Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់តាំង​បង្ហាញ​ផ្សព្វផ្សាយ​ផលិតផល​កម្ពុជា​-​អន្តរជាតិ ដើម្បី​ពង្រឹង​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​ខេត្ត​កំពង់ឆ្នាំង​

spot_img

កំពង់ឆ្នាំង ​៖ នៅក្នុង​សុន្ទរកថា​បើក​អង្គពិធី លោក ប៉ាន សូរ​ស័ក្តិ បានបង្ហាញ​ជំនឿ​ថា ព្រឹត្តិការណ៍​នេះ​នឹង​បង្កើត​ឱកាស​ទីផ្សារ បង្ហាញ​បរិយាកាស​ធុរកិច្ច និង​សក្ដានុពល​វិនិយោគ​ល្អ​របស់​កម្ពុជា ព្រមទាំង​ពង្រឹង​ការអភិវឌ្ឍ​ចង្វាក់​តម្លៃ​ផលិតផល​ក្នុងស្រុក ដើម្បី​បង្កើត​ឱកាស​ការងារ​ថ្មីៗ​ជូន​ប្រជាជន ទប់ស្កាត់​ការធ្វើ​ចំណាកស្រុក និង​កាត់បន្ថយ​ភាពក្រីក្រ ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​។​

​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ពង្រឹង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​មូលដ្ឋាន លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម បាន​អញ្ជើញ​ជា​អធិបតីភាព ពិធី​សម្ពោធ​ព្រឹត្តិ​កាណ៍​តាំង​បង្ហាញ​ផ្សព្វផ្សាយ​ផលិតផល​កម្ពុជា​-​អន្តរជាតិ ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន ណាត​តា​កាន (​ខេ​ម​បូឌា​) កាលពី​រសៀល​ថ្ងៃ​ពុធ ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ស្ថានីយ​ចំណតរថយន្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន ស្ថិតក្នុង​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា មួយវិញទៀត ព្រឹត្តិការណ៍​នេះ ក៏​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ មកកាន់​ស្ថានីយ​ចំណតរថយន្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែលជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ផ្ដល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​មូលនិធិ​សមាណ​ហ​រណកម្ម​ជប៉ុន​-​អាស៊ាន (JAIF) ថែម​ទៀត​។​

“​នេះ​គឺជា​ឱកាស​វិសេសវិសាល​បំផុត សម្រាប់​បងប្អូន​កសិក​រ និង​ផលិតករ ធ្វើ​ការតាំង​បង្ហាញ និង​លក់​ផលិតផល​សក្តានុពលរ​បស់​ខេត្ត​កំពង់ឆ្នាំង ដោយសារ​ព្រឹត្តិការណ៍​នេះ នឹង​ស្រូបយក​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ធ្វើដំណើរ​កាត់​តាម​ផ្លូវជាតិ​លេខ​៥ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទី​រួម​ខេត្ត​។ លើសពីនេះ ក៏​នឹង​ជួយ​បង្កើត​ឱកាស​ធុរកិច្ច និង​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាជន​នៅ​មូលដ្ឋាន​ថែមទៀត​” លោក​រដ្ឋមន្ត្រី បាន​បន្ថែម​។​

​ទន្ទឹម​គ្នា​នោះ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​គូសបញ្ជាក់ថា ព្រឹត្តិការណ៍​តាំង​បង្ហាញ​ផ្សព្វ​ផ្សាយ​​ផលិតផល​កម្ពុជា​-​អន្តរជាតិ គឺជា​សក្ខីភាព​ដែល​បញ្ជាក់​ច្បាស់​ពី​សុខសន្តិភាព និង​វឌ្ឍនភាព​របស់​កម្ពុជា នៅក្រោម​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​លោក​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​ពាណិជ្ជកម្ម និង​ស្ថានទូត​ព្រះរាជាណាចក្រ​ថៃ ដែល​បាន​សហការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ដើម្បី​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​ទេសចរណ៍​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​មាន​ភាពល្បីល្បាញ​ខាង​សិប្បកម្ម​សូន​ក្អម​ឆ្នាំង និង​ត្រីឆ្អើរ ដោយសារ​មាន​បឹង​ទន្លេសាប​ជា​ជង្រុក​ត្រី​ព័ទ្ធជុំវិញ និង​ផ្លូវជាតិ​លេខ ៥ ដែល​ជា​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង មាន​លក្ខណៈ​អំណោយផល​សម្រាប់​ការដឹកជញ្ជូន​ភ្ញៀវទេសចរ និង​ចែកចាយ​ទំនិញ​។​

​សូមជម្រាបថា ព្រឹត្តិការណ៍​តាំង​បង្ហាញ​ផ្សព្វផ្សាយ​ផលិតផល​កម្ពុជា​-​អន្តរជាតិ នឹង​ត្រូវ​ប្រារព្ធ​ឡើង​ក្នុង​រយៈពេល ៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​០៨ ដល់​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ធ្វើ​ការទិញ​ផលិតផល​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង និង​ទំនិញ​ថៃ​ដែល​មាន​ម៉ាក​ល្បីៗ​។ អម​ជាមួយ​ព្រឹត្តិការណ៍​នេះ ក៏​មាន​ការប្រគុំ​តន្ត្រី និង​ការសម្តែង​សិល្បៈ​ដែល​មាន​ការចូលរួម​ពី​តារាចម្រៀង​របស់​កម្ពុជា ដើម្បី​ផ្តល់​ភាព​កម្សាន្ត​ផង​ដែរ​៕ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×