Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​ពាណិជ្ជកម្ម ស្នើ​សហភាព​អារ៉ាប់​រួម ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍ កម្រិត​អន្តរជាតិ​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម បានស្នើ​សហភាព​អារ៉ាប់​រួម ចូលរួម​ព្រឹត្តិការណ៍ ពិព័រណ៍​ផលិតផល​ខ្មែរ និង​ផលិតផល​នាំចេញ​-​នាំ​ចូល​កម្ពុជា លើក​ទី​១៣ កម្រិត​អន្តរជាតិ ដែល​គ្រោង​នឹង​រៀបចំ ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម​ទ្វេភាគី រវាង​ប្រទេស​ទាំង​ពីរ​។​

​សំណើ​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំនួប​រវាង លោកស្រី​តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​ប្រតិភូ​សហភាព​អារ៉ាប់​រួម ដឹកនាំ​ដោយ​លោក Mohammad Ali Al Kamali នាយក​ប្រតិបត្តិ​រង នៃ​ការិយាល័យ​នាំចេញ​ឌុយ​បៃ ប្រទេស​សហភាព​អារ៉ាប់​រួម កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​។​

​នៅក្នុង​ឱកាស​នោះ លោកស្រី​រដ្ឋលេខាធិការ បាន​ជម្រាប​ភាគី​អារ៉ាប់ អំពី​គម្រោង​ទស្សនកិច្ច​របស់​ប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម សម្រាប់​កិច្ចប្រជុំ “The 3rd IPM” ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ និង​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ឌុយ​បៃ នាពេលខាងមុខ ព្រមទាំង​វឌ្ឍនភាព​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ជាពិសេស​ឱកាស​វិនិយោគ និង​សក្តានុពល​ពាណិជ្ជកម្ម​។​

​លើសពីនេះ លោកស្រី​រដ្ឋលេខាធិការ ក៏​បាន​ស្នើ​លោក Mohammad Ali Al Kamali ជួយ​កៀងគរ​វិស័យ​ឯកជន នៃ​សហភាព​អារ៉ាប់​រួម មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​វិនិយោគ​លើ​វិស័យ​សំខាន់ៗ ដូចជា​៖ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សំណង់​អគារ អគ្គិសនី និង​ទេសចរណ៍ ជាដើម​។​

​ជា​ការឆ្លើយតប លោក Mohammad Ali Al Kamali បាន​ទទួល​យក​សំណើ​លោកជំទាវ​រដ្ឋលេខាធិកា​រ និង​បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​ដំណឹង ទៅដល់​វិស័យ​ឯកជន​នៃ​សហភាព​អារ៉ាប់​រួម ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ​ខាងលើ​។ លោក​នាយក​ប្រតិបត្តិ​រង​រូបនេះ បាន​បន្ថែមទៀតថា នៅក្នុង​ឆ្នាំ​២០១៩ ការិយាល័យ​នាំចេញ​ឌុយ​បៃ គ្រោង​រៀបចំ​កម្មវិធី Business Forum មួយ​នៅ​កម្ពុជា ដើម្បី​នាំយក​នូវ​ក្រុមហ៊ុន​ល្បីៗ ពី​សហភាព​អារ៉ាប់​រួម មក​ធ្វើ​បទ​បង្ហាញ និង​ស្វែងរក​ដៃគូ​ធុរកិច្ច និង​វិនិយោគ​ផងដែរ​៕ ​ដោយ ​៖ ​កូឡាប​

spot_img
×