Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រវតិ្ត និងអត្តសញ្ញាណជនជាតិចាម

spot_img

​ទឹកដី​មរតក​ដូនតា​របស់​ជនជាតិ​ចាម មាន​ទីតាំង​ស្ថិតនៅតាម​បណ្តា​យ​ឆ្នេរសមុទ្រ ដែល​បច្ចុប្បន្ន​ជា​ទឹកដី​ភាគ​កណ្តាល នៃ​ប្រទេស​វៀតណាម ។ ជនជាតិ​ចាម​មាន​ភាសា​និយាយ​ស្ថិតក្នុង​អម្បូរ​«​ម៉ាឡាយូ​-​ប៉ូ​លី​នេ​ស្យា​ង​» ដែល​បច្ចុប្បន្ននេះ គេ​តែង​ហៅថា (​អម្បូរ​អូ​ស្ត្រូ​នេ​ស៊ី​)​។ តាមរយៈ​ការប្រៀបធៀប​វាក្យ​ស័ព្ទ ភាសា​ចាម​ហាក់ដូចជា​មានការ​ទាក់ទង​យ៉ាង ជិតស្និទ្ធ​ជាមួយនឹង​ភាសា​របស់​ឧបទ្វីប​ឥណ្ឌូនេស៊ី​ខាងលិច ពោលគឺ​ភាសា​ម៉ាឡេស៊ី កាលី​ម៉ាន់​តាន់ សូ​ម៉ា​ត្រា​ជ្វា និង​បាលី ។ សរុបមក ជនជាតិ​ចាម​និយាយ​ភាសា​ដែល​ទាក់ទង​ទៅនឹង​ភាសា​និយាយ​នៃ​ពួក​ម៉ា​ឡេ និង​កោះ​ជ្វា តែ​ជា​ផ្នែក​មួយ​នៃ​អម្បូរ​ភាសា​អូ​ស្ត្រូ​នេ​ស៊ី ដែល​លាតសន្ធឹង​ពី​កើ​តទៅ​លិច រាប់​ចាប់ពី​ម៉ា​ដា​ហ្គា​ស្កា រហូតដល់​ប្រជុំ​កោះ ឥណ្ឌូនេស៊ី និង​ហ្វីលីពីន រហូតដល់​ទីប្រជុំ​កោះ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក និង​កោះ​ហា​វ៉ៃ ហើយពី​ជើង​ទៅ​ត្បូង​រាប់​ចាប់តាំងពី កោះ​តៃវ៉ាន់​រហូតដល់​នូ​វែ​ល​សេ​ឡង់​។​

