Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រវតិ្ត និងអត្តសញ្ញាណជនជាតិចាម

spot_img

ទឹកដី​មរតក​ដូនតា​របស់​ជនជាតិ​ចាម មាន​ទីតាំង​ស្ថិតនៅតាម​បណ្តា​យ​ឆ្នេរសមុទ្រ ដែល​បច្ចុប្បន្ន​ជា​ទឹកដី​ភាគ​កណ្តាលនៃ​ប្រទេស​វៀតណាម ។ ជនជាតិ​ចាម​មាន​ភាសា​និយាយ​ស្ថិតក្នុង​អម្បូរ​«​ម៉ាឡាយូ​-​ប៉ូ​លី​នេ​ស្យា​ង​» ដែល​បច្ចុប្បន្ននេះ គេ​តែង​ហៅថា (​អម្បូរ​អូ​ស្ត្រូ​នេ​ស៊ី​)​។ តាមរយៈ​ការប្រៀបធៀប​វាក្យ​ស័ព្ទ ភាសា​ចាម​ហាក់ដូចជា​មានការ​ទាក់ទង​យ៉ាង ជិតស្និទ្ធ​ជាមួយនឹង​ភាសា​របស់​ឧបទ្វីប​ឥណ្ឌូនេស៊ី​ខាងលិច ពោលគឺ​ភាសា​ម៉ាឡេស៊ី កាលី​ម៉ាន់​តាន់ សូ​ម៉ា​ត្រា​ជ្វា និង​បាលី ។ សរុបមក ជនជាតិ​ចាម​និយាយ​ភាសា​ដែល​ទាក់ទង​ទៅនឹង​ភាសា​និយាយ​នៃ​ពួក​ម៉ា​ឡេ និង​កោះ​ជ្វា តែ​ជា​ផ្នែក​មួយ​នៃ​អម្បូរ​ភាសា​អូ​ស្ត្រូ​នេ​ស៊ី ដែល​លាតសន្ធឹង​ពី​កើ​តទៅ​លិច រាប់​ចាប់ពី​ម៉ា​ដា​ហ្គា​ស្កា រហូតដល់​ប្រជុំ​កោះ ឥណ្ឌូនេស៊ី និង​ហ្វីលីពីន រហូតដល់​ទីប្រជុំ​កោះ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក និង​កោះ​ហា​វ៉ៃ ហើយពី​ជើង​ទៅ​ត្បូង​រាប់​ចាប់តាំងពី កោះ​តៃវ៉ាន់​រហូតដល់​នូ​វែ​ល​សេ​ឡង់​។​

​នៅ​ឆ្នាំ ១០០០ ជនជាតិ​ចាម បាន​កសាង​រាជធានី​ដែលមាន​សុវត្ថិភាព​ខ្ពស់​នៅ​ភាគខាងត្បូង​នៃ​អម​រាវ​តី គឺ​នៅ​តំបន់​វិជ័យ (Vijaya) (​សព្វ​ថ្ងៃជា​ខេត្ត បី​ញ ឌិ​ញ (Binh Dinh) របស់​វៀតណាម​) ហើយ​បាន​បញ្ជូន​ទូ​តទៅ​ប្រទេស​ចិន ដើម្បី​ជូនដំណឹង​អំពី​ការផ្លាស់ប្តូរ​ទីតាំង​នេះ​។ ក្នុងអំឡុង​សតវត្ស​ទី ១១ ជនជាតិ​វៀតណាម​ដែល​បាន​ឯករាជ្យ​ហើយ​នោះ បានធ្វើការ​គាបសង្កត់​កាន់តែខ្លាំង​ឡើងៗ​ទៅលើ​ចម្ប៉ា ។ ការទទួលបាន​ស្ថិរភាព​ព្រំប្រទល់​ខាងជើង​ជាមួយ​ចិន បានធ្វើឱ្យ​ជនជាតិ​វៀតណាម​មានលទ្ធភាព​ពង្រីក​ទឹកដី​ដាំ​ស្រូវ ដែល​ខ្លួន​ត្រូវការ​ឆ្ពោះទៅ​ទិស​ខាងត្បូង ។​ពាក្យ​វៀតណាម​មួយ​ដែល​គេ​ប្រើ​សម្រាប់​សំដៅ​គោលនយោបាយ​ភ្ជាប់​ដែនដី ដែល​គេ​វាយ​ដណ្ដើម​អំពី​ចាម​គឺ «​ណា​ម​ទៀន (nam tien) » មានន័យថា រុញ​ទៅ​ទិស​ខាងត្បូង​។ កំណើនប្រជាជន បាន​ជំរុញ​ឱ្យ​វៀតណាម​ស្វែងរក​ដី​សម្រាប់​ដាំ​ដុះ ជាពិសេស​សម្រាប់​ស្រូវវស្សា ហើយ​ដី​ទំនាប​ដែលមាន គឺ​ស្ថិតនៅ​វាលរាប​តាម​ឆ្នេរ ដែល​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ចាម​។​

​ក្នុង​ឆ្នាំ ១០៦៩ មេដឹកនាំ​វៀតណាម​បាន​ដុតបំផ្លាញ​រាជធានី​វិជ័យ​ដោយ​ជោគជ័យ ហើយ​ថែមទាំង​បាន​ចាប់យក​ស្តេច​ចាម រួម​នឹង​រាជវង្សានុវង្ស​ទុកជា​ឈ្លើយសឹក​ផង​។ វៀតណាម​បាន​ដោះលែង​ឈ្លើយ សឹក​ទាំងនោះ​មកវិញ ជា​ថ្នូរ​នឹង​ការដោះដូរ​ខេត្ត​៣ ភាគ​ខាងជើង​របស់​ចម្ប៉ា គឺ​បច្ចុប្បន្ន​ខេត្ត​ក្វាង ប៊ី​ញ (Quang Binh) ក្វាង​ទ្រី (Quang Tri) និង​ភាគ​ខាងជើង​ក្រុង​ហ្វេ​។ ស្តេច​ចាម​ក្រោយៗ​មកទៀត បាន​ព្យាយាម​ដណ្ដើមយក​ខេត្ត​ដែល​បាត់បង់​ទាំងនោះ​មកវិញ តែ​មិនបាន​សម្រេច​។ ក្នុងពេល​ជាមួយគ្នា​នោះ ជនជាតិ​ចាម​បាន​បន្ត​ដំឡើង​ទីសក្ការៈ​បូជា​ឡើងវិញ និង​កសាង​បន្ថែម​នូវ​ប្រាសាទ​ពិសិដ្ឋ​នៅ​ទីតាំង​បូជា​ភាគ​ខាងជើង នៅ​មី​ស៊ឹ​ន ក្នុង​ក្រុង​អម​រាវ​តី ។ ពួកគេ​ក៏បាន​រៀបចំ​គោរពបូជា​ដល់ទី​សក្ការៈ​ពោធិ៍​នគរ (Por Nagar) នៅ​ភាគខាងត្បូង ឯ​ខេត្ត​ញ៉ា​ត្រាង ក្នុង​ក្សត្រ​បុរី គៅ​ឋា​រៈ (Kauthera) ដែរ​។​

