Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ជនជាតិ​ដែលមាន​អម្បូរ​ភាសា​ផ្សេងគ្នា នៅ​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ន

spot_img

​ចលាចល​ក្នុងសង្គម​ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៩ បានធ្វើឱ្យ​សហគមន៍​នីមួយៗ​ដែល​ធ្លាប់​រឹងមាំ​តាំងពី​យូរ​មក មានការ​បែកបាក់ ឬ​ព្រាត់ប្រាស​គ្នា ហើយ​នៅពេលដែល​ចំនួន​ប្រជាជន​ចិន​បាន​ធ្លាក់ចុះ​ជាច្រើន​តាំងពី​សម័យ​នោះមក ធ្វើឱ្យ​ចំនួន​នៃ​ការរក​ដៃគូ​រៀបការ​ជាមួយ​ជនជាតិ​ចិន​ដូចគ្នា​មានការ​ថយចុះ​ដែរ ហើយ​នៅពេល​បច្ចុប្បន្ននេះ​អាពាហ៍ពិពាហ៍​ឆ្លាស់គ្នា​រវាង​ក្រុម​ផ្សេងៗ​មាន​ចំនួន​ច្រើនឡើង​ជាង​សម័យមុន​សង្គ្រាម​។​

លើសពីនេះ ការបង្ខំ​ឱ្យ​រស់នៅ​រួមគ្នា​ក្នុងសម័យ​ប៉ុលពត និង​ការ​បំបិទ​សាលារៀន​ចិន​នៅ​កម្ពុជា​អស់​រយៈពេល​ដ៏​យូរ​មក នោះ បានធ្វើឱ្យ​ជនជាតិ​ចិន​ជាច្រើន​នៅពេល​បច្ចុប្បន្ន​ប្រើប្រាស់​ភាសា​ខ្មែរ​ច្រើនជាង​ពី​សម័យមុន​។ ដូច្នេះ​ទាំង​ភាសា​ខ្មែរ និង​ភាសា​ចិន​កុក​ងឺ ជា​ភាសា​រួមមួយ​សម្រាប់​ទាក់ទង​រវាង​ក្រុម​ជនជាតិ​ដែលមាន​អម្បូរ​ភាសា ផ្សេងគ្នា​ទាំងឡាយ​។

​ចាប់តាំងពី​រដ្ឋ​កម្ពុជា​អនុញ្ញាត​ជា​ផ្លូវការ​ឱ្យមាន​សមាគម​ចិន​នៅ​ឆ្នាំ​១៩៩១ សាមគ្គីភាព​របស់​ជន​ជាតិចិន​នៅក្រៅ​ទីក្រុង​ភ្នំពេញ​បានកើត​ឡើងជា​ទម្រង់​នៃ​សមាគម​ចិន ដែលមាន​ក្រុម​ធំៗ​ជាច្រើន ជា​អ្នកផ្តល់ជំនួយ​ដើម្បី​កសាង​ឡើងវិញ​នូវ​វិស័យ​សាសនា វិស័យ​អប់រំ​ចិន ការរៀបចំ​នូវ​ពិធីបុណ្យ និង​ទំនៀមទម្លាប់​ចិន​ឡើងវិញ​។ ប្រការនេះ​មួយផ្នែក​កើតឡើង​ពី​គំនិត​ដែលថា ដោយសារតែ​សហគមន៍​នីមួយៗ​ត្រូវ បាន​គេ​លុបបំបាត់​អស់​រយៈពេល​ដ៏​យូរ ក្រុម​ជនជាតិ​ចិន​ទាំងឡាយ​បានរួម​គ្នា​ដើម្បី​ធ្វើ​ឱ្យគេ​ទទួលស្គាល់​ក្រុម​ជនជាតិ​របស់ខ្លួន​ឡើងវិញ​។ នៅ​ទីក្រុង​ភ្នំពេញ​ភាពរឹងមាំ​នៃ​សហគមន៍​ជនជាតិ​ចិន និង​និមិត្តរូប​នៃ​វប្បធម៌​ផ្សេងៗ​ដែល​បាន​កសាង និង​ដឹកនាំ​ដោយ​ក្រុម​ជំ​នុះ​ជម្រះ​ជាច្រើន គឺជា​កត្តា​សំខាន់​ក្នុងការ​ចូលរួម​វិភាគទាន​ស្តារឡើងវិញ​នូវ​សហគមន៍​ជនជាតិ​ចិន​ចិន​ទាជីវ ចិន​ហុកកៀន ចិន​ហៃណាំ ចិន​កន្តាំង និង​ចិន​ខិ​។​

