Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​ដំណោះស្រាយ នៃ​ការរៀបចំ​សណ្តាប់ធ្នាប់ តូប​លក់ដូរ​នៅ​មុខ​ក្រុម​ប្រាសាទព្រះពិធូរ មិន​មាន​សណ្តាប់ធ្នាប់​

spot_img

សៀមរាប ​៖ ​គណៈកម្មការ​ដឹកនាំ និង​សម្របសម្រួល​រៀបចំ​សណ្តាប់ធ្នាប់​អ្នកលក់ដូរ​ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​មាន​សមាសភាព​ចម្រុះ​គ្នា​រវាង​អាជ្ញាធរ​ជាតិ​អប្សរា សាលាខេត្ត​សៀមរាប មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ដែល​ស្ថិត​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​លើ​ការរៀបចំ​សណ្តាប់ធ្នាប់​តូប​លក់ដូរ​នៅ​មុខ​ក្រុម​ប្រាសាទព្រះពិធូរ នា​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​សៀមរាប​។​

​លោក សុខ សង្វា​រ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​ប្រធាន​គណៈកម្មការ​ដឹកនាំ និង​សម្របសម្រួល​រៀបចំ​សណ្តាប់​អ្នក​លក់​ដូរ​​ក្នុង​រមណីយដ្ឋាន​អង្គរ បាន​បញ្ជាក់​ក្នុង​អង្គប្រជុំ​ថា សណ្តាប់ធ្នាប់​នៃ​តូប​លក់ដូរ និង​ការចត​យានជំនិះ​មុខ​ក្រុម​ប្រាសាទព្រះពិធូរ​សព្វថ្ងៃ​មិន​មាន​សណ្តាប់ធ្នាប់​របៀប​រៀបរយ ដែល​ធ្វើឲ្យ​បិទបាំង​ប្រាសាទ និង​ទេសភាព​ល្អ​ប្រណីតរ​របស់​ប្រាសាទ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្លិន​ឆ្អេះឆ្អាប​នៃ​ការ​តូប​លក់ដូរ​ម្ហូបអាហារ សំឡេង​ម៉ាស៊ីនភ្លើង​ជាប្រចាំ​ក៏​បាន​បង្ក​ភាព​រំខាន​ដល់​ភ្ញៀវទេសចរ​ដែល​ចូល​ទៅ​ទស្សនា​ប្រាសាទ​ផងដែរ​។​

​លោក បញ្ជាក់ថា ការរៀបចំ​អង្គប្រជុំ​នេះ​ឡើង គឺជា​ការ​ឆ្លើយ​នឹង​អនុសាសន៍​ណែនាំ​របស់​អ្នកជំនាញ​នៃ​គណៈកម្មាធិការ ICC-Angkor និង​ស្ថាប័ន KOICA របស់​ប្រទេស​កូរ៉េ និង​ស្ថានទូត​កូរ៉េ​ដែល​បានទទួល ជួយ​ជួសជុល​ក្រុម​ប្រាសាទព្រះពិធូរ តាមរយៈ​មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ (KCHF) និង​បាន​បញ្ចប់​ជំហាន​របស់​ខ្លួន​ហើយ​នៅ​ពេល​ថ្មីៗ​នេះ​។​

​ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​គណៈកម្មការ​មួយ​ដោយឡែក ដោយ​ផ្តោត​សំខាន់​លើ​ការសិក្សា​រក​ទីតាំង​ថ្មី​សម្រាប់​រៀបចំ​ចំណត និង​តូប​លក់ដូរ​ទាំងនេះ​។ ទោះជា​យ៉ាងនេះក្តី មន្ត្រី​ជំនាញ​នៅតែ​មិនទាន់​សម្រេច​បាន​ទីតាំង​សមស្រប​នៅឡើយ ដោយហេតុ​ថា ទីតាំង​នៅ​បរិវេណ​នោះ​សុទ្ធតែ​គ្របដណ្តប់​ដោយ​ព្រៃឈើ និង​បុរាណ​ដ្ឋា​ន​ជាច្រើន​។ កិច្ចប្រជុំ​នៅ​ពេល​នេះ គឺ​ដើម្បី​ប្រមូល​គំនិត​យោបល់​បន្ថែម​ពី​គណៈកម្មការ ដើម្បី​មន្ត្រី​ជំនាញ​បាន​ជា​មូលដ្ឋាន​សម្រាប់​យក​ទៅ​សិក្សា​បន្តទៀត​។​

​លោក​វរសេនីយ៍ត្រី ម៉ាន់ ឈឿន អនុប្រធាន​នាយកដ្ឋាន​ទទួលបន្ទុក​អង្គភាព ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ បញ្ជាក់ថា តូប​លក់ដូរ​ក្នុង​តំបន់​អង្គរ ពិត​ជា​ជួប​ភាពស្មុគស្មាញ​ខ្លាំង​មែន តែ​ក្រុម​ការងារ​ត្រៀមខ្លួន​ជានិច្ច ដើម្បី​សហការ​គ្រប់ពេលវេលា​។​

​គួររំលឹកថា ព្រះ​ពិធូរ ជា​ឈ្មោះ​ក្រុម​ប្រាសាទ​ចំនួន​៥ ដែល​ស្ថិតនៅ​ទល់មុខ​ទីលាន​ស្តេច​គម្លង់ ក្នុង​បរិវេណ​រាជធានី​អង្គរធំ​គឺ ប្រាសាទ​កោរសក់ ប្រាសាទ​ជម ប្រាសាទ​តា​ទួត ប្រាសាទ​ដូន​មា និង​ប្រាសាទ​សណ្តក​យក្ស​។ ប៉ុន្តែ មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ ដែល​បាន​ស្គាល់ និង​បាន​ទៅ​ទស្សនា​ប្រាសាទ​ទាំងនេះ ដោយសារ​តែ​ប្រាសាទ​ទាំងនេះ បិទបាំង​ដោយរ​បាំង​ព្រៃឈើ និង​ជា​ពិសេស គឺ​តូប​លក់ដូរ​ជាច្រើន​នៅ​ពី​មុខ​ផង​៕ ដោយ​ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×