​ក្នុង​សតវត្ស​ទី​១២ ជនជាតិ​ចាម​បាន​ទាក់ទង​ការទូត ក៏ដូចជា​ធ្វើសង្គ្រាម​ជាមួយ​ប្រទេសជិតខាង​ពីរ ដែលមាន​កម្លាំង​ខ្លាំងក្លា គឺ​វៀតណាម​និង​ខ្មែរ​។ ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សូរិយា​វរ្ម័នទី​២ ដែលជា​អ្នក​កសាង​អង្គរវត្ត បាន​ព្យាយាម​ទាក់ទាញ​ចម្ប៉ា​ឱ្យចូល​រួម​ក្នុង​សមរភូមិ​ប្រយុទ្ធ​ទប់ទល់​ជាមួយ​វៀតណាម ក្នុងអំឡុង​ពាក់កណ្ដាល​សតវត្ស​ទី​១២ ។ ព្រះមហាក្សត្រ​ខ្មែរ​នេះ (​ដូចដែល​លោក​ហ្ស​ក ម៉ា​ស្ប៉េ​រ៉ូ បាន​អះអាង​) ដោយ​ពុំ​អាច​សម្រេច​ចំណង​ទាក់ទាញ ស្តេច​ចាម ក៏​«​ងាក​មក​វាយ​ចម្ប៉ា​វិញ​យ៉ាង​ពេញទំហឹង​» ។ ឆ្នាំ​១១៤៥ ជនជាតិខ្មែរ​បាន​វាយ​ដណ្ដើម​កាន់កាប់​ចម្ប៉ា​អស់​រយៈពេល​ច្រើន​ឆ្នាំ​។ នៅ​ឆ្នាំ​១១៧៧ ជនជាតិ​ចាម​បាន រើប​ចំ​កង​នាវាចរ​ដ៏​ខ្លាំងក្លា​របស់ខ្លួន ឆ្លង​ទន្លេសាប​ដោយមាន​ការនាំ​ផ្លូវ​ពី​ជន​ជាតិចិន​បាន​វាយឆ្មក់​មកលើ​ជនជាតិខ្មែរ នៅ​រាជធានី​អង្គរ និង​លួច​ឆក់​ប្លន់​ក្រុង​អង្គរ​។ រូបចម្លាក់​ដ៏​ល្បីល្បាញ​នៅតាម​ជញ្ជាំង​ប្រាសាទបាយ័ន​បាន​ពណ៌នា​អំពី សង្គ្រាម​តាមផ្លូវ​ទឹក​ដែល​ដឹកនាំ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដើម្បី​រំដោះ​ជនជាតិខ្មែរ​អំពី​ជន​ឈ្លានពាន​ចាម​។​

​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បានរៀបចំ​កសាង​រាជធានី​ខ្មែរ​ឡើងវិញ ដែល​យើង​ស្គាល់​ថា​ជា​ក្រុង​អង្គរធំ​។ ព្រះអង្គ​ក៏បាន​ប្រើប្រាស់​ព្រះអង្គម្ចាស់​ចាម​ខ្លះ​ក្នុង​ជួរ​កងទ័ព​របស់​ព្រះអង្គ​ផងដែរ​។ សិលាចារឹក​មួយ​នៅ មី​ស៊ឹ​ន បាន​រៀបរាប់​អំពី​ព្រះអង្គម្ចាស់​ចាម​មួយអង្គ ដែល​បានមក​កម្ពុ​ជានា​ឆ្នាំ​១១៨២ ហើយ​ត្រូវ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ យកចិត្តទុកដាក់​ឧបត្ថម្ភ​ឱ្យ​រៀនសូត្រ​យុទ្ធសាស្ត្រ សង្គ្រាម និង​វិទ្យាសាស្ត្រ​។ បន្ទាប់មកទៀត ព្រះអង្គ​បាន​ចាត់តាំង ព្រះអង្គម្ចាស់​ចាម​នេះ​ឱ្យ​ដឹកនាំ​កងទ័ព​ខ្មែរ​ទៅ​បង្ក្រាប​ការបះបោរ​របស់​«​មនុស្ស​កំណាច​មួយក្រុម​» នៅ​ខេត្តបាត់ដំបង​បច្ចុប្បន្ន​។ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បាន​ប្រទាន​បុណ្យស័ក្តិ និង​ទ្រព្យសម្បតិ្ត​ជាច្រើន​ដល់​ព្រះអង្គម្ចាស់​ចាម​ដែល​បានទទួល​ជោគជ័យ​ក្នុងពេល​បង្ក្រាប​នោះ​។

​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ក៏បាន​ប្រើ​ព្រះអង្គម្ចាស់​ចាម​នេះ ដើម្បី​ដឹកនាំ​ទ័ព​ខ្មែរ​ម្តងទៀត គឺ​ទៅ​វាយលុក​ទីក្រុង វិជ័យ ដើម្បី​សងសឹក​ចំពោះ​ជនជាតិ​ចាម​ដែល​បាន​ឈ្លានពាន​លើ​រាជធានី​អង្គរ​កាលពី​លើក​មុន​។ ព្រះអង្គម្ចាស់​នោះបាន ចាប់​ព្រះកាយ​ព្រះមហាក្សត្រ​ចាម និង​នាំយក​ឈ្លើយសឹក​មក​កម្ពុជា​។ ក្នុងអំឡុង​ចុង​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣ ចម្ប៉ា​បាន​ក្លាយជា​អាណាខេត្ត​មួយ​របស់​កម្ពុជា​។​

