Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ជួល​ដី​ចិន ធ្វើ​កសិកម្ម ស្រាប់តែ​ទុកចោល ៥​ឆ្នាំ មិន​ដាំ​អ្វី​ទាំងអស់​នាំ​ឲ្យ​កសិក​រចិន “​ដៀល​”​ថា​ឡប់ៗ​មែន ប៉ុន្តែ​ចុងក្រោយ​…

spot_img

​នៅ​ឆ្នាំ ២០០៦ ក្រុមហ៊ុន​ធំ​៣​របស់​ជប៉ុន​គឺ Asahi Breweries, Sumitomo Chemical និង Itochu បាន​សហការ​គ្នា​ជួល​ដី​កសិកម្ម ១៥០០​ហិកតា នៅ​ឡៃយ៉ាង ខេត្ត​សាន​តុង ប្រទេស​ចិន ។ រយៈពេល​ក្នុង​កិច្ចសន្យា​ជួល​ដី​នេះ​គឺ ២០​ឆ្នាំ ។​

​ប៉ុន្តែ​ក្រោយពេល​ចុះហត្ថលេខា​ជួល ៥​ឆ្នាំ​ក្រោយមក ដី​ដែល​ជួល​ស្ទើ​ទាំងស្រុង​ត្រូវបាន​ទុកចោល​… ។ សូម្បី​តែ​ស្មៅ​ដុះ​ផុត​ក្បាល​មនុស្ស​ក៏​អ្នកវិនិយោគ​ជប៉ុន​មិន​ខ្ចី​រវល់​ដែរ ។​

​ឃើញបែបនេះ អាជ្ញាធរ និង​ប្រជាជន​នា​តំបន់​នោះ​បាន​បង្ហាញ​នូវ​ភាព​ធុញទ្រាន់​ពី​របៀប​វិនិយោគ​របស់​ជប៉ុន ។ អ្នកខ្លះ​ថា​វា​ជា​ការ​ខ្ជះខ្ជាយ ក្រុមហ៊ុន​ក្ស័យធន ហើយ​ថែមទាំង​បង្កើត​ពាក្យ​ច​ចាម​អារាម​ថា​ក្រុមហ៊ុន​នេះ​កំពុង​ស្វែងរក​កំណប់ទ្រព្យ ។​

​សំណួរ​មួយទៀត​ដែល​មាន​មជ្ឈដ្ឋាន​ជាច្រើន​ចោទសួរ​នោះ​គឺ ហេតុអ្វី​បានជា​ទឹកដី​ចិន​ធំ​ទូលាយ​បែបនេះ តែ​ក្រុមហ៊ុន​ធំៗ ៣​របស់​ជប៉ុន​បែរជា​ជ្រើសរើស​យក​ដី​នៅ​ឡៃ​យ៉ាង​? ។ អំឡុង​ពេល​ក្រោយមក​ទើប​គេ​ដឹងថា តំបន់​ដី​ឡៃ​យ៉ាង​គឺជា​តំបន់​ដី​ដ៏​សម្បូរ​ជីវជាតិ ។ ប៉ុន្តែ​មុន​នោះ​ពួកគេ​ពុំបាន​ដឹង​ពី​ការ​ដែល​ជប៉ុន បាន​ចំណាយ​ពេលវេលា ប្រាក់​កាក់​ដើម្បី​សិក្សា​ពី​ដី​កសិកម្ម​នៅ​ចិន​ជា​ច្រើន​កន្លែង ។ ប៉ុន្តែ​គ្មាន​ទីណា​ដូច​ឡៃ​យ៉ាង​ទេ ។​

