Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ នឹង​ចេញ​លិខិត​ឆ្លើយតប ទៅកាន់​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា ចំពោះ​វត្តមាន​កងទ័ព និង​មូលដ្ឋាន​យោធា​បរទេស នៅ​កម្ពុជា

spot_img

​ភ្នំពេញ​ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា​៖ កងទ័ព​កម្ពុជា ដាច់ខាត​មិន​ចូលរួម ក្នុង​កិច្ច​ប្រតិបត្តិការ​យោធា ជាមួយ​ប្រទេស​ណា​ទាំងអស់ លើកលែង​តែ​ក្រោម​ឆត្រ របស់​អង្គការសហប្រជាជាតិ​។ ជាមួយគ្នានេះ សម្តេច​បាន​ចោទសួរ​ថា​តើ កម្ពុជា​មាន​ការចាំបាច់ រំលោភ​រដ្ឋធម្មនុញ្ញ​ខ្លួន អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​យោធា​បរទេស លើ​ទឹកដី​កម្ពុជា​ឬទេ​?​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ប្រតិកម្ម​នេះ ក៏​បាន​ធ្វើឡើង​បន្ទាប់​ពី​សារព័ត៌មាន​ប​រទេស​មួយចំនួន បាន​ផ្សព្វផ្សាយ​ថា កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​បរទេស​ប្រើប្រាស់​ទឹកដី​របស់​ខ្លួន ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​យោធា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា “​ទាក់ទង​នឹង​វត្តមាន​របស់​កងទ័ព​ជើង​ទឹក​របស់​ចិន នៅលើ​ទឹកដី​កម្ពុជា ខ្ញុំ​សូម​បញ្ជាក់​ដល់​បងប្អូន​ជនរួមជាតិ ក៏​ដូច​ជា​មិត្ត​បរទេស​ទាំងអស់ ថា​តើ​កម្ពុជា មាន​ការចាំបាច់ ដើម្បី​នឹង​រំលោភ​លើ​រដ្ឋធម្មនុញ្ញ របស់​ខ្លួន​ឬ​ទេ​?

រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រូវ​បាន​ហាមឃាត់ ជាមួយនឹង​វត្ត​មាន​កងទ័ព​បរទេស មូលដ្ឋាន​យោធា​បរទេស នៅលើ​ទឹកដី​របស់​ខ្លួន ហើយ​កងទ័ព​របស់​ខ្លួន ក៏​ត្រូវ​បាន​ហាមឃាត់ មិនឲ្យ​មាន​ការចូលរួ​ម​សហប្រតិបត្តិការ ជាមួយនឹង​ប្រទេស​ណា​ទាំងអស់ លើកលែង​តែ​ក្រោម​ឆត្រ របស់​អង្គការសហប្រជាជាតិ ដូចដែល​យើង​កំពុង ស្ថិត​នៅ​ប្រទេស​លី​បង់ ស៊ូដង់ ស៊ូដង់​ខាងត្បូង ម៉ាលី និង​អាហ្វ្រិក​កណ្តាល​។

នេះ​ជា​ចំណុច​មួយ សូម​បញ្ជាក់​ទៅ​កាន់​មិត្ត​ភ័ក្តិ​បរទេស និង​សាធារណជន ហើយ​ខ្ញុំ​នឹង​ចេញ​លិខិត​ឆ្លើយតប​ទៅកាន់ អនុ​ប្រធា​នា​ធិបតី​សហរដ្ឋអាមេរិក ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា ទាក់ទង​ទៅនឹង​រដ្ឋធម្មនុញ្ញ​របស់ខ្លួន ដែល​បាន​ហាមឃាត់ នូវ​វត្តមាន​កងទ័ព និង​មូលដ្ឋាន​កងទ័ព​បរទេស នៅក្នុង​ប្រទេស​កម្ពុជា ។