​ឥទ្ធិពល​នៃ​ការកាន់កាប់​របស់​ខ្មែរ​នៅពេលនោះ បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​តាមរយៈ​សិល្បៈ និង​ស្ថាបត្យកម្ម​សម័យ​នោះ នៅ​បី​ញ ឌិ​ញ ។ ជនជាតិ​ចាម​បានចាប់ផ្តើម​សាងសង់​ប៉ម​៣ នៅលើ​អ័ក្ស​តែមួយ អមដោយ​ប៉ម​ពីរ​តូច​ជាង​ប៉ម​នៅ កណ្ដាល​បន្តិច​។ ជនជាតិ​ចាម​ក៏បាន​តុបតែង​និង​រចនា​ប្រាសាទ​របៀប​ខ្មែរ​ដែរ ប៉ុន្តែ​ជនជាតិ​ចាម​ក៏​នៅតែ​បន្ត​ប្រើប្រាស់ សម្ភារៈ និង​បច្ចេកទេស​ជា​ប្រពៃណី​របស់គេ​ដែរ​។ ពួកគេ​បាន​សង់​ប៉ម​អំពី​ថ្ម​ដោយ​គ្មាន​បាយអរ ប្រការនេះ​បញ្ជាក់ថា ជនជាតិ​ចាម​មាន​ជំនាញ​ពិសេស​ខាង​ប្រើប្រាស់​(​និង​អាច​រក​)​ជ័រ​ឈើ​ពី​ព្រៃ​ក្នុង​តំបន់​ខ្ពង់រាប​។ គេ​ចេះ​ប្រើ​ជ័រ​ទាំងនេះ ដើម្បី​ផ្សារភ្ជាប់​ឥដ្ឋ​ឱ្យបាន​ជាប់​គ្នា ដូចដែល​យើង​បានឃើញ​នៅ​ប៉ម​ចាម​ជាច្រើន​នៅ​បី​ញ​ឌិ​ញ នី​គូ​ញូ​ន បច្ចុប្បន្ន​។​

​នៅ​ដើម​សតវត្ស​ទី​១៣ ក្រោយពេល​ព្រឹត្តិការណ៍​មួយ​ដែល​លោក​ម៉ា ស្ប៉េ​រ៉ូ បាន​ហៅថា «​សង្គ្រាម​រយ​ឆ្នាំ​ជាមួយ​ជន ជាតិខ្មែរ​» មេដឹកនាំ​ចាម បាន​ប្រឹងប្រែង​ស្តារ​បណ្ដាញ​ធារាសាស្ត្រ​សម្រាប់​ដំណាំ​ស្រូវ​របស់​ជាតិ និង​កសាង​នូវ​មជ្ឈមណ្ឌល​សាសនា​ឡើងវិញ​។ ការដែល​គេ​គួរឱ្យ​ចាប់អារម្មណ៍​នោះ គឺ​មហាក្សត្រ​ទាំង​នោះបាន បញ្ឈប់​ការកសាង​នូវ​តួនាទី​គោរពបូជា​ទាំង​នៅ​ខាងជើង​មី​ស៊ឹ​ន និង​ទាំង​នៅ​ខាងត្បូង​ក្នុង​ពោធិ៍​នគរ​។ ខ្ញុំ​គិតថា អ្នកដឹកនាំ​ទាំងនោះ​បាន​ព្យាយាម​បញ្ចៀស​ការបែងចែក​ភាគខាងត្បូង​និង​ខាងជើង ដើម្បី​ឈានទៅ​កសាង​មហា​ឯកភាព​ជាតិ​ចាម​ឡើងវិញ​។ ក្នុង​រយៈពេល​នោះ ជនជាតិ​ចាម​ត្រូវ​ប្រឈម​នឹង​ការលំបាក​រៀងរាល់ឆ្នាំ គឺ​ជនជាតិ​វៀតណាម តែង​ធ្វើ​ការឆក់ប្លន់​មកលើ​សំពៅ​ជនជាតិ​ចាម​ដែល​ធ្វើដំណើរ​ពី​ភាគ​ខាងជើង​មក​ត្បូង កាត់​តាម​ឆ្នេរសមុទ្រ​វៀតណាម​។​

​នៅ​ពាក់កណ្តាល​សតវត្ស​ទី​១៣ ជនជាតិ​ចាម​ត្រូវ​ទទួលរង​ការឈ្លានពាន​ពី​សំណាក់​កងទ័ព​ម៉ុង​ហ្គោល ដែល​ដឹកនាំ​ដោយ​កុប​ឡៃ​ខាន់​។ ដោយ​ស្ដេច​ចាម​មានការ​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ជនជាតិ​ភ្នំ​ភាគ​កណ្តាល ព្រះអង្គ​ក៏បាន​ដកថយ​ទៅ​តំបន់ភ្នំ​នោះ​ដើម្បី​ធ្វើសង្គ្រាម​ទ័ពព្រៃ​ប្រឆាំងនឹង​ការឈ្លានពាន​នេះ​។ ដោយសារ​ជំងឺគ្រុនចាញ់ ការមិន​ស៊ាំ​នឹង​ម្ហូបអាហារ​និង​អាកាសធាតុ កងទ័ព​ម៉ុង​ហ្គោល​បាន​ធ្លាក់ចុះ​ទន់ខ្សោយ​យ៉ាងខ្លាំង រហូតដល់​ពួក​ចាម​អាច វាយ​បណ្ដេញ​ពួកគេ​ចេញពី​ដី​ចាម​បាន​។ ក្រោយ​នោះ​បន្តិច លោក​ម៉ា​កូ​ប៉ូ​ឡូ បានធ្វើ​ដំណើរ​មក​ទស្ស​នាច​ម្ប៉ា​។​

​ស្ដេច​ចាម​បន្ទាប់មកទៀត​មានអំណាច និង​ជំនឿ​ជាក់​គ្រប់គ្រាន់​ក្នុង​កិច្ចការពារ​មិនឱ្យ​កងទ័ពជើងទឹក​ម៉ុង​ហ្គោ​លី​ចូល​ចត នៅ​ឆ្នេរសមុទ្រ​របស់គេ​បាន​នា​ឆ្នាំ​១២៩២ ជា​ពេលដែល​កងទ័ព​សំដៅទៅ​កោះ​ជ្វា ដើម្បី​សងសឹក​លើ​ពួក​ជ្វា​ដែល​បាន បង្ក​របួសស្នាម​ដល់​រាជ​បេស​ក​ទូត​របស់ កុប ឡៃ​ខាន់​។ ស្តេច​អង្គ​ចាម​នោះ បាន​រៀប​អភិសេក​ជាមួយនឹង​ព្រះ​នាង​ជ្វា ប្រហែលជា​ដើម្បី​ពង្រឹង​ចំណងទាក់ទង​ល្អ​ជាមួយនឹង​ឥណ្ឌូនេស៊ី ។ ស្តេច​ដដែល​នោះ​ក៏បាន​អភិសេក​ជាមួយនឹង​ព្រះ​នាង​ដែលជា​ព្រះអនុជ​របស់​អធិរាជ​វៀតណាម​ក្នុង​ឆ្នាំ​១៣០៦ ប៉ុន្តែ​ក្នុង​ទំនាក់ទំនង​ការទូត ចាម​ត្រូវប្រគល់​ខេត្ត​ពីរ​នៅឯ​ភាគ​ខាងជើង​ក្រុង​វ៉េ ទុកជា​ជំនូន​សម្រាប់​ព្រះ​នាង​វៀតណាម នោះ​។ ជនជាតិ​ចាម​ក្នុង​ខេត្ត​ទាំងនេះ ជា​ញឹកញាប់​បាន​បះបោរ​ប្រឆាំងនឹង​រដ្ឋអំណាច​វៀតណាម តែ​ត្រូវ​អធិរាជ​ដៃ​វៀត បើក​យុទ្ធនា​ការបង្ក្រាប​ការបះបោរ​យ៉ាង​សាហាវ​។​