​អំឡុង​ពេល​ក្រោយមក​ដែរនោះ ទើប​គេ​ដឹងថា មូលហេតុ​ដែល​ក្រុមហ៊ុន​ជប៉ុន​បាន​ទុក​ដី​ទំនេរ​រយៈពេល ៥​ឆ្នាំ​គឺ​ដើម្បី​ឲ្យ​ផ្ទៃ​ដី​គេ​ជួល​នេះ វា​មាន​ពេល​”​សម្រាក​” និង “​ដកដង្ហើម​” ។ ពួកគេ​បាន​ពិនិត្យឃើញថា ផ្ទៃដី​ដែល​សម្បូរ​ជីវជាតិ​នេះ បែរ​ជា​រិច​រិល ក៏​ព្រោះតែ​ក្នុង​រយៈពេល​មួយ​យ៉ាង​វែង គុណភាព​ដី​ធ្លាក់ចុះ​ព្រោះតែ​ថ្នាំ​សម្លាប់​សត្វល្អិត និង​ជីគីមី ។ ដូច្នេះ​ដី​នេះ​ត្រូវការ​ពេល​យ៉ាង​តិច ៥​ឆ្នាំ ដើម្បី​កម្ចាត់​ជាតិពុល​ចេញ ។​

​បន្ទាប់​ពី​ទុក​ឲ្យ​ទំនេរ ៥​ឆ្នាំ ជនជាតិ​ជប៉ុន​ចាប់ផ្តើម​មូរដៃអាវ​ធ្វើ​កិច្ចការ​របស់​គេ ។ ដំបូង​ពួកគេ​បាន​ព្រលែង​គោមួយ​ហ្វូង​ធំ​លើ​ផ្ទៃដី ១៥០០​ហិកតា​នោះ ។​

​ប្រជាជន​នៅ​តំបន់​នោះ​ចាប់ផ្តើម​តាមដាន ហើយ​ងឿងឆ្ងល់​ថា ហេតុ​អ្វី​គោ​ដែល​ជនជាតិ​ជប៉ុន​ចិញ្ចឹម​នោះ​វា “​ស៊ី​ឆ្ងាញ់​ជាង​មនុស្ស​” ទៀត ។ ពួក​គេ​ពិនិត្យឃើញ​ម្ចាស់​កសិដ្ឋាន​ជប៉ុន​ពិនិត្យ​ចំណី​គោ​យ៉ាង​ម៉ត់ចត់ ហើយ​នៅ​ពេល​យក​ទឹកដោះ​ពួកគេ​បាន​យក​វា​ទៅ​វិភាគ ពេលខ្លះ ស្រាប់តែ​យកទៅ​ចាក់ចោល ។ កសិករ​ចិន​លប​តិះដៀល​ថា ពួក​នេះ​ខ្ជះខ្ជាយ​ណាស់ ។​

​រយៈពេល​វែង​មួយ​ក្រោយមកទៀត ទើប​គេ​ដឹងថា ការពិត​ទៅ​ក្រុមហ៊ុន​ជប៉ុន​នេះ​កំពុង​សុ​ក្រិត​ភាព​សង្វាក់​ផលិតកម្ម​គុណភាព​ខ្ពស់​មួយ ដែល​តាម​នោះ​រាល់​ជំហាន​នី​មួយៗ​ត្រូវ​ប្រាកដប្រជា ។​

​សង្វាក់​ការងារ​នេះ​ចាប់ផ្តើម​ពី​ការចិញ្ចឹម​គោ ។ មាន​តែ​ការថែទាំ​គោ​ឲ្យបាន​ល្អ​ទេ ទើប​គោ​ទាំងនោះ​ផ្តល់​លាមក​មាន​គុណភាព ។ លាមក​គោ​នេះឯង​គឺជា​កត្តា​ដាស់​ញោច និង​កែសម្រួល​គុណភាព​ដី ។ ដី​មាន​គុណភាព​ល្អ​គ្មាន​ការបំពុល​ដោយ​គីមី ទើប​ដំណាំ​មាន​គុណភាព​ខ្ពស់​។​

​ស្រដៀង​គ្នា​នេះដែរ នៅ​សង្វាក់​ជា​បន្ត​ក្រុមហ៊ុន​ជប៉ុន​បាន​អនុវត្ត​បទដ្ឋាន​កសិកម្ម “​ស្អាត​” ហើយ​ដាំ​បន្លែ ផ្លែឈើ ប្រភេទ​មើម នៅលើ​ផ្ទៃដី​ជាង ១០០០​ហិកតា​នេះ ។​

