Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរឿន អាច​ឲ្យ​យើង​ទទួល​បាន​ទិន្ន​ន័យ​ប្រ​ជា​សា​ស្ត្រ​ពិត របស់ប្រទេស

spot_img

លោកមែន វិបុល បាន​មានប្រសាសន៍ថា ៖ ជំរឿន​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​របស់​ជាតិ ដែល​អាចឲ្យ​យើង​ទទួលបាន​ទិន្នន័យប្រ​ជា​សាស្ត្រ​ពិតប្រាកដ​របស់​ប្រទេស និង​ជួយ​ឲ្យ​រាជរដ្ឋាភិបាលអាចរៀ​ប​ចំ​តាក់តែង​គោលនយោបាយ​បាន​ត្រឹមត្រូវ ព្រមទាំង​ការអនុវត្ត​កម្មវិធី​ផ្សេងៗ ឲ្យទទួល​បាន​តុល្យភាព នៃ​ការអភិវឌ្ឍ​សម្រាប់​ប្រជាពលរដ្ឋ ហើយ​ទិន្នន័យ​ស្ថិតិ​ដែល​ប្រមូល​បាន​តាមរយៈ​ការធ្វើជំរឿន នឹង​ក្លាយជា​ទិន្នន័យ​មូលដ្ឋាន​យ៉ាង​សំខាន់​សម្រាប់​ការអភិវឌ្ឍ និង​ត្រួតពិនិត្យ​វាយតម្លៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ព្រមទាំង​វាយ​តម្លៃ​ការសម្រេច​បាន​ការអនុវត្ត​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ។

​លោក​មានប្រសាសន៍​ដូច្នេះ​ នៅក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​គណៈកម្មាធិការ​ជំរឿន​ទូទៅ​ប្រជាជន ខេត្ត​ស្វាយរៀង ឆ្នាំ​២០១៩ ថ្នាក់​ខេត្ត និង​ក្រុង ស្រុក ដែល​ប្រារព្ធ​ធ្វើ​នៅ​សាលប្រជុំ​ធំ អគារ ឃ សាលាខេត្ត​ស្វាយរៀង ។ ក្នុង​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោក​តំណាង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួង​ផែនការ លោក​ប្រធាន អនុប្រធាន​មន្ទីរ និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ផែនការ​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត អភិបាលក្រុង ស្រុក អធិការនគរបាល មេឃុំ ចៅសង្កាត់ នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល និង​បងប្អូន​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ សរុប​ចំនួន ៣២៨​នាក់ ។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់បន្ថែម​ថា៖ នៅក្នុង​ឆ្នាំ​២០១៩​នេះ គឺជា​លើក​ទី​៤ ដែល​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ​ជំរឿន​ទូទៅ​ប្រជាជន បន្ទាប់ពី​បាន​រៀបចំ​ប្រកបដោយ​ជោគជ័យ ចំនួន ៣​លើក​រួច​មក ហើយ​ជំរឿន​លើក​ទី​៤ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​០៣-១៣ ខែ​មីនា ឆ្នាំ​២០១៩​ខាងមុខនេះ រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​ថវិកា​ជាតិ​ស្ទើរតែ​ទាំងស្រុង​សម្រាប់​រៀបចំ ដែល​ខុស​ពី​ជំរឿន​ប្រជាជន ឆ្នាំ​​​១៩៩៨ និង​ជំរឿន​ប្រជាជន​ឆ្នាំ​២០០៨ ដែល​ភាគច្រើន​ទទួលបាន​ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​មូលនិធិ​ប្រជាជន​របស់​អង្គការ​សហប្រជាជាតិ (UNFPA) និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ដែល​នេះ​ក៏​ព្រោះតែ​កត្តា​សុខសន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​ជា​មនុញ្ញផល​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ និង​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី។

​ក្នុងឱកាស​នោះ​ផងដែរ ដើម្បី​ចូលរួម​ចំណែក​ឲ្យ​ដំណើរការ​ចុះ​ធ្វើ​ជំរឿន​ប្រព្រឹត្តទៅ​ដោយ​រលូន ធានាបាន​នូវ​ភាព​សុ​ក្រឹត្យ និង​ត្រឹមត្រូវ ឆ្លើយតប​នឹង​ការចំណាយ​ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​ជាតិ លោក​អភិបាលខេត្ត ក៏​បាន​ផ្ដាំផ្ញើ​ដល់​គ្រប់​សមាសភាព និង​អាជ្ញាធរ​ពាក់​ព័ន្ធ ជា​ពិសេស​មន្ត្រី​អនុវត្ត​ផ្ទាល់​ត្រូវខិតខំ​យកចិត្តទុកដាក់​សិក្សា​ស្វែងយល់ និង​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ ប្រកប​​ដោយ​ភាពម្ចាស់ការ និង​ការទទួលខុសត្រូវ អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ចូលរួម​សហការ​ឲ្យបាន​ពេញ​​លេ​ញ​នៅ​គ្រប់​ដំណើរការ និង​ផ្ដល់​ព័ត៌មាន​ពាក់ព័ន្ធ​នានា​ឲ្យបាន​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​គាំទ្រ​ដល់​ដំណើរការ​ចុះ​ធ្វើ​ជំរឿន​ជាក់ស្ដែង​នៅ​មូលដ្ឋាន​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​អំពី​ការចុះ​ធ្វើ​ជំរឿន​ទូទៅ​ប្រជាជន ឆ្នាំ​២០១៩ ឲ្យបាន​ទូលំទូលាយ និង​ជ្រួតជ្រាប​ដល់​ប្រជាជន​គ្រប់​មូលដ្ឋាន​ក្នុង​ខេត្ត និង​ធានា​ឲ្យមាន​ការចូលរួ​ម ផ្ដល់​កិច្ច​សហការ​ពី​គ្រប់​មជ្ឈដ្ឋាន​ពាក់ព័ន្ធ ដោយឡែក​គណៈកម្មាធិកា​រ​ជំរឿន​គ្រប់​ថ្នាក់ និង​មន្ទីរ​ផែនការ​ខេត្ត គួររៀបចំ​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​អនុវត្ត ទាំង​មន្ត្រី​ត្រួតពិនិត្យ និង​មន្ត្រី​សម្ភាសន៍ ធ្វើយ៉ាងណា​ធានា​ឲ្យ​ការប្រមូល​ទិន្នន័យ​ជំរឿន​បាន​ត្រឹមត្រូវ សុ​ក្រឹត្យ និង​ចៀសវាង​បាន​នូវ​កំហុសឆ្គង​ផ្សេងៗ ព្រម​ទាំង​ត្រូវ​មាន​ការសហការ​ប្រកប​ដោយ​សាមគ្គីភាព ប្រើប្រាស់​ឲ្យអស់​លទ្ធភាព​នូវ​ធនធាន​សរុប មធ្យោបាយ​សរុប ដើម្បីឲ្យ​កិច្ចការ​ជំរឿន​ទូទៅ​ប្រជាជន នៅក្នុង​ខេត្ត​ស្វាយរៀង ទទួលបាន​លទ្ធផល​ជោគជ័យ​ល្អប្រសើរ​តាម​ផែនការ​ដែល​បាន​គ្រោងទុក ៕ ដោយ ៖ ​វ៉ៃ​គោ​

 

spot_img
×