Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូក​ឈ្មោះ កោះកែ​សែន​ជ័យ​បារមី​ព្រះអង្គ​ខ្មៅ មកពី​ខេត្ដ​ព្រះវិហារ ជាប់​ចំណាត់ថ្នាក់​លេខ​១ ល្បឿន​លឿន​ជាងគេ​

spot_img

​ភ្នំពេញ ​៖ បន្ទាប់ពី​បញ្ចប់​ការប្រណាំង​ទូកង​៣​ថ្ងៃ​នៅ​ទន្លេចតុមុខ មុខ​ព្រះបរមរាជវាំង គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្ដរជាតិ បានប្រកាសថា ទូក​ឈ្មោះ កោះកែ​សែន​ជ័យ​បារមី​ព្រះអង្គ​ខ្មៅ មកពី​ខេត្ដ​ព្រះវិហារ ឧបត្ថម្ភ​ដោយ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀន អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស និង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​។​

​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​កីឡាករ​ទូក នា​យប់​ថ្ងៃទី​២៣​វិច្ឆិកា​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បាន​ថ្លែងថា “​ទូកង កោះកែ​សែន​ជ័យ​បារមី​ព្រះអង្គ​ខ្មៅ មកពី​ខេត្តព្រះវិហារ ជាប់​ចំណាត់ថ្នាក់​លេខ​១ ល្បឿន​លឿន​ជាងគេ ទូទាំងប្រទេស​កម្ពុជា ក្នុង​រយៈពេល​៣​ថ្ងៃ ដែលមាន​លោកពូ​របស់ខ្ញុំ ឯកឧត្តម អ៊ុន ចាន់​ដា ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ ។​

​ទូក​ឈ្មោះ កោះកែ​សែន​ជ័យ​បារមី​ព្រះអង្គ​ខ្មៅ មកពី​ខេត្តព្រះវិហារ មាន​ចំណុះ​៧៧​នាក់ ដែល​ប្រើ​ថេរវេលា​សរុប ២៧​នាទី​:២៣​វិនាទី​”​។​

​លោក​អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ បាន​ឲ្យ​ដឹងថា កម្លាំង​សាមគ្គី​ពិតជា​ឈ្នះ សូម​អរគុណ​ដល់​ក្រុមការងារ និង​ក្រុម​កីឡាករ​ទូកង ខេត្តព្រះវិហារ ។ សូម​អរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​គ​ត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​បាន​ឧបត្ថម្ភ គាំទ្រ​យ៉ាង​ពេញទំហឹង នាំមក​នូវ​ជ័យជំនះ ដ៏​ត្រចះត្រចង់​ដល់​ទូកង កោះកែរ​សែន​ជ័យ​បារមី​ព្រះអង្គ​ខ្មៅ ខេត្តព្រះវិហារ ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ទូទាំងប្រទេស​ក្នុង​ឆ្នាំ​២០១៨​នេះ​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្ដរជាតិ បាន​ឲ្យ​ដឹង​ទៀតថា ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​ទូក​ឈ្មោះ សារាយ​តេ​ជោ​សែន​ជ័យ មកពី​ខេត្តកណ្ដាល មាន​ចំណុះ​៧៧​នាក់ ឧបត្ថម្ភ​ដោយ សម្ដេច​តេ​ជោ ហ៊ុន សែន និង​លោក គុណ ញឹម និង​ចំណាត់ថ្នាក់​លេខ​៣ ទូក​ឈ្មោះ សម្ដេច​វិបុល​បញ្ញាបារមី​មានជ័យ មកពី​ខេត្តតាកែវ មាន​ចំណុះ​៧៥​នាក់ ឧបត្ថម្ភ​ដោយ លោក សុខ សូ​កាន​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង និង​លោក អ៊ុន ចាន់​ដា ដែលជា​ម្ចាស់​ឧបត្ថម្ភ​ដល់​ទូក​ដែល​ទទួលបាន​ជ័យជម្នះ​លេខ​១ សម្រាប់​ការប្រកួត​នៅ​ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​ទទួលបាន​ទាន​រង្វាន់​ភ្លាមៗ នៅ​យប់​ថ្ងៃទី​២៣ ខែ វិច្ឆិកា​នេះ បាន​ជួប​សំណេះសំណាល​លើកទឹកចិត្ត កោតសរសើរ និង​ផ្ដល់​រង្វាន់​បន្ថែមទៀត ជូន​ដល់​កីឡា​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រហូត​ទទួលបាន​ចំណាត់ថ្នាក់​នេះ​។​

​សូមជម្រាបថា ពិនិត្យ​ជារួម​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ថ្ងៃទី​៣​នេះ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ មាន​ភាពល្អប្រសើរ ខណៈ​មាន​ប្រជាពលរដ្ឋ​មក​ចូលរួម​កំសាន្ត​សប្បាយ​ប្រមាណ​ជា​២​លាន​នាក់​។​

​បើ​យោង​របាយការណ៍​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ឌឿ​ន ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មការ​ការពារ បាន​ឲ្យ​ដឹងថា ថ្ងៃ​ចុងក្រោយ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ បាន​ប្រព្រឹត្ត​ទៅដោយ​ល្អប្រសើរ និង​មាន​អ្នកចូលរួម​ទស្សនា​ប្រមាណ​៩០​ម៉ឺន​នាក់ គិតពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៣ ខែវិច្ឆិកា​។ នៅ​ថ្ងៃ​ចុងក្រោយ​នេះ មាន​ទូក​ចូលរួម​ប្រកួត​ចំនួន​២៩៥​ទូក រួមមាន​៖ ទូក​អុំ​ចំនួន​១៦៤​ទូក ស្រី​១​ទូក ទូក​ចែវ​ចំនួន​៣៣​ទូក ស្រី​១​ទូក ទូក​អន្តរជាតិ​ចំនួន​៩៨​ទូក ស្រី​២​ទូក និង​ចំណុះ​ទូក​ចំនួន​សរុប​១៩.០១៧​នាក់ ស្រី​១៤១​នាក់​៕ ដោយ​៖​កូ​ឡាប​

​សូម​អាន​ខ្លឹមសារ​លម្អិត នៃ​តារាង​លទ្ធផល​ផ្លូវការ​នៅ​ខាងក្រោម​នេះ ​៖​

spot_img
×