Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វី​ង សហការ​ជាមួយ Western Union ដើម្បី​ពង្រីក​សេវា​ផ្ទេរប្រាក់​អន្តរជាតិ​

spot_img

​ភ្នំពេញ​៖ បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន បានឲ្យដឹងថា​ ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូឌា​) លីមីត​ធី​ត ដែលជា​ក្រុមហ៊ុន ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា ជាមួយនឹង​បណ្តាញ​ភ្នាក់ងារ​ជាង ៦០០០​កន្លែង បាន​សហការ​ជាមួយ​ក្រុមហ៊ុន Western Union ដែលជា​ក្រុមហ៊ុន​នាំមុខគេ ផ្នែក​សេវា​ផ្ទេរ​ប្រាក់​ឆ្លងកាត់​ប្រទេស ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​ជម្រើស ក្នុង​ការទទួលបាន​ប្រាក់​ពី​គ្រប់​ប្រទេស នៅ​ជុំវិញ​ពិភពលោក​។

កិច្ចសហការ​នេះ នឹង​ផ្តល់​លទ្ធភាព​ដល់​អតិថិជន​របស់ វី​ង នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ការទទួល​ប្រាក់​ពី​ជាង ២០០ ប្រទេស នៅតាម​បណ្តាញ​ភា្នក់ងារ​របស់ វី​ង ដែល​មាន​ដាក់​ស្លាក​សញ្ញា​បម្រើ​សេវាកម្មរ​បស់ Western Union ដែល​នៅ​ជិត​ពួកគេ​បំផុត​។

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគា​រឯក​ទេស វី​ង បាន​មានប្រសាសន៍ថា “​វី​ង មាន​មោទនភាព​ណាស់ ចំពោះ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Western Union ដោយហេតុ​ថា កិច្ចសហការ​នេះ នឹង​ផ្តល់​ភាពងាយស្រួល​មួយកម្រិត​ទៀត សម្រាប់​អតិថិជន ក្នុង​ការផ្ទេរ​ប្រាក់​ពី​ក្រៅប្រទេស ជាពិសេស​សម្រាប់​ប្រជាជន​កម្ពុជា ដែល​កំពុង​ធ្វើការ​នៅ​ក្រៅប្រទេស និង​មានបំណង​ចង់​ផ្ទេរប្រាក់ ទៅកាន់​ក្រុម​គ្រួសារ​នៅ​កម្ពុជា​”​។

លោក ម៉ា​ឡូ​ឡូ​ស បន្ថែម​រួច​បន្ត​ទៀត​ថា “​ទឹកប្រាក់​ដែល​ផ្ទេរ​មក​ពី​ក្រៅ​ប្រទេស គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ របស់​ប្រជាជន​កម្ពុជា សម្រាប់​បំពេញតម្រូវការ​ប្រចាំថ្ងៃ​, ការអប់រំ​, ការថែទាំ​សុខភាព និង​សេវាកម្ម​ជាច្រើន​ទៀត​។ ទោះជា​យ៉ាងនេះក្តី ពលករ​ចំណាកស្រុក រមែង​មាន​ការព្រួយបារម្ភ​ជាច្រើន នៅ​ពេល​ពួកគេ​ផ្ញើ​ប្រាក់​មក​ផ្ទះ តាមរយៈ​សេវា​ឬ​បណ្តាញ​ដែល​មិន​ស្របច្បាប់ ដែល​តែងតែ​មាន​តម្លៃ​សេវា​ខ្ពស់ ហើយ​ជាទូទៅ មិន​បាន​ផ្តល់ជូន​នូវ​ទំនុកចិត្ត​ខ្ពស់​ឡើយ​។ កត្តា​នេះ​បាន​ក្លាយ​ជា​បន្ទុក​បន្ថែម​មួយទៀត ពីលើ​សេចក្តី​នឹករលឹក​ដល់​មនុស្ស​ជាទី​ស្រឡាញ់រ​បស់​ពួកគេ​។ កិច្ចសហការ​នេះ នៅតែ​ស្ថិត​នៅក្នុង​ចក្ខុវិស័យ​របស់ វី​ង ចំពោះ​ការប្តេជ្ញាចិត្ត ក្នុង​ការផ្តល់ជូន​ប្រជាជន​កម្ពុជា នូវ​លទ្ធភាព​ទទួលបាន​សេវា​ហិរញ្ញវត្ថុ ប្រកប​ដោយ​តំលៃ​សមរម្យ និង​ងាយស្រួល ថែមទាំង​ធ្វើឲ្យ​ប្រសើរឡើង នូវ​កម្រិត​ជីវភាព​រស់នៅ​របស់​ពួកគេ​”​។