​អ្នកដឹកនាំ​ចាម​ម្នាក់ ដែល​ត្រូវ​វៀតណាម​វាយ​ឱ្យ​បរាជ័យ​នា​ឆ្នាំ ១៣១៨ បាន​ភៀសខ្លួន​តាម​សមុទ្រ​ទៅ​ជ្វា (​ប្រហែលជា នៅក្នុង​ព្រះរាជវាំង​ម៉ាសា​បា​ហ៊ី​ត (Majapahit) បាន​ខិតខំ​ជំរុញ​ឱ្យ​បន្ត​ការទាក់ទង​ល្អ​រវាង​ជនជាតិ​ចាម​និង​ឥណ្ឌូនេស៊ី​។​

​នា​ចុង​សតវត្ស​ទី​១៤ មេទ័ព​ចាម​គួរឱ្យកត់សម្គាល់​ម្នាក់ ឈ្មោះ ចេ បុ​ង​ង៉ា បាន​ប៉ុនប៉ង​វាយ​ដណ្ដើមយក​មកវិញ​នូវ​បណ្ដា​ខេត្ត​ចាម​ផ្នែក​ខាងជើង​នៃ​ក្រុង​វិជ័យ ដែល​ត្រូវ​វៀតណាម​ដណ្ដើមយក​អស់ រយៈពេល​ច្រើន​ទសវត្ស​មកហើយ​។ ក្នុង​យុទ្ធនាការ​ទាំងនេះ មេទ័ព ចេ បុ​ង​ង៉ា បានទទួល​ជោគជ័យ​ក្នុងការ​វាយប្រហារ ជាច្រើនលើក​ទៅ​ក្រុង​ហា​ណួ​យ បន្ទាប់មកទៀត​ក៏បាន​រៀបចំ​ឡើងវិញ​នូវ​ការគ្រប់គ្រង​ជនជាតិ​ចាម​ជាថ្មី លើ​ខេត្ត​ខាងជើង​ក្នុង​រយៈពេល​ដ៏​ខ្លី​។ ស្តេច​សោយរាជ បន្ត មិនសូវ​បានទទួល​ជោគជ័យ​ទេ​ក្នុងការ​កាន់កាប់​អាណាខេត្ត ទាំងនោះ​។ នា​ឆ្នាំ​១៤០២ ស្តេច​ចាម​បានប្រគល់ អម​រាវ​តី (​បច្ចុប្បន្ន​ជា​ខេត្ត​ក្វាង​ណា​ម​) ទៅឱ្យ​វៀតណាម ក្នុង​គោលបំណង​បញ្ចប់សង្គ្រាម​ជាមួយ​ពួក​វៀតណាម​។ តំបន់​នេះ​រួមបញ្ចូល​ទាំង​តំបន់​មី​ស៊ឹ​ន ដែលជា​មជ្ឈមណ្ឌល គោរពបូជា​ចាប់តាំងពី​សតវត្ស​ទី​៤​មកម្ល៉េះ និង​រួមទាំង​កំពង់ផែ​រដ្ឋធានី​ចាម ដែល​ក្រោយមក​គេ​ស្គាល់​ថា ហ្វា​យ​ហ្វូ (Faifo) ឬ​ហូ​យ អាន (Hoi An) ភាគខាងត្បូង​នៃ​ខេត្ត​ដា​ណា​ង​សម័យ​បច្ចុប្បន្ន​។​

​ក្នុង​ឆ្នាំ​១៤០៧ ដោយបាន​ការជួយឧបត្ថម្ភ​ពី​ប្រទេស​ចិន ដែល​ទើប​បានដាក់​ដែនដី​ដៃ​វៀត ជា​ចំណុះ​សាជាថ្មី ជនជាតិ​ចាម​បាន​ដណ្ដើម​មកវិញ​នូវ​ទឹកដី​ដែល​ខ្លួន​ទើបតែ​បាត់បង់​ក្នុង​ប៉ុន្មាន​ឆ្នាំមុន ប៉ុន្តែ​និន្នាការ​សតវត្ស​ទី​១៤ បានបង្ហាញ​ពី​ការចុះ​ខ្សោយ​របស់​ចាម និង​ការរីកចម្រើន​របស់​ជ​ន​ជាតិ​វៀតណាម​។ ក្នុង​ឆ្នាំ​១៤៧១ រាជធានី​វិជ័យ បាន​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​វៀតណាម​រហូតដល់​សព្វ​ថ្ងៃ ហើយ​យើង​បានដឹងថា​ប្រជាជន ៦០.០០០ នាក់​បាន​ត្រូវ​សម្លាប់ និង ៣០.០០០​នាក់​ត្រូវបាន​ចាប់​ជា​ឈ្លើយសឹក ក្នុងនោះ​មាន​មហាក្សត្រ និង​ព្រះរាជវង្សានុវង្ស ចំនួន​១៦ នាក់​ផងដែរ ។ ទោះជា​យ៉ាងណា ចម្ប៉ា​មិនទាន់​រលាយ​នៅក្នុង​ឆ្នាំ​១៤៧១ តែ​ត្រូវ​រុញ​បណ្ដេញ​មក​ក្នុង​ទឹកដី ភាគខាងត្បូង​របស់ខ្លួន គឺ គៅ​ឋា​រៈ (​ខេត្ត​ញ៉ា​ត្រាង បច្ចុប្បន្ន​) និង ប​ណ្ឌុ​រង្គ (​ខេត្ត​ផាន់​រ៉ាង បច្ចុប្បន្ន​) ដោយ​កងទ័ព វៀតណាម​។​

គៅ​ឋា​រៈ (Kauthera)