កម្ពុជា​មាន​កងទ័ពរ​បស់​ខ្លួន​ហើយ មិន​មាន​ការចាំបាច់​ដាក់ កងទ័ព​បរទេស​មក​ជំនួយ​ទេ ហើយ​កម្ពុជា គ្មាន​ត្រូវ​ចាំបាច់ ត្រូវ​ប្រើ​កងទ័ព​បរទេស​នោះទេ ។ ចោទ​ជា​សំណួរ ថា​តើ​យើង​វាយ​ជាមួយ​អ្នក​ណា វាយ​ជាមួយ​ខ្លួនឯង វាយ​ជាមួយ​ថៃ វាយ​ជា​មួយរៀត​ណាម វាយ​ជាមួយ​ប្រទេស​ណា នេះ​ជា​ចំណុច​គួរ​ឲ្យ​ងឿងឆ្ងល់​ណាស់ តើ​គេ​មាន​ចេតនា​អ្វី​ចំពោះ​កម្ពុជា ឬ​ក៏​គ្រាន់តែ​យក​វត្ត​មាន​អ្នកវិនិយោគ និង​អ្នកទេសចរ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​ចិន ធ្វើ​ជា​លេស ដើម្បី​មូល​បង្កាច់ និង​ដាក់​កំហុស​ចំពោះ​កម្ពុជា​។

ខ្ញុំ​ពិតជា​មាន​ការសោកស្តាយ​ណាស់ ជាមួយនឹង​ព័ត៌មាន​មិន​ច្បាស់លាស់ នៃ​ជនជាតិ​មួយចំនួន ដែល​ព្យាយាម​ធ្វើ​អាក្រក់​ម្តង​ហើយ​ម្តងទៀត ចំពោះ​កម្ពុជា ដែល​គ្មាន​កំហុស​ទាល់តែសោះ លើ​បញ្ហា​ទាំងឡាយ​នេះ​។ កម្ពុជា​មិន​មាន​ការចាំបាច់ ឲ្យ​ប្រទេស​ណាមួយ មក​ធ្វើ​សង្គ្រាម​លើ​ប្រទេស​របស់​ខ្លួន​ទេ ខ្ញុំ​មិន​ត្រូវការ​ឲ្យ​បរទេស មក​ច្បាំង​គ្នា​លើទឹក​ខ្មែរ ដូច​កាលពី​អតីតកាល​ទេ​។ យើង​ទាត់ចោល​នូវ​ព័ត៌មាន​ទាំងឡាយ បំផ្លៃ​នូវ​ការពិត ហើយ​យើង​បញ្ជាក់​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ ហើយ​ខ្ញុំ​នឹង​ធ្វើ​លិខិត​ជូន ទៅ​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដើម្បី​ឲ្យ​គាត់​បាន​ច្បាស់​អំពី​បញ្ហា​នេះ ហើយ​ថ្ងៃស្អែក ខ្ញុំ​នឹង​ជួប​ទូត​សហរដ្ឋអាមេរិក ដើម្បី​បញ្ជាក់​ប្រាប់​បន្ថែម​លើ​បញ្ហា​នេះ​”​។