លោក ម៉ា​ឡូ​ឡូ​ស បាន​បន្ថែមទៀតថា “​ការបង្កើន​ប្រសិទ្ធភាព​នៃ​សេវា​ផ្ទេរប្រាក់​អន្តរជាតិ នឹង​រួមចំណែក​យ៉ាង​ធំធេង ដល់​ការកាត់បន្ថយ​ភាពក្រីក្រ ហើយ​ត្រូវបាន​គេ​រំពឹងថា នឹង​ផ្តល់​ជា​ឱកាស​សម្រាប់​វិនិយោគិន​បរទេស ក្នុង​ការស្វែងរក​ឱកាស​អាជីវកម្ម​ផ្សេងៗ នៅក្នុង​ប្រទេស​ផង​ដែរ​”​។

លោក Atish Shrestha នាយក​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុន Western Union ប្រចាំ​តំបន់​ឥណ្ឌូចិន បាន​ថ្លែងថា “​យើង​មាន​សេចក្តី​រីករាយ ក្នុង​ការពង្រីក​សេវាកម្ម​របស់​យើង នៅ​ទូទាំង​ប្រទេស​កម្ពុជា ដោយ​ផ្តល់​ជូន​អតិថិជន​នូវ​វិធី​ងាយៗ ក្នុង​ការទទួលបាន​ប្រាក់ និង​ធ្វើ​ការផ្សារភ្ជាប់​ពួកគេ​ទៅ​គ្រប់​ប្រទេស នៅក្នុង​ពិភពលោក​។ យើង​រីករាយ​ក្នុងការ​ស្វាគមន៍​នូវ​វត្តមាន វី​ង មក​ចូលរួម​ជាមួយ​ក្រុម​គ្រួសា​រ និង​ជា​បណ្តាញ​ភ្នាក់ងារ​របស់ Western Union”​។

លោក Atish Shrestha បន្ថែមទៀតថា “​នៅក្នុង​ពិភពលោក​មួយ ដែល​ពោរពេញ​ទៅ​ដោយ​ឱកាស ដែល​គ្មាន​ដែន​កំណត់ គ្មាន​អ្វី​សំខាន់​​ជាង ការផ្ទេរ​ប្រាក់​ជុំវិញ​ពិភពលោក ដែលមាន ភាពងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព​នោះទេ​។ ខណៈពេលដែល​ប្រជា​ជន​កម្ពុជា កាន់តែ​ច្រើន​ផ្លាស់​ទៅ​រស់នៅ​ក្រៅបរទេស ហើយ​ត្រូវ​ផ្តល់​ការឧបត្ថម្ភ ត្រលប់​ឲ្យ​គ្រួសា​ររបស់​ពួកគេ នៅ​ស្រុកកំណើត​វិញ​នោះ​។ យើង​ពិតជា​រីករាយ ក្នុង​ការសហការ​ជាមួយ វី​ង និង​ផ្តល់​ឲ្យ​អតិថិជន នូវ​មធ្យោបាយ​ផ្ទេរប្រាក់ ដែល​មាន​ភាពងាយស្រួល និង​ផ្តល់​នូវ​ទំនុកចិត្ត​ខ្ពស់ ដល់​ពួកគេ​”​។

យោងតាម​របាយការណ៍ របស់​អង្គការ​ពលកម្ម​អន្តរជាតិ និង​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ ដែល​មាន​ចំណងជើង​ថា “​ហានិភ័យ​និង​រង្វាន់​៖ លទ្ធផល​នៃ​ការធ្វើ​ចំណាកស្រុក​កម្លាំង​ពលកម្ម នៅ​អាស៊ី​អាគ្នេយ៍​” បានសរសេរថា សេវាកម្ម​ផ្ទេរប្រាក់ (​ដូចជា Western Union) គឺជា ជម្រើស​ប្រើប្រាស់​ច្រើន​បំផុត សម្រាប់​ពលករ​ចំណាកស្រុក​កម្ពុជា (៤៤%) ដោយ​បាន​គូសបញ្ជាក់ អំពី​សារៈសំខាន់ នៃ​សេវាកម្ម​ផ្ទេរប្រាក់ ដែល​ប្រកបដោយ​ប្រសិទ្ធភាព​។