ប្រ​វ​តិ្ត​សាស្ត្រ​ដំបូង​

​ដើម្បី​ចងក្រង​ប្រវត្តិសាស្ត្រ​របស់​ក្រុមមនុស្ស​និយាយ​ភាសា​ចាម​នៅក្នុង​ប្រទេស​វៀតណាម​សព្វថ្ងៃ អ្នកប្រាជ្ញ​ជាច្រើន ជឿជាក់ថា នៅក្នុង​អំឡុងពេល​ចុងក្រោយ​នៃ​សម័យ​បុរេប្រវត្តិ គឺ​ប្រហែលជា​នៅក្នុង​សហស្សវត្ស​ទី​១ មុន​គ្រិស្តសករាជ ឆ្នេរសមុទ្រ​នេះ​(​ប្រទេស​វៀតណាម​សព្វថ្ងៃ​) ត្រូវបាន​វាតទី​និង​គ្រប់គ្រង​ដោយ​ក្រុម​អ្នក​កោះ​សមុទ្រ ដែល​ប្រហែល​ជាមាន​ប្រភព​កំណើត​ពី​ភាគ​ខាងលិច​នៃ​ឧបទ្វីប​ឥណ្ឌូនេស៊ី​។ លុះ​ក្រោយមក ជនជាតិ​អម្បូរ​ម៉ា​ឡេ​-​ឥណ្ឌូនេស៊ី​ទាំងនេះ​បាន​បែង​ចែកជា​ក្រុម និង​តាំង​ទីលំនៅ​ក្នុង​ទីតាំង​អេកូឡូស៊ី​ផ្សេងៗ​គ្នា​។ អ្នក​តាំង​ទីលំនៅ​ខ្លះ ធ្វើដំណើរ​ទៅកាន់​ជួរ​ភ្នំ​អណ្ណាម ជា​កន្លែង​ដែល​ពួកគេ​បានធ្វើ​កសិកម្ម​ពនេចរ (​ក្នុងនោះ​មាន​ក្រុម កុលសម្ព័ន្ធ​ដែល​គេ​ស្គាល់​ថា​ជា ចា​រ៉ា​យ រដែ ជ្រុ និង​ជនជាតិ​ផ្សេងៗ​ទៀត​) ។ ក្រៅពីនេះ ក្រុម​ផ្សេង​បន្ត​រស់នៅ​តាម ខ្សែ​ឆ្នេរសមុទ្រ ដោយ​ដាំ​ដំណាំ​ស្រូវ​លិច​ទឹក និង​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា ហើយ​បន្តិច​ម្តងៗ​បាន​អភិវឌ្ឍ​ក្លាយជា អរិយធម៌​ចាម​តាម​សមុទ្រ ដោយ​យក​គំរូ​តាម​ទម្រង់​អរិយធម៌​ល្បីល្បាញ​នៃ «​ឥណ្ឌា​ឧ​ប​នីយកម្ម​» ដែលជា​ដំណើរ​កើតឡើង​ផងដែរ​នៅក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​ដំបូងៗ​នៃ​តំបន់​អាស៊ីអាគ្នេយ៍​។​

​ភាសា​ចាម​ក៏ត្រូវ​បាន​គេ​និយាយ​ផងដែរ​នៅ​តំបន់ភ្នំ​នៃ​អាណាចក្រ​ចម្ប៉ា គឺ​នៅ​តំបន់​ខ្ពង់រាប ដែល​សព្វថ្ងៃ​គេ​ហៅថា​ជួរ​ភ្នំ​អណ្ណាម ឬ​ប្រជុំភ្នំ​ទ្រឿ​ង​សឺ​ន ដែល​ខណ្ឌ​ចែក​តំបន់ឆ្នេរ​សមុទ្រ​វៀតណាម​ពី​តំបន់​ទំនាប​ទន្លេ​កម្ពុជា​។ ក្រុម​ជនជាតិភាគតិច​ដូចជា ជ្រុ (Churu) ហ្រូ​យ (Hroy) ចា​រ៉ា​យ (Joray) រដែ (Rhade) រ៉ៃ (Rai) និង រ​ឡៃ (Rolai) ក៏​និយាយ​ភាសា​ដែលមាន​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​នឹង ភាសា​ចាម​ផងដែរ​។​

​ផ្ទុយទៅវិញ អ្នកជិតខាង​របស់​ពួកគេ គឺ​ជនជាតិខ្មែរ និង​វៀតណាម​ដែលមាន​ភាសា​និយាយ​ស្ថិតក្នុង​អម្បូរ​ខ្មែរ​-​មន (​សព្វថ្ងៃ​គេ​តែងតែ​ហៅថា​អម្បូរ​ភាសា​អូស្ត្រូអាស៊ី​)​។ ក្រុម​ជនជាតិ​និយាយ​ភាសា​ស្រដៀង​ចាម​ទាំងនេះ ក៏​រស់នៅ​ក្បែរ​នឹង​ក្រុម​ជនជាតិ​ដែល​និយាយ​អម្បូរ​ភាសាមន​-​ខ្មែរ នៃ​ក្រុម​បា​ណា​ដែរ (Banaric group) ដូចជា ស្ទៀង ព្នង លន់ ក្រា​វ៉ែត ទំពួន ព្រៅ​។ គេ​ប្រទះឃើញ​សមាជិក​ក្រុម​អម្បូរ​ភាសា​ចាម និង​បា​ណា​ទាំងនេះ​នៅ​ខាង​ព្រំប្រទល់​កម្ពុជា​ផង និង​ខាង​វៀតណាម​ផង​។ អម្បូរ​ភាសាមន​-​ខ្មែរ​ដទៃទៀត មាន​រាយប៉ាយ​នៅ​ពាសពេញ​ដែនដី​អាស៊ីអាគ្នេយ៍ ចាប់ពី​វៀតណាម និង​កម្ពុជា រហូតដល់​ឡាវ (​ឃ្មូរ​) ភូមា (​មន​) អា​សាម​(​ខា​ស៊ី​) និង​រហូតដល់​ដែនដី​ឥណ្ឌា​ភាគ​ខាងកើត (​មុន​ដា​) ហើយ​នៅ​ភាគខាងត្បូង​នៃ​ប្រជុំ​កោះ នី​កូ​បា និង​ក្នុង​ជ្រោយ​ម៉ាឡេស៊ី (​អាស​ពី​)​។​