​ការថយចុះ​នូវ​ការប្រើប្រាស់​ភាសា​ដោយសារ​ឧបសគ្គ​ផ្សេងៗ និង​ការឆ្លង​ព្រំដែន​កំណត់​នៃ​ជាតិ​សាសន៍ ដែល​បណ្តាលមកពី​ស្ថានភាព​វឹកវរ​កាលពី​អតីតកាល មាន​ឥទ្ធិពល​តិចតួច​ដល់​ការគោរព​ប្រ​ណិ​ប​ត្តិ​សាសនា ឬ​ជំនាញ​ខាង​ការធ្វើ​ជំនួញ​សេដ្ឋកិច្ច​របស់​ក្រុម​ជនជាតិ​ចិន​ទាំងឡាយ​។ សព្វថ្ងៃនេះ ជនជាតិ​ចិន​ទាជីវ​ដែលជា​ក្រុម​ធំជាងគេ​បំផុត មាន​ចំនួន​ប្រហែល​៨០​ភាគរយ នៃ​ចំនួន​ប្រជាជន​ចិន​ទាំងអស់​នៅ​ប្រទេស​កម្ពុជា គឺជា​អ្នកជំនួញ​។​ជន​ជាតិចិន​កន្តាំង ដែលជា​ក្រុម​ធំ​ទី​២ មាន​ជំនាញ​ខាង​ការផលិត​សិប្បកម្ម​សម្ភារៈ​ផ្សេងៗ ជាង​ឡាន ជាងមាស និង​ជាង​ជួសជុល​ម៉ា​ស៊ូ​ន​ត្រជាក់ ។ ជនជាតិ​ចិន​ហៃណាំ​ដែលជា​ក្រុម​ធំ​ទី​៣ មាន​ជំនាញ​ខាង​ឧស្សាហកម្ម ធ្វើ​ម្ហូប និង​អ្នក​បើកហាង​កាហ្វេ ។ ជនជាតិ​ចិន​ហុកកៀន ដែលជា​ក្រុម​ធំ​ទី​៤ នៅតែ​ចង់​មាន​អាជីព​ជា​អ្នកធ្វើការ​ក្នុង​រដ្ឋាភិបាល ចំណែក​ជនជាតិ​ចិន​ខិ គឺជា​ក្រុម​តូច​បំផុត មាន​ជំនាញ​ខាង​បើកហាង​លក់​កាហ្វេ និង​ជា​អ្នកលក់​ផ្លែឈើ​តាម​រទេះ​៕

ចិន​ទាជីវ​

​សមាជិក​នៃ​ក្រុមប្រឹក្សា​សមាគម​ចិន​ទាជីវ នៅ​ទីក្រុង​ភ្នំពេញ បាន​រៀបរាប់​អំពី​មុខ​ជំនួញ​សំខាន់ៗ​របស់​ចិន​ទាជីវ ដូចជា​ឧស្សាហកម្ម ជំនួញ ពាណិជ្ជកម្ម​លក់រាយ និង​ហាង​កាហ្វេ ហើយ​ទាត់ចោល​គំនិត​ដែលថា ជនជាតិ​ចិន​ទាជីវ មាន​តួនាទី​សេដ្ឋកិច្ច​ក្នុង​តំបន់​ជាច្រើន​នៅតាម​ជនបទ ដូចជា ធ្វើជា​អ្នកធ្វើ​ស្រែចម្ការ​ជាដើម​។ ទោះជា​យ៉ាងនេះ​ក៏ដោយ ពួកយើង​បាន​រកឃើញ​សហគមន៍​ចិន​ទាជីវ​ជាច្រើន​នៅ​តំបន់​ដាច់ស្រយាល​នៃ​ប្រទេស​កម្ពុជា ដែល​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​របស់គេ មាន​តាំងពី​ការដាំដុះ រហូតដល់​សិប្បកម្ម​ធុន​តូច ធ្វើ​ម្ហូបអាហារ​នៅតាម​ផ្ទះ ឬ​សិប្បកម្ម​ជាដើម​។ នៅ​ខេត្តកំពង់ចាម ជនជាតិ​ចិន​ទាជីវ​មួយចំនួន​ដាំ​ថ្នាំជក់ និង​ផលិត​បារី​នៅតាម​ផ្ទះ​។ ជាទូទៅ សមាជិកគ្រួសារ​ទាំងមូល​បាន​ចូលរួមចំណែក​ក្នុង​ការធ្វើ​ជំនួញ ហេតុដូច្នេះ​ជំនាញ​ទាំងឡាយ​ត្រូវបាន​ផ្ទេរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​។​

