Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ប្រាប់​ទូត​អាមេរិក​ថា កម្ពុជា​មិន​អនុញ្ញាត ឲ្យមាន​វត្ត​មានទ័ព​បរទេស នៅលើ​ដី​ខ្លួន​

spot_img

​ភ្នំពេញ ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានបញ្ជាក់​ថា “​នៅ​រសៀល​ថ្ងៃ​នេះ ខ្ញុំ​បាន​ទទួល​ជួប ឯកឧត្តម William A. Heidt, ឯកអគ្គរដ្ឋទូត​របស់​សហរដ្ឋអាមេរិ​ក​ប្រចាំ​កម្ពុជា ជម្រាបលា ក្នុងឱកាស​ដែល​ឯកឧត្តម បានបញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា ។ ខ្ញុំ​ក៏​បាន​រៀបចំ​អាហារ ពេល​ល្ងាច​សម្រាប់​គាត់ ហើយ​យើង​បាន​ពិភាក្សា​គ្នា​លើ​ប្រធានបទ​ផ្សេងៗ “​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែង​ប្រាប់​ភាគី​អាមេរិក​ថា រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា មិន​អនុញ្ញាត​ឲ្យមាន​វត្តមា​ន កងទ័ព​បរទេស នៅលើ​ទឹកដី​របស់​កម្ពុ​ជា ហើយក៏​មិន​អនុញ្ញាត ឲ្យ​កងទ័ព​កម្ពុជា នៅលើ​ដី​ប្រទេស​ដទៃ​នោះដែរ លើកលែងតែ​បេសកកម្ម​មនុស្សធម៌ ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ​។​

​បន្ទាប់​បញ្ចប់​កិច្ចប្រជុំ លោក កេត សុផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ប្រាប់​ក្រុម​អ្នកព័ត៌មាន​ថា នៅ​ក្នុង​កិច្ចពិភាក្សា​នោះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បញ្ជាក់​ជា​ថ្មី ពាក់ព័ន្ធ​ការចុះផ្សាយ​ព័ត៌មាន​បរទេស ដែល​ចោទ​កម្ពុជា ផ្តល់​មូលដ្ឋាន​ឲ្យ​កងទ័ព​បរទេស​។ ជាពិសេស​លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើកយក​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បង្ហាញ​ពី​ជំហរ​របស់​កម្ពុជា​លើ​បញ្ហា​នេះ​ជូន​លោក William Heidt ផងដែរ​។​

​លោក កេត សុផាន់ បានបញ្ជាក់​ថា “​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​រំលឹក​ផងដែរ ព្រោះ​ថ្មីៗ​នេះ​មាន​ព័ត៌មាន ចុះផ្សាយ​ពី​មូលដ្ឋាន យោធា​នៅ​កម្ពុជា​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាប​ផងដែរ ពី​ប្រសាសន៍​សម្តេច​នាយករដ្ឋមន្ត្រី គឺ​កម្ពុជា​អនុវត្តន៍​យ៉ាង​ម៉ឹងម៉ាត់ តាម​រដ្ឋធម្មនុញ្ញ ដែល​មិន​អនុញ្ញាត ឲ្យមាន​មូលដ្ឋាន​យោធា​បរទេស ឬ​មួយ​បញ្ជូន​យោធា របស់ខ្លួន ទៅ​បរទេស​ទេ​។ លើកលែងតែ ក្រោម​ក្របខ័ណ្ឌ​របស់​អង្គការសហប្រជាជាតិ​”​។​

​ក្នុងជំនួប​ជម្រាបលា​នៅ​រសៀល​ថ្ងៃ​នេះ លោក William Heidt បាន​ថ្លែងអំណរគុណ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែល​តែង​ផ្តល់​ការស្វាគមន៍ និង​បើកចំហរ​ជួបពិភាក្សា​ជាមួយ​លោក និង​ជួយ​សម្របសម្រួល ឲ្យ​បេសកកម្ម​ការងារ របស់លោក នៅ​កម្ពុជា​ទទួល​បាន​ជោគជ័យ​។​

​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏​បាន​ថ្លែង​កោតសរសើរ​ចំពោះ កិច្ច​ខិតខំ​ប្រឹង​របស់​លោក William Heidt ដែល​បាន​ប្រឹងប្រែង ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​លើ​បញ្ហា​សេដ្ឋកិច្ច ការជំរុញ​ឲ្យមាន​ប្រព័​ន្ធ​អនុគ្រោះ​ពន្ធ​ទំនិញ ចូល​ទៅ​អាមេរិក​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​អរគុណ​អាមេរិក ដែល​បាន​ផ្តល់​ជំនួយ ក្នុងការ​បោសសំអាត​មីន​នៅ​កម្ពុជា​។ នៅក្នុង​ជំនួប​នោះ​ភាគី​ទាំងពីរ ក៏​បាន​ពិភាក្សា​លើ​ការបញ្ជូន ជនអន្តោប្រវេសន៍ របស់​កម្ពុជា កំពុង​រស់នៅ​លើ​ទឹកដី​អាមេរិក ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ​។​

​ភាគី​ទាំងពីរ​ក៏​បាន​បង្ហាញ ជំហ​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម ការជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​៕ ដោយ ​៖ ​រចនា

spot_img
×