Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក កែវ រ៉េមី បាន​ត្អូញត្អែរថា ពេលនេះ ពិបាក​ជាង​មុន ក្នុង​ការសុំ VISA ទៅលេង​កូន​នៅ​សហរដ្ឋអាមេរិក​

spot_img

​ភ្នំពេញ​ ៖ លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក​របស់​លោកថា ពីមុន​រាល់​ការ សុំ​ទិដ្ឋាការ​ទៅ​អាមេរិក មិន​ពិបាក​ទេ តែ​ថា​ពេលនេះ ប្លែក​គឺ​ពន្យារពេល​រហូត​ដល់​៣​សប្តាហ៍​។​

​លោក កែវ រ៉េមី នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ កំពុងតែ​សម្ដែង​ការងឿងឆ្ងល់​ថា ហេតុអ្វី​បាន​លោក​សុំ​ទិដ្ឋាការ (Visa) ទៅ​សហរដ្ឋអាមេរិក ដើម្បី​ទៅ​លេង​កូន​មិន​បាន ហើយ​ចោទសួរ​ថា “​តើ​សិទ្ធិមនុស្ស​នៅឯណា​?”​។​

​លោក កែវ រ៉េមី បាន​លើកឡើង​ទៀត​ថា កាលពីពេល​កន្លង​ទៅ​លោក​ស្នើ​សុំ​ទិដ្ឋាការ មិន​ដែល​ខកខាន​នោះ​ទេ ប៉ុន្ដែ​អ្វី​បាន​ជា​ពេល​នេះ​ប្លែក​គេ​ពន្យារពេល​រហូត​ដល់​៣​សប្ដាហ៍ ទើប​បញ្ជាក់ឲ្យ​ទិដ្ឋាការ ឬ​មិន​ឲ្យ​ទិដ្ឋាការ ខណៈ​ដែល​មកដល់​ថ្ងៃនេះ​ជិត​១០​ថ្ងៃ​ទៅ​ហើយ នៅ​ឡើយ​មិន​ទាន់​ទទួលបាន​ដំណឹង​។​

​លោក បានសរសេរថា “​នឹង​កូន​ពេក រត់​ទៅ​សុំ VISA អាមេរិក ។ ពីមុន​សុំ​បានៗ តែ​ពេល​នេះ​ប្លែក គេ​ពន្យារពេល​៣​សប្តាហ៍ ថា​ឲ្យ​ឬ​មិនឲ្យ​។ ចូល​ជិត​១០​ថ្ងៃ​ហើយៗ​នៅ​មិនទាន់​ទទួលដំណឹង​។ នៅសល់តែ​២​ថ្ងៃ​ទៀត ទោះជា​ឲ្យ​ក៏​ទៅ​មិនបាន​ដែរ ពី​ព្រោះ​រវល់​ខ្លាំង​។ សិទ្ធិមនុស្ស​នៅ​ឯណា​?” ។

​ប៉ុន្ដែ​ទោះជា​យ៉ាងណា លោក កែវ រ៉េមី មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​អ្វី​នោះ​ទេ បាន​ជា​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា មិន​បាន​ផ្ដល់​ទិដ្ឋាការ​ជូន​រូបលោក យ៉ាង​ដូច្នេះ ខណៈ​រាល់​លើក​មិន​ដែល​មាន​បញ្ហា​បែប​នេះ​ឡើយ​។​

​លោក​បាន​សរសេរ​បន្ត​ថា “​មាន​បងប្អូន​យើង​មួយចំនួន​តូច​ដែល​មិន​បានដឹង​: ១ -​គ្រួសារ​ខ្ញុំ​ទៅ​នៅ​អាមេរិក ដោយសារ​គេច​ពី​សង្គ្រាម ក្រោយ​ឆ្នាំ ១៩៧៩​។ ២ – ចោទ​ខ្ញុំ​ពុករលួយ​គឺ​ខុស​។ កូន​ខ្ញុំ​រៀន​ចប់​ដោយសារ​ខ្ចី​លុយ​ក្នុង​សាលា ពេល​រៀន​ចប់​ត្រូវ​សង​គេ​វិញ​។ នេះ​ក៏​ជា​ចំណុច ដែល​គាត់​បាន​និង​បន្ត ធ្វើការ​នៅ​អាមេរិក​បន្តទៀត ។ ពេល​សង​អស់ គាត់​នឹង​ត្រឡប់​មក​ខ្មែរ​វិញ ពីព្រោះ​ជា​ប្រទេស​យើង​។ ៣ – នៅ​ឆ្នាំ ១៩៩៨, អាមេរិក​បាន​ផ្តល់​សញ្ជាតិ​អាមេរិកាំង​ឲ្យ​ខ្ញុំ តែ​ខ្ញុំ​មិន​ទៅ​ទទួល​នោះ​ទេ​។ នេះ​ជា​ការពិត​, មាន​សាក្សី​នៅរស់​មួយចំនួន ដែល​គេ​តែងតែ​ហួសចិត្ត​ជាមួយ​ខ្ញុំ​”​។​

