Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ៖ រាជរដ្ឋាភិបាល បង្ហាញ​អំពី​ឆន្ទៈ​ក្នុង​ការលើកកម្ពស់​សិទ្ធិ និង​ការចូលរួម​របស់​ជន​ពិការ

spot_img

​ភ្នំពេញ​៖ ពិធី​អបអរសាទរ​ទិវា​ជនពិការ​កម្ពុជា​លើក​ទី​១៩ និង​ទិវា​ជនពិការ​អន្តរជាតិ​លើក​ទី​៣៥ ដែល​បាន​ប្រារព្ធ​ឡើង នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​សាល​មហោស្រព កោះ​ពេជ្រ​នេះ ដើម្បី​អបអរសាទរ​ភាពជោគជ័យ នៃ​វិស័យ​ពិការភាព​នៅ​កម្ពុជា បង្ហាញ​អំពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​សិទ្ធិ និង​ការចូលរួម​របស់​ជន​ពិការ ធានា​ដល់ ការធ្វើ​បរិយា​ប័ន្ន និង​ចលនា​នៃ​វិស័យ​ពិការភាព ដើម្បី​ទទួលបាន​ស័ក្តិសិទ្ធិ​ភាព នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ហើយ​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល មន្ត្រី​ទូត​ប្រចាំ​នៅ​កម្ពុជា ព្រមទាំង​អង្គការ​ដៃគូ​ពាក់ព័ន្ធ ព្រម​បងប្អូន​ជនពិការ​ជា​ច្រើន​ពាន់​នាក់​ផងដែរ​។ ប្រធានបទ​ឆ្នាំនេះ​គឺ “​ធ្វើឲ្យ​មាន​ភាពរឹងមាំ​ស្រប​នឹង​សង្គម​មួយ​មាន​សន្តិភាព​សម្រាប់​ទាំងអស់គ្នា​” ក្នុង​គោលបំណង ដើម្បី​អបអរសាទរ​ភាពជោគជ័យ នៃ​វិស័យ​ពិការភាព​នៅ​កម្ពុជា និង អនុសញ្ញា​ស្តីពី​សិទ្ធិ ជនពិការ ទសវត្ស​ជនពិការ​ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ឆ្នាំ​២០១៣-២០២២ យុទ្ធសាស្ត្រ​អ៊ី​ន​ឈាន់ “​ធ្វើឱ្យ​សិទ្ធិ​ក្លាយជា​ការពិត​” ក៏​ដូចជា​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តី​ពី​ពិការភាព​២០១៤-២០១៨ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ថា ទិវា​ជនពិការ​អន្តរជាតិ ត្រូវបាន​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​អំពី​ការតស៊ូ​ទាមទារ​សិទ្ធិ​ចូលរួម​ក្នុង​សង្គម​របស់​ជនពិកា​រ ដែល​ជា​ជន​បាត់បង់​កាយសម្បទា កាយ​វិញ្ញាណ និង​សតិបញ្ញា ប្រមាណ​ជាង​១​ពាន់​លាន​នាក់​
​នៅក្នុង​ពិភពលោក ដែល​តែងតែ​ជួបប្រទះ​នូវ​ឧបសគ្គ​រារាំង​នៅក្នុង​ជីវិត​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៥០ នៅ​សហរដ្ឋអាមេរិក​និង​អឺរុប ដើម្បី​ធ្វើ​ការផ្លាស់ប្តូរ​នូវ​ស្ថានភាព​រស់នៅ​របស់​ពួកគេ ក្នុង​គោលបំណង​បង្កើន​ការ យល់ដឹង​អំពី​បញ្ហា​ពិការភាព ដោយ​ផ្តោត​សំខាន់​លើ​សិទ្ធិ​ជនពិការ​និង​ការធ្វើសមាហរណកម្ម​ជនពិការ​ទៅ លើ​គ្រប់​សកម្មភាព នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​។ ដោយឡែក ព្រះរាជាណាចក្រ​កម្ពុជា​ប្រារព្ធ​ទិវា​ជនពិការ​នេះ​ឡើង ដើម្បី​រំលឹក​អំពី​មហា​វិនាសកម្ម នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​បាន​បន្សល់ទុក​នូវ​ផលវិបាក​ជាច្រើន ក្នុងនោះ​រួមមាន ស្ត្រី​មេម៉ាយ កុមារកំព្រា ជនពិការ ព្រមទាំង​គ្រាប់មីន និង​កាក​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​។​

