Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តាញ​សង្គម កំពុង​វាយប្រហា​រលោក​ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា ដែល​សរសេរ​ដៀមដាម​លោក កែវ រ៉េមី​

spot_img

​ភ្នំពេញ​ ៖ នៅលើ​ហ្វេ​សប៊ុក​របស់ខ្លួន លោក​ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​មួយ មាន​មូលដ្ឋាន​នៅ​បរទេស បាន​អួត​ក្អេង​ក្អាង ពី​ការទទួលបាន​ទិដ្ឋាការ ដោយ​ងាយស្រួល​បំផុត ដើម្បី​ទៅ​សហរដ្ឋអាមេរិក និង​ប្រទេស​អឺរ៉ុប មួយចំនួន ដោយ​មិន​ចាំបាច់ ចំណាយ​ពេល​យូរ ដូច​ប្រជាពលរដ្ឋ​ធម្មតា និង​មន្ត្រី​មួយចំនួន​ឡើយ​។ ការសរសេរ​ដៀមដាម​នេះ ធ្វើឡើង​ក្រោយពេល​ដែល​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានលើកឡើង​ពី​ភាព​តឹងរ៉ឺង ក្នុង​ការផ្តល់​ទិដ្ឋាការ ដល់​រូបគាត់ ដែល​នឹក​កូន ចង់​ទៅ​សាកសួរ​សុខទុក្ខ​កូន​ខ្លួន ដែល​កំពុងតែ​រស់នៅ និង​បំពេញ​ការងារ ជា​មេធាវី​ការពារ​ឱ្យ​ជនក្រីក្រ នៅ​សហរដ្ឋអាមេរិក​។​

​មនុស្ស​កំពូល​អួត លោក​ព្រាប កុល នេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុកខ្លួន​ថា​៖ ” ខ្ញុំ​គ្រាន់តែ​ជា​សាមញ​ជន​ម្នាក់ គ្មាន​មុខងារ​ជា​ឧត្តម​មន្ត្រី​អី្វ​ទេ ហើយ​កាន់​លិខិតឆ្លងដែន​រាស្ត្រ ដែលរ​លប់អក្សរ​នៅ​ក្រប​ខាងលើ​ទៀត​។ ប៉ុន្តែ​ពេល​ខ្ញុំ​សុំ​ទិដ្ឋាកា (VISA) ទៅ​អាមេរិក​ចំនួន​ត្រឹមតែ​៣​ថ្ងៃ អាមេរិក​យល់ព្រម​ឱ្យ​ទិដ្ឋាកា​ខ្ញុំ​រហូតដល់​ទៅ ៣ ខែ​។ ពេល​ខ្ញុំ​សុំ​ទិដ្ឋាកា​ទៅ​អឺរ៉ុប ត្រឹមតែ ២ សប្តាហ៍ អឺរ៉ុប​ឱ្យ​ទិដ្ឋាកា​ខ្ញុំ រហូតដល់​ទៅ ២ ឆ្នាំ​។ ហេតុ​អ្វី​អាមេរិក ធ្វើ​បែប​ហ្នឹង​ដាក់​ឧត្តម​មន្ត្រី​ខ្មែរ ដែល​កាន់​ប៉ាស្ព័រ​ការទូត​អញ្ចឹង​? ម៉ិច​ក៏​ធ្វើ​អញ្ចឹង អស់លោក​អា​គាំង​?”​។​

​ក្នុងផេក​របស់​លោក​ព្រាប កុល ដែល​សរសេរ​ត​ភាគ បាន​បញ្ជាក់បន្ថែម​ថា “​អ្នក​លាប​ពណ៌​ឱ្យ​ខ្ញុំ​មធ្យម​ទេ តែងុំ​អ្នកចុច Like ការ​លាប​ពណ៌​បែបនេះ​។ ខ្ញុំ​ទទួលបាន​ការបោះឆ្នោត ដើម្បី​បម្រើ​ឱ្យ​សមាជិក នៅ​ជាង​មួយរយ​ប្រទេស ដូច្នេះ​ខ្ញុំ​មាន​បេសកកម្ម និង​កាតព្វកិច្ច​នៅលើ​ឆាក​អន្តរជាតិ ដែល​តម្រូវ​ឱ្យ​ខ្ញុំ​ចេញចូល ប្រទេស​ទាំងអស់​នោះ​ជារឿយៗ​។ ដូច្នេះ​គេ​ឱ្យ​ទិដ្ឋាការខ្ញុំ​ គ្មាន​អ្វី​ចម្លែក​ទេ​។​

