Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ទេសចរណ៍​ប្រកាស​ក្រុម​ជំនាញ​ទាំង​៥ ដើម្បី​ជួយ​ដល់​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​ក្រុង​ព្រះសីហនុ កោះរ៉ុង និង​កោះរ៉ុង​សន្លឹម​

spot_img

​ព្រះសីហនុ ​៖ ដើម្បី​ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ឧស្សាហកម្ម​ទេសចរណ៍​ក្រុងព្រះសីហនុ កោះរ៉ុង និង​កោះរ៉ុង​សន្លឹម នៅ​ខេត្ត​ព្រះសីហនុ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានប្រកាស​សមាសភាព​ក្រុម​ការងារ​ទាំង​៥​ក្រុម ក្នុង​ពិធី​ផ្សព្វផ្សាយ​ប្រកាស​ស្ដីពី «​ការបង្កើត​ក្រុម​ការងារ​ជំនាញ​ដើម្បី​ជួយ​ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​» ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ​ឆ្នេរ​ឯករាជ្យ ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​ក្រុម​ការងារ​ទាំង​៥​នោះ​រួមមាន​៖ ១. ក្រុមការងារ​ជំរុញ​ចលនា​ទីក្រុង​ស្អាត ២. ក្រុម​ការងារ​ពង្រឹង​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ ( រួម​ទាំង​ការ​ពង្រឹងគុណភាព​សេវាកម្ម ដើម្បី​ទទួល​ទេសចរ​ចិន China Ready Accreditation System)៣. ក្រុម​ការងារ​ពង្រឹង​ការ​គ្រប់​គ្រង​ឆ្នេរ ៤. ក្រុមការងារ​ជំរុញ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ៥. ក្រុម​ការងារ​ពិនិត្យ និង​រៀបចំ​កែសម្រួល​រចនាសម្ព័ន្ធ​គ្រប់​គ្រង​របស់​មន្ទី​រទេស​ចរណ៍​ខេត្ត​ព្រះសីហនុ​។​

​ពាក់ព័ន្ធ​នឹង​តួនាទី​ការងារ​របស់​ក្រុម​ការងារ​ខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​នូវ​កា​ងារ​ជាក់ស្តែង​មួយ​ចំនួន​បន្ថែម​ទៀត ដូចជា​ការតុបតែង​លម្អ​សំណង់​អគារ កន្លែង​ទទួលភ្ញៀវ​ជាដើម ត្រូវ​រំលេច​នូវ​រចនាប័ទ្ម​ខ្មែរ​ឱ្យបាន​ច្រើន និង​ត្រូវ​យកចិត្តទុកដាក់​លើ​ការលើក​ស្លាក​យីហោ​នៅតាម​មូលដ្ឋាន​អាជីវកម្ម​ទាំងអស់ ពោល​រាល់​មូលដ្ឋាន​អាជីវកម្ម​ទាំងអស់​ត្រូវ​ដាក់​អក្សរ​ខ្មែរ (​ភាសាជាតិ​) ឱ្យបាន​ធំៗ​នៅ​ផ្នែក​ខាងលើ ចំណែក​ផ្នែក​ខាងក្រោម​អក្សរ​ខ្មែរ ត្រូវដាក់​អក្សរ​អង់គ្លេស (​ភាសា​សកល​) ហើយ​នៅ​ផ្នែក​ខាងក្រោម​អក្សរ​អង់គ្លេស ត្រូវដាក់​អក្ស​រណា​ក៏​បាន​ទៅ​តាម​បំណង​របស់​ម្ចាស់​អាជីវកម្ម ដូចជា​អក្ស​ចិន បារាំង ជប៉ុន កូរ៉េ ថៃ​ជាដើម ហើយ​ទំហំ​អក្សរ​នៅ​ជួរ​ទី​២ និង​ជួរ​ទី​៣​នេះ ត្រូវ​មាន​ទំហំ​តូច​ជាង​អក្សរ​ខ្មែរ​ពាក់កណ្ដាល​។ ចំពោះ​អត្ថន័យ​នៃ​ឈ្មោះ​ហាង​នេះ​ទៀតសោត លោក​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ដែរ​ថា មិន​ត្រូវ​ឱ្យ​ប៉ះពាល់​ដល់​សីលធម៌​សង្គម​កម្ពុជា ឬ​មិន​សមរម្យ​ណាមួយ​ឡើយ​។​

​ចំពោះ​ការងារ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​បន្ត​ខិតខំ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ឱ្យ​បាន​ច្រើន ពីព្រោះ​កម្ពុជា​មិនមែន​ជា​ប្រទេស​ដែល​ខ្វះ​ការងារ​ធ្វើ​នោះទេ តែ​ជា​ប្រទេស​ដែល​ខ្វះ​បុគ្គលិក​ជំនាញ​ធ្វើការ ពិសេស​គឺ​ក្នុង​វិស័យ​សំណង់ និង​វិស័យ​ទេសចរណ៍​នេះ​តែម្ដង ដែល​កំពុង​មាន​ភាព​រី​ក​ចម្រើន និង​ត្រូវការ​បុគ្គលិក​ជំនាញ​ជា​ច្រើន សម្រាប់​ធ្វើការ​នៅ​តាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នានា ដូច្នេះ​យើង​ត្រូវ​បង្កើត​សាលា​បណ្តុះបណ្តាល​សាលា​វិជ្ជាជីវៈ​ជំនាញ​ទេសចរណ៍​ឱ្យបាន​ច្រើន​បន្ថែម​មុខវិជ្ជា​ជំនាញ និង​កៀរគរ​យុវជន​ឱ្យចូល​សិក្សា​ជំនាញ​នានា ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ឱ្យបាន​ច្រើន​។ ខិតខំ​បណ្តុះ​បណ្តាល​​កម្ម​វី​ធី​សិក្សា​នៅ​នឹង​កន្លែង​ផង​ធ្វើការ​ផង​។​ល​។​