​ការ​កាត់ផ្តាច់​ចរន្ត​ភាសា​អូស្ត្រូអាស៊ី​ចេញពី​គ្នា គឺ​ដោយសារ​ចលនា​មនុស្ស​ដែល​និយាយ​អម្បូរ​ភាសា​ផ្សេង​ក្នុងពេល​កន្លង មក ក្នុង​ដីគោក​នៃ​អាស៊ីអាគ្នេយ៍​។ តាម​ប្រ​វ​តិ្ត​សាស្ត្រ​ក្រុមទី​បេ​-​ភូមា និង​តៃ បានធ្វើ​ដំណើរ​ចុះមក​ភាគ​ខាងក្រោម​តាម​ដង​ទន្លេ​ពី​ប្រទេស​ចិន​ភាគខាងត្បូង​មក​អាស៊ីអាគ្នេយ៍​។ ក្រុម​ម៉ា​ឡេ​-​ឥណ្ឌូនេស៊ី បាន​ផ្លាស់​ទី​មក​ជ្រោយ​ម៉ាឡេស៊ី​។ ក្រុម​និយាយ​ភាសា​អូស្ត្រូអាស៊ី នៃ​ប្រទេស​វៀតណាម​បាន​ផ្លាស់​ទី​ចុះមក​តំបន់ឆ្នេរ ពី​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ចិន ហើយ​ទើប​ប្រទះ​នឹង​ពួក​អម្បូរ​ចាម​ដែល​និយាយ​ភាសា​អូ​ស្ត្រូ​នេ​ស៊ី ដែល​បានមក​តាំងទី​នៅ​ទីនោះ​។​

​ទីក្រុង​ជនជាតិ​ចាម​នៅ​តំបន់​ខ្ពង់រាប និង​វាលទំនាប នៅមាន​សម្ព័ន្ធ​រវាង​គ្នា​នឹង​គ្នា​អស់​រយៈពេល​ជាច្រើន​សតវត្ស តាមរយៈ​ជំនួញ និង​ការប្តូរ​វប្បធម៌​បុរាណ​។ សម្ព័ន្ធភាព​នេះ​អាច​កើតឡើង​បាន​ដោយសារតែ​ភាសា​មាន​លក្ខណៈ ស្រដៀង​គ្នា​។ ជនជាតិ​ចាម​នៅតាម​តំបន់ឆ្នេរ​ជនជាតិ​ម៉ា​ឡេ និង​ឥណ្ឌូនេស៊ី​នៅ​ឧបទ្វីប​របស់គេ បាន​បន្ត​ទាក់ទង​គ្នា​ក្នុង​ជំនួញ ចម្បាំង និង​ទំនាក់ទំនង​អន្តរជាតិ​អស់​ជាច្រើន​សតវត្ស ដូចដែល​កំណត់ត្រា​ប្រ​វ​តិ្ត​សាស្ត្រ បានបង្ហាញ​ស្រាប់​។ ទំនាក់ទំនង​នៅក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​នេះ ទំនងជា​ផ្អែកលើ​ការផ្សារភ្ជាប់​សាច់ញាតិ​រវាង​ក្រុម​អូ​ស្ត្រូ​នេ​ស៊ី ទាំងពីរ​ក្រុម​។