ចំណែក​របាយការណ៍​ស្តីពី​ការធ្វើ​ចំណាកស្រុក និង​ការផ្ទេរ​ប្រាក់​របស់​ធនា​គារ​ពិភពលោក​វិញ កម្ពុជា គឺជា​ប្រទេស​មួយ​ក្នុងចំណោម ប្រទេស​ទាំង ១០ នៅ​លំដាប់​លើ​គេ សម្រាប់ “​ការ​ផ្ញើ​ប្រាក់​មកឲ្យ​” នៅ​អាស៊ី​បូ​ព៌ា និង​ប៉ាស៊ីហ្វិក​នៅ​ឆ្នាំ ២០១៧៕

​អំពី​ក្រុមហ៊ុន Western Union ​ក្រុមហ៊ុន Western Union (NYSE: WU) គឺជា​អ្នក​នាំមុខគេ ក្នុង​ការផ្ទេរ​ប្រាក់​ឆ្លងកាត់​ប្រទេស​, ប្រព័ន្ធ​របស់​យើង​ត​ភ្ជាប់​ពី ឌីជីថល និង​ពិភព​ពិត និង​ធ្វើឱ្យ​វា​អាច​ធ្វើទៅបាន សម្រាប់​អតិថិជន និង​អាជីវកម្ម​ដើម្បី​ផ្ញើ និង​ទទួល​ប្រាក់ និង​ធ្វើឱ្យ​ការទូទាត់ ជាមួយនឹង​ល្បឿន​, ភាពងាយស្រួល និង​ភាព​ទុកចិត្ត​។ រហូតមកដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ បណ្តាញ​របស់ Western Union បាន​រួមបញ្ចូល​នូវ​ទីតាំង​ភ្នាក់ងារ​ជាង ៥៥០,០០០ កន្លែង​ដែល​ផ្តល់ជូន​នូវ​សេវាកម្ម​ម៉ាក Western Union, Vigo ឬ Orlandi Valuta នៅក្នុង​ប្រទេស​ជាង ២០០ ដែល​មាន​លទ្ធភាព​ផ្ញើ​ប្រាក់ ទៅ​រាប់ពាន់​លាន​គណនី​។

​លើសពីនេះ​ទៀត Westernunion.com ដែល​ជា​បណ្ដាញ​រីកចម្រើន​ឆាប់រហ័ស​បំផុត កាលពី​ឆ្នាំ ២០១៧ មាន​វត្តមាន​នៅក្នុង​បណ្តា​ប្រទេស​ជាង ៥០ ដើម្បី​ផ្ទេរ​ប្រាក់​នៅ​ជុំវិញ​ពិភពលោក​។ នៅ​ឆ្នាំ ២០១៧ Western Union ទទួលបាន​ការផ្ទេរ​ប្រាក់​លើសពី ៣០០ ពាន់​លាន​ដុល្លារ នៅក្នុង​ប្រាក់​ដើម នៅ​ក្នុង ១៣០ រូបិយប័ណ្ណ និង​បាន​ដំណើរការ ៣២ ប្រតិបត្តិការ​រៀងរាល់​វិនាទី នៅ​ទូ​ទាំង​គ្រប់​សេវាកម្ម​។ ជាមួយ​នឹង​ការរីកចំរើន​ពេញ​សកលលោក Western Union បាន​ផ្ដល់​សេវា​ផ្ទេរ​ប្រាក់​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ដែល​អាច​ភ្ជាប់​ទំនាក់​ទំនង គ្រួសារ មិត្តភក្តិ និង​អាជីវកម្ម ដើម្បី​ទទួលបាន​ហិរញ្ញវត្ថុ និង​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទស្សនា www.westernunion.com។