​នា​ពាក់កណ្តាល​សតវត្ស​ទី​៨ មជ្ឈមណ្ឌល​កណ្តាល​នៃ​សហព័ន្ធ​ចម្ប៉ា​បាន​លើក​ទីតាំង​ពី​អម​រាវ​តី នៃ​ភាគ​ខាងជើង​មក គៅ​ឋា​រៈ និង​ប​ណ្ឌុ​រង្គ នៅ​ភាគខាងត្បូង​អស់​ក្នុង​មួយរយៈ​វិញ​។ ក្នុង​ខេត្ត​ញ៉ា​ត្រាង នៅលើ​ភ្នំ​មួយ​ចំ​ច្រក​មាត់ទន្លេ​ចេញទៅ​ឆកសមុទ្រ​ញ៉ា​ត្រាង (Nha Trang Bay) គឺជា​ទីតាំង​នៃ​សក្ការៈ​របស់​ចាម ដែល​គោរពបូជា​ចំពោះ​ពោធិ៍​នគរ (​ទេវី​នៃ​អាណាចក្រ​ចម្ប៉ា​) ដែល​ទំនងជា​ដៃគូ​របស់​ទីសក្ការៈ​ព្រះ​សិវៈ នៅ​មី​ស៊ឹ​ន នៃ​ភាគ​ខាងជើង​។ ទីសក្ការៈ​ពោធិ៍​នគរ​នេះ រួមមាន​ប្រាសាទបុរាណ និង​លិង្គ​ទេវរាជ គឺជា​គោលដៅ​វាយឆ្មក់​របស់ ឥណ្ឌូនេស៊ី​ក្នុង​ឆ្នាំ​៧៧៤ តែ​លោក ម៉ា​ស្ប៉េ​រ៉ូ បាន​និយាយថា នេះ​ជាការ​លុកលុយ​របស់​ជនជាតិ​ម៉ាឡេស៊ី ហើយ​ទំនង​ណាស់​ថា ពួក​នោះ​ជា​ពួក​ជ្វា (Javanese) ។ ពួក​ឥណ្ឌូនេស៊ី​ទាំងនេះ​ត្រឡប់មក​បំផ្លិចបំផ្លាញ​ប្រាសាទ​មួយ នៅ​ប​ណ្ឌុ​រង្គ ក្នុង​ឆ្នាំ​៧៨៧ ។​

​ក្នុង​ឆ្នាំ ៩១៨ ស្តេច​ចាម​បាន​សាង​រូបចម្លាក់​ភគវតី (​ទេវី​របស់​ព្រះ​សិវៈ​) ធ្វើ​ពី​មាស តម្កល់​ក្នុង​ប្រាសាទ​ពោធិ៍​នគរ រូបចម្លាក់​នេះ​ត្រូវបាន​ខ្មែរ​រឹបអូស​យក​ក្នុងពេល​គេ​ចូលលុកលុយ និង​ដុតបំផ្លាញ​ប្រាសាទ​នោះ​ក្នុងអំឡុង​ឆ្នាំ​៩៥០​។ ស្ដេច​ដែល​សោយរាជ​បន្ត បាន​ជួសជុល​ប្រាសាទ​ក្នុង​ឆ្នាំ ៩៦៥ និង​សាង​រូបចម្លាក់​ទេវី​នោះ​ដោយ​ធ្វើ​អំពី​ថ្ម​ជំនួស​វិញ ។ នៅពេល​ថ្នាក់​គ្រប់គ្រង​ចម្ប៉ា​ត្រូវ​ផ្លាស់ប្តូរ​យ៉ាង​រហ័ស​ត្រឡប់​ភាគ​ខាងជើង​ឯ​វិជ័យ​វិញ ស្តេច​ចាម​ទាំងឡាយ​បាន​ជួសជុល​ប្រាសាទ​ពោធិ៍​នគរ​ជាទី​សក្ការៈ​ឡើងវិញ ដោយ​ធ្វើ​ព្រះរាជ​អំណោយ​ជា​ទាសាទាសី និង​ធនធាន​ជាច្រើន​ដើម្បី​ថែរក្សា​ទីឋាន​នៃ​ទេវី​នោះ​។​

​រូបចម្លាក់​យ៉ាង​ល្អ​ប្រណីត​មួយ​ដែលមាន​ដៃ​ប្រាំបី​ធ្វើ​អំពី​និល​ដ៏​ភ្លឺ​ថ្លា នៅតែ​ស្ថិតនៅលើ​កំពូល​ប៉ម​មួយ នៅ​ញ៉ា​ត្រាង រហូតដល់​សព្វថ្ងៃ​។ រូបនេះ​ត្រូវបាន​ជនជាតិ​វៀតណាម​សព្វថ្ងៃ​កែ​ពី​រូប​ភគវតី ទៅជា​រូប​ខាង​ព្រះពុទ្ធសាសនា (​ប្រហែលជា​ព្រះ​នាង​គង់​ស៊ី​អ៊ី​ម​)​។ រូបសំណាក​នេះ​បាន​គ្របដណ្ដប់​ដោយ​សម្លៀកបំពាក់​បែប​ចិន ដើម្បី​លាក់បាំង​សម្រស់​របស់ខ្លួន ។​សម្លៀកបំពាក់​នេះ​ត្រូវបាន​គេ​ផ្លាស់ប្តូរ​ជា​រៀងរាល់ខែ និង​ត្រូវបាន​រក្សាទុក​ក្នុង​ទូ​យ៉ាង​ធំ​មួយ​នៅក្រោយ​សំណាក​នោះ​។ ជនជាតិ​វៀតណាម​ដែល​ជឿ​លើ​ព្រះអាទិទេព ជាពិសេស​ស្ត្រី​វៀតណាម​ដែល​បន់ស្រន់​ចង់បាន​កូន និង​បន់ស្រន់​ឱ្យ​គ្រួសារ​មាន​សុខ​ភាពល្អ ប្រហែលជា​បាននិងកំពុង បន្ត​ប្រតិបត្តិ​ជំនឿ ដែល​ជនជាតិ​ចាម​ធ្លាប់បាន​គោរពបូជា​មុនពេល​ត្រូវ​វៀតណាម​បណ្តេញ​មក​ទិស​ខាងត្បូង តាម​គោលនយោបាយ​«​ណា​ម​ទៀន​»​។​