​យោង​តាម​ហ្វេ​សប៊ុក របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ដកស្រង់​ប្រសាសន៍​សម្តេច​តេជោ ថ្លែង​ក្នុង​កិច្ចប្រជុំ​យ៉ាង​ដូច្នេះ​ថា​៖ “​តើ​កម្ពុជា​មាន​ការចាំបាច់ រំលោភ​រដ្ឋធម្មនុញ្ញ​ខ្លួន អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​យោធា​បរទេស លើ​ទឹកដី​កម្ពុជា​ឬទេ​? តើ​កម្ពុជា​ត្រូវការ​កងទ័ព​បរទេស ដើម្បី​ច្បាំង​ជាមួយ​អ្នក​ណា​? ហើយ​ខ្ញុំ​មិន​ត្រូវការ​ឱ្យ​បរទេស មក​ច្បាំង​គ្នា​នៅលើ​ទឹកដី​កម្ពុជា ដូច​កាលពី​អតីតកាល​ទេ ក៏​ដូចជា​មិន​ត្រូវការ​ឱ្យ​កម្ពុជា ជា​ទីលាន​សាកល្បង​មនោគមន៍វិជ្ជា ឬ អាវុធ​ឡើយ​”​។​សម្តេច​បាន​បន្តថា​៖ “​យើង​ចង់​ចង​មិត្ត​ជាមួយ​គ្រប់​ប្រទេស លើ​សកលលោក​។ កងទ័ព​កម្ពុជា ដាច់ខាត​មិន​ចូលរួម ក្នុង​កិច្ច​ប្រតិបត្តិការ​យោធា ជាមួយ​ប្រទេស​ណា​ទាំងអស់ លើកលែង​តែ​ក្រោម​ឆត្រ របស់​អង្គការសហប្រជាជាតិ​”​។​

​គួរបញ្ជាក់​ថា​៖ ក្រសួងការពារជាតិ​កម្ពុជា តាមរយៈ​អ្នកនាំពាក្យ​នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ បានចេញ​សេចក្តីថ្លែងការណ៍​ទាត់ចោល នូវ​ការចុះផ្សាយ​របស់​សារ ព័ត៌មាន​បរទេស​មួយ​ចំនួន ក្នុងនោះ​មាន​ទាំង​សារព័ត៌មាន Asia Times ផងដែរ​ដែល​ថា កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ប្រទេស​ដទៃ ដែល​ទំនង​សំដៅ​ដល់​ប្រទេស​ចិន ប្រើប្រាស់​ទឹកដី​ក​កម្ពុជា ធ្វើជា​មូល​ដ្ឋាន​យោធា​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​ចាត់ទុកថា នេះ​គ្រាន់តែ​ជា​ដំណឹង​ក្លែងក្លាយ (Fake News) ដែល​ក្រុម​បរទេស​មួយ​ចំនួន ព្យាយាម​ផ្សព្វផ្សាយ​ចោទប្រកាន់​មកលើ​កម្ពុជា ក្នុង​ចេតនា​អាក្រក់ ញុះញង់ ដើម្បី​បំភាន់​សាធារណជន​ជាតិ​-​អន្តរជាតិ និង​ជា​ចេតនា​បំផ្លាញ​ដល់ ឯករាជ្យ ភាព​អព្យាក្រឹត្យ​អចិន្ត្រៃយ៍​របស់​កម្ពុជា​តែប៉ុណ្ណោះ​។ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖

ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​រដ្ឋ​ឯករាជ្យ អព្យាក្រឹត​អចិន្ត្រៃយ៍ មិន​ចូល​បក្សសម្ព័ន្ធ ដូច​មានចែង​ក្នុង មាត្រា​៥៣​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​។ រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ថែរក្សា សុខសន្តិភាព ជូន​ប្រជាពលរដ្ឋ និង​ទប់ស្កាត់​ការប៉ុនប៉ង​ទាំងឡាយ​ដែល​អូសទាញ​នាំឱ្យ​ប្រទេស​ធ្លាក់​ទៅក្នុង​សង្គ្រាម​ជា​ថ្មី ដើម្បី​ធ្វើ​យ៉ាងណា​បន្ត​ការអភិវឌ្ឍ​ជាតិ ឱ្យមាន​ការរីកចម្រើន​ទៅមុខ ដូច្នេះ​ហើយ​កម្ពុជា​មិន​បាន​ចូលរួម​ជាមួយ សង្គ្រាមត្រជាក់​ណាមួយ ឬ​អនុញ្ញាតឱ្យ​បរទេស​ណាមួយ ប្រើប្រាស់​ទឹកដី​របស់​ខ្លួន​ធ្វើ​មូលដ្ឋាន​យោធា ដូច​ដែល​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ បាន​ផ្សាយ​ចោទប្រកាន់​ទេ​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×