Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​នៅ​ថ្ងៃ​អនាគត​ក្រុងព្រះសីហនុ ពិតជា​ខ្វះខាត​អាគារ​សម្រាប់​ទទួល​ភ្ញៀវ​រៀបចំ​មង្គលការ​មែនឬ​យ៉ាងណា​..?

spot_img

​ខេត្ត​ព្រះសីហនុ ៖ តើ​នៅ​អនាគត​ក្រុងព្រះសីហនុ​ពិតជា​ខ្វះខាត​អាគារ​សម្រាប់​ទទួល​ភ្ញៀវ​រៀបចំ​មង្គលការ​មែនឬ​យ៉ាងណា​..?

​ត្រង់​ចំណុច​នេះ មាន​មតិ​លើកឡើង​ពី​អ្នក​មាន​កូនចៅ ត្រៀម​រៀប​មង្គលការ ដោយ​ការព្រួយបារម្ភ​ថា បន្ទាប់ពី​មាន​ការវិនិយោគ​យ៉ាងគំហុក​មកពី​ក្រៅ​ប្រទេស ជាពិសេស​ពី​ប្រទេស​ចិន ដូចជា​ការសាងសង់​អា​គារ​ពាណិជ្ជកម្ម​ទំនើបៗ កាន់តែ​កើនឡើង​។​

បញ្ហា​ប្រឈម​ខ្វះ​អាគារ​រៀបចំ​ជប់លៀង​មង្គលការ​អាច នឹង​កើតមាន​នៅ​ក្រុងព្រះសីហនុ ស្របពេល ដែល​បច្ចុប្បន្ន​នេះ ទីតាំង​អាគារ​អាជីវកម្ម​សម្រាប់​ជប់លៀង​មង្គលការ​ភាគច្រើន ត្រូវ​បាន​ជួល​ឬក៏​ប្តូរ​ទៅ​ជា​អាគារ​ពាណិជ្ជកម្ម ឬ​អាជីវកម្ម​ផ្សេងៗ​ទៀត ដែល​ម្ចាស់​ទីតាំង​គិតថា អាច​ទទួលបាន​ប្រាក់​កម្រៃ​ច្រើន​ជាង​ការ​ទុក​គ្រាន់តែ​ជួល ក្នុង​រដូវ​រៀប​មង្គលការ​ម្តងៗ​។​

ទស្សនៈ​នេះ ត្រូវបាន​អ្នកជំនាញ​សេដ្ឋ​កិច្ឋ លើកឡើងថា នៅ​ចំពោះមុខ​អាច​នឹង​មាន​បញ្ហា​ខ្វះ​អាគារ​រៀបចំ​ទទួលភ្ញៀវ​មង្គលការ​ពិតមែន ប៉ុន្តែ​នៅពេល​បន្ទាប់​អាគារ​បែបនេះ អាច​នឹង​មាន​ឡើង​វិញ​ខ្លះ​ដែរ ប៉ុន្តែ​គ្រាន់តែ​អាច​ឆ្ងាយ​ពី​ទីតាំង​បច្ចុប្បន្ន ឬ​អាច​មាន​នៅ​ជាយក្រុង​។​

ត្រង់​ចំណុច​នេះ អ្នកសេដ្ឋកិច្ច​ដ៏​ដែល​ពន្យល់ថា ជា​ធម្មតា​មិន​មានច្បាប់​ណាមួយ​ហាមឃាត់​ឬ​ក៏​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ ដាច់ខាត​ត្រូវតែ​ប្រកប​មុខរបរ​អ្វី​មួយ​នោះទេ​។ ហេតុនេះ ការធ្វើ​អាជីវកម្ម​លក្ខណៈ​ឯកជន គឺជា​សិទ្ធិ​សម្រេច របស់​ពលរដ្ឋ ដែលជា​ម្ចាស់​អាជីវកម្ម​នីមួយៗ ដែល​ក្នុងនោះ​ក្រៅ​ពី​ទីតាំង​ទទួលភ្ញៀវ​មង្គលការ ឬ​អាជីវកម្ម​ផ្សេងទៀត ក៏​ដូចគ្នា​ដែរ ដូច​ជា​អាជីវកម្ម​ផ្ទះជួល និង​អាហា​រដ្ឋា​ន​ជាដើម ដូច​ឃើញស្រាប់​ហើយ នៅក្នុង​ទីប្រជុំជន​ក្រុង ឬ​កណ្តាល​ក្រុងព្រះសីហនុ​បច្ចុប្បន្ន គឺ​បាត់បង់​ជា​បណ្តើរៗ ហើយ​ទីតាំង​ទាំងនេះ មួយចំនួន ក៏​បាន​ប្តូរ​ទៅកាន់​ទីតាំង​ថ្មី នៅ​ឯ​ជាយក្រុង​ជំនួស​វិញ​។​

យ៉ាងនេះក្តី តាម​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បញ្ជាក់ថា ជា​ធម្មតា​នៅពេល​ទីក្រុង​កំពុងអភិវឌ្ឍន៍​សាង សង់ នូវ​ហេ​ដ្ឋា​រចនាសម្ពន្ធ័​នានា គឺ​បញ្ហា​ប្រឈម ឬ​ផលប៉ះពាល់​ខ្លះៗ នឹង​អាច​កើតមានឡើង ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត​នឹង​ទទួលបាន​ផល​ប្រយោជន៍​ល្អ​។​

អនាគត​នឹង​ល្អ​នោះ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អះអាងថា ជាមួយ​នឹង​សេដ្ឋកិច្ច​គ្រួសារ​ពលរដ្ឋ​កើនឡើង វិសាលភាព និង​ទំហំ​ទីក្រុង​ក៏​នឹង​ត្រូវបាន​ពង្រីក ឬ​អាច​និយាយបាន​ថា អនាគត​នៅ​តំបន់​ជាយក្រុង​ដូចជា​៖ សង្កាត់​លេខ​១ និង​ផ្នែក​ខ្លះ​ក្នុង​សង្កាត់​លេខ​៤​ជាដើម ក៏​នឹង​ក្លាយទៅជា​ទីប្រជុំជន​កុះករ​ដូចគ្នា ។ ជាងនេះទៀត ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន ប្រាកដជា​នឹង​ទៅ​បង្កើត​នៅ​តំបន់ ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​កុះករ​នោះ​វិញ​ជាពុំខាន​៕ ដោយ​៖ ដែន សីមា​

spot_img
×