Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ការផ្តល់សេវា នៃ​អង្គភាព​ច្រកចេញចូល​តែ​មួយ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ជូន​ប្រជាពលរដ្ឋ ឆ្លើយតប បាន​ទាន់ពេលវេលា

spot_img

ភ្នំពេញ ​៖ នា​រសៀល​ថ្ងៃ​អង្គារ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​សាកល្បង របស់​អង្គភាព​ច្រកចេញចូល​តែ​មួយ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​គោលនយោបាយ​រាជរដ្ឋាភិបាល ក្នុងការ​បង្ខិត​សេវា​រដ្ឋបាល​ឲ្យ​កាន់តែ​កៀក​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​តម្លាភាព និង​ឆាប់រហ័ស​ទាន់ពេលវេលា​។​

​លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នោះ​ថា អង្គភាព​ច្រក​ចេញចូល​តែមួយ គឺជា​យន្តការ​ថ្មី​មួយ ដែលជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ជំរុញ​ការផ្តល់​សេវា​ដល់​សាធារណៈ ពិសេស​សេវា​ចាំបាច់ ឱ្យបាន​ទាន់​ពេលវេលា​ជូន​ប្រជាពលរដ្ឋ ក្នុង​ការកាត់បន្ថយ​ការ​ថ្នាំង​ថ្នាក់ និង​កាត់បន្ថយ​ការយក​សេវា​កម្រៃ​ក្រៅផ្លូវការ​ច្រើន ក្រៅ​ពី​ច្បាប់​បានកំណត់​។​

​អ្នកនាំពាក្យ បាន​ថ្លែងបន្តថា ក្នុង​កិច្ចប្រជុំ​នោះ លោក​អភិបាល​បាន​ស្តាប់​របាយការណ៍ របស់​លោកស្រី​ប្រធាន​ច្រកចេញចូល​តែ​មួយ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏ដូចជា ការលើកឡើង​របស់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ឱ្យ​ការអនុវត្ត​ការងារ​ជូន​ប្រជាពលរដ្ឋប្រកប​ដោយ​ប្រសិទ្ធភាព និង​អាច​ទុកចិត្តបាន​។​

​លោក ម៉េត មាស​ភក្តី បាន​បញ្ជាក់ទៀតថា លោក ឃួ​ង ស្រេង ក៏​បាន​ដាក់ចេញ​នូវ​ផែនការ​មួយ​ចំនួន​បន្ថែម​ទៀត ពាក់ព័ន្ធ​នឹង​នីតិវិធី​ផ្តល់​សេវា​នេះ ដល់​ខណ្ឌ​ទាំង​អស់ ក៏ដូចជា​មន្ទីរ ដើម្បី​បន្ត​ផ្សព្វផ្សាយ​ដល់​មន្ត្រី​ថ្នាក់ក្រោម សម្រាប់​អនុវត្តន៍​កិច្ចការ​នេះ ឱ្យបាន​យល់​ពី​ការផ្តល់សេវា ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​ការផ្តល់សេវា ជូន​ប្រជាពលរដ្ឋ​ឆ្លើយតប បាន​ទាន់ពេលវេលា ដែល​បាន​កំណត់​ដោយ​ច្បាប់ សម្រាប់​ការផ្តល់​សេវា​នីមួយៗ​។​

​សូមបញ្ជាក់​ថា អង្គភាព​ច្រកចេញចូល​តែមួយ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ពីរ គឺ​ជួរមុខ ជា​អ្នក​អនុវត្តន៍​កិច្ចការ​ផ្នែក​រដ្ឋបាល និង​ជួរ​ក្រោយ នៅក្នុង​នេះ​ផ្ទាល់ និង​មន្ទីរ​ដែនដី​នគរូបនីយកម្ម និង​សំណង់​រាជធានី​ភ្នំពេញ និង​ទីចាត់ការ​ដែល​ពាក់ព័ន្ធ​។ នៅក្នុង​អង្គភាព​នេះដែរ ក៏មាន​១២​វិស័យ​សម្រាប់​រៀបចំ​សេវា​ជូន​ពលរដ្ឋ ដែល​ក្នុង​ផ្តោត​សំខាន់​លើ​វិស័យ​សូរិយោដី និង​សាធារណការ ដែល​មាន​ការពាក់ព័ន្ធ​ច្រើន ក្នុង​កិច្ចការ​បម្រើ​ជូន​ពលរដ្ឋ​ចំពោះមុខ ដើម្បី​ដំណើរការ​ឯកសារ តាំងពី​ដើម​រហូត​ដល់​ចប់ តាមរយៈ​ច្រកចេញចូល​តែ​មួយ​នេះ​។ ការ​ដំណើរ​កិច្ច​ការ​ផ្តល់​សេវាកម្ម​នេះ មាន​ភាពស្មុគស្មាញ និង​ត្រូវការ​ពេលវេលា ដើម្បី​រៀបចំ​ឯកសារ តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ស្នើ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ មន្ត្រី​ទាំងអស់​បាននិងកំពុង​បម្រើការ ដោយ​យកចិត្តទុកដាក់ និង​ប្រឹងប្រែង អនុវត្តន៍​ឱ្យបាន​តាម​ការកំណត់ នៃ​ច្បាប់​ជា​ធរមាន​៕ ​ដោយ ​៖​ កូឡាប​

spot_img
×