​នៅពេល​បច្ចុប្បន្ននេះ សាលា​ទួន​ហ្វា​នៅ​ទីក្រុង​ភ្នំពេញ បានក្លាយ​ទៅជា​សាលារៀន​ចិន​ដែល​ល្បីល្បាញ និង​ធំជាងគេ​បំផុត​នៅ​ប្រទេស​កម្ពុជា ដែលមាន​កូនសិស្ស​ចំនួន​៧.០០០​នាក់ រៀន​នៅពេល​ថ្ងៃ និង​ចំនួន​៣០០០​នាក់​រៀន នៅពេល​យប់ ។ សាលា​នេះ​បាន​ដំណើរការ​ដោយសារ​ថវិកា​ចំណូល​បានមកពី​សិស្ស មូលនិធិ​បានមកពី​សមាគម​ចិន​ទាជីវ និង​ការបរិច្ចាគ​ដោយផ្ទាល់​ពី​សមាជិក​នៃ​សហគមន៍​ចិន​ដែលមាន​ទ្រព្យ​ច្រើន ។ ដោយ​ប្រឈមមុខ​នឹង​តម្លៃ​ជួល ៧០.០០០​ដុល្លារ សម្រាប់​អគារ​ទាំងពីរ​របស់​សាលារៀន នៅ​ខែវិច្ឆិកា​ឆ្នាំ ១៩៩៥ សាលា​ទួន​ហ្វា​បានធ្វើ​យុទ្ធនា​ការប្រមូល​មូលនិធិ​ដ៏​ធំ​មួយ​តាមរយៈ​កាសែត​សារព័ត៌មាន​ចិន​នៅ​កម្ពុជា ។ អគ្គនាយក​កាសែត​ចិន​ដែល​ឈានមុខ​គេ​នៅ​កម្ពុជា ឈ្មោះ​ហ្វា​សាង រី​បៅ មាន​សញ្ជាតិ​ជា​ចិន​ទាជីវ ហើយ​អត្ថបទ​ដែល​ចុះផ្សាយ​អំពី​សហគមន៍​ចិន​នៅ​កម្ពុជា ផ្តោត​សំខាន់​លើ​សកម្មភាព​របស់​ចិន​ទាជីវ ថ្វីត្បិតតែ​គេ​មិន​បំភ្លេចចោល​នូវ​សកម្មភាព​របស់​ក្រុម​ជនជាតិ​ចិន​ដទៃទៀត​ក៏ដោយ​៕

ចិន​កន្តាំង​

​នៅ​ឆ្នាំ​១៩៩១ សមាគម​ចិន​កន្តាំង​នៅ​កម្ពុជា​បានចាប់ផ្តើម​ជីវិត​របស់ខ្លួន​ឡើងវិញ​នៅ​ទីក្រុង​ភ្នំពេញ ដោយមាន​ការគាំទ្រ​ពី​សមាគម​ចិន​កន្តាំង​នៅ​វៀតណាម​។ ប្រធាន​សមាគម​ចិន​កន្តាំង​ម្នាក់​បាន​និយាយថា​៖ កាលពី​សម័យមុន ពួកយើង​គឺជា​ក្រុម​មួយ​ដែល​ល្អ ប៉ុន្តែ​បន្ទាប់ពី​ម័​យ​ប៉ុលពត ពួកយើង​លែង​ខ្វល់​អំពី​រឿង​ទាំងនោះ ទៀតហើយ រួមទាំង​ត្រណម​នៃ​ការរៀប​អាពាហ៍ពិពាហ៍​ឆ្លាស់គ្នា ពីព្រោះ​នោះ​គឺជា​រឿង​ពី​អតីតកាល​។​

​បច្ចុប្បន្ននេះ ចិន​កន្តាំង​នៅ​កម្ពុជា​បានរស់នៅ​រប៉ាត់រប៉ាយ​ជាមួយនឹង​ជនជាតិខ្មែរ ចិន​ហុកកៀន ចិន​ទាជីវ និង​ជនជាតិ​វៀតណាម​។ ចិន​កន្តាំង​ធ្លាប់មាន​ព្រះវិហារ​របស់ខ្លួន​មួយ​នៅ​ទីក្រុង​ភ្នំពេញ គឺ​ជិត​ស្ពាន​ជ្រោយចង្វា ប៉ុន្តែ​រដ្ឋាភិបាល​បាន​បដិសេធ​នូវ​សំណើ​របស់​សហគមន៍​ចិន​កន្តាំង ដើម្បី​កាន់កាប់​ទីកន្លែង​នោះ​វិញ​។ បើតាម​ប្រធាន សមាគម​ចិន​កន្តាំង គ្រួសារ​ចិន​កន្តាំង​ជាច្រើន រួមទាំង​អ្នកមាន និង​អ្នកក្រ សព្វថ្ងៃនេះ​ដុត​សាកសព​តាម​ទំនៀមទម្លាប់​ខ្មែរ ដែល​ផ្ទុយ​នឹង​ការប្រតិបត្តិ​របស់ខ្លួន​កាលពី​អតីតកាល និង​ការប្រតិបត្តិ​ជាទូទៅ​របស់​ក្រុម​ជនជាតិ​ចិន​ដទៃទៀត ដែល​បាន​រក្សា​ទំនៀមទម្លាប់​បញ្ចុះសព​។
​សាលារៀន​ចិន​កន្តាំង​នៅ​ទីក្រុង​ភ្នំពេញ​បាន​បើក​ឡើងវិញ​នៅ​ឆ្នាំ​១៩៩៥ ដោយមាន​ការផ្តល់​ថវិកា​ពី​គ្រួសារ​ចិន និង​សមាគម​ចិន​កន្តាំង​នៅ​វៀតណាម​។ នៅក្នុង​ចំណោម​កូនសិស្ស​ចំនួន ១៣០​នាក់ មាន​ចំនួន​២៨​នាក់​ជា​កូន​ខ្មែរ ។​ព្រះវិហារ​ប៉េង​តាំង​ពូ នៅ​ភូមិ​កន្តាំង ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម ត្រូវបាន​គេ​ជួសជុល​ឡើងវិញ ដោយសារ​ការ​ខ្នះខ្នែង​របស់​ជនជាតិ​ចិន​ក​ន្តាំ​ង​ជំនា​ន់ទី​២​ម្នាក់​ដែល​គាត់​មាន​អាយុ​៧២​ឆ្នាំ​។​