​លោក បាន​កំណត់​ថា ក្រុម​ការងារ​ទាំង​៥​ខាងលើ ត្រូវ​ជួបប្រជុំ​រៀងរាល់ខែ​ជាមួយ​រដ្ឋបាល​ខេត្ត មន្ទីរ​ទេសចរណ៍ ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម​ទេសច​រណ៍ ដើម្បី​បូក​សរុប​វាយតម្លៃ​ការងារ​របស់​ខ្លួន និង​លើក​ទិសដៅ​អភិវឌ្ឍន៍​បន្ត ហើយ​រៀងរាល់​៣​ខែម្តង​លោក​រដ្ឋមន្ត្រី​នឹង​ដឹកនាំ​ប្រជុំ​ស្តាប់​របាយ​គា​រណ៍ លទ្ធផល​របស់​ក្រុម​ការងារ​ទាំង​៥ ហើយ​រាល់​អង្គប្រជុំ​ទាំងអស់ គប្បី​អញ្ជើញ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​នានា ពិសេស​ម្ចាស់​ចូលរួម​ឱ្យបាន​ច្រើន និង​មានកា​រៀបចំ​បក​ប្រែជា​ភាសា​ជូន​ពួកគេ ដើម្បី​ឱ្យ​ពួក​គាត់​យល់​បាន និង​ទទួលបាន​នូវ​ការផ្សព្វផ្សាយ​ពី​គោលនយោបាយ​អភិវឌ្ឍន៍ និតីវិធី​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត​នានា និង​ការងារ​ពាក់ព័ន្ធ​ជាច្រើន​ទៀត។​

​លោក រដ្ឋមន្ត្រី​បាន​ប្ដេជ្ញា​ថា រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ទេសចរណ៍ នឹង​ខិតខំ​ធ្វើឱ្យ​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ​នេះ មួយ​នេះ មាន​សេវាកម្ម​ប្រកបដោយ គុណភាព អនាម័យ និង​ភាព​ទាក់ទាញ ពោល​គឺ​ក្រសួង​នៅតែ​ខិតខំ​សហការគ្នា​ជាមួយ​ផ្នែក​ពាក់​ព័ន្ធ និង​ផ្នែក​ឯកជន​ជា​ដៃគូ ដើម្បី​កែលម្អ​ការខ្វះខាត និង​ខិតខំ​ប្រឹង​អភិវឌ្ឍន៍​បន្ត​ទៅមុខ​ទៀត ប៉ុន្តែ​ត្រូវ​មាន​ការចូលរួម​ពី​សំណាក់​រដ្ឋ​បាល​ខេត្ត ស្ថាប័ន​ពាក់ព័ន្ធ ផ្នែក​ឯកជន និង​ប្រជាពលរដ្ឋ​ជា​ចាំបាច់​ផងដែរ​។​

​លោក រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រូវ​បង្កើត​សាខាសមាគម​សណ្ឋាគារ សាខាសមាគម​ភោជនីយដ្ឋាន សាខា​សមាគម​​ឧស្សាហកម្ម​ទេសចរណ៍​នានា ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង ការណែនាំ​នូវ​ការងារ​ពាក់ព័ន្ធ​នានា ពិសេស​ការងារ​ពង្រឹង គុណភាព សេវាកម្ម ព្រម​ទាំង​ការអុវត្ត​ច្បាប់​នានា​ឱ្យមាន​ប្រសិទ្ធភាព​។​

​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​នូវ​ការឯកភាព​ទទួលយក​អនុសាសន៍ និង​ការចង្អុលបង្ហាញ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ទៅ​អនុវត្ត​ឱ្យបាន​ល្អ​ប្រសើរ ដើម្បី​បម្រើ​ដល់​ការងារ​អភិវឌ្ឍន័​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​ព្រះសីហនុ និង​ទទូច​ឱ្យ​មន្ទីរ​-​អង្គភាព​​ជុំវិញ​ខេត្ត ត្រូវ​រួម​សហការ​គ្នា​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក អភិបាលខេត្ត​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ និង​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​នានា សូម​ចូលរួម​សហការ​អនុវត្ត​នីតិវិធី លិខិត​បទដ្ឋាន​គតិយុត្ត ក៏​ដូច​ជា​បទបញ្ជា​នានា ក្នុង​ការប្រកប​អាជីវកម្ម​របស់​ខ្លួន ដើម្បី​រួមគ្នា​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

   

spot_img
×