​ការបែងចែក​ប្រទេស​ចម្ប៉ា​ជា​ពីរ​ផ្នែក គឺ​ខាងជើង និង​ខាងត្បូង បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ទីសក្ការៈ​គោរពបូជា​ពីរ​កន្លែង ផ្សេងគ្នា មួយ​គឺ​មី​ស៊ឹ​ន សម្រាប់​បូជា​ទៅដល់​ភាពខ្លាំង​របស់​មនុស្ស​ប្រុស និង​មួយទៀត​គឺ​ពោធិ៍​នគរ សម្រាប់​បូជា​ចំពោះ ភាព​សាយ​កូន​នៃ​ស្ត្រីភេទ​។ ការផ្លាស់ប្តូរ​ទីតាំង​គ្រប់គ្រង​រវាង​ភាគ​ខាងជើង​និង​ខាងត្បូង ត្រូវបាន​បង្ហាញ​ដោយ​កំណត់ ប្រ​វ​តិ្ត​សាស្ត្រ​ទាំងឡាយ​ដែលមាន​ស្រាប់​។ ការបែងចែក​ទាំងនេះ ហាក់ដូចជា​ត្រួតស៊ីគ្នា​នឹង​ការបែងចែក​វប្បធម៌​មួយ រវាង​កុលសម្ព័ន្ធ​ពីរ​ក្នុងប្រទេស​ចម្ប៉ា ដែល​គេ​ស្គាល់ឈ្មោះ​ជា​ភាសាសំស្ក្រឹត​។ ក្នុង​ផ្នែក​ខាងជើង​នៃ​ប្រទេស ប្រជាជន​ជា​បក្ខពួក​របស់​ក្រុម​នារី​កេល​វង្សា «​ប្រជាជន​ដូង​» (Narikelavagsa) ក្នុង​ភាគខាងត្បូង ប្រជាជន​ជា​ក្រុម ក្រ​មុក​វង្សា​«​ប្រជាជន​ស្លា​» (Kramukavangsa) ។ ការបែងចែក​ជា​ភាគ​ខាងជើង​និង​ខាងត្បូង ឬក៏​រចនាសម្ព័ន្ធ​នៃ កុលសម្ព័ន្ធ បានបង្ហាញ​ឱ្យឃើញ​សាជាថ្មី​នូវ​ការបែងចែក​ខាង​នយោបាយ រវាង​«​ចម្ប៉ា​ធំ​» នៅ​ភាគ​ខាងជើង និង​«​ចម្ប៉ា​តូច​» នៅ​ភាគខាងត្បូង ទោះបីជា​គេ​ត្រូវតែ​ផ្ទៀងផ្ទាត់​រឿងនេះ​សាជាថ្មី ដោយ​ប្រើ​សិលាចារឹក និង​កាល​ប្រ​វ​តិ្ត ព្រមទាំង​ឯកសារ​ចិន​នានា​ដែល​បញ្ជាក់បាន​ពី​ប្រទេស​ចម្ប៉ា​សម័យបុរាណ​ឱ្យបាន​ល្អិតល្អន់​ក៏ដោយ​។​

​សិលាចារឹក​មួយ​ផ្ទាំង​ពី​មជ្ឈមណ្ឌល​ភាគ​ខាងជើង​គឺ មី​ស៊ឹ​ន បាន​បង្ហាញថា​៖ ស្ដេច​មួយអង្គ​នៃ​វង្ស​ត្រកូល ដូង បាន​បញ្ជូន​រាជទាយាទ​មួយអង្គ​ទៅក្នុង​វង្ស​ត្រកូល ស្លា ដែល​ក្រោយមក​ក្លាយជា​សមាជិក​ម្នាក់​នៃ​វង្ស​ត្រកូល​ស្លា ។ តាម​អ្នកប្រាជ្ញ​បារាំង​ខាងលើ សិលាចារឹក​បាន​រៀបរាប់​បន្តទៀតថា ក្រុម​បក្ខពួក​ស្លា​គឺជា​«​ជនជាតិ​ខ្ពង់ខ្ពស់​ក្នុង​រដ្ឋ​ចម្ប៉ា​» ។​តាម​សិលាចារឹក​នេះ ហាក់ដូចជា​បញ្ជាក់​ឱ្យ​យើង​ដឹងថា ភាគខាងត្បូង​គឺ​ក្រុម​ស្លា ជា​អ្នក​ចារ​សិលាចារឹក​នោះ​ឡើង ហើយ​យក​វា​ទៅ​តម្កល់​ក្នុង​មជ្ឈមណ្ឌល​គោរពបូជា​នៅ​ភាគ​ខាងជើង​។ រាជសម្បត្តិ​ក៏​ហាក់ដូចជា​ត្រូវបាន​គេ​ផ្ទេរ​ទៅតាម ខ្សែ​បិតា ពោលគឺ​ពី​ស្ដេច​បិតា​ទៅឱ្យ​បុត្រា ប៉ុន្តែ​ព្រះនាម​ត្រកូល ត្រូវ​យកតាម​ព្រះនាម​មាតា​មក​ប្រើ​។ ភាព​តានតឹង​រវាង មនុស្ស​ដែល​ស្ដែងឡើង​ក្នុង​ជីវភាព​នយោបាយ និង​ការដឹកនាំ​ដោយ​ស្ត្រី ដែល​ស្ដែងចេញ​ក្នុង​ច្បាប់​អាពាហ៍ពិពាហ៍ ការសម្រេច​រើស​ទីលំនៅ​ក្រោយពេល​រៀបការ និង​ការបែងចែក​ទ្រព្យសម្បត្តិ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ការសិក្សា ក្នុង​ពិភព​ម៉ា​ឡេ​។ យើង​លើកយក​ឧទាហរណ៍​ដែល​គេ​ស្គាល់​ច្បាស់​ជា​គេ​មួយ​គឺ​នៅ​មីណា​ង​កាបូ របស់​ស៊ូ​ម៉ា​ត្រា និង​អាណានិគម​របស់ខ្លួន​នៅ​ណេ​សេរី ក្នុងប្រទេស​ម៉ា​ឡ​ស៊ី​។ នៅ​ទីនោះ សាសនា​ឥស្លាម​ដែល​ប្រកាន់​បិតា​និយម នៅ​រួមរស់​ជាមួយនឹង​រចនាសម្ព័ន្ធ​សង្គម​ដែល​ប្រកាន់​មាតា​និយម​។ ជនជាតិ​ចាម ហាក់ដូចជា​បាន​អនុវត្តតាម​គំរូ​បែប​នោះ ពោលគឺ​មាន​អ្នកគ្រប់គ្រង​តាមបែប​ព្រហ្មញ្ញសាសនា និង​រចនាសម្ព័ន្ធ​គ្រួសារ បែប​មាតា​ធិបតេយ្យ​។ ជនជាតិ​ចាម​នៅ​វៀតណាម​និង​មនុស្ស​ចាម​នៅ​តំបន់ភ្នំ ដូចជា​ជនជាតិ​ចា​រ៉ា​យ រដែ និង រុក​ឡាយ នៅតែ​រក្សា​ប្រព័ន្ធ​សង្គម​មាតា​ធិបតេយ្យ​ដដែល​។ ជនជាតិ​ចាម​មូស្លីម​នៅ​កម្ពុជា​ជាទូទៅ​និយាយថា គេ​ទទួលយក​គោលការណ៍​បិតា​និយម​តាម​ប​ញ្ញ​តិ្ត​ឥស្លាម ប៉ុន្តែ​អាពាហ៍ពិពាហ៍​និយម​នៅផ្ទះ​ម្ដាយ​ខាង​ស្រី នៅតែ​ជា​ក្បួនច្បាប់​ប្រពៃណី របស់​ពួកគេ ហើយ​ក្នុង​ករណីខ្លះ​គេ​អនុវត្ត​ការបែងចែក​ទ្រព្យសម្បត្តិ​តាម​ខ្សែ​ម្តាយ ដែលជា​ទង្វើ​ឆ្លុះបញ្ចាំង​ពី​គំរូ​បុរាណ របស់គេ​។​