ចិន​ហុកកៀន​

​សព្វថ្ងៃនេះ​គេ​មិនមាន​ស្ថិតិ​ជាក់លាក់​អំពី​ចំនួន​ជនជាតិ​ចិន​ហុកកៀន​នៅ​ប្រទេស​កម្ពុជា​ឡើយ ។ សមាជិក​នៃ​សមាគម​ចិន​ហុកកៀន​នៅ​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ​មាន​ប្រហែល​១.០០០​នាក់​។ មុន​របប​ប៉ុលពត មាន​ជនជាតិ​ចិន​ហុកកៀន​ប្រហែល​១០.០០០​នាក់ នៅ​ខេត្តកំពង់ធំ ប៉ុ​ន្តៃ​សព្វថ្ងៃនេះ​នៅសល់តែ​ប្រហែល​ពាក់កណ្តាល ប៉ុណ្ណោះ​។

​សមាជិក​ជាន់ខ្ពស់​រប​ស់​សមាគម​ជនជាតិ​ចិន​នៅ​ប្រទេស​កម្ពុជា​ម្នាក់​បានឱ្យដឹងថា ក្នុងសម័យ​ប៉ុលពត ជនជាតិ​ចិន​ហុកកៀន​បានទទួល​រងគ្រោះ​ច្រើនជាង​ក្រុម​ជនជាតិ​ចិន​ដទៃទៀត​។ អ្នកផ្តល់​បទ​សម្ភាស​ជ​ន​ជាតិចិន​ហុកកៀន​មួយចំនួន​នៅតាម​បណ្តា​ខេត្ត​នានា បាន​និយាយ​យ៉ាង​មុតមាំ​ថា ពួក​ខ្មែរក្រហម​មិន​លើក​លែងឱ្យ​ជនជាតិ​ចិន​ហុកកៀន​ដូច​ក្រុម​ជនជាតិ​ចិន​ផ្សេង​ទៀតឡើយ​។ គេ​អាច​ពន្យល់បាន​ថា ដោយសារតែ​ជនជាតិ​ចិន​ហុកកៀន មាន​ទំនៀមទម្លាប់​ផ្តោតលើ​អាជីព​ជា​អ្នកធ្វើការ​ក្នុង​រដ្ឋាភិបាល ទើប​ធ្វើឱ្យ​ពួក​ខ្មែរក្រហម​សម្លាប់​ជនជាតិ​ចិន​ហុកកៀន​អស់​ច្រើន​នាក់​ដូច្នេះ​។ ប៉ុន្តែ​ប្រការនេះ​ក៏​ដោយសារតែ​ពួកគេ​ជា មន្ត្រី​របស់​លន់នល់ គឺ​មិនមែន​ជនជាតិ​ចិន​ហុកកៀន​ដែលមាន​ជីវិត​រស់នៅ​ជាព​ល​រដ្ឋ​សាមញ្ញ​នោះទេ​។
​ដូចដែល​ជនជាតិ​ចិន​ហុកកៀន​ម្នាក់​បាន​សន្មត​ដែរ គេ​អាច​និយាយបានថា ការធ្លាក់ចុះ​នៃ​ជនជាតិ​ចិន​ហុកកៀន​មិន​ទាក់ទិន​ជាមួយនឹង​ប្រវត្តិ​នយោបាយ​ឡើយ ប៉ុន្តែ​ដោយសារតែ​ជនជាតិ​ចិន​ហុកកៀន​មួយចំនួនធំ បាន​ផ្លាស់ប្តូរ​ឥរិយាបថ​របស់ខ្លួន​(​តាមរយៈ​ការរៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជនជាតិ​ដទៃ​)​លឿន​ពេក រហូតដល់​ធ្វើឱ្យ​ពួកគេ​មិន​ស្គាល់​ថា​ខ្លួនឯង​ជា​ជនជាតិ​ចិន​ហុកកៀន ហើយ​ក្រោយមក​ពួកគេ​ក៏បាន​បាត់​ខ្លួន​អស់រលីង​។​

