Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើឲ្យលើកកម្ពស់គោលនយោបាយប្រើប្រាស់ដីធ្លី ដើម្បីជួយដល់កសិករដែលមានដីស្រែចម្ការតិចតួច

spot_img

​ភ្នំពេញ ​៖ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​ស្នើ​ឲ្យ លើកកម្ពស់​គោលនយោបាយ​ប្រើប្រាស់​ដីធ្លី ដើម្បី​ជួយ​ដល់​កសិករ​ដែល​មាន​ដីស្រែ​ចម្ការ​​តិចតួច ប្រកបដោយ​សមធម៌ និង​រក្សាបាន​នូវ​ស្ថិរភាព​នៃ​ការប្រើប្រាស់​ដី និង​ប្រភព​ធនធានធម្មជាតិ តាមរយៈ​ការ​ធ្វើ​កសិកម្ម​ចម្រុះ​ឲ្យអស់​លទ្ធភាព​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ជាក់ស្តែង​។

​នៅ​សាលា​ជាតិ​កសិកម្ម​ព្រែកលៀប នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និសីទ​ជាតិ​លើក​ទី​៥ ស្តីពី​ការអភិវឌ្ឍន៍​កសិកម្ម និង​ជនបទ​ក្រោម​ប្រធាន​បទ “​និរន្តរភាព​សេដ្ឋកិច្ច​ជនបទ​តាមរយៈ​កសិកម្ម វៃឆ្លាត​ខាង​អាកាសធាតុ ការកែច្នៃ និង​ពាណិជ្ជកម្ម​កសិកម្ម​”​។​

បើ​តាម​លោក​រដ្ឋមន្ត្រី ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​នេះ ដើម្បី​ផ្សារភ្ជាប់​ទៅ​នឹង​ការអប់រំ បណ្តុះបណ្តាល ក្នុង​ស្មារតី​បន្ត​រួម​ចំណែក​អភិវឌ្ឍន៍​​ធនធានមនុស្ស​ប្រកបដោយ​សក្តានុពល ឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​សេចក្តីត្រូវការ​របស់​ប្រទេសជាតិ​ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ក្នុង​បរិបទ​នៃ​ឌីជីថល​រូបនីយកម្ម និង​បដិវត្ដន៍​ឧស្សាហកម្ម​ទី​៤​នេះ​។​

យោង​លើ​ខ្លឹមសារ​នៃ​ប្រធានបទ​របស់​អង្គ​សន្និសីទ​នាពេលនេះ លោក រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ចក្ខុវិស័យ​ក្នុង​វិស័យ​កសិកម្ម​ដល់​ឆ្នាំ​២០៣០ គឺ​ឆ្ពោះទៅរក​ការធ្វើ​ទំនើបកម្ម​កសិកម្ម​ក្នុង​ការរួមចំណែក​ធានា​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ ការលុបបំបាត់​ភាពក្រីក្រ និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។ ស្ថិត​ក្នុង​អន្តរកាល​នៃ​កំណើន​សេដ្ឋកិច្ចជាតិ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​កំណត់​ទិសដៅ​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ​ដើម្បី​អនុវត្ត​មាន​ជាអាទិ៍​១. ការបង្កើន​ផលិតភាព ពិពិធ​ភាវូបនីយកម្ម និង​ពាណិជ្ជូប​នីយកម្ម​កសិកម្ម ដោយ​ត្រូវ​ជំរុញ​កំណើន​ផលិតកម្ម​គ្រប់មុខ​ដំណាំ​ក្នុង​រង្វង់​១០% ក្នុង​មួយ​ឆ្នាំ​។ ២.​ការជំរុញ ផលិតកម្ម​សត្វ​និង​សុខភាព​សត្វ តាមរយៈ​ជំរុញ​ការ​ចិញ្ចឹមសត្វ​ក្នុង​អត្រាកំណើន​៣% ក្នុង​មួយ​ឆ្នាំ​ដោយ​ផ្អែក​លើ​ប្រសិទ្ធភាព​នៃ​ការសិក្សា​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​បច្ចេកទេស​ចិញ្ចឹមសត្វ​មាន​លក្ខណៈ​ប្រកួតប្រជែង បង្កើន​សមត្ថភាព​លើ​ការបង្ការ​ទប់ស្កាត់​ជំងឺឆ្លង​សត្វ ធានា​ការ ផ្គត់ផ្គង់​សត្វ ផលិតផល​សត្វ ប្រកបដោយ​អនាម័យ គុណភាព សុវត្ថិភាព និង​និរន្តរភាព​។ ៣. ជំរុញ​ការអភិវឌ្ឍ​វារីវប្បកម្ម​ក្នុង​កំណើន​១៥% ក្នុង​មួយ​ឆ្នាំ កែលម្អ​គុណភាព និង​សុវត្ថិភាព​ផលិតផល​ជលផល សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក និង​នាំចេញ ជាពិសេស ការ អភិរក្ស​ធនធាន​ធម្មជាតិ​និង​មច្ឆជាតិ​ជិត​ផុត​ពូជ និង​៤. ការលើកកម្ពស់​ការគ្រប់គ្រង និង​ប្រើប្រាស់​ធនធាន​ដី​កសិកម្ម ព្រៃឈើ និង​ជលផល​ឲ្យមាន​តុល្យភាព​រវាង​ការអភិរក្ស និង​អភិវឌ្ឍ​ប្រកប​ដោយ​ភាតរ​បរិស្ថាន​។ ប្រាកដ​ណាស់​ថា រាជរដ្ឋាភិបាល​បាននិងកំពុង​គាំទ្រ ពង្រឹង និង​ពង្រីក​ភាព​ជា​ដៃគូ​រវាង​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​គឺ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ​និង​រដ្ឋ រដ្ឋ​និង​វិស័យ​ឯកជន​ដើម្បី​លើក ស្ទួយ​វិស័យ​កសិកម្ម​និង​សេដ្ឋកិច្ច​ជនបទ​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​។ ឧទាហរណ៍ ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​គោលនយោបាយ​ស្តីពី​ការគាំទ្រ លើក​ស្ទួយ​និង​អភិវឌ្ឍ​សហគ្រាស ធុន​តូច​និង​មធ្យម​លើ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​ដើម្បី​បង្កើត​ការងារ​សម្រាប់​ទាក់ទាញ​កម្លាំង​ពលក​ម្ម​ឲ្យនៅ​បម្រើ​ការងារ​នៅឯ​មូលដ្ឋាន​វិញ​។​