​ប្រវត្តិសាស្ត្រ​ដំបូង​នៃ​ចម្ប៉ា​

​ទឹកដី​មរតក​ចាម​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​នៃ​វៀតណាម​ភាគ​កណ្តាល​បច្ចុប្បន្ន គឺជា​ប្រជុំ​វាលរាប​ដែលមាន​សណ្ឋាន ជា​ខ្សែ​តូចៗ​ដែល​កើតឡើង​ដោយ​ផ្នត់​នៃ​ជួរ​ភ្នំ​ទ្រឿ​ង​សឺ​ន លយ​ចេញទៅ​ផ្ទៃសមុទ្រ​។ វាល​តូចៗ​ទាំងនេះ ពុំមាន​ទំហំ​គ្រប់គ្រាន់​សម្រាប់​ជា​គ្រឹះ​បង្កើត​រដ្ឋ​ដែលមាន​ប្រជាជន​ច្រើន​បានទេ​។ ប៉ុន្តែ​នៅ​ប៉ុន្មាន​សតវត្សរ៍​ដំបូង មុន គ្រិស្តសករាជ គឺ​នៅពេលដែល​តំបន់​នោះ​ក្លាយ​ជាទី​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ យើង​សង្កេតឃើញ​មានការ បោះជំហាន​ដំបូង​ក្នុងការ​ផ្សារភ្ជាប់​សហគម​ន៍​ចាម​បុរាណ​ទាំងឡាយ​ក្នុង​តំបន់​វាលរាប​ឱ្យក្លាយ​ទៅជា​សហព័ន្ធ​មួយ ដែល​ត្រូវគេ​ស្គាល់​ថា​ជា «​ចម្ប៉ា​» ។ បែបផែន​នៃ​រចនាសម្ព័ន្ធ​នយោបាយ​របស់​ចម្ប៉ា គឺជា​កម្មវត្ថុ​មួយ​នៃ​ការពិភាក្សា​របស់ អ្នកប្រាជ្ញ​។ ចំណេះដឹង​របស់​យើង​តិចតួច ស្តីពី​សង្គម​និង​នយោបាយ​ក្នុងសម័យ​កាលនោះ មានន័យថា បច្ចេក​ស័ព្ទ​របស់​យើង​ដូចជា «​រដ្ឋ​» ឬ «​នគរ​តូចៗ​» ទោះជា​ល្អ​យ៉ាងណា​ក៏បាន​ត្រឹម​ជាការ​ប្រមាណ​ជា​បណ្តោះអាសន្ន ប៉ុណ្ណោះ​។​

​នគរ​តូចៗ​ដំបូងបង្អស់ ក្នុងចំណោម​នគរ​ទាំង​នោះ ឬ​ការរួម​បណ្ដុំ​ដំបូង​នៃ​ជនជាតិ​ចាម ដែល​គេ​ស្គាល់​ច្បាស់​ក្នុង​ប្រ​វ​តិ្ត សាស្ត្រ​ដែល​គេ​ហៅថា លីន​-​យី (​ប្រភព​ឯកសារ​ភាសា​ចិន​) ។​បើតាម​ប្រភព​ឯកសារ​ចិន លីន យី មាន​ទីតាំង​ស្ថិត​លើ​ឆ្នេរសមុទ្រ​នៅ​ភាគ​ខាងជើង​ទីក្រុង​វ៉េ​បច្ចុប្បន្ន ហើយ​បាន​ត្រូវ​កសាងឡើង​នា​សតវត្ស​ទី​២ មុន​គ្រិស្តសករាជ​។ តាម​កំណត់ត្រា​របស់​ចិន​កត់សម្គាល់ថា ប្រទេស​ចម្ប៉ា​គឺជា​មនុស្ស​ព្រៃ​នៅ​ជិតខាង​ព្រំដែន​ភាគ​ខាង ត្បូង​របស់​ពួកគេ (​តែ​) ដែល​សព្វ​ថ្ងៃជា​ទឹកដី​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម​។ តែ​តាម​បណ្តា​អ្នកប្រាជ្ញ​សម័យថ្មី​ផ្តល់ យោបល់​ថា តាមពិតទៅ​ចាម​មាន​ទីតាំង​ហួស​មក​ខាងត្បូង​ក្រុង​វ៉េ ពោលគឺ​ឆ្នេរ​ខាងត្បូង​ផ្នែក​កណ្ដាល​។​

