Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូត្រមន្ត ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ក្នុង​ឧបទ្ទវហេតុ​លើ​អតីត​ស្ពាន​ពេជ្រ​

spot_img

​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា​នេះ បាន​ចេញ​សេចក្ដីជូនដំណឹង ស្ដីពី ការ​ប្រារព្ធ​ពិធី​សូត្រមន្ត ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ក្នុង​ឧបទ្ទវហេតុ​លើ​អតីត​ស្ពាន​ពេជ្រ នៃ​ទីក្រុង​កោះ​ពេជ្រ​។​

​រដ្ឋបាល​រាជធានី បានបញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ពិធី​សូត្រមន្ត ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​លើ​ស្ពាន​ពេជ្រ នៃ​ទីក្រុង​កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ កន្លងមក​។ ពិធី​នេះ​នឹង​ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​មាន​ពិធីសូត្រមន្ត នៅ​ស្តូប​ក្បែរ​ស្ពាន​នាគ នៃ​ទីក្រុង​កោះ​ពេជ្រ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត​អាយុជីវិត​ក្នុង​ហេតុការណ៍​ខាងលើ​។​

​គួររំលឹកថា កាលពី​រាត្រី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ ដែល​ជា​ថ្ងៃ​ចុងបញ្ចប់ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​នោះ មាន​កើត​ភាព​ជ្រួលច្របល់​ដ៏​ធំ​មួយ នៅលើ​ស្ពាន​ពេជ្រ នៃ​មណ្ឌល​កម្សាន្ត​ទីក្រុង​កោះ​ពេជ្រ បណ្តាល្យ​មនុស្ស​ចំនួន​៣៥៣​​នាក់ ស្លាប់​យ៉ាង​អាណោចអាធ័ម និង​រន្ធត់​បំផុត និង​ជា​មនុស្ស​ជាច្រើន​ទៀត​រងរបួស​។​

ស្ពាន​ពេជ្រ ដែល​មនុស្ស​៣៥៣​នាក់ បាន​ស្លាប់​នៅ​ទៅនោះ ក្នុង​ឧបទ្ទេវហេតុ​រត់​ជាន់​គ្នា កាលពី​ឆ្នាំ​២០១០ ត្រូវបាន​ធ្វើការ​រុះរើ​ចេញ​ហើយ ជា​អ្វី ដែល​ខ្លួន​ចាត់ទុកថា មាន​ស្ពាន​ពីរ​សម្រាប់​ឆ្លងកាត់​ទៅ​វិញ ទៅមក គ្រប់គ្រាន់​ហើយ មិន​ចាំបាច់​មាន​ស្ពាន​ពេជ្រ​ទៀត​ទេ​។​
​មាន​ការកត់សម្គាល់​ស្ពាន​ពេជ្រ ត្រូវបាន​អ្នកធ្វើដំណើរ​ទៅ​កាន់​កោះ​ពេជ្រ មិនសូវ​ធ្វើដំណើរ​ឆ្លងកាត់​នោះទេ ចាប់តាំងពី​ឧបទ្ទេវហេតុ​នោះ​រួចមក ដោយសារ​អារម្មណ៍​នឹក​ដល់​ព្រឹត្តិការណ៍​ដ៏​រន្ធត់​នោះ ទើប​រុះរើ​ចោល​ទាំងស្រុង​តែ​ម្តង​។​

​ស្ពាន​ពេជ្រ​ដែល​រុះរើ​ចេញ​នេះ​អាច​ចាត់ទុកថា ជា​ស្ពាន​មរណៈ ព្រោះ​មាន​ប្រជាពលរដ្ឋ​ស្លាប់​បាត់បង់​ជីវិត​ចំនួន​៣៥៣​នាក់​ក្នុង​ឧបទ្ទវហេតុ​ជាន់គ្នា កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១០ ដែល​ជា​យប់​ថ្ងៃ​ទី​៣​នៃ​ពិធី​បុណ្យ​អុំទូក ។ ភាព​សោកសៅ និង​ក្តុកក្តួល​នៅតែ​កើតមាន​សម្រាប់​ក្រុមគ្រួសារ​ជនរងគ្រោះ ព្រោះ​នៅពេលដែល​មាន​ការនិយាយ ពី​ស្ពាន​ពេជ្រ គឺ​ពួកគាត់​នៅតែ​ស្រមៃ​នឹកឃើញ ពី​ភាពរន្ធត់​នឹកស្មាន​មិន​ដល់ ។ ទោះជា​យ៉ាងណា​មកដល់​សព្វថ្ងៃនេះ ក៏​មាន​អ្នកខ្លះ​ហាក់ដូចជា មិន​បាន​នឹកគិត​ទៅដល់​រឿងរ៉ាវ ដែល​កន្លង​ផុត​នោះ​ទៀត​ទេ ហើយ​ដោយសារ​នៅ​ទីនោះ មិន​គ្រាន់តែ​ជា​កន្លែង​សប្បាយភាព​យ៉ាង​ប្រណីត​នោះទេ គឺ​មាន​មនុស្សម្នា​រាប់ពាន់​រាប់ម៉ឺន​នាក់ ទៅ​កម្សាន្ត​រាល់ថ្ងៃ​ផង ធ្វើឱ្យ​ការសប្បាយ​រលុប​បាត់​នូវ​ព្រឹត្តិការណ៍​នោះ ។​

​មាន​លើក​ឡើង​ពី​មជ្ឈដ្ឋាន​ថា ការរុះរើ​ស្ពានដែក និង​ខ្សែកាប (​ស្ពាន​ពេជ្រ​) នេះ​ចេញ គឺ​ដើម្បី​កាត់បន្ថយ​ភាព​សោកសៅ​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ ម្យ៉ាងទៀត​មាន​ស្តូប​សម្រាប់​រំលឹក​វិញ្ញាណក្ខន្ធ​មាន​ហើយ ៕ ​ដោយ​ ៖​ កូឡាប​

 

spot_img
×