Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ៖ ប្រជាពលរដ្ឋ​កម្ពុជា ធ្លាប់មាន​ប្រវត្តិ​ឈឺចាប់ ដោយសារ​បរទេស​ដាក់​មូលដ្ឋាន​ទ័ព ពី​អតីតកាល រហូត​បង្ក​ជា​សង្គ្រាម វិនាសកម្ម​ច្រើន​ទសវត្សរ៍​

spot_img

ភ្នំពេញ​ ៖ នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​ថ្លែងថា ” ប្រជាពលរដ្ឋ​យើង​ធ្លាប់មាន​ប្រវត្តិ​ឈឺចាប់ ដោយសារ​បរទេស​ដាក់​មូលដ្ឋានទ័ព​ពី​អតីតកាល រហូត​បង្ក​ជា​សង្គ្រាម​វិនាសកម្ម​ច្រើន​ទសវត្សរ៍​។ ទម្រាំ​មាន​សន្តិភាព​ដូច​សព្វថ្ងៃនេះ គឺ​យើង​បាន​ឆ្លងកាត់​ឧបសគ្គ​ធំៗ​ជាច្រើន ដូច្នេះ​កម្ពុជា​ដែល​កំពុង​រស់នៅ​ក្នុង​សន្តិភាព គ្មាន​ភាព​ចាំបាច់​ត្រូវមាន​មូលដ្ឋានទ័ព​បរទេស​នោះទេ​។ កម្ពុជា​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុងការ​ការពារជាតិ បូរណភាព​ទឹកដី និង​ថែរក្សា​សុខសន្តិភាព​ជូន ប្រជាពលរដ្ឋ​យើង ” ។​

​លោក​បាន​លើកឡើង​ថា នេះ​គឺជា​ចំណាប់អារម្មណ៍​របស់​ខ្ញុំ នៅក្នុង​វេទិកា​តុមូល​ក្រោម​ប្រធានបទ «​តើ​កម្ពុជា​ត្រូវការ​វត្ដ​មាន​កងទ័ព​បរទេស​ដែរ ឬទេ​?» ដែល​រៀបចំ​ដោយ រាជបណ្ឌិត្យសភា​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ វេទិកា​នេះ​មាន​វាគ្មិន​មួយចំនួន​ដូចជា រូបខ្ញុំ នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត​, ឯកឧត្តម ផៃ ស៊ីផា​ន រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​, ឯកឧត្តម ជិន ម៉ា​លីន អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌​, លោក​បណ្ឌិត ឌៀប សុផល អ្នកស្រាវជ្រាវ​ប្រវិត្ដសាស្ដ្រ និង​ទំនាក់ទំនង​អន្ដរជាតិ និង លោក​បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ផងដែរ​

​នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​ថ្លែងថា នៅ​កម្ពុជា គឺ​អ្នកដឹកនាំ​ជំនាន់​មុន​បាន​យក​កងទ័ព​បរទេស មក​ដាក់​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ មាន​ការឈឺចាប់ និង​រង​ទុក្ខវេទនា​យ៉ាង​ខ្លាំង ដោយ​សារ​សង្គ្រាម​វិនាសកម្ម​ជា​បន្តបន្ទាប់​ដែល​អស់​អន្លាយ​អស់​ជាច្រើន​ទសវត្សរ៍​។ បន្ទាប់ពី​សម្តេច​តេជោ ហ៊ុន សែន រំដោះ​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧៩​មក សម្តេច​បាន​កសាង​សន្តិភាព និង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ហេតុ​នេះ​កម្ពុជា មិន​ចាំបាច់​មាន​កងទ័ព​បរទេស មក​ដាក់​ក្នុង​ប្រទេស​ខ្លួន​នោះ​ឡើយ ហើយ​កម្ពុជា​ត្រូវការ​តែ​អ្នកវិនិយោគទុន​បរទេស​តែប៉ុណ្ណោះ​។​

​ក្នុង​វេទិកា​នោះ រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី លោក ផៃ ស៊ីផា​ន និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​លើកឡើង​ថា ភាពសប្បាយ​រីករាយរ​បស់​ប្រជាពលរដ្ឋ និង​មហាជន​ទូទៅ​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​ការឈឺចាប់​យ៉ាង​ខ្លាំង​របស់​ក្រុម​ដែល​លក់​ខ្លួន​បម្រើឲ្យ​នយោបាយ​បរទេស ឬ​ក្រុម​បរទេស​ដែល​មាន​បំណង​ចង់​បំផ្លាញ និង​ចង់​ធ្វើបាប​កម្ពុជា​។​

