Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​លោកជំទាវ លី អ៊ុំ​អេង , លោកស្រី ហ៊ុន ស៊ី​ណាត ស្នើ​មិត្ត​រួម Facebook តាមដាន​មើល ក្រែង​មាន​ជើងកាង​មក​ធានា​ខ្លួន​

spot_img

​ភ្នំពេញ​ ៖ លោកជំទាវ លី អ៊ុំ​អេង ចេញ​សែក​គ្មាន​សាច់ប្រាក់​ជាង​៣​លាន​ដុល្លារ​អាមេរិក ត្រូវ​ចៅក្រម​ស៊ើបសួរ​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន កាលពី​រសៀល​ថ្ងៃ​ទី​៩​ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​រង់ចាំ​មាន​សេចក្តីសម្រេច​ផ្សេង​។​

​ជាមួយ​ករណីនេះ លោកស្រី ហ៊ុន ស៊ី​ណាត បាន​ថ្លែងថា “​សូម​មិត្ត​រួម Facebook ទាំងអស់គ្នា រង់ចាំ​មើល​ថា​តើ​ថៅកែ​ជើង​ខ្លាំង​ខាង​រំលោភ​ដីធ្លី របស់​ខេត្ត​សៀមរាប​ម្នាក់នេះ ឃុំខ្លួន​បាន​ប៉ុន្មាន​ថ្ងៃ ? មិន​ខ្លាច​បាប​ទេ នៅលើ​ទឹកដី​អង្គរ ហើយ​នៅ​ប្រព្រឹត្ត​អាក្រក់​ទៀត ។ សូម​បងប្អូន​កូនក្មួយ នៅ​ខេត្ត​សៀមរាប ជួយ​មើល​ផង ក្រែង​មាន​ជើងកាង​មក​ធានា​ខ្លួន​ជំទាវ​ចេញ​”​។​

​លោកជំទាវ លី អ៊ុំ​អេង ត្រូវបាន​កម្លាំង​អាវុធហត្ថ ខេត្តសៀមរាប ចាប់ខ្លួន​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​មាន​ដីកា​របស់​តុលាការ ពាក់ព័ន្ធ​នឹង​ការចេញ​សែក​អត់​សាច់ប្រាក់​។​

ការចាប់ខ្លួន​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី លោក ងួន ណា​រ៉ា ប្រធាន​សាលាដំបូង​ខេត្តសៀមរាប និង​ជា​ចៅក្រម​ស៊ើបសួរ ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ ក្រោម​ការចោទប្រកាន់​ពី​បទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨​។​

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប លោក​ឧត្តមសេនីយ៍ប៉ោ វណ្ណ​និត បាន​ថ្លែងប្រាប់​ថា ក្រោយ​ចាប់ខ្លួន សមត្ថកិច្ច​បាន បញ្ជូន​លោក​ជំទាវ​លី អ៊ុំ​អេង ទៅ​រាជធានី​ភ្នំពេញ​។ សូម​រំលឹក​ថា លោកស្រី លី អ៊ុំ​អេង គឺជា​បុគ្គល​ម្នាក់ នៅ​ខេត្ត​សៀមរាប ដែល​ល្បីល្បាញ រឿង​អាស្រូវ​រំលោភ យក​ដី​ប្រជាពលរដ្ឋ និង​ដី​រដ្ឋ មិន​ញញើត​នឹង​ផ្លូវ​ច្បាប់​។​

​មុនពេល​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ចំពោះ​ករណី​នេះ​គឺ​លោកស្រី លី អ៊ុំ​អេង បាន​គេចខ្លួន​មិន​ទទួលខុសត្រូវ នៅពេលដែល​សមត្ថកិច្ច​បាន​ទៅដល់​គេហដ្ឋាន​របស់​លោកស្រី​។​

​ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ បាន​ចោទ​លោកជំទាវ លី អ៊ុំ​អេង ថា​រំលោភ​យក​ដី​របស់​ពួកគាត់​ប្រមាណ​ជាង ១០​ហិកតារ នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ហើយ​ពលរដ្ឋ​ទាំងនោះ បាននាំគ្នា​ធ្វើការ​អំពាវនាវ​ឱ្យ​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ពិសេស​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ដល់​ពួកគាត់​ផង​ដែរ​៕ ​ដោយ ​៖​ បញ្ញាស័​កិ្ត​

spot_img
×