Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សមាគម​ខ្មែរ​កម្ពុជា​ក្រោម រំលឹក​ខួប​ទី​៤២​ឆ្នាំ នៃ​ការតស៊ូ​របស់​យុទ្ធជន យុទ្ធ​នារី​ខ្មែរ​កម្ពុជា​ក្រោម​

spot_img

​ភ្នំពេញ​ ៖ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​ធ្វើ​កម្មវិធី​រំលឹក​ខួប​ទី​៤២​ឆ្នាំ នៃ​ការតស៊ូ​របស់​យុទ្ធជន យុទ្ធ​នារី​ខ្មែរ​កម្ពុជា​ក្រោម ១៦ ខែ​វិច្ឆិកា ឆ្នាំ ១៩៧៦-១៦ វិច្ឆិកា ឆ្នាំ​២០១៨​។ កម្មវិធី​នេះ ធ្វើ​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​ស្ថិតនៅ​សង្កាត់ គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​យោង​តាម​កម្មវិធី កិច្ចពិភាក្សា ស្តីពី ការ​រំលឹក​ខួប​ទី​៤២ ឆ្នាំ ទិវា​តស៊ូ​របស់​យុទ្ធជន​-​យុទ្ធ​នារី​ខ្មែរ​កម្ពុជា​ក្រោម នា​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា​ឆ្នាំ​២០១៨ នឹង​ចាប់ផ្តើម ដោយមាន​ថ្លែងការណ៍​របស់​តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម មុន​នឹង​ពិធី​សូត្រធម៌ ដារ​បង្សុកូល ឧទ្ទិស​​កុសល​ប្រគេន និង​ជូន​ដួង​វិញ្ញាណក្ខន្ធ​ព្រះ​វីរ​សមណៈ វីរបុរស និង​វីរនារី​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ពលី​កាយ ថ្វាយ​ជីវិត​ចំពោះ​ជាតិ​មាតុភូមិ នា​ព្រឹត្តិការណ៍ ថ្ងៃ​១៦ ខែវិច្ឆិកា ឆ្នាំ​១៩៧៦​។​