​អ្នកនាំពាក្យ ផៃ ស៊ីផា​ន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ទើប​កន្លង​ទៅ​បាន​មួយ​ថ្ងៃ​ទេ បុណ្យ​ដ៏​អធិកអធម​របស់​យើង​បុណ្យអុំទូក សមត្ថកិច្ច ក៏​បាន​បង្ហាញ​ស្នាដៃ​របស់​លោក ដែល​រក្សាបាន សណ្ដាប់ធ្នាប់ ហើយ​នឹង​សន្ដិភាព នេះ​ជា​មោទនភាព​របស់​យើង ដែល​ឆ្លើយតប​ចំពោះ​ក្រុម​លក់​ខ្លួន​ឲ្យ​បរទេស តែងតែ​មើល​កម្ពុជា​នឹង​វា​អាក្រក់​បំផុត ប៉ុន្ដែ​យើង​រីករាយ សេចក្ដី​រីករាយ របស់​មហាជន​ជា​ការឈឺចាប់​របស់​ពួក​ខាង​ក្រៅ ជា​ការឈឺចាប់​របស់​ប​រទេស​ដែ​លចង់​ធ្វើបាប​កម្ពុជា​»​។​

​រីឯ​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែងថា អាមេរិក​គឺជា​ប្រទេស​មហាអំណាច ដែល​ដាក់​មូលដ្ឋានទ័ព​នៅ​ក្រៅប្រទេស​ច្រើន​នៅលើ​ពិភពលោក រហូតដល់​ជាង​៨០០​កន្លែង ហើយ​តាមរយៈ​បទពិសោធន៍​ហើយ ទើបបាន​ធ្វើ​ឱ្យ​អាមេរិក​មាន​ការ​សង្ស័យ​ថា ចិន​បោះ​មូលដ្ឋាន​ទ័ព នៅក្នុង​ប្រទេស​កម្ពុជា ក្រោយ​ពី​ឃើញ​អ្នកវិនិយោគ​ចិន​មក​កម្ពុជា​កាន់តែ​ច្រើន​។​

​លោក​បណ្ឌិត សុខ ទូច បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​រឿង​នេះ​អត់​ចម្លែក​ទេ​! អ្នក​ដែល​សង្ស័យ​គេ បាន​ដើរ​រួចទៅហើយ​។ អាមេរិក​សង្ស័យ​ថា​ចិន​មាន​កងទ័ព​នៅ​កម្ពុជា​មិន​ខុស​ទេ ព្រោះ​ថា​អាមេរិក​វា​ធ្លាប់ធ្វើ វា​ធ្លាប់​ដើរ​»​។ លោក​បាន​បន្តថា «​ខ្លួន​ធ្លាប់​ធ្វើ​អា​ហ្នឹង ដល់​ពេល​ឃើញ​ចិន​មក​វិនិយោគ​កម្រិត​ខ្ពស់ ក៏​គិត​ថា អូ ! ប្រហែល​ជា​ចិន​មក​ដាក់​ហើយ ឥឡូវ​ដាក់ ឬ​មិន​ដាក់ យើង​ចាំ​មើល​តទៅទៀត យើង​ចាំ​មើល​ទាំងអស់គ្នា​»​។​

​ការលើកឡើង​របស់ លោក​បណ្ឌិត សុខ ទូច បាន​ធ្វើឡើង​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បង្ហាញឡើង​អំពី​ការសង្ស័យ​របស់​ខ្លួន​ថា អាច​មាន​មូលដ្ឋានទ័ព​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​។ សារព័ត៌មាន Asia Times មាន​មូលដ្ឋាន​នៅ​បាងកក ដែល​គេ​សង្ស័យថា បង្កើតឡើង​ដើម្បី​បម្រើ​នយោបាយ​របស់​ក្រុម​បរទេស​មួយ​ចំនួន ក៏​បាន​យក​ប្រភព​មិន​ច្បាស់លាស់​ផ្សព្វផ្សាយ​ចោទប្រកាន់​មកលើ​កម្ពុជា​ថា នឹង​អនុញ្ញាត​​​ឱ្យ​ចិន បោះ​មូលដ្ឋាន​យោធា​នៅ​ខេត្ត​កោះកុង ហើយ​ក៏​ផ្សាយ​ដែរ​ថា កម្ពុជា​កំពុង​ស្ថិតនៅ​ចំណុចកណ្តាល នៃ​សង្គ្រាមត្រជាក់​រវាង​អាមេរិក និង​ចិន​ជាដើម​។​

​សេចក្តីរាយការណ៍​ថ្មីៗ​នេះ បានឱ្យដឹងថា ពេល​នេះ​សហរដ្ឋអាមេរិក ដែល​ជា​មហាអំណាច​យោធា​លំដាប់​ទី​១ ជាមួយ​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​ជាង​៧០០​ពាន់​លាន​ដុល្លារ​សម្រាប់​វិស័យ​យោធា កំពុង​ពង្រីក​មូលដ្ឋាន​យោធា​របស់​ខ្លួន​ខ្លាំងជាងគេ​។ សារព័ត៌មាន​នៅ​លើ​ពិភពលោក​រាយការណ៍​ថា ពេលនេះ អាមេរិក​មាន​មូលដ្ឋានទ័ព​ជាង​៨០០​ទីតាំង នៅក្នុង​ប្រទេស​ជាង​៧០​នៅលើ​ពិភពលោក ក្នុងនោះ​មាន​ទាំង​អាស៊ី​ផងដែរ ព្រមទាំង​មាន​ដែនដី​អធិបតេយ្យ​បរទេស​ផ្សេងៗ​ថែម​ទៀត​។​

