ហា​ការឃុំខ្លួន មុន​កាត់សេចក្ដី នៃ​អ្នក​ជាប់​ឃុំ​មួយចំនួន ដែល​ចំនួន​អ្នក​ឃុំខ្លួន មុន​កាត់សេចក្ដី​នេះ ​ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើឲ្យ​មាន​ការចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​។​

​លោកស្រី រ៉ូ​ណា ស្មី​ត ក៏​បាន​សម្ដែង​នូវ​ការអបអរសាទរ​ផងដែរ ហើយ​ក៏​លើកទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួង​មហាផ្ទៃ ​បន្ដ​ខិតខំ​ធ្វើយ៉ាងណា ពង្រឹង​បន្ថែម បង្កើត​បន្ថែម​នូវ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នេះ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ងាយស្រួល ​និង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ​។ លោកស្រី រ៉ូ​ណា ស្មី​ត ក៏​បាន​គាំទ្រ​ចំពោះ​អ្វី​ដែល​រាជរដ្ឋាភិបាល ​បាន​ធ្វើ​កន្លង​មក​ពាក់​ព័ន្ធ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ពន្ធនាគារ ហើយ​លោក​ស្រី​ថា ប្រសិនបើ​មាន​កិច្ចប្រជុំ​រវាង​ក្រសួងមហាផ្ទៃ ​ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​ធ្វើ​យ៉ាងណា​ខិតខំ​ដោះស្រាយ​ពន្លឿន​ការ​កាត់សេចក្ដី ក៏ដូចជា​ដោះស្រាយ​ចំពោះ​អ្នក​ឃុំខ្លួន ​រង់ចាំ​ការ​កាត់សេចក្ដី​នេះ​បាន​ជា​កត្តា​មួយ​ល្អ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×