Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាពអឺរ៉ុប ឧបត្ថម្ភទូកចែវនារី នៅក្នុងព្រះរាជពិធី បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ ឆ្នាំ២០១៨

spot_img

ភ្នំពេញ៖ សហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភ ទូកចែវនារីមួយគ្រឿង ដើម្បីចូលរួម នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ ដែលប្រារព្ធធ្វើឡើង ក្នុងរាជធានីភ្នំពេញ ចាប់ថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការឧបត្ថម្ភនេះ ផ្តល់ជាសម្ភារៈ និងអាហារ សម្រាប់ក្រុមកីឡាករទូកចែវនារី ឈ្មោះ ព្រះពៃស្រពណ៌ ដោយមានកីឡាករនារី ចំនួន ៤២ នាក់ មកពីភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ សហភាពអឺរ៉ុប ក៏ឧបត្ថម្ភការស្នាក់នៅ និងការហាត់សម របស់ទូកចែវនារី ព្រះពៃស្រពណ៌ មុនពេលចូលប្រកួតផងដែរ នៅក្នុងព្រឹត្តិការណ៍ ដែលមានរយៈពេលបីថ្ងៃនេះ។
ឯកអគ្គរដ្ឋទូត George Edgar ប្រធានប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា “ក្នុងនាមជាដៃគូអភិវឌ្ឍន៍ ដ៏សំខាន់មួយ របស់រាជរដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុប មានសេចក្តីរីករាយ យ៉ាងខ្លាំងដែល បានគាំទ្រប្រពៃណី វប្បធម៌ ដ៏សំខាន់នេះ របស់ប្រទេសកម្ពុជា ព្រមទាំងកិច្ចខិតខំ ប្រឹងប្រែងនានា ដើម្បីឲ្យស្ត្រី នៅមូលដ្ឋាន ក្នុងប្រទេសកម្ពុជា បានចូលរួមការអភិវឌ្ឍ ដើម្បីភាពស្មើគ្នាក្នុងសង្គម”។
ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ ក៏ជាផ្នែកមួយ យ៉ាងសំខាន់ផងដែរ នៅក្នុងវប្បធម៌ របស់ប្រទេសកម្ពុជា ហេតុនេះ ព្រះរាជពិធីនេះ មានសារៈសំខាន់ ជាពិសេសសម្រាប់យើង នៅឆ្នាំនេះ ពីព្រោះថា ឆ្នាំនេះត្រូវបានជ្រើសរើស ជាឆ្នាំ នៃកេរដំណែលវប្បធម៌អឺរ៉ុប។
ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ គឺជាព្រឹត្តិការណ៍ វប្បធម៌ប្រចាំឆ្នាំ ធំបំផុតរបស់ប្រទេសកម្ពុជា ដោយទាក់ទាញមនុស្ស រាប់លាននាក់ មករាជធានីភ្នំពេញ។ ជាផ្នែកមួយ នៃការឧបត្ថម្ភរបស់យើង សហភាពអឺរ៉ុប ក៏ឆ្លៀតយកឳកាស ដ៏ពិសេសនេះ ដើម្បីជួយផ្សព្វផ្សាយ សារអំពីអំពើហិង្សា លើស្ត្រី និងកុមារី។ អាវយឺត ដែលពាក់ដោយកីឡាករនារី មានសារសរសេរថា “និយាយថា ទេ ចំពោះអំពើហិង្សាលើស្ត្រី”។
សហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា មានមោទនភាព គាំទ្រគម្រោងនានា ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ ជីវភាពរបស់ប្រជាជនកម្ពុជា។ គម្រោងនានា ដែលឧបត្ថម្ភ ដោយសហភាពអឺរ៉ុប ចាប់ពីវិស័យនេសាទ អប់រំ កសិកម្ម ការប្រែប្រួលអាកាសធាតុ ជំនួយពាក់ព័ន្ធ នឹងពាណិជ្ជកម្ម រហូតដល់ការលើកកម្ពស់ អភិបាលកិច្ចល្អ និងសិទ្ធិមនុស្ស កំពុងតែផ្តល់ប្រយោជន៍ ដល់ប្រជាជនកម្ពុជា រាប់លាននាក់។

លោកទូត បានថ្លែងថា “មូលហេតុ២ ដែលសហភាពអឺរ៉ុប ឧបត្ថម្ភ ក្នុងពិធីបុណ្យនេះ ដោយសារឆ្នាំនេះ ជាឆ្នាំកេរដំណែល សហភាពអឺរ៉ុប ដែលមានសកម្មភាព ជាច្រើននៅកម្ពុជា ហើយពិធីបុណ្យអុំទូកនេះ ជាទិវាវប្បធម៌ ដ៏សំខាន់មួយរបស់កម្ពុជា ។ យើងបានធ្វើការងារជាច្រើន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងអង្គការផ្សេងៗ ដើម្បីគាំនារី និងលើកកម្ពស់សិទ្ធិ លទ្ធភាពនារី និងលើកកម្ពស់សិទ្ធិមនុស្ស។ ហេតុដូច្នេះហើយ ទើបសហភាពអឺរ៉ុប ឧបត្ថម្ភទូកនារី”។

លោកអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាអនុប្រធាន អនុគណៈកម្មការខេត្តដឹកនាំទូក បានបញ្ញាក់ថា ទូកចែវនារីព្រះ ពៃស្រពណ៌ ជារៀងរាល់ឆ្នាំ តែងប្រកួតបានលេខ១ ក្នុងផែនលេខ១ ចំនួន១៤ដង និងក្នុងផែនលេខ២ ចំនួន៣ដង ជាពិសេសជាប់ចំណាត់ថ្នាក់ សោភ័ណភាពល្អ ហើយសង្ឃឹមថា ឆ្នាំនេះទទួលបាន ចំណាក់ថ្នាក់ល្អ ក្នុងផែនលេខ១ទៀត។ លោកបានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋ និងជាពិសេស បងប្អូនកីឡាករ កីឡាការិនីទូក ទាំងអស់ សូមគោរពឲ្យបាន នូវបទបញ្ជារបស់ គណៈកម្មការប្រណាំងទូក ប្រកបដោយសេចក្តីថ្លៃថ្នូរ៕ ដោយ៖កូឡាប

spot_img
×