​លោក​ថាច់ សេដ្ឋា ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែងថា ព្រឹត្តិការណ៍​នេះ​បាន​កន្លងផុត​ទៅ​ជាង​៤០​ឆ្នាំ ​ដោយ​មាន​មតិ​ខ្លះ​លើកឡើងថា ដោយ​ចាញ់​ឧបាយកល់​របស់​វៀតណាម ដែល​រៀបចំ​ផែនការ​ដើម្បី​ដាក់​អន្ទាក់ និង​មតិ​មួយ​ផ្សេង​ទៀត ​បាន​អះអាង​ថា គឺជា​ការឈឺចាប់​របស់​ខ្មែរក្រោម ដែល​ទាមទារ​នូវ​សិទ្ធិសេរីភាព ។ លោក បាន​បន្ថែមថា ព្រឹត្តិការណ៍ ថ្ងៃ​១៦ ខែវិច្ឆិកា ​ឆ្នាំ​១៩៧៦ ជា​ប្រវត្តិសាស្ត្រ​មួយ​ដ៏​ជូរ​ចត់ និង​ឈឺចាប់​បំផុត របស់​ប្រជាជាតិ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​បន្ត ​នៃ​អាជ្ញា​យុ​កាល​នៃ​ទឹកដី​កម្ពុជា​ក្រោម ព្រោះ​ការ​ដែល​បារាំង​ផ្ទេរ​ទឹកដី​កម្ពុជា​ក្រោម ទៅឲ្យ​អាណានិគម​វៀតណាម ដោយ​ខុសច្បាប់​យើង​មិន​បាន​បោះ​បង់ចោល នៃ​ការតស៊ូ និង​បោះបង់​ទឹក​កម្ពុជា​ចោល​នោះទេ គឺ​យើង​នៅ​បន្ត​ការតស៊ូ​ជា​រៀង​ដរាប​ដូច​ដែល​នៅក្នុង​ឆ្នាំ​១៩៧៦​។ ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ទូ​ទាំង​កម្ពុជា​ក្រោម មាន​ការឈឺចាប់ ដោយសារ​ការ​ធ្វើ​បាប​ធ្វើ​ទុក​បុក​ម្នេញ​ពី​អាជ្ញាធរ​វៀតណាម ក៏​នាំគ្នា​ងើប​ឡើង​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន ក្នុង​ការរៀនសូត្រ អក្សរសាស្ត្រ​របស់ខ្លួន​ដូចជា ប្រពៃណី​ទំនៀមទម្លាប់​ជាដើម​។ ប៉ុន្តែ​ការបង្ក្រាប​ពី​អាជ្ញាធរ​វៀតណាម បាន​ចាប់​ពលរដ្ឋ​ខ្មែរ យក​ទៅ​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ ​និង​ឃោរឃៅ​បំផុត ។ លោក​បាន​បន្ថែមថា “​មាន​អ្នកខ្លះ​បាន​មាន​ការបារម្ភ​ថា ទឹកដី​កម្ពុជា​ក្រោម​ឲ្យតែ​បាត់បង់ ក្នុងអំឡុង​១០០​ឆ្នាំ ​មិន​អាច​ទាមទារ​មកវិញ​បានទេ ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់ ពី​អាជ្ញា​យុ​កាល ទឹកដី ប្រទេសជាតិ មិន​ខុស​ពី​ច្បាប់​ភូមិបាល​នោះទេ ​ដរាបណា​យើង​បោះបង់ចោល យើង​មិន​ទាមទារ ទើប​វា​ផុត​អាជ្ញា​យុ​កាល ប៉ុន្តែ​បើ​យើង​ទាមទារ​មាន​ពាក្យ​ប្តឹង​រហូត​នោះ ​អាជ្ញា​យុ​កាល​មិន​ផុត​ទេ ហើយ​បើ​យើង​មិន​ទាមទារ​បោះបង់​ចោល​ចាប់​តាំង​ឆ្នាំ​១៩៤៩​មក អាហ្នឹង​វា​ស្ងាត់​ហើយ ​ប៉ុន្តែ​ចាប់ពី​តាំង​ពេលនោះ​មក មាន​ការលើកឡើង ពី​ការទាមទារ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​អត់​ឈប់​ទេ រហូតដល់​ឆ្នាំ​១៩៦៨ និង​៦៩ ​មាន​ការបង្កើត​ចលនា​រណសិរ្ស ដើម្បី​តវ៉ា​ទាមទារ​រំដោះ​ទឹក​ខ្មែរ​កម្ពុជា​ក្រោម​មកវិញ និង​ជាក់ស្តែង​ឆ្នាំ​១៩៧៦ ប្រជាជន​ខ្មែរ​កម្ពុជា​ក្រោម​ងើបឡើង​ទាមទារ ដើម្បី​សិទ្ធិ​សេរីភាព​របស់​ខ្លួន ដោយ​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ខ្លួន ជា​ខ្មែរ នៅលើ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​”​។

​សូម​រម្លឹកថា ព្រឹត្តិការណ៍ ថ្ងៃ​១៦ ខែវិច្ឆិកា ឆ្នាំ​១៩៧៦ ជា​ថ្ងៃ​ដែល​ខ្មែរ​កម្ពុជា​ក្រោម បាន​ក្រោក​ឡើង​តស៊ូ ទាមទារ​រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​ការរំលោភបំពាន​ខ្មែរក្រោម និង​ទាមទារ បំបែក​ខ្លួន​ចេញពី​រដ្ឋាភិបាល​វៀតណាម ដោយ​មិន​ព្រម​ឲ្យ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ស្ថិតនៅក្រោម​ការគ្រប់គ្រង ដោយ​អាណានិគម​វៀតណាម​ឡើយ​។ ប៉ុន្តែ​ការតស៊ូ​នោះ ត្រូវ​បរាជ័យ ហើយ​ខ្មែរ​កម្ពុជា​ក្រោម​ជា​ច្រើន​នាក់ ​ត្រូវបាន​វៀតណាម ធ្វើទុក្ខ​ទារុណកម្ម ដូចជា យក​ស្នូកកំ​ភ្លើងសំពង​ក្បាល ចាប់​ច្រមុជ​ទឹក ច្រក​ទឹកត្រី ចង់​ស្លាបសេក វាយ​នឹង​ដំបង ទាត់​​ធាក់​យ៉ាងដំណំ ជាពិសេស​ព្រះសង្ឃ​ខ្មែរក្រោម ដែល​ចូលរួម​តស៊ូ​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម ត្រូវបាន​វៀតណាម ធ្វើបាប យ៉ាង​​អមនុស្សធម៌ ដូចជាយក​ខោ​លី​អូ​ដាក់​លើ​ព្រះ​កេះ បាញ់នោម​ដាក់​មាត់ ជេរ​ម្តាយ ហៅ​ព្រះសង្ឃ អាមឹង ចាប់បង្ខំ​ព្រះសង្ឃ​ផ្សឹក​ទាំង​បង្ខំ ​និង​ចាប់​ព្រះសង្ឃ​ឆាន់​សាច់​ឆ្កែ ជាដើម ។​ល​។​

