Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថិតិ​ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត​ខេត្ត​ព្រះសីហនុ ៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​ថយចុះ​ជិត​២៦​ភាគរយ​

spot_img

​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ចំនួន​ភ្ញៀវទេសចរ ដែល​ចូលទៅ​ទស្សនា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំនេះ​បាន​ថយចុះ បើ​ប្រៀបធៀប​ពេលវេលា​ដូចគ្នា​ឆ្នាំមុន​។

ប្រតិបត្តិ​ករ​ទេសចរ​បំរើសេវា​លក់​ម្ហូបអាហារ នៅតាម​ឆ្នេរសមុទ្រ​មួយចំនួន​មាន​ឆ្នេរ​អូរត្រេះ ឆ្នេរ​ព្រែកត្រែង និង​ឆ្នេរ​អូរ​ឈើទាល​ជាដើម បាន​ទទួលស្គាល់ថា​ចំនួន​ភ្ញៀវទេសចរ ពិតជា​មានការ​ថយចុះ​នាឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​ពិតមែន​។​

​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​ព្រះសីហនុ លោក វ៉េង ស៊ី​សុ​វង្ស បានបង្ហាញ​ស្ថិតិ​ចំនួន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ដែល​ចូលមក​ទស្សនា​ខេត្ត​នេះ ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែត​ព្រះ​ទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ​២០១៨​នេះ​បង្ហាញថា ខេត្ត​ព្រះសីហនុ ទទួលបាន​ភ្ញៀវទេសចរ​សរុប​ប្រមាណ ៦៣,០០០​ម៉ឺន​នាក់ គឺ​បាន​ថយចុះ ២៥.៨៨%​។ ក្នុងនោះ​ភ្ញៀវ​ជាតិ មាន​ចំនួន​ប្រមាណ ៥០,២៣០​នាក់ គឺ​បាន​ថយចុះ​៣២.០៧% និង​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន​ប្រមាណ ១២,៧៧០​នាក់ គឺ​កើនឡើង​ប្រមាណ​១៥.៥៦%​។

លោក វ៉េង ស៊ី​សុ​វង្ស បញ្ជាក់ថា ភ្ញៀវទេសចរ ដែល​ទៅ​កម្សាន្ត​នៅតាម​បណ្តា​កោះ​នានា គឺមាន​ចំនួន​សរុប ៦,៤៨៩​នាក់ ស្រី​២,៨៥៥​នាក់ កើនឡើង​៨,៣៦%​។ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៣,០០១​នាក់ ស្រី​១,២៣៥​នាក់ គឺ​ថយចុះ​៨៧.៨៩% និង​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន​៣,៤៨៨​នាក់ ស្រី​១,៧០០​នាក់ គឺ​កើនឡើង ២៧.៧០%​។​

ស្ថិតិ​ដដែល​បង្ហាញថា ចំពោះ​ភ្ញៀវទេសចរ​ចូលមក​ទស្សនា​ខេត្ត​ព្រះសីហនុ តាម​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ គឺមាន​ចំនួន​សរុប​៥,៤០០​នាក់​។ ក្នុងនោះ​ភ្ញៀវ​ជាតិ​ចំនួន​៥០​នាក់ និង​បរទេស​៥,៣៥០​នាក់​។​

តាម​របាយការណ៍ របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២២ ខែ​វិច្ចិកា ឆ្នាំ​២០១៨ មាន​នាវា​ទេសចរណ៍​មួយគ្រឿង​បាន​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ និង​មាន​ភ្ញៀវ​សរុប ១,៨៥៤​នាក់ មាន​ស្រី ៩៦១​នាក់ មាន​នា​វឹក​សរុប ៧៩៣​នាក់ ស្រី​១២៧​នាក់​។​

ចំណែក​ភ្ញៀវ ដែល​ចូលមក​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​រួមមាន​៖ រមនីយដ្ឋាន​ក្បាលឆាយ មាន​ចំនួន​សរុប​ប្រមាណ​៤,៧៩៥​នាក់ ក្នុងនោះ​មាន​ភ្ញៀវ​បរទេស ៦០​នាក់ ស្រី​១៧​នាក់​។ រមនីយដ្ឋាន​ថ្ម​រូង មាន​ភ្ញៀវ​សរុប​ប្រមាណ​១៨៨០​នាក់ ស្រី​៥៦៤​នាក់ បរទេស​២៧០​នាក់ និង​រមនីយដ្ឋាន​ពិ​ច​និ​ច មាន​ភ្ញៀវទេសចរ​សរុប​ប្រមាណ​១៨៥០​នាក់ ក្នុងនោះ​ភ្ញៀវ​បរទេស​៣៣០​នាក់ ស្រី​១០០​នាក់​។​

​នាឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះដែរ លោក វ៉េង ស៊ី​សុ​វង្ស អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​បញ្ហា​តម្លៃ​សេវាកម្ម​ស្នាក់នៅ គឺ​សណ្ឋាគារ​មួយចំនួន​បាន​តម្លើង​តម្លៃ​ចន្លោះ​ពី ២០% ទៅ​៣៥% និង​ផ្ទះសំណាក់​មួយចំនួន ក៏បាន​តម្លើង​តម្លៃ​ចន្លោះ​ពី ៣០% ទៅ​៥០%​។​ចំណែក​ម្ហូបអាហារ​គ្រឿង​សមុទ្រ ក៏បាន​តម្លើង​តម្លៃ​ប្រមាណ ២០%​ផងដែរ នា​ពិធី​បុណ្យអុំទូក​ឆ្នាំនេះ ទោះបី​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ស្ថាប័ន​ពាក់ព័ន្ធ​បានស្នើ​ឲ្យ​រក្សា​តម្លៃ​ថេរ​ដូច​ថ្ងៃ​ធម្មតា​បែបណា​ក្តី​។​