​គេ​អាច​ពន្យល់​ម្យ៉ាងទៀត​ចំពោះ​ការថយចុះ​ចំនួន​នៃ​ជន​ជាតិចិន​ហុកកៀន​បាន​ថា ជនជាតិ​ចិន​ហុកកៀន​នៅតែមាន គំនិត​ចង់​ធ្វើ​ការងារ​ក្នុង​រដ្ឋាភិបាល​បន្តទៀត បន្ទាប់ពី​របប​ប៉ុលពត​បាន​ដួលរលំ​ទៅ ហើយ​ថា​ដើម្បី​ទទួល និង​រក្សា​តំណែង​ក្នុង​រដ្ឋាភិបាល​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា គេ​តម្រូវឱ្យ​ជន​ជាតិចិន​ទាំងឡាយ​បោះបង់ចោល​នូវ​អត្តសញ្ញាណ​ជនជាតិ​ចិន​របស់​ខ្លូន​។

​បុគ្គលិក​បម្រើការ​ស៊ីវិល​ជនជាតិ​ចិន​ជំនាន់​ទៅ​២ ម្នាក់​ដែល​បានផ្តល់​បទ​សម្ភាស​នៅក្នុង​ទី​រួម​ខេត្ត​មួយ​ក្នុងប្រទេស​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា គាត់​ត្រូវបាន​គេ​ឈ្លេចសួរ អំពី​ប្រវត្តិ​សាវតារ​របស់គាត់​នៅពេលដែល​គាត់​ចូល​បម្រើ​ការងាររដ្ឋបាល​នៅក្នុង​ខេត្ត​នោះ​នៅ​ឆ្នាំ​១៩៨៤ ហើយ​គាត់​អាច​រក្សា​ការងារ​របស់ខ្លួន​បាន​ដោយសារតែ​គាត់​ប្រាប់​គេ​ថា គាត់​គឺជា​កូន​កសិករ​ខ្មែរ​។ ឥឡូវ​គាត់​ត្រូវបាន​គេ ដំឡើង​ឱ្យ​កាន់តំណែង​កាន់តែ​ខ្ពស់ ប៉ុន្តែ​ទោះបីជា​កម្មវិធី ៣៥១ បាន​ផុតរលត់​ទៅហើយ​ក៏ដោយ គាត់​នៅតែ​មានការ ភ័យខ្លាច មិន​ហ៊ាន​បង្ហាញថា​គាត់​គឺជា​ជនជាតិ​ចិន​ឡើយ​។ សមាគម​ចិន​នៅ​ទីក្រុង​ភ្នំពេញ​បាន​ស្គាល់​អ្នកបម្រើ​រាជការ ជនជាតិ​ចិន​ហុង​កៀន​ជាច្រើន​នាក់​នៅ​ភ្នំពេញ​ដែល​បាន​ទទួលយក​អត្តសញ្ញាណ​ជា​ជាតិខ្មែរ​និង​ជា​អ្នក​ដែល​គេច​មិន ទាក់ទង​ជាមួយ​សមាគម​។ ដូច្នេះ​សមាជិក​របស់​សមាគម​មាន​ចំនួន​១.០០០​នាក់ ដែល​គ្រួសារ​ភាគច្រើន​ជា​ម្ចាស់​ហាង កាហ្វេ ឬ​អ្នក​ជួសជុល​ម៉ាស៊ីនត្រជាក់​ជាដើម​។​

​ព្រះវិហារ​នោះ​ត្រូវបាន​គេ​បិទ​នៅ​សម័យ​លន់នល់ ហើយ​បោះបង់ចោល​នៅ​សម័យ​ប៉ុលពត និង​បន្ទាប់មក​ត្រូវបាន​កាន់កាប់​ដោយ​កងទ័ព​វៀតណាម​ប្រើប្រាស់​ធ្វើជា​គុក​ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨១​។ នៅ​ឆ្នាំ ១៩៨១ សាលារៀន​ត្រូវបាន​គេ​បើក​ឡើងវិញ តាមរយៈ​សាលា និង​នៅក្នុង​ទីធ្លា​វត្ត​អារាម​។​

​ជំនួយ​សប្បុរសធម៌​ជាច្រើន​ពី​ជនជាតិ​ចិន​កាត់​ខ្មែរ ដែល​សព្វថ្ងៃនេះ​រស់នៅ​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី ថៃ និង​ប្រទេស​កាណាដា បាន​ជួយ​កសាង​ព្រះវិហារ​នោះ​ឱ្យមាន​ភាពល្បីល្បាញ​ឡើងវិញ​។
​ទោះជា​យ៉ាងណាក៏ដោយ នៅ​ខែវិច្ឆិកា ឆ្នាំ​១៩៩៥ សមាគម​ចិន​ហុកកៀន​មិនបាន​ទទួលជោគជ័យ​ក្នុងការ​បង្កើត​សាលារៀន​ចិន​ហុកកៀន​ឡើងវិញ​ឡើយ​។ រដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យមាន​ការ​សាងសង់​ឡើងវិញ​ដោយ​ផ្អែកលើ​គោលការណ៍​នៃ​ការផ្លាស់ប្តូរ ទីតាំង​ថ្មី​របស់​សាលា ដោយហេតុថា រដ្ឋ​បាន​យក​ទីតាំង​ដែលមាន​ពីមុន​ធ្វើជា​អគារ​សម្រាប់​ធ្វើការ​នៅពេល​បច្ចុប្បន្ននេះ​។ នៅពេលដែល​សមាគម​ចិន​ហុកកៀន​បានទទួល​នូវ​ការសន្យា​ផ្តល់​មូលនិធិ​(​ពី​ប្រភព​ផ្សេង​) សម្រាប់​កសាង​សាលារៀន​ឡើងវិញ មូលនិធិ​ទាំងនោះ​នៅតែ​មិន​គ្រប់គ្រាន់​សម្រាប់​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់ រដ្ឋាភិបាល​។​