​កំណត់ត្រា​ចិន​ទាំងនេះ​បាន​កត់ត្រា​ថា នៅ​ភាគខាងត្បូង​លីន យី គឺ​ហ្វូណន​។ ហ្វូណន គឺជា​សហគមន៍​និយាយ​ភាសា អូស្ត្រូអាស៊ី ឬ​ខ្មែរ ដែលមាន​ទីតាំងនៅ​ដែនដី​សណ្ត​ទន្លេមេគង្គ និង​ជា​បុព្វ​ប្រទេស​នៃ​រដ្ឋ​ខ្មែរ​នា​សម័យអង្គរ​។​

​ក្នុងអំឡុង​សតវត្ស​ទី​៥ ចម្ប៉ា មានការ​រីកចម្រើន​ស​ម​ជា​រដ្ឋ​មួយ ដែលមាន​សមត្ថភាព​កែន​ទ័ព​រាប់រយ​សំពៅ ដើម្បី​ទៅ​ឆ្មក់​វាយលុក​តំបន់ឆ្នេរ​ចិន​-​វៀតណាម​នៅ​ភាគ​ខាងជើង​។ ប៉ុន្តែ​យើង​បានទទួល​ដំណឹង​ថា កងទ័ព​ចិន​បាន​វាយបក​មកវិញ​ដោយ​កម្លាំង​ដ៏​ច្រើន​លើសលប់ ថែមទាំង​បាន​ដុតបំផ្លាញ​ទីក្រុង​ចាម​នៅ​តំបន់​នៃ​ទីក្រុង​វ៉េ និង​រឹប​យកបាន​មាស​សុទ្ធ​ចំនួន ១០០.០០០​ផោន​ទុកជា​ជ័យ​ភណ្ឌ​ទៀតផង​។

​តាមរយៈ​ប្រភព​នេះ បរិមាណ​ជ័យ​ភណ្ឌ​ហាក់ដូច​ជាច្រើន​លើសពី​ការពិត តែ​ទោះយ៉ាងណា ប្រភព​ទាំងនេះ​អាចឱ្យ​យើង​ដឹងបាន​ថា ចាម​មាន​ជោគជ័យ​ក្នុងការ​ជួញដូរ​តាមផ្លូវ​សមុទ្រ ពី​លោក​ខាងកើត ទៅ​លោកខាងលិច ដែល​ចូល​សំចត​នៅតាម​ឆ្នេរ​របស់ខ្លួន​។ ភាពរុងរឿង​ទាំងនេះ​ទំនងជា​បានមកពី​លទ្ធភាព​ដែល​ពួកគេ​អាច​ការពារ​សំពៅ​ជំនួញ​ទាំងនោះ​ដែល​ចេញ​មកពី កំពង់ផែ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន​ចូលមក​ឆ្នេរ​នេះ​។ ចាម​អាច​ផ្តល់​អ្វីដែល​គេ​ត្រូវការ ដូចជា​ទឹកសាប​សម្រាប់​បរិភោគ ព្រមទាំង​អនុផល​ព្រៃឈើ​ពិសេសៗ​ដល់​ឈ្មួញ​ទាំងនោះ​ផងដែរ​។ កំណត់ត្រា​ដំបូងបង្អស់​អំពី​ចម្ប៉ា​បាន​បញ្ជាក់ថា ចម្ប៉ា​ធ្លាប់ជា​រដ្ឋ​ដ៏​ស្កុ​ក​ស្តម្ភ​មួយ​នៅតាម​សមុទ្រ ដែល​បាន​ទាក់ទង​ជា​ញឹកញាប់​ជាមួយ​ចិន​ទាំង​ផ្នែក​ចម្បាំង និង​ការទូត​។ តាមពិតទៅ ព្រំប្រទល់​រវាង​អាណាចក្រ​ចាម ចិន វៀតណាម នៅ​ដង​ទន្លេ​ក្រហម (​បច្ចុប្បន្ន​ជាទី​ក្រុង​ហាណូយ​) គឺជា​គំនូស​ខណ្ឌ​ចែក​រវាង​អរិយធម៌​ធំៗ​នៃ​ជ្រោយ​ឥណ្ឌូចិន​។ ជនជាតិ​យួន ឬ​វៀតណាម ធ្លាប់​ស្ថិតក្រោម​អាណានិគម​ចិន​រាប់ពាន់​ឆ្នាំ គឺ​ចាប់ពី​សតវត្ស​ទី​១ មុន​គ្រិស្តសករាជ រហូតដល់​សតវត្ស​ទី​១០ នៃ​គ្រិស្តសករាជ ផ្ទុយទៅវិញ ជនជាតិ​ចាម​និង​អ្នកជិតខាង​ខ្លួន គឺ​ជនជាតិខ្មែរ ត្រូវ​បានទទួល​ឥទ្ធិពល​ខ្លាំង​ពី​វប្បធម៌​ឥណ្ឌា ដែល​បាន​ផ្សព្វផ្សាយ​តាមផ្លូវ​ពាណិជ្ជកម្ម​សមុទ្រ​នា​ភាគខាងត្បូង នៃ​តំបន់​អាស៊ីអាគ្នេយ៍​។​