​ជាថ្មី​ម្តងទៀត​នៅពេល​ដែល​ឃើញ​ក្រុមហ៊ុន​ជប៉ុន​មិន​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ក៏ដូចជា​បណ្តាសារ​ជាតិគីមី​អ័រម៉ូន​ដើម្បី​បង្កើន​ទិន្នផល​ប្រជាជន​នៅ​តំបន់​នោះ​បន្ត​ពេបជ្រាយ​ថា ពួក​នេះ​ពិតជា​ល្ងង់ខ្លៅ មិនចេះ “​រកស៊ី​” ព្រោះ​តាម​ពួកគេ​ធ្វើ “​កសិកម្ម​ស្អាត​” បែប​នេះ​មានន័យ​ថា​ទិន្នផល​នឹង​ទាប ហើយ​ចំណាយ​ច្រើន ។​

​ប៉ុន្តែ​ផលិតផល​លើ​ផ្ទៃដី ១៥០០​ហិកតា នៅ​ឡៃ​យ៉ាង ជាអាទិ៍ ៖ ទឹកដោះគោ ផ្លែឈើ បន្លែ មើ​ម សុទ្ធសឹង​ត្រូវបាន​ទទួល​វិញ្ញាបនប័ត្រ​ស្តង់ដារ​អន្តរជាតិ ។ ជាទូទៅ​ប្រៀប​នឹង​តម្លៃ​ទំនិញ​លើ​ទីផ្សារ នោះ​តម្លៃ​ផលិត​ពី​ឡៃ​យ៉ាង​ខ្ពស់ជាង ១,៥​ដង ។​

​ពួកគេ​ផលិត​ទឹកដោះគោ មានតម្លៃ ២២​យ័ន ក្នុង​១​លីត្រ (​ប្រមាណ ៣,២​ដុល្លារ​) ឬ ស្ត្រូ​ប៊ឺ​រី មាន​តម្លៃ​ដល់​ទៅ ១២០​យ័ន​/១​គីឡូក្រាម (​ប្រមាណ​ជិត ២០​ដុល្លារ​) ។​

​ប៉ុន្តែ​ផលិតផល​ដល់​ទៅ ៩០% របស់​ក្រុមហ៊ុន​ជប៉ុន​នេះ ត្រូវបាន​ដឹក​នាំចេញ​ទៅ​បរទេស ដោយ​ទុក​មិន​ដល់ ១០%​ផង សម្រាប់​លក់​នៅ​ទីផ្សារ​ធំ​២ របស់​ចិន​គឺ​សៀង​ហៃ និង​ប៉េកាំង ។​

​នេះ​គឺជា​គោលការណ៍​របស់​ជ​ប៉ុន​ដែល​ខឿន​ផលិតកម្ម​កសិកម្ម​របស់​ចិន ពិតជា​ពិបាក​យល់ ។ អាច​និយាយ​មួយ​បែប​ទៀត​ថា ជប៉ុន​តែង​ធ្វើឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល និង​កោតស្ញប់ស្ញែង ។​

​ដឹង​ទេ​ថា​រាប់​ជំនាន់​មនុស្ស​ហើយ ជនជាតិ​ជប៉ុន​មាន​ទស្សនវិជ្ជា​មួយ​ថា ៖ “​មុន​ពេល​ដាំ​ដើមឈើ ត្រូវ​ថែទាំ​ដី មុន​ពេល​ថែទាំ​ដី​ត្រូវ​អប់រំ​មនុស្ស​” ។​

​ជប៉ុន​ត្រៀម​វិនិយោគ​ចូលមក​កម្ពុជា​យើង​ហើយ នៅឡើយ​តែ​ពលរដ្ឋ​ខ្មែរ​យើង​បាន​ត្រៀម​ខ្លួន​សម្រាប់​យល់​ហើយ​ឬ​នៅ​?

​ចន្ទ្រា​

spot_img
×