ការពិត​គឺ គ្មាន​ប្រទេស​ណា​១ មាន​អានុភាព និង​ឥទ្ធិពល​មកលើ​មនសិកា និង​ឧត្តមគតិរបស់ខ្ញុំ​ឡើយ​។ ប្រាក់ខែ​ខ្ញុំ​ទទួលបាន គឺជា​ថ្លៃ​សេវាកម្ម ពេលវេលា កម្លាំងកាយ និង​ផលិតផល នៃ​ប្រាជ្ញា​របស់ខ្ញុំ ដែល​នេះ​ជា​រឿង​ធម្មតា​។​

ដល់​ពេល​ចប់​អាណត្តិ នៃ​មុខងារ​ខ្ញុំ ខ្ញុំ​នឹង​ស្វែងរក​ការងារ​សុចរិត​ផ្សេងទៀត ធ្វើ​ដើម្បី​ចិញ្ចឹមជីវិត និង​បម្រើ​មនសិកា​/​ឧត្តមគតិ​បន្តទៀត​។ បើ​រក​ការងារ​មិនបាន ខ្ញុំ​សុខចិត្ត​ដាំ​បន្លែ​លក់​ចិញ្ចឹមជីវិត ក្នុងនាម​ជា​កសិករ​។ ប៉ុន្តែ​ទោះ​ស្ថិត​ក្នុង​តម្លៃ ឬ​លក្ខខណ្ឌ​ណាក៏ដោយ ដាច់ខាត ខ្ញុំ​មិន​បម្រើ​បរទេស ដែល​បំផ្លាញ​ប្រទេស​ខ្ញុំ និង​បំផ្លាញ​ផលប្រយោជន៍ នៃ​បងប្អូន​រួម​ជាតិ និង​រួម​ពូជ​អំបូរ​របស់ខ្ញុំ​ឡើយ​។​
​នេះ​ជា​សម្តី​ស៊ីន​របស់ខ្ញុំ សូម​ចាំ​ទុក​ចុះ​!”​។​

​ជាមួយ​នឹង​ករណី​ឌឺដង​ឆ្លងឆ្លើយ ដែល​សុទ្ធ​តែ​មនុស្ស​មាន​ចំណេះ​ខ្ពស់ ធ្វើ​ការងារ​ខ្ពស់​ចង់​ទល់​មេឃ​នោះ ក៏​មាន​លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​សរសេរ​បញ្ចេញ​នូវ​ទស្សន​ផ្ទាល់ខ្លួន​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ថា ” យី​! ខ្មែរក្រហម ចាប់​ជាតិ ឬ​ព្រលឹង​ជនពាល​ចូល​សណ្ឋិត​ទេ​ដឹង​? គ្រាន់​តែ​ករណី “​ឪពុក សុំ Visa ទៅសួរសុខទុក្ខ​កូន​” បង្ហោះ​ដៀមដាម​ត​ភាគ​។ មិនតែប៉ុណ្ណោះ គូស​ក្រហម លើ​មុខសញ្ញា​ចូល Like ការរិះគន់​ទៅទៀត​។ រៀន​ពី​មនោគមន៍​បរទេស​ណា​លោក​? យល់​ទេ មនោសញ្ចេតនា​ឪពុក​កូន ដែល​រស់នៅ​ឆ្ងាយ​ពីគ្នា​៖ ស្អប់​ស្រឡាញ់​យ៉ាងណា ក៏​គួរ​អប់រំ​ចិត្ត​ចេះ​ថ្លឹងថ្លែង អ្វី​គួរ​និយាយ អ្វី​មិន​គួរ​និយាយ​។ វា​មិន​ដែល ម៉ែ​អាណា តម្លាភាព រហូត​ស្រាតខោរ​ដើរ​ទេ វេស​!​។ ឈប់​បាន ឈប់​ទៅ​។ អាយុ​គាត់​ក៏​ស្មើ បងប្រុស ឬ​ឪពុក​ខ្លួន​ដែរ​។ របៀប​នេះ​ពិន្ទុ​ឲ្យ សូន្យ​”​។​