​ប​ណ្ឌុ​រង្គ (Panduranga)

​មជ្ឈមណ្ឌល​អាណាចក្រ​ចាម បាន​លើក​ទៅ​ទិស​ខាងត្បូង​ក្នុងអំឡុង​សតវត្ស​ទី​៨ និង​ទី​៩ គឺ​ប្រហែលជា​បណ្តាលមកពី ការគាបសង្កត់​របស់​ចិន​-​វៀតណាម មកលើ​ភាគ​ខាងជើង​នៃ​ប្រទេស​ចម្ប៉ា​។ នៅ​សតវត្ស​ទី​៩ ស្ដេច​ចាម​ទាំងឡាយ​បាន ដឹកនាំ​ការប្រយុទ្ធ​ចេញពី​ប​ណ្ឌុ​រង្គ​ទៅលើ​ចិន និង​វៀតណាម ដោយ​ទទួលជោគជ័យ​មួយចំនួន​។ ស្ដេច​នៅ​ភាគខាងត្បូង ទាំងនោះ​ក៏បានផ្តល់​វិភាគទាន​ដល់ទី​សក្ការៈ​ពោធិ៍​នគរ​នៅ​គៅ​ឋា​រៈដែរ​។ យើង​ក៏បាន​ដឹង​ដែរ​ថា ជនជាតិ​ចាម​នៅ​ប​ណ្ឌុ​រង្គ​បាន​វាយប្រហារ​មកលើ​កម្ពុជា​នៅ​ដើម​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ។ ព្រះអង្គ​គឺជា​ព្រះមហាក្សត្រ​ខ្មែរ ដែល​បាន​ត្រឡប់​ពី​ការសុំ​ចត​មួយរយៈ​នៅ​ជ្វា ក្នុង​ឆ្នាំ​៨០០ ហើយ​ដែល​បាន​កសាង ព្រះរាជាណាចក្រ​អង្គរ​។​

​ក្នុង​ឆ្នាំ​១០១៥ ទីក្រុង​ប​ណ្ឌុ​រង្គ ទំនងជា​បាន​ក្លាយជា​ក្រុង​មួយ​ក្នុងចំណោម​ក្រុង​ដែល​រងគ្រោះ​ដោយ​ការវាយប្រហារ​ទៅ លើ​កំពង់ផែ​នៅ​អាស៊ីអាគ្នេយ៍ ពី​សំណាក់​ពួក​ចូឡា (Chola) នៃ​ឥណ្ឌា​ខាងត្បូង​។ ការវាយប្រហារ​របស់​ឥណ្ឌា​នោះ មាន​គោលដៅ​ដណ្តើម​ត្រួតត្រា​លើទឹក​ដី​ស៊ូ​ម៉ា​ត្រា របស់​អាណាចក្រ​ស្រី​វិជ័យ នៃ​អាស៊ីអាគ្នេយ៍​។ បើ​រំលឹក​ពី​ការឆក់ប្លន់ របស់​ឥណ្ឌូនេស៊ី​ទៅលើ​ឆ្នេរសមុទ្រ​ខាងត្បូង​នៃ​ចម្ប៉ា គេ​ហាក់ដូចជា​យល់ឃើញថា កំពង់ផែ​គៅ​ឋា​រៈ និង​ប​ណ្ឌុ​រង្គ ធ្លាប់មាន​ទាក់ទង​គ្នា​ក្នុង​បណ្ដាញ​រកស៊ី​ជំនួញ​និង​ក្នុងការ​វាយ​ឆក់​ប្លន់ ដែល​ភាគច្រើន​ពី​សំណាក់​ស្រី​វិជ័យ ដែលមាន​ទីតាំងនៅ​បា​ឡែ​ម​បាង នា​ឆ្នេរ​ខាងត្បូង​កោះ​ស៊ូ​ម៉ា​ត្រា​។​

​ក្រោយមក គឺ​ក្នុង​សតវត្ស​ទី​១១ យើង​ក៏បាន​ដឹងថា មាន​ភាព​តានតឹង​យ៉ាងខ្លាំង​ក្លា​រវាង​ចាម​ភាគ​ខាងជើង​និង​ខាងត្បូង​។ ឆ្នាំ​១០៥០ អ្នកដឹកនាំ​នៅ​វិជ័យ បាន​បញ្ជូន​កងទ័ព​ទៅ​វាយប្រហារ​លើ​ប្រជារាស្ត្រ​នៅ​ប​ណ្ឌុ​រង្គ ដែល​ព្រះអង្គ​ចាត់ទុកថា «​ជ​កាច​សាហាវ ហើយ​ជានិច្ចកាល​តែងតែ​គំរាមកំហែង​ដល់​អធិបតេយ្យ​របស់​ព្រះអង្គ​» ។ ស្ដេច​ដែល​សោយរាជ្យ​បន្ត បន្ទាប់មកទៀត នៅ​វិជ័យ​នៃ​ទឹកដី​ចម្ប៉ា បាន​បន្ត​ការប្រឹងប្រែង រារាំង​មិនឱ្យ​ក្រុង​ប​ណ្ឌុ​រង្គ​សម្រេច​នូវ​បំណង​ដែល​ចង់បាន​ស្វ័យភាព​ឡើយ​។