ចិន​ហៃណាំ​

​នៅពេល​ថ្មីៗ​នេះ សមាគម​ចិន​ហៃណាំ បាន​បើក​ឡើងវិញ​នៅ​កន្លែង​ដើម​របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ ហើយ​បាន​ជួសជុល​ព្រះវិហារ​ចិន​ហៃណាំ ព្រមទាំង​បើក​សាលារៀន​របស់ខ្លួន​ឈ្មោះ​យី​ឆេង ហ្គុ​ង​ហ្ស៊ា (Jicheng Gongziao) ឡើងវិញ​។ សាលារៀន​នោះ​បើក​បង្រៀន​ភាសា​ចិន​កុក​ងឺ ភាសា​អង់គ្លេស ភាសា​ខ្មែរ និង​ទទួល​សិស្ស​មកពី​ក្រុម​ជន​ជាតិចិន​ទាំងឡាយ រូ​ម​ទាំង​កូនសិស្ស​ដែល​មិនមែនជា​ជនជាតិ​ចិន​។ សព្វថ្ងៃនេះ​សាលារៀន​នោះ​មានកូន​សិស្ស​ចំនួន​១៥០០​នាក់ ។ ឥឡូវនេះ​ជនជាតិ​ចិន​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ដែល​នៅក្នុង​ចំណោម​នោះ​មាន​ប្រហែលជា​៩៥​ភាគរយ​បានកើត​នៅ​កម្ពុជា ។ ជនជាតិ​ចិន​ហៃណាំ​ជាច្រើន​នៅតែមាន ជំនាញ​ជា​អ្នកធ្វើ​នំ បើកហាង​លក់​កាហ្វេ ឬ​ភោជនីយដ្ឋាន ។ នៅពេល​បច្ចុប្បន្ននេះ ជនជាតិ​ចិន​ហៃណាំ​ដែល​រស់នៅ តំបន់​ជនបទ​ក្នុង​ខេត្តកំពត ប្រកបមុខរបរ​ចិញ្ចឹមជីវិត​ដោយ​ធ្វើស្រែ នេសាទ​ត្រី និង​ធ្វើ​ជំនួញ​តូចតាច​។ ជនជាតិ​ចិន​ហៃណាំ​លែង​ប្រកបមុខរបរ​ដាំ​ម្រេច​នៅ​ខេត្តកំពត​ទៀតហើយ ប្រការនេះ​ដោយសារតែ​តម្លៃ​ម្រេច​មានការ ធ្លាក់ចុះ​យ៉ាងខ្លាំង និង​ការសម្លាប់​រង្គាល​នូវ​ម្ចាស់ ឬ​អ្នកជំនាញ​ដាំ​ម្រេច​អស់​ជាច្រើន​នាក់​នៅក្នុង​របប​ប៉ុលពត ដែលជា​កត្តា​ធ្វើឱ្យ​ថយចុះ​នូវ​ជំនាញ​និង​ចំណេះដឹង​ដាំ​ម្រេច​ដល់​អ្នកជំនាន់ក្រោយ​។​ដោយសារតែ​មិនមាន​សហគមន៍ ចិន​ហៃណាំ​ដាំ​ម្រេច​នៅ​ភូមិ​ស្រែ​ជា នៅពេល​បច្ចុប្បន្ននេះ​មាន​ជនជាតិខ្មែរ​បាន​ប្រកប​របរ​ដាំ​ម្រេច ចំណែកឯ​មុខរបរ​ធ្វើស្រែ​អំបិល ត្រូវបាន​កាន់កាប់​មួយ​ភាគ​ធំ​ដោយ​ជនជាតិ​ចាម និង​ជនជាតិខ្មែរ​។​

