Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការ​អប់រំ នៃ​រដ្ឋសភា បាន​ជំរុញ​ក្រសួង​អប់រំ អនុវត្ត​គោលនយោបាយ​អប់រំ ឲ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ឆ្លើយតប​សេចក្តីទុកចិត្ត​របស់​ព​ល​រដ្ឋ​

spot_img

​ភ្នំពេញ ​៖ កិច្ចប្រជុំ​រវាង​គណៈកម្មកា​រ​ទី​៧​នៃ​រដ្ឋសភា ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវបាន​រៀបចំឡើង​ដើម្បី​ធ្វើ​កិច្ច​ពិភាក្សា​លើ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៤ និង​គោលនយោបាយ​ស្តីពី​សាលា​រៀន​ជំនាន់​ថ្មី​។​

​កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​ការដឹកនាំ​លោក​បណ្ឌិត​សភា​ចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា នា​រសៀល​ថ្ងៃ​ចន្ទ ទី​១៩​ខែវិច្ឆិកា នៅ​សាលសន្និសីទ​បាយ័ន នៃ​វិមាន​រដ្ឋ​សភា​។ ក្នុង​ឱកាស​នោះ ក៏​មាន​ការ​ចោទ​សំណួរ និង​ផ្ដល់​ចម្លើយ ដោយ​សមាជិក​រដ្ឋសភា និង​ឯកឧត្តម​រដ្ឋមន្ត្រី​ផងដែរ​។​

​ជំនួប​ពិភាក្សា បាន​ទទួលស្គាល់​និង​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​របស់​ក្រសួង​អប់រំ ដែល​ធ្វើឲ្យ​មាន​វឌ្ឍនភាព​ជាច្រើន​ក្នុង​វិស័យ​អប់រំ នា​ពេលកន្លងមក​ដែល​មាន​ការកែទម្រង់​ជា​លក្ខណៈ​ប្រព័ន្ធ តាមរយៈ​ការរៀបចំ​កម្មសិក្សា​ថ្មី កំណែទម្រង់​ការប្រឡង​គ្រប់​កម្រិត ជាពិសេស​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ការរៀបចំ​ការបណ្តុះបណ្តាល ការរៀបចំ​គន្លង​អាជីព​របស់​គ្រូបង្រៀន និង​គំនិត​ផ្តួចផ្តើម​សាលា​ជំនាន់​ថ្មី ជាដើម​។​

​កិច្ចប្រជុំ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយ​គណៈកម្មការ​ជំនាញ​រដ្ឋសភា ដែល​ទទួល​បន្ទុក​វិស័យ​អប់រំ​នេះ បាន​ផ្តោត​លើ​របៀប​វារៈ​សំខាន់ៗ​មួយចំនួន ដូចជា ទី​១ យុទ្ធសាស្ត្រ​កែទម្រង់​ការគ្រប់គ្រង​វិស័យ​អប់រំ ដើម្បី​លើកកម្ពស់​ភាព​ជា​ពលរដ្ឋ​មាន​គុណ​ភាព​នៅ​កម្ពុជា ដែល​មាន​យុទ្ធសាស្ត្រ​គោល ៤​ចំណុច គឺ កំណែ​ទម្រង់ការ​គ្រប់គ្រង ការសិក្សា កំណែ​ទម្រង់ការ​គ្រប់ គ្រង​រដ្ឋបាល​។ ទី​២ កំណែទម្រង់​ការអភិវឌ្ឍ​យុវជន ដែល​ផ្តល់​ឱកាស​ឲ្យ​យុវជន​ទទួលបាន​ការអប់រំ ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​លើកទឹកចិត្ត​ដល់​យុវជន​ឲ្យមាន​គំនិត​ច្នៃប្រឌិត​លើ​ជំនាញ​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​ទស្សនាទាន​របស់​រាជរដ្ឋាភិបាល “​យុវជន​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត​”​។ ទី​៣ យុទ្ធសាស្ត្រ​កំណែទម្រង់​ការអភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា តាមរយៈ​ការអភិវឌ្ឍ​ក្របខ័ណ្ឌ​ច្បាប់ ការអភិវឌ្ឍ​កីឡា​កម្រិត​ខ្ពស់ អភិវឌ្ឍ​កីឡា​សម្រាប់​ទាំងអស់គ្នា អភិរក្ស​និង​អភិវឌ្ឍ​កីឡា​គ្រប់​ប្រភេទ និង​អភិវឌ្ឍ​ឧស្សាហកម្ម​កីឡា​។​

​ក្នុង​ជំនួប​នេះ លោក ហ៊ុន ម៉ា​នី បាន​លើកឡើង​ថា ការរៀបចំ​គោលនយោបាយ គ្រប់​ជ្រុងជ្រោយ ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ ចតុកោណ​​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​គឺជា​កត្តា​សំខាន់ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​លទ្ធផល​ជា​ផ្លែផ្កា នៃ​ការអនុវត្ត​គោលនយោបាយ​នោះ ធ្វើ​យ៉ាងណា​ដើម្បី​បំពេញ​សេចក្តីត្រូវការ ក្តីសង្ឃឹម និង​ភាពជឿជាក់​ដល់​ម្ចាស់ឆ្នោត ដែល​បាន​ផ្តល់​សេចក្តី​ទុកចិត្ត តាមរយៈ​ការបោះឆ្នោត ជូន​រាជរដ្ឋាភិបាល​ដឹកនាំ​ប្រទេសជាតិ​បន្តទៀត​។​

​ជំនួប​ពិភាក្សា​ការងារ រវាង​គណៈកម្មការ​ជំនាញ​រដ្ឋសភា និង​ក្រសួង​អប់រំ យុវជន និង​កីឡា នាពេលនេះ ត្រូវបាន​ចាត់ទុក​ថា ជា​វេទិកា​សន្ទនា ដ៏​មាន​ប្រសិទ្ធភាព​មួយ ក្នុង​ការសហការ កែលម្អ និង​ជំរុញ​ការអនុវត្ត​ការងារ ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា ឲ្យ​កាន់តែ​ប្រសើរ​​​ឡើង ដើម្បី​បំពេញ សេចក្តីត្រូវការ​របស់​ម្ចាស់ឆ្នោត ជា​ពិសេស​យុវជន លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​អប់រំ មាតា បិតា អាណាព្យាបាល​សិស្ស ក៏ដូចជា​សង្គមជាតិ​ទាំងមូល​៕​ ​ដោយ ​៖ ​កូឡាប​

  

spot_img
×