​ត្រង់ចំណុច​នេះ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ក៏បាន​ទទួលស្គាល់ថា ពិតជា​មាន​ករណី​ប្រតិបត្តិ​ករ​ទេសចរ​មួយចំនួន បាន​តម្លើង​តម្លៃ​សេវា​ម្ហូបអាហារ និង​តម្លើង​តម្លៃ​សេវា​ស្នាក់ កើន​លើស​ថ្ងៃ​ធម្មតា​ពិតប្រាកដ​មែន នាឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​។
​យ៉ាងនេះ​ក្តី លោក យន្ត មីន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ឲ្យ​បន្ត​ចូលមក​សម្រាក​កម្សាន្ត​ខេត្ត​ឆ្នេរសមុទ្រ​មួយ​នេះ ឲ្យ​បាន​ច្រើន​ថែមទៀត​នា​ថ្ងៃ​ខាងមុខ ជាពិសេស​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៨-២០១៩​ខាងមុខនេះ​ឲ្យ​បាន​ច្រើន​កុះករ ព្រោះថា​បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ស្ថាបនា​ផ្លូវ ដាក់​ប្រព័ន្ធ​លូបង្ហូរទឹក បំពាក់​ភ្លើង​បំភ្លឺ និង​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដើម្បី​ការពារ​សន្តិសុខ​ជូន​ភ្ញៀវ ដោយ​ការទទួលខុសត្រូវ​ខ្ពស់​នៅ​គ្រប់​ច្រក​ល្អក​ទាំង​នៅលើ​ដីគោក និង​លើដី​កោះ​។

​ដោយឡែក​ចំពោះ​ការងារ​រក្សា​សន្តិសុខ និង​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​នាឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះដែរ ថ្នាក់ដឹកនាំ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង​កងរាជអាវុធហត្ថ​ខេត្ត​នេះ ក៏បាន​អះអាងថា បាន​ពង្រាយ​កម្លាំង​ជំនាញ រង់ចាំ​រក្សា​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ទាំងយប់​ថ្ងៃ​នៅតាម​គោលដៅ​នានា ជាពិសេស​គោលដៅ ដែលមាន​ភ្ញៀវទេសចរ​និយម​ចូលទៅ​កម្សាន្ត ទាំង​នៅលើ​ដីគោក និង​នៅលើ​ដី​កោះ​។​

មន្ត្រី​ជំនាញ​ទាំងនោះ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​ឆ្នាំនេះ គឺមាន​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ ដោយ​កម្លាំង​ជំនាញ បាន​ពង្រឹង​សកម្ម​ភាពចុះ​ល្បាត និង​ប្រចាំការ​ទាំងយប់​ថ្ងៃ ដោយ​ចិ​ត្ដ​ទុកដាក់ និង​រៀបចំ​ផែនការ​គ្រប់គ្រង​យ៉ាង​ម៉ត់ចត់ ពី​គណៈបញ្ជាការ​ឯកភាព​ខេត្ដ ក៏ដូចជា​ស្នងការ​ការ​នគរបាល​ខេត្ដ និង​កងរាជអាវុធហត្ថ​ខេត្ដ​ព្រះសីហនុ ដើម្បី​ធ្វើយ៉ាងណា​រក្សា​សន្ដិសុខ និង​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ជាពិសេស​ភ្ញៀវទេសចរ​។ សមត្ថកិច្ច​ជំនាញ​បាន​អះអាងថា បុណ្យអុំទូក​ឆ្នាំនេះ គឺ​បាន​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ មាន​លក្ខណៈ​ល្អប្រសើរ​បំផុត ដោយ​ក្នុង​រយៈពេល ៣​ថ្ងៃ​ ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​ឆ្នាំនេះ គឺ ពុំមាន​បទល្មើស​ចោរឆក់ លួច និង​មនុស្ស​លង់ទឹក​ស្លាប់​កើតឡើង​នោះទេ​។

ងាក​ទៅ​បញ្ហា​បរិស្ថាន និង​អនាម័យ​សាធារណៈ​វិញ មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​អះអាងថា មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ឆ្នាំមុនៗ ដោយ​ទាំង​អាជីវករ ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវទេសចរ ពួកគេ​បាន​ចូលរួម​សហការ​វេច​ខ្ចប់ និង​ទុកដាក់​សំរាម នៅតាម​ទីតាំង​ប្រមូល​សំរាម​បាន​ត្រឹមត្រូវ​។​

អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​មោទនៈភាព​ថា ជា​លទ្ធផល នៃ​ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ ក្នុង​រយៈពេល ៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា គឺ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ហើយ​តាម​ការ សង្កេតឃើញថា ទាំង​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ បាន​ចូល រួម​អបអរសាទរ​យ៉ាង​សប្បាយរីករាយ ទោះបីជា​ពិធីបុណ្យ​នេះ មិន​មានការ​ប្រារព្ធ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅ​ខេត្ត​ព្រះសីហនុ​បែបណា​ក្តី​៕ ដោយ​៖ ដែន សីមា​

   

spot_img
×