Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​វិស័យ​ឯកជន​បារាំង ធ្វើ​ការវិនិយោគ​លើ​វិស័យ​សំខាន់ៗ​ចំនួន​៤ នៅ​កម្ពុជា​

spot_img

​ប៉ារីស​ ៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ជំរុញ​វិស័យ​ឯកជន​ប្រទេស​បារាំង ធ្វើ​ការវិនិយោគ​លើ​វិស័យ​អាទិភាព​ចំនួន ៤ នៅ​កម្ពុជា គឺ​៖ វាយ​ន​ភ​ណ្ឌ​, កសិកម្ម​, ម្ហូបអាហារ​កែច្នៃ និង​ទេសចរណ៍ ដើម្បី​ធ្វើ​ពិពិធ​កម្ម (​ពង្រីក​) ឱកាស​ការងារ​ជូន​ប្រជាជន និង​ជំរុញ​ការអភិវឌ្ឍ​កំណើនសេដ្ឋកិច្ច ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។​

​លោក​រដ្ឋមន្ត្រី បាន​លើក​សំណើ​នេះ​ឡើង នា​ឱកាស​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោក ហ្ស​ង់ ព្យែរ​រ៉ា​ហ្វា​រាំង (Jean-Pierre Raffarin) ប្រធាន​មូលនិធិ Foundation Prospective Innovation (FPI) អតីត​នាយករដ្ឋមន្ត្រី​បារាំង និង​បច្ចុប្បន្ន​ជា​សមាជិក​សភា​កិត្តិយស​នៃ​ប្រទេស​បារាំង កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ការិយាល័យ​មូលនិធិ FPI ក្នុង​ទីក្រុង​ប៉ារីស​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ជម្រាបជូន លោក ហ្ស​ង់ ព្យែរ​រ៉ា​ហ្វា​រាំង អំពី​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា គោលនយោបាយ​វិនិយោគ និង​យុទ្ធសាស្ត្រ​ចតុកោណ​ថ្មី ដំណាក់កាល​ទី​៤ ដែល​ផ្តោត​សំខាន់​លើ​ការធ្វើឱ្យ​ប្រសើរឡើង​ថែម​ទៀត នូវ​អភិបាលកិច្ច​ល្អ ដើម្បី​ពង្រឹង​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព សំដៅ​ឆ្លើយតប​នឹង​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​។​

​លោក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​រដ្ឋាភិបាល​បារាំង តាមរយៈ​លោក ហ្ស​ង់ ព្យែរ​រ៉ា​ហ្វា​រាំង ឱ្យ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​វិស័យ​អាទិភាព​ខាងលើ និង​បាន​លើកឡើង​ពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការសម្រួល​គម្រោង​វិនិយោគ​នានា ក៏​ដូចជា​ការបន្ត​លើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ដើម្បី​ធានា​ដល់​ការលូតលាស់​នៃ​វិស័យ​ឯកជន​នៅក្នុង​ប្រទេស​។​

​ជា​ការឆ្លើយតប លោក ហ្ស​ង់ ព្យែរ​រ៉ា​ហ្វា​រាំង បាន​ថ្លែងអំណរគុណ លោក ប៉ាន សូរ​ស័ក្តិ ដែល​បាន​ចែករំលែក​ព័ត៌មាន​ល្អៗ និង​បាន​សន្យា​ពាំនាំ​សំណើ​នេះ ទៅ​ជម្រាប​ជូន​រដ្ឋាភិបាល​បារាំង និង​ជួយ​កៀងគរ​វិនិយោគិន​បារាំង ឱ្យ​ចូលមក​បណ្តាក់ទុន​លើ​វិស័យ​អាទិភាព​របស់​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​។​

​បន្ថែម​លើ​នេះ លោក ហ្ស​ង់ ព្យែរ​រ៉ា​ហ្វា​រាំង ក៏​បាន​សន្យា​នឹង​ដឹកនាំ​ប្រតិភូ​វិនិយោគិន​បារាំង មក​រៀបចំ​វេទិកា​ជំនួប​ធុរកិច្ច នៅក្នុង​ប្រទេស​កម្ពុជា នា​រដូវក្តៅ​ឆ្នាំ​២០១៩ ខាងមុខ អម​ជាមួយ​ព្រឹត្តិការណ៍​ជំរុញ​ពាណិជ្ជកម្ម​ផ្សេងៗ ឱ្យបាន​យ៉ាងតិច​មួយដង ក្នុង​មួយ​ឆ្នាំ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×