​ទោះជា​សង្គ្រាម​បដិវត្តន៍ និង​ការរត់​ភៀសខ្លួន​ជាច្រើនលើក​ច្រើនគ្រា បានធ្វើឱ្យ​បាត់បង់​នូវ​ចំនួន​ប្រជាពលរដ្ឋ​ចិន​ហៃណាំ​នៅក្នុង​សហគមន៍​ជនជាតិ​ចិន​នៅ​ទូក​មាស​ក៏ដោយ ក៏​សហគមន៍ ជនជាតិ​ចិន​ហៃណាំ​នៅតែ​បង្រួបបង្រួម​ជា​ក្រុម​មួយ ដែលមាន​ការទទួលស្គាល់​នៅ​ស្រុក​កំពង់ត្រាច​។ ទោះបីជា ប្រជាជន​ចិន​ហៃណាំ​នៅ​ស្រុក​កំពង់ត្រាច​បាន​ថយចុះ​នៅសល់​តែមួយ​ភាគ​ប្រាំ​នៃ​ចំនួន​ដែល​ធ្លាប់មាន​មុន​របប​ប៉ុលពត ក៏ដោយ ក៏​ពួក​ជនជាតិ​ចិន​ដែល​បាន​នៅ​សេសសល់​ពី​ជំនាន់​មុន​នៅតែ​មិន​បាត់បង់​ស្មារតី​របស់ខ្លួន​ដែល​ធ្លាប់មាន​ពីមុន មក​ដែរ​។ ឥឡូវ​ស្មារតី​បែបនេះ​ត្រូវបាន​គេ​ផ្ទេរ​ទៅឱ្យ​កូនចៅ​ជំនាន់​ក្រោយ​តាមរយៈ​ការកសាង​ឡើងវិញ​នូវ​ទីតាំង​វប្បធម៌ ជា​ប្រវត្តិសាស្ត្រ​នានា ដូចជា​សាលារៀន យូ​ហ្គុ​ន (Juequn School) នៅ​ស្រុក​កំពង់ត្រាច ដែល​ត្រូវបាន​ជួសជុល​ឡើងវិញ​ដោយមាន​ជំនួយ​ឧបត្ថម្ភ​ពី​សហគមន៍​នៅក្នុង​តំបន់​នោះ និង​ជំនួយ​សប្បុរសធម៌​ពី​អ្នក ដែល​ធ្លាប់ជា​សមាជិក​របស់​ក្រុម​សមាគម​ប្រចាំ​សាលា​នោះ ដែល​សព្វថ្ងៃនេះ​ជា​អ្នកជំនួញ​មាន​ទ្រព្យសម្បតិ្ត​ស្តុកស្តម្ភ និង​សមាគម​ចិន​ហៃណាំ​នៅ​ទីក្រុង​ភ្នំពេញ​។​

​ព្រះវិហារ ប៉ិន ថៅ​កុង ក៏បាន​សាងសង់​ឡើងវិញ​នៅក្នុង​ទីធ្លា​របស់​សាលារៀន​នានា​។ ថ្មីៗ​នេះ ជនជាតិ​ចិន​ហៃណាំ​នៅ ស្រុក​កំពង់ត្រាច បាន​ជួសជុល​ព្រះវិហារ​ប៉ិន ថៅ​កុង នៅក្នុង​ទីធ្លា​របស់​សាលារៀន​យូ​ហ្គុ​ន​។ ដោយសារ​មានការ​បោះបង់ ចោល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ មាន​គំនរ​ដី​ជាច្រើន​នៅក្នុង​ព្រះវិហារ​នោះ​ដែល​បង្កើតឱ្យមាន​ជា​ដំបូក​តូច​មួយ​នៅ​ទល់ នឹង​ជញ្ជាំង​ខាងក្រោយ​។ អ្នកចាត់ចែង​វិហារ​នោះ​ម្នាក់​ឈ្មោះ​សៀង ប៉ុ​ម បាន​ពន្យល់​អំពី​បាតុភូត​នោះ​ថា​ជាស​ញ្ញា​នៃ វេទមន្ត​នៃ​ការកកើត និង​ការរីកចម្រើន​ឡើងវិញ​របស់​ជនជាតិ​ចិន​ហៃណាំ ហើយ​កូន​ដំបូក​មិនមាន​នរណា​ប៉ះពាល់​ឡើយ ដោយ​គេ​ចាត់ទុកថា​ជា​ហ៊ឹង​របស់​ព្រះវិហារ​ប៉ិន​ថៅ​កុង​។​សៀង ប៉ុ​ម បាន​និយាយថា បើ​និយាយ​អំពី​ពិធីបុណ្យ​ផ្សេងៗ​នៅ​ស្រុក​កំពង់ត្រាច ប្រជាជន​ចូលចិត្ត​រៀបចំ​ពិធីបុណ្យ​និង​ពិធី​រៀបការ នៅ​ព្រះវិហារ​នោះ ជាពិសេស​ពិធីបុណ្យ​អារ​អណ្តាត​(​ហែ​អ្នកតា​) ។