​ចំណែក​លោក​ព្រាប កុល ដែល​ជា​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា បាន​សរសេរ​ក្នុង​ចំអក​ឡកឡាយ ដាក់​លោក​កែវ រ៉េមី​ថា​
“​ខ្ញុំ​គ្រាន់តែ​ជា​សាមញ​ជន​ម្នាក់ គ្មាន​មុខងារ​ជា​ឧត្តម​មន្ត្រី​អី្វ​ទេ ហើយ​កាន់​លិខិតឆ្លងដែន​រាស្ត្រ ដែលរ​លប់អក្សរ​នៅ​ក្រប​ខាងលើ​ទៀត​។ ប៉ុន្តែ​ពេល​ខ្ញុំ​សុំ​ទិដ្ឋាកា (VISA) ទៅ​អាមេរិក​ចំនួន​ត្រឹមតែ ៣ ថ្ងៃ អាមេរិក​យល់ព្រម​ឱ្យ ទិដ្ឋាកា​ខ្ញុំ​រហូតដល់​ទៅ ៣ ខែ​។ ពេល​ខ្ញុំ​សុំ​ទិដ្ឋាកា​ទៅ​អឺរ៉ុប ត្រឹមតែ ២ សប្តាហ៍ អឺរ៉ុប​ឱ្យ​ទិដ្ឋាកា​ខ្ញុំ រហូតដល់​ទៅ ២ ឆ្នាំ​។ ហេតុ​អ្វី​អាមេរិក ធ្វើ​បែប​ហ្នឹង​ដាក់​ឧត្តម​មន្ត្រី​ខ្មែរ ដែល​កាន់​ប៉ាស្ព័រ​ការទូត​អញ្ចឹង​? ម៉េច​ក៏​ធ្វើ​អញ្ចឹង អស់លោក​អា​គាំង​? “​។​

​រីឯ​លោក Kin Phea បាន​បញ្ចេញមតិ​ផងដែរ​ថា “​បង Preap Kol បង​ស៊ីប្រាក់ខែ ដែល​ជា​លុយ​ជំនួយ​បរទេស តិច​ឬ​ច្រើន បង​បម្រើ​និន្នាការ​បរទេស​, ដូច្នេះ ទៅ​បរទេស​ដែល​បង​ទទួល​ជំនួយ មិន​លំបាក​ទេ​, លោក កែវ រ៉េមី (Keo Remy) មន្ត្រី​រដ្ឋាភិបាល ស៊ីប្រាក់ខែ​រដ្ឋាភិបាល បម្រើ​និន្នាការ​រដ្ឋាភិបាល​, ស្របពេល​ដែល​អាមេរិក មាន​ទស្សនៈ​មិន​ស្រូវ​ល្អ​ជុំវិញ​បញ្ហា​ផ្ទៃក្នុង របស់​កម្ពុជា​, ទិដ្ឋាការ​ទៅ​អាមេរិក សម្រាប់​មន្ត្រី​រដ្ឋាភិបាល អាច​លំបាក​បន្តិច​។ និយាយ​ត្រង់​ចុះ​, បងប្អូន​យើង​មួយចំនួន មក​ពី​សង្គម​ស៊ីវិល ខ្ញុំ​មិន​និយាយ​ចំពោះ​បង​ទេ​, មើល​មក​មន្ត្រី​រដ្ឋាភិបាល ហាក់​មិន​ស្នេហា​ជាតិ​ដូច​ខ្លួន​ទេ ប្រើ​ភាសា​ចាក់​ដោត​បញ្ឆិតបញ្ឆៀង ធ្វើ​ដូច​ខ្លួន​ស្អាតស្អំ​ស្រឡាញ់​ជាតិ​ណាស់​, តែ​ខំប្រឹង​ជេរ​ជាតិ​ខ្លួនឯង ដើម្បី​បាន​ជំនួយ​បរទេស (​មិន​ទាំងអស់​ទេ​, បង​ប្រហែល​មិនមែន ក្នុង​ចំណោម​ពួកគេ​ទ​) សូម​អរគុណ​”​។​

​សូមបញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ផ្អាក​លែងចេញ​ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ប្រភេទ B1/B2 ដល់​មន្ត្រី​នៃ​ក្រសួងការបរទេស​កម្ពុ​ជា ដែល​មាន​តួនាទី​ចាប់ពី​ថ្នាក់ អគ្គនាយក រហូត​ដល់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួង​នេះ និង​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគេ ដោយ​មាន​ករណី​លើកលែង​តិចតួច​ប៉ុណ្ណោះ​៕ ​ដោយ​៖​រចនា​

 

spot_img
×