Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​តែងតាំង​អភិបាលរង​ខេត្ត​ស្វាយរៀង​ និង​អភិបាល​ស្រុក​កំពង់រោទិ៍​

spot_img

​ខេត្ត​ស្វាយរៀង ៖ លោក ឡាំ ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី នៃ​រាជរដ្ឋាភិបាល​កម្ពុជា នា​ព្រឹក​ថ្ងៃ​ពុធ ៧​កើត ខែ​ក​ត្ដិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រកាស​មុខតំណែង​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​និង​ប្រកាស​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​កំពង់រោទិ៍ ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ នៅ​សាលប្រជុំ​ធំ អគារ ឃ សាលាខេត្ត​ស្វាយរៀង ។

​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ រួមមាន លោកស្រី​អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គស្នងការ​រង​នគរបាលជាតិ អគ្គលេខាធិការរង អស់លោក​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត លោក លោកស្រី​ជា​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត តំណាង​កងកម្លាំង​ទាំង​បី លោក លោកស្រី ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោក​ប្រធាន​ក្រុមប្រឹក្សា និង​អភិ​​បាល​ក្រុង ស្រុក លោក លោកស្រី នាយក នាយករង​ទីចាត់ការ ប្រធាន​-​អនុប្រធាន​អង្គភាព​លទ្ធកម្ម អង្គភាព​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត ប្រធាន អនុប្រធាន​ការិយាល័យ​ចំណុះ​សាលាខេត្ត ប្រធាន​ច្រកទ្វារព្រំដែន​ក្នុង​ខេត្ត ប្រធាន​វរ​ព្រំដែន អធិការ​នគរបាល​ក្រុង ស្រុក និង​មេឃុំ ចៅសង្កាត់ ប្រមាណ ៣៥០​នាក់ ។​

​ក្នុងឱកាស​នោះ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​សម្ដែង​នូវ​ការស្វាគមន៍ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​រដ្ឋលេខាធិការ និង​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ ដែល​បាន​ផ្ដល់​កិត្តិយស​អញ្ជើញ​ជា​អធិបតី និង​ចូលរួម​ក្នុង​ពិធី​នៅថ្ងៃនេះ ព្រមទាំង​បាន​បង្ហាញជូន​ពី​លទ្ធផល​ការងារ​សំខាន់ៗ​ដែល​រដ្ឋបាល​ខេត្ត​សម្រេច​បាន​នា​ពេលកន្លងមក រួម​ទាំង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ការផ្ដល់សេវា​សាធារណៈ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​ការថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​​ក្នុង​ខេត្ត ព្រមទាំង​ការងារ​សំខាន់ៗ​ផ្សេង​ទៀត​ដែល​បម្រើ​ជា​ប្រយោជន៍ និង​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​រដ្ឋលេខាធិការ បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្វាយរៀង​ទាំងអស់ ដែល​បាន​រួម​សាមគ្គី​សហការគ្នា​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​បាន​ជំរុញ​ការអភិវឌ្ឍ​ខេត្ត​ឲ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ និង​រក្សាបាន​នូវ​សន្តិសុខ​សណ្ដាប់​សាធារណៈ​សង្គម​បាន​ល្អប្រសើរ នា​ពេលកន្លងមក ។

​ទន្ទឹមនេះ លោក​រដ្ឋលេខាធិការ ក្នុងនាម​សម្ដេច​ក្រឡាហោម ក៏​បាន​ថ្លែង​នូវ​ការអបអរសាទរ និង​បាន​ផ្ដាំផ្ញើ​ចំពោះ​លោក​អភិបាលរង​ខេត្ត និង​លោក​អភិបាលស្រុក ដែល​ទើប​ទទួល​ការតែងតាំង​មុខតំណែង​ថ្មី ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សាមគ្គីភាព​ផ្ទៃក្នុង និង​ត្រូវ​ខិតខំ​ប្រឹងប្រែង​សហការ ចូលរួម​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ខេត្ត ស្រុក ឲ្យមាន​ការរីកចម្រើន ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ជីវភាព​ធូរធារ ប្រកប​ដោយ​សេចក្ដីសុខសាន្ដ​បន្ថែមទៀត ដោយឡែក​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​បន្ត​ចាត់តាំង​ការអនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ និង​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ធ្វើ​យ៉ាងណា​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ឲ្យបាន​ចំ​ពោះ​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​បទល្មើស​ប្លន់​ប្រដាប់អាវុធ គ្រឿងញៀន ល្បែងស៊ីសង និង​ត្រូវ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឲ្យបាន​ល្អ​ប្រសើរ​ជាមួយ​ប្រទេសជិតខាង ដើម្បី​រួមគ្នា​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​ព្រំដែន និង​ការបង្ការ ទប់ស្កាត់​បទល្មើស​ឆ្លងកាត់​ព្រំដែន​គ្រប់​ប្រភេទ ។

​សូមបញ្ជាក់​ថា យោងតាម​អនុក្រឹត្យ​លេខ​៩៤១ អនក្រ​.​ត​ត ចុះ​ថ្ងៃ​ពុធ ២​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ត្រូវបានតែងតាំង លោក សុខ រស់ ឋានន្តរស័ក្ដិ​វរមន្ត្រី ថ្នាក់​លេខ​៤ ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​អនុក្រឹត្យ​លេខ​៩៤០ អនក្រ​.​ត​ត ចុះ​ថ្ងៃ​ពុធ ២​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ត្រូវបានតែងតាំង លោក សុច ពិសី ឋានន្តរស័ក្ដិ​វរមន្ត្រី ថ្នាក់​លេខ​២ ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ ជា​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់រោទិ៍ ៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×