Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណុំរឿង​ព្រហ្មទណ្ឌ​ទាក់ទង នឹង​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា កំពុង​ស្ថិត​ក្នុង​សមត្ថកិច្ច របស់​ចៅក្រម​ស៊ើបសួរ

spot_img

​ភ្នំពេញ​ ៖ ការ​ដែល​ទណ្ឌិត សម រង្ស៊ី និយាយថា ការឃុំ​ខ្លួន​លោក កឹម សុខា នឹងត្រូវ​បញ្ចប់​យ៉ាងយូរ​នៅត្រឹម​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០១៩ គឺជា​ការ​អះអាង​ដោយ​មិន​ចេះ​ច្បាប់ និង​ខ្វះ​ការយល់ដឹង​អំពី​នីតិវិធី​តុលាការ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បញ្ជាក់ថា សំណុំរឿង​ព្រហ្ម​ទណ្ឌ​ទាក់ទង នឹង​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​សមត្ថកិច្ច របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ចៅក្រម​ស៊ើបសួរ ត្រូវ​សម្រេច​អំពី​ចំណាត់ការ​នានា លើ​សំណុំរឿង​នេះ តាម​ឆន្ទានុសិទ្ធិ ដោយ​ឯករាជ្យ​របស់​ខ្លួន និង​ដោយ​ផ្អែក​លើ​អង្គហេតុ ភស្តុតាង ព្រម​ទាំង​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មិន​ទទួល​សម្ពាធ​ពី​បរទេស ឬ​បុគ្គល​ណាមួយ​ឡើយ​។​

​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ១១ វិច្ឆិកា ២០១៨ បាន​លើកឡើង​ថា ក្រសួង​យុត្តិធម៌​កម្ពុជា បាន​ចេញ​មក​ច្រាន​ចោល​ចំពោះ​ការលើកឡើង​របស់​ទណ្ឌិត សម រង្ស៊ី ដែលថា ការឃុំ​ខ្លួន​លោក កឹម សុខា នឹងត្រូវ​បញ្ចប់​យ៉ាងយូរ​នៅត្រឹម​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០១៩​។ ទន្ទឹម​នឹង​ការច្រានចោល​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​យុត្តិធម៌ បានចាត់ទុក​ការលើកឡើង​របស់​ទណ្ឌិត ដែល​តែងតែ​រត់​គេច​ពី​សំណាញ់​ច្បាប់​រូបនេះ​ថា ជាការ​អះអាង​ដោយ​មិន​ចេះ​ច្បាប់ និង​ខ្វះ​ការយល់ដឹង​អំពី​នីតិវិធី​តុលាការ ដែល​ទណ្ឌិត សម រង្ស៊ី គួរ​សាកសួរ​ព័ត៌មាន​អំពី​រឿង​នេះ ឲ្យបាន​ច្បាស់លាស់​ជា​មួយ​មេធាវី​របស់​ជន​ត្រូវ​ចោទ កឹម សុខា ត្បិត​លោក កឹម សុខា ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​របប នៃ​ការដាក់ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូ​វ​តុលាការ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​យុត្តិធម៌ បាន​គូសបញ្ជាក់ថា ការផ្តល់​នូវ​អំណះអំណាង​អំពី​ច្បាប់​ដោយ​មាន​លក្ខណៈ​ជា​ការ​បំភ្លៃ និង​បំភ័ន្ត​ដែល​អាច​ធ្វើឲ្យ​សាធារណ​ជន​មាន​ការភាន់ច្រឡំ​អំពី​ការអនុវត្ត​នីតិវិធី និង​ការអនុវត្ត​ច្បាប់​ដោយ​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍​នេះ ក្រសួង​យុត្តិធម៌ បាន​អះអាង​ថា ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពី​បទ​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេសជាប្រ​ភេទ​បទល្មើស​ក្បត់ជាតិ តាម​បញ្ញត្តិ​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បទឧក្រិដ្ឋ​នេះ មានទោស​ជាប់​ពន្ធនាគារ​ពី ១៥​ឆ្នាំ ទៅ ៣០​ឆ្នាំ​។​

​មួយវិញទៀត លោក កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៧ ហើយ​ត្រូវបាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ និង​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​កាលពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

“​យោង​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការឃុំខ្លួន​ដែល​សម្រេច​ឡើង ដោយ​ចៅក្រម​ស៊ើបសួរ​សម្រាប់​បទ​ឧក្រិដ្ឋ គឺ​អាច​មាន​រយៈពេល ៦​ខែ និង​អាច​ពន្យារពេល​ម្តង​បាន ៦​ខែ​ចំនួន​ពីរដង​។ ការណ៍​ដែល​ទណ្ឌិត សម រង្ស៊ី ផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ហើយ​និយាយ​ថា ការឃុំ​ខ្លួន​នឹង​ត្រូវ​បញ្ចប់​យ៉ាងយូរ​នៅ​ត្រឹម​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៩ គឺជា​ការ​អះអាង​ដោយ​មិន​ចេះ​ច្បាប់ និង​ខ្វះ​ការយល់ដឹង​អំពី​នីតិវិធី​តុលាការ ដែល​ទណ្ឌិត សម រង្ស៊ី គួរ​សាកសួរ​ព័ត៌មាន​អំពី​រឿង​នេះ ឱ្យបាន​ច្បាស់លាស់​ជា​មួយ​មេធាវី​របស់​ជន​ត្រូវ​ចោទ កឹម សុខា ត្បិត​អី​លោក កឹម សុខា ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​របប នៃ​ការដាក់ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ តាម​ផ្លូវ​តុលាការ (​ភាសា​បារាំង​ហៅថា Contrôle Judiciaire) និង​មិន​ស្ថិត​ក្រោម​របប នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន ដែល​ទាក់ទង​នឹង​រយៈពេល នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន ដែល​មាន​យ៉ាងច្រើន ១៨ ខែ​នោះ​ឡើយ​”​។ ម្យ៉ាងទៀត ការអះអាង​ថា ការឃុំខ្លួន​បណ្តោះអាសន្ន​តាម​ច្បាប់​បារាំង មាន​រយៈពេល​មិន​លើ​ពី ២​ថ្ងៃ គឺជា​រឿង​បោកប្រាស់ និង​ជា​ការនិយាយ​ដោយ​បំភាន់​របស់​ទណ្ឌិត សម រង្ស៊ី ដែល​ជា​ជនជាតិ​បារាំង មិន​ចេះ​ច្បាប់​បារាំង​អី​បន្តិច​សោះ​៕ ​ដោយ ​៖ ​កូឡាប​

 

spot_img
×