​ឯ​លោក Sothea Thai បាន​និយាយ​ក្នុង​ខំ​មិន​ថា “​មិន​គាំទ្រ​ទាំងសងខាង ដែល​ពាក់ព័ន្ធ​នឹង​ប្រធានបទ​មួយ​នេះ ! សុទ្ធតែ​រៀន​បាន​ច្រើន​គួរសម គួរ​ចេះ​នាំគ្នា​ផឹក​កាហ្វេ ជជែក​គ្នា​ដោយ​ថ្លៃថ្នូរ​ខ្លះ​ទៅ​។ បង វណ្ណៈ បើ​អាច ឧស្សាហ​បើក​វេទិកា​ក្រៅផ្លូវការ ជជែក​គ្នា​ខ្លះ​ទៅ បង​! Tolerance and agreeing to disagree, we need this culture!”​។​

​លោក Huy Vannak តាម​បត​ថា “​មនោសញ្ចេតនា ឪពុក កូន នៃ​ប្រទេស​ដែល​មាន​ប្រវត្តិសាស្ត្រ​ជូរ​ចត់ យើង​គួរតែ​ចេះ​ថ្លឹងថ្លែង​។ មក​ធ្វើ​តួឯក​ប្រមាថកាតទាន​គ្នា​ធ្វើ​អី​។ ក៏​គួរ​ដឹងថា អ្វី​ត្រូវ​និយាយ អ្វី​មិន​ត្រូវ​និយាយ ទើប​ហៅ​មនុស្ស​ចេះ “​ក្រែង​” = respect!”​។​

​ចំណែក​លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​លើកឡើង​ថា “​មាន​អី​ត្រូវ​ឆ្ងល់ មួយ​ស៊ីលុយ​រដ្ឋាភិបាល បម្រើ​នយោបាយ​រដ្ឋាភិបាល ហើយ​មួយទៀត​ស៊ីលុយ​ចៅហ្វាយ​បរទេស បម្រើ​និន្នាការ​នយោបាយ​បរទេស សុំ​ទិដ្ឋ​ការ​ទៅ​លេង​ផ្ទះ​ចៅហ្វាយ​ខ្លួន​មានអី​ពិបាក​”​។​

​បណ្តាញ​សង្គម និង​មជ្ឈដ្ឋាន​នានា បាន​បញ្ចេញ​នូវ​សារ​ជាច្រើន​ដែល​មាន​ខ្លឹមសារ​ថា ភាព​ក្អេងក្អាង​ក្រអឺតក្រទម​ប្រមាថ​ខ្មែរ មិនមែន​គ្រាន់តែ​ចៅហ្វាយ​បរទេស​របស់​ខ្លួន​ឡើយ ប៉ុន្តែ​សូម្បីតែ​កញ្ជះ​ដាច់​ថ្លៃ​របស់​បរទេស​ទាំងនោះ ដែល​ជា​ជនជាតិ​ខ្មែរ ក៏​បាន​ប្រមាថ​ជនជាតិ​ខ្មែរ​គ្នា​ឯង​មួយ​ទំហឹង​ដែរ និង​បាន​ប្រើប្រាស់​ពាក្យពេចន៍​ប្រកប​ដោយ​ការប្រមាថ និង​ឌឺដង ហើយ​ទះដៃ​អបអរសាទរ​នៅពេល​ដែល​ចៅហ្វាយនាយ​ខ្លួន បន្ត​ធ្វើ​បាប​មកលើ​ប្រទេស​កម្ពុជា និង​មក​លើ​ជនជាតិខ្មែរ​៕ ​ដោយ​ ៖ ​រចនា​

 

spot_img
×