ប្រធានបទ “​និរន្តរភាព​សេដ្ឋកិច្ច​ជនបទ តាមរយៈ​កសិកម្ម វៃឆ្លាត​ខាង​អាកាសធាតុ ការកែច្នៃ និង​ពាណិជ្ជកម្ម​កសិកម្ម​” គឺ​មាន​សារសំខាន់​ក្នុង​អន្តរកាល​នៃ​ការ​វិវឌ្ឍន៍​រីកចម្រើន​វិស័យ​កសិកម្ម និង​កំណើន​សេដ្ឋកិច្ចជាតិ​។

​ដូច្នេះ ឆ្លៀត​យក​ឱកាស​នេះ លោក រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​អង្គសន្និសីទ​ធ្វើការ​ពិភាក្សា ផ្តល់​មតិ ចែករំលែក​ចំណេះដឹង​និង​បទពិសោធន៍​ដែល​ជា​ធាតុ​ចូល​ដ៏​ចាំបាច់​ក្នុង​ការ​រិះរក​គន្លឹះ​ដោះស្រាយ​បញ្ហា និង​ដាក់​ចេញ​គោលការណ៍​អនុវត្ត​ច្បាស់លាស់ ត្រឹមត្រូវ និង​សមស្រប​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការអភិវឌ្ឍ​ខ្សែចង្វាក់​ផលិតកម្ម​កសិកម្ម និង​សេដ្ឋកិច្ច​ជនបទ ឆ្លើយ​តម​ទៅ​តាម​និន្នាការ​ទីផ្សារ ដែល​មាន​ការប្រកួតប្រជែង​ខ្ពស់ និង​បរិយា​ប័ន ហើយ​ក៏​ត្រូវ​យកចិត្តទុកដាក់​ពី​ការប្រែប្រួល​អាកាសធាតុ ការធ្វើ​ទំនើបកម្ម​កសិកម្ម ដែល​នេះ​គឺ​បាន​ចែង​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០៣០​។

ក្នុងនោះ ចំណុច​គន្លឹះ​មួយ​ចំនួន​ទៀត​ក៏​គួរតែ​ពិនិត្យ ពិចារណា​ផង​ដែរ​មាន​ជាអាទិ៍​៖ ទី​១-​ជំរុញ​ការអនុវត្ត​ពិពិធ​កម្ម​កសិកម្ម​ប្រកបដោយ​ចីរភាព និង​មាន​ភាព​ធន់​ទ្រាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ដោយ​ដាក់បញ្ចូល​គោលការណ៍​ប្រព័ន្ធ​អេកូឡូស៊ី​ជា​មូលដ្ឋាន​។ ទន្ទឹមនឹងនេះ ក៏​ត្រូវ​កំណត់​អត្តសញ្ញាណ និង​ផ្សព្វផ្សាយ​អំពី​ការអនុវត្ត​កសិកម្ម​ល្អ ប្រកប​ដោយ​ភាព​ឆ្លាត​វៃ និង​ត្រូវ​ធ្វើឲ្យ​ប្រសើរ​ឡើងដ​ល់​ការកំ​ណ​ត់ និង​ការគ្រប់គ្រង​ហានិភ័យ​ធម្មជាតិ​ឲ្យស្រប​ទៅ​នឹង​ការផ្លាស់ប្តូរ​លក្ខខណ្ឌ​អាកាសធាតុ​នៅ​គ្រប់​កម្រិត​។ ទី​២-​ត្រូវ​អនុវត្ត​រាល់​វិធានការ​នានា ដើម្បី​កាត់បន្ថយ​ការបំផ្លាញ​គុណភាព​ដី ការប្រើប្រាស់​ដី​គ្មាន​និរន្តរភាព និង​ត្រូវ​បន្ត​សហការ​គ្នា​រៀបចំ​កំណត់​តំបន់​ដី​កសិកម្ម​ឲ្យបាន​សមស្រប​សម្រាប់​ទិសដៅ​ប្រើប្រាស់​យូរអង្វែង និង​ត្រូវ​អនុវត្ត​គោលការណ៍​ពាក់ព័ន្ធ​ដើម្បី​ឈានដល់​ការគ្រប់គ្រង​ធនធានធម្មជាតិ ដែល​កើត​ពី​វិធានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដោយ​ប្រមូលផ្តុំ​នៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង​អេកូឡូ​ស៊ី និង​ការអភិវឌ្ឍ​ផ្អែកលើ​មូលដ្ឋាន​ជីវៈចម្រុះ​។​ ​ទី​៣- ត្រូវធ្វើ​ទំនើបកម្ម​កម្មវិធីសិក្សា ការពិសោធន៍​ស្រាវជ្រាវ ឧបទេស​សិក្សា ការបន្ត​លើកកម្ពស់​សមត្ថភាព​ស្រប​តាម​និន្នាការ​រីកចម្រើន​របស់​ទីផ្សារ និង​សង្គមជាតិ​៕​ ​ដោយ ​៖​ កូឡាប​

   

spot_img
×