Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពល​ការិនី​កម្ពុជា​នៅ​បរទេស អាច​រក​ប្រាក់​ចំណូល​បន្ថែម ថែម​ទាំង​ទាំង​ទទួលបាន នូវ​ជំនាញ បទពិសោធន៍ ចំណេះដឹង​ភាសា​

spot_img

ភ្នំពេញ ​៖ បច្ចុប្បន្ន​ប្រទេស​កម្ពុជា បាន​បញ្ជូន​ពលករ ទៅ​បម្រើ​ការងារ នៅ​បរទេស​បាន​ចំនួន​៦ ប្រទេស​គឺ ប្រទេស​ថៃ សាធារណរដ្ឋ​កូរ៉េ ម៉ាឡេស៊ី ជប៉ុន និង​សឹង្ហ​បូរី និង​ហុងកុង ដែល​មាន​ពលករ​សរុប​ចំនួន​ប្រមាណ ១​លាន​២​សែន​នាក់​។ ហើយ​កន្លងមក ពួកគាត់​បាន​ផ្ញើ​ថវិកា​មក​កម្ពុជា ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព ក្រុមគ្រួសារ​របស់​ពួកគាត់ ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ ក្នុង​១​ឆ្នាំៗ​។ នៅ​ពេល​បញ្ចប់​កិច្ចសន្យា​ការងារ និង​វិលត្រឡប់​មក​កម្ពុជា​វិញ ពួកគាត់​នឹង​ក្លាយ​ជា​ធនធានមនុស្ស ដ៏​សំខាន់ ក្នុង​ការចូលរួម អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ពីព្រោះ​តាម​រយៈ ការធ្វើ​ការងារ​នៅ​បរទេស ពួកគាត់​មិន​ត្រឹមតែ​អាច​រក​ប្រាក់ចំណូល បាន​បន្ថែម​ទេ ថែម​ទាំង​ទាំង​ទទួលបាន នូវ​ជំនាញ បទពិសោធន៍ ចំណេះដឹង​ភាសា និង​របៀបរបប​រស់​នៅ ក្នុង​ប្រទេស​អភិវឌ្ឍន៍​ទៀតផង​។​

​ថ្លែង​ក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​ក្រុមហ៊ុន INTERNATIONAL EASY REACH CO., LTD ​ជា​ក្រុមហ៊ុន​ដែល​ធ្វើ​ការជ្រើសរើសបណ្តុះ បណ្តាល គ្រប់គ្រង និង​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង នា​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ស្នើ​ដល់​ក្រុមហ៊ុន​មួយ​នេះ ត្រូវ​បន្ត​ការយកចិត្តទុកដាក់ ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ធ្វើ​យ៉ាងណា​សម្របសម្រួល​នាំ​ចេញ​ពលករ​ទៅ​កាន់​ទីក្រុង​ហុងកុង ប្រកបដោយ​ជោគជ័យ ដោយ​គោរព​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព ផា​សុកភាព ភាពត្រឹមត្រូវ សេចក្តីថ្លៃថ្នូ ពិសេស​ការធានាបាន​នូវ​លក្ខ ខណ្ឌ​ការងារ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ជូន​ដល់​បងប្អូន​ពល​ការិនី​កម្ពុជា ដែល​នឹង​ចេញ​ទៅ​បម្រើ​ការងារ​ជា​ជំនួយការ​ផ្ទះ​នៅ​ទីក្រុង​ហុងកុង នាពេល​ខាងមុខ​ឆាប់ៗ​នេះ​។​

​លោក អ៊ិត សំហេង បាន​ប្រសាសន៍​លើកឡើងថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​បាន​ដាក់ចេញ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ពិសេស​ការបន្ត​ពង្រឹង​អភិបាលកិច្ច​ទេសន្តរប្រវេសន៍​ការងារ និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​រ​ពហុភាគី និង​ទ្វេរ​ភាគី ដើម្បី​បើកទូលាយ​ទីផ្សារការងារ​ស្របច្បាប់ នៅ​ក្រៅប្រទេស​, ទប់ស្កាត់​ទេស​សន្តរ​ប្រវេសន៍​ការងារ​ដោយ​ខុសច្បាប់​, លើកកម្ពស់​ការ​គាំពារ​សិទ្ធិ និង​ផលប្រយោជន៍ សុខភាព និង​សុវត្ថិភាព​ការងារ​, កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ពល​ក​រ ការផ្តល់​ការសម្របសម្រួល​ទំនាក់ទំនង​ជាមួយ​គ្រួសារ និង​ការធ្វើសមាហរណកម្ម​ពល​ករ​ទេសន្តរប្រវេសន៍ ដែល​ធ្វើ​មាតុភូមិ​និវត្ត តាមរយៈ​ការទទួលស្គាល់​ជំនាញ​, ការផ្ទេរ​របប​សន្តិសុខ​សង្គម​មក​ក្នុងប្រទេស​,​ការផ្តល់​ប្រឹក្សា​ការងារ​ធ្វើ និង ការបង្កើត​មុខរបរ ដោយ​ខ្លួនឯង​។​