​ពាក់កណ្ដាល​សតវត្ស​ទី​១២ ពេល​កងទ័ព​ខ្មែរ​ដឹកនាំ​ដោយ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ កាន់កាប់​ភាគ​ខាងជើង​របស់​ចម្ប៉ា ទីក្រុង​ប​ណ្ឌុ​រង្គ ជា​មូលដ្ឋាន​ដើម្បី​វាយ​ដណ្ដើម​ក្រុង​វិជ័យ​ពី​ជនជាតិខ្មែរ​។ រជ្ជកាល​ស្តេច​អង្គ​នេះ ពោរពេញ​ដោយ​ការ ប្រយុទ្ធ​ជាប្រចាំ​ជាមួយ​ប្រជាជន​ភ្នំ និង​គូប្រឆាំង​ដណ្ដើម​អំណាច​និង​ជាមួយ​កងទ័ព​វៀតណាម​ដែល​គាំទ្រ​គូប្រឆាំង របស់​ព្រះអង្គ​។ ព្រះអង្គ​បាន​ចំណាយពេល​ប្រាំ​ឆ្នាំ​ក្នុងការ​ព្យាយាម​បង្ក្រាប​ក្រុង​ប​ណ្ឌុ​រង្គ (​ដែល​បាន​ឆ្លៀតឱកាស​ពង្រឹង ការកាន់កាប់​ដែល​ធ្លាប់មាន​ពីមុន និង​ការពារ​អំណាច​ជាមួយ​ពួក​ភាគ​ខាងជើង ដែល​ចង់បាន​ស្វ័យភាព​)​។​

​ក្នុង​ចុង​សតវត្ស​ទី​១២ កងទ័ព​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ បាន​វាយលុក​ចម្ប៉ា​ដើម្បី​សងសឹក​ការវាយប្រហារ​មកលើ​អង្គរ ដោយមាន​ព្រះអង្គម្ចាស់​ចា​ម​ម្នាក់​ជា​មេទ័ព​ដឹកនាំ​។ ស្រប​ពេលដែល​រាជធានី​ចាម​នៅ​ភាគ​ខាងជើង​ត្រូវ​កាន់កាប់​ដោយ ប្អូនថ្លៃ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ព្រះអង្គម្ចាស់​ចាម​នោះបាន​ចាក​ចេញពី​កងទ័ព​ខ្មែរ ហើយ​បាន​បង្កើត​រាជាណាចក្រ​ចាម​ទី​២ សម្រាប់​ព្រះអង្គ​ផ្ទាល់​នៅ​ប​ណ្ឌុ​រង្គ ។ ចរិត​លោភលន់​បែបនេះ បាន​បណ្តាលឱ្យ​ទឹកចិត្ត​ព្រះអង្គម្ចាស់​រូបនោះ​ឆ្លៀតពេល ដែលមាន​ការបះបោរ​រ​បស់​ជនជាតិ​ចាម​ប្រឆាំងនឹង​ខ្មែរ​នៅ​វិជ័យ​ដើម្បី​សម្លាប់​ស្ដេច​ចាម​ដែល​លើក​បន្តុប​ឱ្យ​គ្រប់គ្រង ប្រទេស​ដោយ​ស្តេច​ខ្មែរ​។ បន្ទាប់មកទៀត ស្ដេច​អង្គ​នេះ​ក៏បាន​បង្រួបបង្រួម​និង​គ្រប់គ្រង​រាជាណាចក្រ​ទាំងមូល​។ រជ្ជកាល​របស់​ព្រះអង្គ​មាន​រយៈពេល​១២​ឆ្នាំ នៅ​ចន្លោះ​ពេលដែល​ខ្មែរ​គ្រប់គ្រង​ទឹកដី​ចាម​ជាច្រើនលើក​។​

​ក្រោយពី​បាន​ដណ្ដើមយក​ក្រុង​វិជ័យ​ជា​ស្ថាពរ​នៅ​ឆ្នាំ​១៤៧១ ព្រមទាំង​ការកម្ទេច​អំណាច​រាជវង្ស​ចាម ពួក​វៀតណាម​បាន​គ្រប់គ្រង​នៅលើ​ភាគ​ខាងជើង​នៃ​ប្រទេស​ចម្ប៉ា​ជា​រៀង​ដរាប​។ មជ្ឈមណ្ឌល​ដែល​ស្ថិតនៅ​ជា​របស់ រាជាណាចក្រ​ចាម​បាន​ផ្លាស់​មកជា​រៀង​រហូតមក​ភាគខាងត្បូង គឺ​នៅ​ប​ណ្ឌុ​រង្គ​។ ក្នុង​រយៈពេល​បន្ទាប់ពី​ការដួលរលំ​នៃ ក្រុង​វិជ័យ​ដោយ​ពួក​វៀតណាម គេ​ក៏​សង្កេតឃើញ​អំពី​ការផ្លាស់ប្តូរ​ក្នុងចំណោម​ជនជាតិ​ដែល​កាន់​ព្រហ្មញ្ញសាសនា និង​ពុទ្ធសាសនា ទៅកាន់​សាសនា​ឥស្លាម ទោះបី​ជាមាន​សមាគម​ភៀសខ្លួន​ទៅ​ភាគខាងត្បូង​នៃ​ប​ណ្ឌុ​រង្គ​នៅតែ​កាន់ ព្រហ្មញ្ញសាសនា​និង​ពុទ្ធសាសនា​ក៏ដោយ​។ ការដួលរលំ​នៃ​ក្រុង​វិជ័យ នាំឱ្យមាន​ការធ្វើ​និរទេស​ទៅកាន់​ប្រទេស​កម្ពុជា របស់​ពួក​ចាម​ជា​បន្តបន្ទាប់​។ ដើម្បី​ងាយស្រួល​យល់​ពី​បន្លាស់​ប្តូរ​នេះ យើង​គប្បី​បញ្ចប់​ការ​ពិពណ៌នា​ពី​ព្រឹ​តិ្ត​ការណ៍ ប្រ​វ​តិ្ត​សាស្ត្រ​ត្រឹម​ប៉ុណ្ណោះ ហើយ​ងាក​មក​ពិនិត្យមើល​ពី​ដំណើរ​នៃ​ការធ្វើ​ឥណ្ឌា​នីយកម្ម និង​ឥស្លាម​នីយកម្ម ដែលជា​គ្រឿងផ្សំ​បន្ថែម​ដល់​អត្តសញ្ញាណ​របស់​ជ​ន​ជាតិ​ចាម​៕​

ដោយលីសា : (ឯកសារស្រាវជ្រាវ)

spot_img
×