​ចំណែក​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​លើកឡើង​ថា សារព័ត៌មាន​បរទេស ដែល​គ្មាន​មូលដ្ឋាន​នៅ​កម្ពុជា ពោល​មាន​ទីតាំង​នៅ​បរទេស ហើយ​មាន​ចេតនា​ទុច្ចរិត​ផ្សាយ​ព័ត៌មាន​បំផ្លើស ក្នុងន័យ​បំផ្លាញ ឬ​ធ្វើឲ្យ​ចលាចល​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ក្នុង​តំបន់​ត្រូវ​​តែ​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់​ជាតិ និង​ច្បាប់​អន្ដរជាតិ​។​

​អ្នកនាំពាក្យ ជិន ម៉ា​លីន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ពាក់ព័ន្ធ​ជាមួយ​ការទទួលខុសត្រូវ​របស់​សារព័ត៌មានប​រទេស ដែល​មិន​មាន​មូល​ដ្ឋាន​​នៅ​កម្ពុជា មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស ដែល​បាន​ចុះផ្សាយ​បំផ្លៃ ចុះផ្សាយ​បំផ្លើស ចុះ​ផ្សាយ​ដោយ​ភាន់​ច្រឡំ ឬ​ក៏​ដោយ​ចេតនា​ទុច្ចរិក ក្នុង​ការបំផ្លាញ ឬក៏​ចេតនា​ធ្វើឲ្យ​ចលាចល នៅក្នុង​ប្រទេស​មួយ ក៏ដូចជា​នៅ​ក្នុង​តំបន់ ហើយ​សារព័ត៌មាន​បែបនេះ ជា​គោលការណ៍​ច្បាប់​ជាតិ ក៏ដូចជា​ច្បាប់​អន្ដរជាតិ​ត្រូវមាន​ការទទួលខុសត្រូវ​»​។​

​លោក ជិន ម៉ា​លីន បានបញ្ជាក់​ថា ការទទួលខុសត្រូវរ​បស់​សារព័ត៌មាន​បរទេស​នោះ មាន​ពីរ​ចំណុច ដោយ​ទី​១៖ ការទទួលខុសត្រូវ​តាម​បែប​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន និង​ទី​២៖ ការទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​។ សារព័ត៌មាន​បរទេស​ដែល​ផ្សាយ​បំផ្លើស​នេះ ដាច់ខាត​ត្រូវតែ​ទទួលខុសត្រូវ ប៉ុន្ដែ​បើ​ចោទសួរ​ថា រាជរដ្ឋាភិបាល​ចាំបាច់​ទាមទារ ឲ្យមាន​ការទទួលខុសត្រូ​វ​ដែរឬទេ នេះ​ជា​សិទ្ធិ​របស់​រដ្ឋា​ភិបាល ជា​អ្នកសម្រេច​។ ប៉ុន្ដែ​ប្រសិនបើ​រាជរដ្ឋាភិបាល​កម្ពុជា​ចង់ឲ្យ​សារព័ត៌មាន​បរទេស ដែល​គេ​សង្ស័យថា បង្កើតឡើង​ដើម្បី​បម្រើ​នយោបាយ របស់​ក្រុម​បរទេស​មួយ​ចំនួន​នោះ ទទួលខុសត្រូវ គឺ​ពិតជា​មាន​យន្ដការ និង​វិធានការណ៍​គ្រប់គ្រាន់ ដែល​អនុញ្ញាត​ដោយ​ច្បាប់​ជាតិ ក៏ដូចជា​ច្បាប់​អន្ដរជាតិ​។​

​លោក ជិន ម៉ា​លីន ក៏​បាន​បង្ហាញ​អំពី​ទិដ្ឋាភាព​ច្បាប់​បន្ថែម​ថា ការទាមទារ​ឲ្យមាន​ការទទួលខុសត្រូវ តាម​បែប​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​នោះ គឺ​អ្នក​ដែល​រង​ផលប៉ះពាល់ ពី​ការចុះផ្សាយ អាច​ទាមទារ​ឲ្យមាន​ការសុំទោស ជា​សាធារណៈ ហើយ​ធ្វើ​ការកែតម្រូវ ប៉ុន្ដែ​ប្រសិន​បើ​មិនមាន ការកែប្រែ​ទេ អាច​អនុវត្ត​តាម​ច្បាប់​អន្ដរជាតិ ពោល​តាម​មធ្យោបាយ​រដ្ឋបាល និង​កា​ទូត ដោយ​សុំឲ្យ​រដ្ឋាភិបាល នៃ​ប្រទេស​ដែល​សារព័ត៌មាន​នោះ តាំង​ទី មាន​វិធានការណ៍​ច្បាប់ ក្នុង​ដែនដី​របស់​ខ្លួន​៕​ ​ដោយ​ ៖ ​រចនា​

 

spot_img
×