​ជាក់ស្តែង ដើម្បីឱ្យ​ការបញ្ជូន​ពល​ការិនី​ជំនួយការ​ផ្ទះ​ទៅ​ធ្វើការ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ទទួលបាន​ជោគជ័យ សម្រាប់​ដំណាក់កាល​សាកល្បង​ដំបូង នៅ​ឆ្នាំ​២០១៧​កន្លងទៅនេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​ជាមួយ​សមាគម​អភិវឌ្ឍ​ធនធាន​មនុស្ស​កម្ពុជា​នៅ​ហុងកុង ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​ការផ្តល់​សេវា​គាំពារ និង​សេវា​គាំទ្រ​នានា​សម្រាប់​ពល​ការិនី​ជំនួយការ​ផ្ទះ និង​ផ្សព្វផ្សាយ​ណែនាំ​អំពី​ពល​ការិនី​ជំនួយការ​ផ្ទះ​កម្ពុជា​ទៅដល់​និយោជក​ហុងកុង​។ សព្វថ្ងៃ​នៅ​ទីក្រុង​ហុងកុង​មាន​ពលករ​បរទេស​បម្រើ​ការងារ​ផ្ទះ មាន​ចំនួន​ប្រហែល ៣៥៧.០០០​នាក់ ភាគច្រើន​ជា​ជនជាតិ​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី ដោយ​ពួកគេ​ទទួលបាន​សិទ្ធិ និង​លក្ខខណ្ឌ​ការងារ​ដូច​ពលករ​ហុងកុង​ដែរ ដោយ​រួមមាន​៖

ការ​ឈប់សម្រាក​ប្រចាំ​សប្តាហ៍ ការ​ឈប់សម្រាក​ប្រចាំឆ្នាំ ដោយ​មាន​ប្រាក់​ឈ្នួល ចំនួន​៧ ថ្ងៃ ទៅ​១៤​ថ្ងៃ ក្នុង​១​ឆ្នាំ ការឈប់​សម្រាក លំហែ​មាតុ​ភាព ចំនួន​១០​សប្តាហ៍ ការធានារ៉ាប់រង​ពេល​មាន​ជំងឺ ផ្តល់​បន្ថែម​ប្រាក់​លើកទឹកចិត្ត​សម្រាប់​ពលករ​ដែល​បម្រើ​ការងារ​យូរ​ឆ្នាំ​។​

រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង បាន​ដាក់​ឲ្យមាន​នូវ​កិច្ចសន្យា​ការងារ​ស្តង់ដារ សម្រាប់​គាំពារ​បន្ថែម​ជូន​ដល់ ពលករ​បរទេស​បម្រើ ការងារ​តាម​ផ្ទះ រួមមាន​ប្រាក់​បៀវត្សរ៍​ទាប​បំផុត​ត្រឹម ប្រមាណ​៥៧០​ដុល្លារ​អាមេរិក ដែល​នឹង​ត្រូវ​ត្រួតពិនិត្យ​ឡើងវិញ​ជា​ទៀងទាត់ ការ​ផ្តល់​អាហារ ឬ​ប្រាក់​ហូបចុក​ចំនួន ១៣៣​ដុល្លារ​អាមេរិក ក្នុង​១​ខែ ការ​ស្នាក់​នៅ​សមរម្យ​ដោយ​មិន​គិតថ្លៃ ការ​ចេញ​ថ្លៃ​សំបុត្រ​យន្តហោះ​ត្រឡប់មកវិញ និង​ការព្យាបាល​ជំងឺ​ដោយ​មិន​គិតថ្លៃ​។​ល​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×