​នៅក្នុង​ពិធីបុណ្យ​នោះ គេ​យក​ដាវ​ធំ​ពីរ​ដែល​ស្ថិតនៅលើ​ហ៊ឹង​របស់​ព្រះវិហារ​ប៉ិន​ថៅ​កុង មក​អា​រលើ​អណ្តាត​របស់​អ្នកភូមិ​ដើម្បី​សម្រក់​ឈាម​។ គេ​យក​ឈាម​ទៅ​សរសេរ​និមិត្តសញ្ញា​លើ​ក្រដាស​ពណ៌​ស​។ អ្នកភូមិ​បាន​យក​ក្រដាស​ទាំងនោះ​ទៅ​បិទ​លើ​ទ្វារ​របស់ខ្លួន ដើម្បី​សុំ​សន្តិភាព​និង​សុខភាព​ល្អ​។ ការគោរព​បូជា​ព្រះ​ប៉ិន ថៅ​កុង ក៏មាន​នៅក្នុង​ភូមិ​ព្រៃធំ ដែលជា​ទីតាំង​ប្រ​វ​តិ្ត​សាស្ត្រ​របស់​សហគមន៍​ចិន​ហៃណាំ​។ គេ​បាន​សាងសង់​ព្រះវិហារ​ថ្មី​មួយ​នៅលើ​ខឿន​(​គ្រឹះ​) នៃ​ព្រះវិហារ​ចាស់​ដោយបាន​ជំនួយ ឧបត្ថម្ភ​ពី​អ្នកភូមិ​ដែលជា​ជនជាតិ​ចិន​។ មនុស្ស​គ្រប់គ្នា​មក​ធ្វើ​ពិធី​សក្ការបូជា​នៅ​ទីនោះ​។ ពួកគេ​មក​សែនព្រេន​ដើម្បី​សុំ​ទឹកភ្លៀង សុខភាព​ល្អ រកស៊ី​មានបាន​។ ពិធីបុណ្យ​អារ​អណ្តាត​ក៏មាន​ប្រជាប្រិយភាព​ដែរ ហើយ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ក៏ត្រូវ​បាន​គេ​មកសុំ​ពរជ័យ​នៅ​ព្រះវិហារ​នេះដែរ។

ចិន​ខិ 

​បន្ទាប់ពី​មានការ​បរាជ័យ​ក្នុងការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ដើម្បី​បង្កើត​សមាគម​ចិន​ខិ នៅ​ឆ្នាំ​១៩៨៩ លោក​យូ ហេង ដែល​បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​ចិន​ខិ បាន​ព្យាយាម​ធ្វើការ​ដោយ​អត់ធ្មត់​យ៉ាងខ្លាំង​។ នៅ​ឆ្នាំ​១៩៩២ គាត់​បានទទួល​ការឧបត្ថម្ភ​គាំទ្រ​ពី​ចិន​ខិ នៅ​ក្រុង​ហុងកុង ប្រទេស​កាណាដា ម៉ាឡេស៊ី និង​ប្រទេស​ថៃ​។ ពួកគេ​បានផ្តល់​មូលនិធិ​សម្រាប់​កសាង​សាលារៀន ហ្សុ​ង​ហ្សី​ង ស៊ូ​សៀ (Zongzheng Xuexia) ដែលជា​សាលារៀន​ចិន​ខិ នៅ​ទីក្រុង​ភ្នំពេញ​ឡើងវិញ​នៅ​ឆ្នាំ​១៩៩៤ គាត់​រៃអង្គាស​មូលនិធិ​បាន​គ្រប់គ្រាន់ ដើម្បី​ជួសជុល​សាលារៀន​នោះ ហើយ​បង្កើត​សមាគម​ចិន​ខិ​មួយ​នៅ​ទីក្រុង​ភ្នំពេញ ដែលមាន​សមាជិក​គណៈ​កម្ម​ការដឹកនាំ​ចំនួន​៦០​នាក់​។

​នៅ​ឆ្នាំ​១៩៩៤ សមាគម​ចិន​ខិ​បាន​ជួបប្រជុំគ្នា មាន​សមាជិក​ចូលរួម​ចំនួន​៧២​គ្រួសារ​។ ឥឡូវនេះ​មាន​សិស្ស​ចំនួន ៣៧០​នាក់​រៀន​នៅ​សាលា​ចិន​ខិ​នោះ ដែលមាន​ចំនួន​តិចជាង​ចំនួន​សិស្ស​នៅ​ទសវត្សរ៍​១៩៦០ ចំនួន​ពីរភាគបី​។ ព្រះវិហារ​ចិន​ខិ​ចាស់​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ដែល​ពីមុន​នៅ​ជិត​ផ្សារ​ចាស់ ត្រូវបាន​គេ​រុះរើ​ចោល ហើយ​មាន​គម្រោង​សាងសង់​ជាថ្មី​ឡើងវិញ​។ សព្វថ្ងៃនេះ​ចំនួន​ប្រជាជន​ចិន​ខិ​បាន​ប្រមូលផ្តុំ​នៅ​ខត្ត​ស្ទឹងត្រែង ក្រចេះ ភ្នំ​ដិ​ន ខេត្តតាកែវ សិរីសោភ័ណ និង​ខេត្តកោះកុង​។

​ដោយ៖ លីសា (អត្ថបទស្រាវជ្រាវ)

(នៅមានត)

spot_img
×