​ដោយសារ​មាន​ប្រភព​ឯកសារ​ចិន ស្តីពី​លីន​-​យី និង​ត្រូវ​បំពេញបន្ថែម​ដោយ​សិលាចារឹក​ក្នុងស្រុក គេ​អាច​ចងក្រង​ជា​រូបភាព​ប្រវត្តិសាស្ត្រ​នៃ​បណ្តា​អាណាចក្រ​ចាម​តាម​បណ្តោយ​ឆ្នេរសមុទ្រ ពី​ភាគ​ខាងជើង​ទៅខាង​ត្បូង ដែល​ជនជាតិ​ចាម​ហៅថា ឥន្ទ្រ​បុ​រៈ (​លីន យី​) អម​រាវ​តី វិជ័យ គៅ​ឋា​រៈ និង​ប​ណ្ឌុ​រង្គ​។ ភស្តុតាង​ឯកសារ និង​វិមាន​ទាំងឡាយ​របស់​ចម្ប៉ា​បង្ហាញថា ចម្ប៉ា​ជា​រដ្ឋ​រីកចម្រើន​តាំងពី​សតវត្ស​ទី​២ គ្រិស្តសករាជ ដល់​ដើម​សតវត្ស​ទី​១៩។

អម​រាវ​តី (Amaravati)