​កន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់ឲ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី ពិការភាព ២០១៤-២០១៨ ដោយ​បាន​លើកឡើង​លម្អិត​នូវ​គោលនយោបាយ​ជា​អាទិភាព​សម្រាប់​ការអនុវត្ត កម្មវិធី​កំណែទម្រង់​នានា​នៃ​វិស័យ​ពិការភាព សំដៅ​លើកកម្ពស់​សមត្ថ​ភាព​ស្ថាប័ន ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ សង្គម​និង​សេដ្ឋកិច្ច ក្នុងទិសដៅ​បង្កើត​កាលានុវត្តភាព​ការងារ​សម្រាប់​ជនពិការ កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍ ការងារ​សំខាន់ៗ​របស់​វិស័យ​ពិការភាព​នៅ​កម្ពុជា​។ ជាពិសេស​ទៅទៀត​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ដាក់ចេញ​នូវ​ក្របខ័ណ្ឌ​គោលនយោបាយ ជាតិ​គាំពារ​សង្គម ដើម្បី​កំណត់​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុង​ការធានា​ឲ្យបាន​នូវ​សន្តិសុខ ប្រាក់ចំណូល និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រជាជន សំដៅ​លើកកម្ពស់ សុខុមាលភាព​និង​សាមគ្គីភាព​សង្គម ព្រមទាំង​កាត់​បន្ថយ​ភាពក្រីក្រ​ជា​អតិបរិមា​។ សុខុមាលភាព​ជនពិការ​មាន​ភាពប្រសើរ​ឡើង​ជា​ជំហានៗ ស្របតាម​ដំណើរការ​វិវឌ្ឍន៍ និង​ភាព​រីក ចម្រើន​នៃ​ប្រទេសជាតិ​។ បងប្អូន​ជនពិការ​កាន់តែ​មាន​ស​ម​ត្ថភាព​ក្នុង​ការប្រកួតប្រជែង​ក្នុង​ទីផ្សារ​ពលកម្ម ដែល អាច​រក​ប្រាក់ចំណូល​ដើម្បី​ធានា​និរន្ត​ភាព​ជីវភាព​រស់នៅ​ប្រកប​ដោយ​ឯករាជ្យ​ម្ចាស់ការ និង​សេចក្តីថ្លៃថ្នូរ តាមរយៈ​កម្មវិធី​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ការបង្កើត​មុខរបរ​។ រាជរដ្ឋាភិបាល​ទទួល​ស្គាល់​សិទ្ធិ​របស់​ជនពិការ ផ្ទាល់​និង​ក្រុមគ្រួសារ ដោយ​បាន​ផ្តល់​ផ្ទះសម្បែង​សមរម្យ សម្លៀក​បំពាក់ ការកែលម្អ​នូវ​ជីវភាព​រស់នៅ ប្រចាំ​ថ្ងៃ​ដោយ​គ្មាន​ការរើសអើង និង​ឈរ​លើ​មូលដ្ឋាន​ពិការភាព​។ ជាក់ស្តែង​រាជរដ្ឋាភិបាល បានផ្ដល់ កម្មសិទ្ធិ​ដីធ្លី ជូន​យោធិន​ពិការ​នៅ​តំបន់​អភិវឌ្ឍ​ជនពិការ​៣១៧ តា​កែន​កោះស្លា ខេត្ត​កំពត នៅ​ស្រុក​គូលែន ខេត្តសៀមរាប និង​នៅ​ភ្នំ​ឆ័ត្រ ខេត្ត​បន្ទាយមានជ័យ សម្រាប់​សាងសង់​លំនៅឋាន និង​ធ្វើ​អាជីវកម្ម កសិកម្ម​ជា​លក្ខណៈ​គ្រួសារ ព្រមទាំង​បាន​ផ្តល់​សេវា​ស្តារ​លទ្ធភាព​ពលកម្ម​នៅ​សហគមន៍​។​

​សមិទ្ធផល​ទាំងនេះ ជា​សក្ខីភាព​បង្ហាញ​អំពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ក្នុង​ការបង្ការ ពិការភាព ការគាំទ្រ​និង​លើកទឹកចិត្ត ការលើកកម្ពស់​សិទ្ធិ​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ ជំរុញ​ឲ្យមាន​ការដាក់​បញ្ចូល បងប្អូន​ជនពិការ​ទៅ​ក្នុង​ការអភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច សំដៅ​ជួយ​ដល់​ជនពិការ​និង​ក្រុមគ្រួសារ​ឱ្យ​ទទួលបាន គុណភាព​ជីវិត​ល្អប្រសើរ គ្មាន​ការរើសអើង ទទួលបាន​សេវា​សង្គម​និង​សេវា​សាធារណៈ​ស្មើគ្នា ការចូលរួម គ្រប់​សកម្មភាព​ក្នុងសង្គម ទាំង​ការ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ឈរឈ្មោះ​ជា​បេក្ខជន​ឱ្យគេ​បោះឆ្នោត តាមរយៈ ការកែសម្រួល​និង រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត ការចុះ​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​វិស័យ​ពិការភាព ទៅគ្រប់ ស្ថាប័នរដ្ឋ ទា​
​ំ​ង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍ​នានា ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​ជនពិការ​គ្រប់រូប​នៅ​កម្ពុជា​៕ ដោយ​៖​កូឡាប​

spot_img
×