អំពី ធនាគារ​ឯកទេស វី​ង ​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូឌា​) លីមីត​ធី​ត គឺជា​អ្នកផ្តល់​សេវាកម្ម​ធនាគារ​តាម​ទូរស័ព្ទ​ចល័ត​ដំបូង​គេ​នៅ​កម្ពុជា​។ វី​ង​ជា​ធនាគារ​មួយ​ក្នុងចំណោម​ធនាគារ​ឯកទេស​មួយចំនួន​ក្នុង​ពិភពលោក​។ បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៩ ធនាគារ​ឯកទេស​វី​ង ផ្តល់ជូន​វី​ធី​សាស្ត្រ​ជាច្រើន​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការផ្ទេរ និង ទទួល​ប្រាក់​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​ដោយ​ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត​។

​ធនាគារ​ឯកទេស​វី​ង បាន​ប្តេជ្ញា​ផ្តល់​សេវា​ហិរញ្ញវត្ថុ តាមរយៈ​សេវាកម្ម​ហិរិញ្ញវត្ថុ តាម​ទូរស័ព្ទ​ចល័ត ទៅកាន់​អ្នក​មិន​មាន​គណនី​ធនាគារ​​និង​មិន​ស្ថិត​ក្នុង​បណ្តាញ​ធនាគារ ដោយ​ផ្តល់​ជូន​នូវ​ផលិតផល និង​សេវាកម្ម​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ដែល​ផ្តល់​លទ្ធភាព​ដល់​អតិថិជន​គ្រប់ៗ គ្នា​ក្នុង​ការទទួលបាន​សេវា​ដូច​ជា​ការផ្ទេរ​ប្រាក់​ក្នុងស្រុក ផ្ញើ​ប្រាក់​ពី​ក្រៅ​ប្រទេស​ភ្លាមៗ​ពី​ជាង ៥០​ប្រទេស បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ និង​បង់​វិក្ក​យ​ប័ត្រ​។

ភាពជោគជ័យ​របស់​ធ​នាគារ​វី​ង ត្រូវបាន​ទទួលស្គាល់​នៅពេល​ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា​ជា “​ធនាគារ​ទូទាត់​ចល័ត​ល្អ​បំផុត​នៅ​កម្ពុជា​” ក្នុង​កម្រិត​កិត្យានុភាព​នៃ​ពានរង្វាន់​ហិរញ្ញវត្ថុ និង​ធនាគារ​ជា​សាកល​ឆ្នាំ​២០១៧​។ ធនាគារ​វី​ង​នៅតែ​ជា​អ្នក​នាំមុខ​គេ​ក្នុង​ការ​ផ្តល់​​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការទូទាត់​ប្រាក់​ចល័ត​នៅក្នុង​ប្រទេស​កម្ពុជា ជាមួយនឹង​ការ​គ្របដណ្តប់​ក្នុងស្រុក​១០០% តាមរយៈ​បណ្តាញ​ទូទាំង​ប្រទេស​របស់​យើង​ដែល​មាន​សាខា​វី​ង​ចំនួន​ជាង ៦០០០ និង អាជីវករ​ជាង​២៥០០០ និង​ចង​សម្ព័ន្ធ​ភាព​ជា​ក្រុមហ៊ុន​នាំមុខ​ឧស្សាហកម្ម​ជា​សាកល រួមមាន កាត​ឥណទាន​អន្តរជាតិ​តាម​អន​ឡាញ (Online Mastercard) និង​ក្រុម​ហ៊ុន WorldRemit​។

ធនាគារ​ឯកទេស​វី​ង​ក៏​ផ្តល់ជូន​នូវ​ហិរញ្ញវត្ថុ និង​ដំណោះស្រាយ​ទូទាត់ ដល់​វិស័យ​សាជីវកម្ម​តាមរយៈ​សេវាកម្ម​សហគ្រាស​របស់​យើង​។ ជាមួយ វី​ង សហគ្រាស​ខ្នាត​តូច និង​មធ្យម (SMEs)​ព្រម​ទាំង​ក្រុមហ៊ុន​នានា​អាច​ប្រើប្រាស់​សេវា​បើកប្រាក់​បៀវត្ស និង​សេវា​ទូទាត់​ប្រាក់​ឲ្យ​បុគ្គលិក​របស់​ពួកគេ​ដែល​ជួយ​ដល់​កំណើន និង​ភាព​រីកចម្រើន​នៃ​ប្រព័ន្ធ​អេកូ​ទូទាត់​ប្រាក់​៕ ​ដោយ​ ៖​ កូឡាប​

spot_img
×