​នៅ​ភាគខាងត្បូង លីន​- យី ឬ​ឥន្ទ្រ​បុ​រៈ (Indrapura) មាន​ក្សត្រ​បុរី​ចាម​មួយទៀត​គឺ​អម​រាវ​តី ដែល​ស្ថិតនៅក្នុង​ខេត្ត​ក្វាង​ណា​ម (Quang Nam) នៃ​ប្រទេស​វៀតណាម​បច្ចុប្បន្ន​។ ចាប់ពី​សតវត្ស​ទី​៤​មក សិលាចារឹក​ទាំងឡាយ​ត្រូវបាន​គេ​ចារ​ឡើង ដោយ​បង្ហាញ​ពី​ទំនាក់ទំនង​ជាមួយ​ស្តេច​ចាម​នៅ មី​ស៊ឹ​ន (Myson) ដែល​ស្ថិតនៅតាម​ជ្រលង​តូច​មួយ នៅ​ចន្លោះ​ខ្ពង់រាប​ទន្លេ​ពី​ទីក្រុង​ដា​ណា​ង (Danang) បច្ចុប្បន្ន​។ ទីនោះ​ហើយ​ដែល​ស្តេច​ចាម​បាន​សាងសង់​ប្រាសាទ​សម្រាប់​គោរពបូជា​អាទិទេព ហិណ្ឌូ ព្រះ​សិវៈ​ដំបូងបង្អស់ នេះ​ជា​ភស្តុតាង​ទីមួយ ដែល​បង្ហាញ​ពី​ការ​គោរពបូជា​លទ្ធិទេវរាជ​របស់​ជនជាតិ​ចាម​។ និមិត្តរូប​នៃ​អាទិទេព​នេះ​មាន សណ្ឋាន​ជា​លិង្គ​បុរស តំណាងឱ្យ​សារសំខាន់​នៃ​ព្រះរាជវង្សានុវង្ស ហើយ​ក្រោយមក​បានក្លាយ​ទៅជា​សាសនា​របស់ រដ្ឋ​នៃ​កម្ពុ​ជានា​សម័យអង្គរ ។ ស្ដេច​ចាម​ក្រោយៗ​មក​បាន​បន្ត​កសាង​ប្រាសាទ​នៅ​កន្លែង​សក្ការៈ​នេះ ហាក់ដូចជា​ថា​ទង្វើ​នេះ​ជា​កាតព្វកិច្ច​របស់​អ្នកគ្រប់គ្រង ដែល​ត្រូវ​មក​ឧ​ទិ្ទ​ស​បូជា​ដល់ទី​តាំង​ដ៏​ពិសិដ្ឋ​ក្នុង​អាណាចក្រ ទាំងមូល​។ ប្រាសាទ​ភាគច្រើន​គឺ​សម្រាប់​ឧទ្ទិស​ដល់​ព្រះ​សិវៈ លុះដល់​សតវត្ស​ទី​៧ គេ​ក៏​សង្កេតឃើញ​មាន​ប្រាសាទ ដែល​ឧទ្ទិស​ដល់​ព្រះ​វិស្ណុ​ផងដែរ ។​ប្រាសាទ​ទាំងឡាយ​នៅ​មី​ស៊ឹ​ន នៅតែ​ជាវ​ត្ថុ​ដែល​ទាក់ទាញ​ដ៏​សំខាន់ ថ្វីបើ​ក្រុម​ប្រាសាទ​ទាំងនោះ​ត្រូវ​រង​ការខូចខាត​យ៉ាងដំណំ​ដោយសារ​ការទម្លាក់​គ្រាប់បែក​ពី​សំណាក់​អាមេរិក​ក្នុងសម័យ កាល​សង្គ្រាម​នៅ​វៀតណាម​ក៏ដោយ​។

​នៅ​ផ្នែក​ខាងក្រោម​នៃ​មី​ស៊ឹ​ន គឺ​នៅ​តំបន់​ត្រា​កៀវ (Tra Kieu) ស្តេច​ចាម​បាន​កសាង​រាជធានី និង​បាន​បន្សល់ទុក​នូវ ផ្ទាំង​ចារឹក​ជាច្រើន ទាំង​ភាសាសំស្ក្រឹត និង​ភាសា​ចាម​។ តាមពិតទៅ អត្ថបទ​ជា​ភាសា​ចាម​មួយនា​សតវត្ស​ទី​៤ មាន​ប្រភពពី​តំបន់​នេះ គឺជា​ឯកសារ​សរសេរ​ជា​អម្បូរ​ភាសា​អូ​ស្ត្រូ​នេ​ស៊ី ដែលមាន​ចំណាស់​ជាងគេ​បំផុត​។​