ព្រឹត្តិការណ៍​កាលណោះ មាន​ខ្មែរ​កម្ពុជា​ក្រោម រួមទាំង​ព្រះសង្ឃ​ជាច្រើន​អង្គ ត្រូវ​វៀតណាម ចាប់​ដាក់​ពន្ធនាគារ និង​រងរបួស ជា​ពិសេស​​មាន​អ្នកខ្លះ ត្រូវ​សម្លាប់ និង​បាត់​បង់ខ្លួន​។​

​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ត្រូវបាន​បារាំង កាត់​ឲ្យ​វៀតណាម​គ្រប់គ្រង នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩​។ ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម មាន​​ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម រស់នៅ​ប្រហែល​ជាង ១៤​លាន​នាក់ និង​មាន​ផ្ទៃក្រឡា​ទំហំ ៩៨.៩៦៥ គឺ​ឡូ​ម៉ែត្រក្រឡា មាន ២១ ខេត្ត ​រួមមាន៖

១-​ព្រះ​ត្រពាំង (​ត្រា​វិញ​-​វិញ​ប៊ិញ​) ២-​ឃ្លាំង (​សុក​ត្រាំ​ង​-​បាក​លៀវ​) ៣-​មាត់​ជ្រូក (​អាន​យ៉ាង​-​ចូ​វ​ដុក​-​ឡុង​ស្វៀង​) ៤-​ក្រមួន​ស (​ជឿ​ង​ធៀន​- រ៉ា​ច​យ៉ា​-​កឹង​ថឺ​-​បា​ស្វៀង​-​អាង​ស្វៀង​) ៥-​ពល​លាវ (​បា​ស្វៀង​-​អាង​ស្វៀ​​ង​) ៦-​ទឹកខ្មៅ (​អាង​ស្វៀង​-​កា​ម៉ៅ​-​បាក​លៀវ​) ៧-​ពាម (​កៀង​យ៉ាង​-​ហា​តៀង​-​រ៉ា​ច​យ៉ា​) ៨-​ព្រែក​ឫស្សី (​ផុង​យិញ​) ៩-​លង់​ហោរ (​វិញ​ឡុង​-​ត្រា​វិញ​-​សា​ដែក​) ១០-​បា​រ៉ា​ជ្ញ (​ឡុង​ស្វៀង​) ១១-​រោងដំរី (​តីនិញ​) ១២-​ព្រៃនគរ (​សៃ​ហ្គ​ន​-​ហូជីមិញ​-​យ៉ា​ឌិញ​-​ចឺ​ឡឺន​) ១៣-​ទួល​តា​មោក (​ប៊ិញ​យឿង​-​ប៊ិញឡុង​) ១៤-​ផ្សារ​ដែក (​កៀន​​ផុង​) ១៥-​ចង្វា​ត្រពាំង (​ភឿក​ថាញ់​-​ផឿក​ឡុង​) ១៦-​មេ​ស (​ឌិញ​ទឿង​) ១៧-​កោះ​គង (​ឌិញ​ទឿង​-​ឡុង​អាន​) ១៨-​ព្រះ​សួគ៌ា (​ផឿក​ទ្វី​-​ប៊ិញ​​ទ្វី​) ១៩-​កំពង់​ឫស្សី (​កៀន​ហ្វា​) ២០-​ឈ្មោះ​ថ្មី (​ឡុង​អាន​) និង​២១-​អូរ​កាប់ (​វុង​តៅ​)៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×