Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ជាង​៦​ម៉ឺន​នាក់ បាន​រងគ្រោះថ្នាក់​ដោយសា​រ​មីន

spot_img

​សៀមរាប ​៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី មានប្រសាសន៍​ទៀតថា ជាង​២៥​ឆ្នាំ​កន្លងមកនេះ គិត​ចាប់ពី​ឆ្នាំ​១៩៩២ មក រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង និង​រួមចំណែក​យ៉ាង​សស្រាក់សស្រាំ​ជាមួយ​ប្រទេស​ម្ចាស់ជំនួយ និង​ប្រតិបត្តិ​ករ​ជាតិ​-​អន្តរជាតិ បានធ្វើការ​បោសសម្អាត​ផ្ទៃដី​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម បាន​ជាង ១.៥៤៥ គីឡូម៉ែត្រ​ការ៉េ ដោយបាន​រកឃើញ​និង​កម្ទេចចោល​មីន​ប្រឆាំង​មនុស្ស​ចំនួន ១.០៣៦.៣៧៦​គ្រាប់ មីន​ប្រឆាំង​រថ​គ្រោះ​ចំនួន ២៤.២៥១ គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ចំនួន ២.៦៦០.៦៣៩​គ្រាប់​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន ទី​២​អាជ្ញាធរ​មីន​កម្ពុជា មានប្រសាសន៍ថា កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម​ជាង​បី​ទសវត្សរ៍ បាន​បន្សល់ទុក​នូវ​គ្រាប់មីន​ជាច្រើន​លាន​គ្រាប់​កប់​ក្នុង​ដី ជាពិសេស​នៅ​ភាគ​ខាងលិច​តំបន់​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ចន្លោះ​ពី​ឆ្នាំ ១៩៧៩ ដល់ ១៩៩៧ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែល​បន្សល់ទុក​ពី​ការទម្លាក់​គ្រាប់ ពីលើ​អាកាស​ក្នុងអំឡុងពេល​សង្គ្រាម នៅ​ឥណ្ឌូចិន​ជាង ២,៧៥ លាន​តោន ចន្លោះ​ទសវត្សរ៍​ទី​៦០-៧០ នៅ​ខេត្ត​ភាគ​ខាងកើត​ទន្លេមេគង្គ​ជាប់​ព្រំដែន​ឡាវ និង​វៀតណាម ហើយ​បើ​គិតពី​ឆ្នាំ​១៩៧៩ ដល់​ខែកញ្ញា ឆ្នាំ​២០១៨ មាន​អ្នករងគ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម សរុប​មាន​ចំនួន ៦៤.៧៦៩ នាក់ ដែល​ធ្វើ​ឲ្យ​កម្ពុជា ត្រូវបាន​ចាត់ទុកថា​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស ដែលមាន​ចំនួន​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ពី​សង្គ្រាម​ច្រើនជាងគេ បើ​ប្រៀបធៀប​នឹង​ប្រទេស​ដែលមាន​បញ្ហា​មីន និង​គ្រាប់​នេះ​។​

​លោក​មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស​បើក​សិក្ខាសាលា ស្តីពី​ការគ្រប់គ្រង​ហានិភ័យ​សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម​រយៈពេល​យូរ ដែល​រៀបចំឡើង​នៅ​ខេត្តសៀមរាប មាន​រយ​:​ពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៥ និង​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​មីន​កម្ពុជា និង​អង្គការ GICHD ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី មានប្រសាសន៍​បន្ថែមទៀត​ថា សង្គ្រាម​ពី​អតីតកាល បាន​បន្សល់ទុក​នូវ​តំបន់ ដែល​នៅមាន​ការគំរាមកំហែង​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​យ៉ាងច្រើន សន្ធឹកសន្ធាប់​ពាសពេញ​ផ្ទៃ​ប្រទេស ដែល​បាន​បណ្តាល​ឲ្យ​ប្រជាជន​ស្លូតត្រង់ ស្លាប់ របួស ពិការ និង​ជា​ឧបសគ្គ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន ព្រមទាំង​បានធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​ទៀតផង ដូច្នេះ តាមរយៈ​នៃ​អង្គសិក្ខាសាលា​នេះ នឹងធ្វើ​ការពិចារណា គិតគូរ​អំពី​ការអប់រំ​យល់ដឹង​ពី​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​កិច្ច​ជួយ សង្គ្រោះ​ដល់​ជនរងគ្រោះ ទៅក្នុង​ការគ្រប់គ្រង​ហានិភ័យ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រយៈពេល​វែង​នេះ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×