​ព្រះពុទ្ធសាសនា​មហាយាន ត្រូវបាន​នាំ​ចូលមក​ចម្ប៉ា ក្នុង​សតវត្ស​ទី​៩ ដូច​ដែលមាន​ភស្តុតាង​ច្បាស់​ក្នុង​ប្រាសាទ​ពិសិដ្ឋ នៅ​ដុង ឌួង (Dong Duong) ។ សិលាចារឹក​ទាំងឡាយនា​សតវត្ស​ទី​៩ ក៏បាន​បង្ហាញ​ផងដែរ​ថា មន្ត្រី​ចាម​ជាន់ខ្ពស់​ម្នាក់ ដែល​បាន​បម្រើ​ព្រះរាជ​វង្ស​ចាម​អស់​រយៈកាល​បី​រជ្ជកាល បានធ្វើ​ធម្ម​យាត្រា​ទៅ​ជ្វា (Java) ។​មន្ត្រី​រូបនោះ​ប្រហែលជា បាន​ទៅ​ទស្សនា​ប្រាសាទ​ពុទ្ធសាសនា​មហាយាន​មួយកន្លែង​នៅ បូ​រូ​ប៊ូ​ឌូ (Borobudur) នា​ភូមិភាគ​កណ្ដាល​នៃ​កោះ​ជ្វា​។ ទស្សនកិច្ច​បែបនេះ​បាន​បង្ហាញថា ចាប់តាំងពី​ដំណាក់កាល​ដំបូង​នៃ​ប្រវត្តិសាស្ត្រ​របស់ខ្លួន អាណាចក្រ​ចម្ប៉ា​បន្ត​រក្សា ការទាក់ទង​ជាមួយនឹង​រដ្ឋ និង​ចក្រភព​ទាំងឡាយ​ដែលជា​អ្នកជិតខាង និង​ដៃគូ​ពាណិជ្ជកម្ម ឬ​គូប្រជែង​របស់ខ្លួន​ក្នុង ប្រជុំ​កោះ​ទាំងនោះ​។​

​រាជធានី​របស់​អមរា​វ​តី ជាទី​តាំង​មួយ​ងាយ​នឹងរង​គ្រោះ​ពី​ការឆក់ប្លន់ និង​ការឈ្លានពាន​ពី​សំណាក់​ជនជាតិ​វៀតណាម ពី​ទិស​ខាងជើង (​ដែល​ហៅថា​ខ្លួនឯង​ថា ដាយ កូ វៀត (Dai Co viet) ដែល​នៅ​សតវត្ស​ទី​១០ បាន​រំដោះខ្លួន​ចេញពី​ការ ត្រួតត្រា​របស់​ចិន រួច​ចាប់ផ្តើម​វាតទី​មក​ទិស​ខាងត្បូង​ទៅលើ​នគរ​ភាគ​ខាងជើង​បំផុត​របស់​ជនជាតិ​ចាម​។ ក្នុង​ទសវត្សរ៍ ឆ្នាំ ៩៨០ ជនជាតិ​វៀតណាម​បាន​ឈ្លានពាន​អមរ​វ​តី ដោយ​ធ្វើឃាត​ស្តេច​ចាម និង​ដុតបំផ្លាញ​រាជ​ធ​នី​នៅ​មួយ​នេះ​។ រាជទាយាទ​របស់​ស្ត​ច​ចាម​ដែល​បានធ្វើ​គុត​នោះ បាន​ភៀស​ព្រះកាយ​ទៅ​ទឹកដី​ចាម​ភាគខាងត្បូង ដែលមាន​សុ​វ​តិ្ថ​ភាព​ជាង ហើយ​បាន​ទទូច​សុំ​ជំនួយ​ពី​ប្រទេស​ចិន តែ​មិន​ទទួលបាន​លទ្ធផល​អ្វី​ទេ​។ ចាប់ពីពេលនោះ ជនជាតិ​ចាម​និង​វៀតណាម​បានចាប់ផ្តើម​ប្រយុទ្ធ​តទល់​នឹង​គ្នា​ជារឿយៗ ស្ទើរតែ​គ្របដណ្ដប់​កម្រង​ប្រ​វ​តិ្ត​សាស្ត្រ​ទាំងមូល​របស់​ជនជាតិ​ចាម​។ ជនជាតិ​ចាម​ដែល​បានទទួល​អរិយធម៌​ឥណ្ឌា ត្រូវ​បង្ខំចិត្ត​ដកថយ​ទៅ​ភាគខាងត្បូង ដោយសារ​វត្តមាន​ជនជាតិ​វៀតណាម​ដែល​ទទួល​ឥទ្ធិពល​ចិន​។ ដោយលីសា : (ឯកសារស្រាវជ្រាវ)

spot_img
×