Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ប្រកាស​ចូលកាន់​តំណែង ជំនួស​តំណែង​ទំនេរ​

spot_img

​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ​បានប្រកាស​ឱ្យ​អភិបាល​រាជធានី​-​ខេត្ត រៀបចំ​ការប្រកាស​ចូល​កាន់តំណែង ប្រធាន​ក្រុមប្រឹក្សា មេឃុំ​ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង សមាជិក​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ជំនួស​តំណែង​ទំនេរ ផ្អែក​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​។​

​តាម​ការប្រកាស​របស់​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៧​ខែធ្នូ លោក​សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ផ្អែកលើ​លទ្ធផល​នៃ​ការបែងចែក​អាសនៈ​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​នៅ​ទំនេរ​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្រសួងមហាផ្ទៃ​នឹង​ចេញប្រកាស​ទទួលស្គាល់​ស​មាស​ភាព​ប្រធាន​ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ទាំងនោះ ស្របតាម​ច្បាប់ និង​គោលការណ៍​នីតិវិធី​ដែល​បានកំណត់​។ ដើម្បីឱ្យ​ការរៀបចំ​ប្រកាស​ចូលកាន់​តំណែង របស់​ប្រធាន​ក្រុមប្រឹក្សា មេឃុំ​/​ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង សមាជិក​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​ថ្មី ជំនួស​តំណែង​ទំនេរ ឱ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​រលូន និង​ទាន់ពេលវេលា​កំណត់ ក្រសួងមហាផ្ទៃ សូម​ធ្វើការ​ណែ​ដូច​ក្នុង​លិខិត​ខាងក្រោម​នេះ ៖

១)​ការពិនិត្យ និង​ផ្ទៀងផ្ទាត់​ឈ្មោះ​៖ បន្ទាប់ពី​ទទួលបាន​ប្រកាស​ក្រសួងមហាផ្ទៃ​ស្តីពី​ការទទួលស្គាល់​ប្រធាន​ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ អភិបាល​រាជធានី ខេត្ត​នីមួយៗ ត្រូវ​ចាត់ចែង និង​ណែនាំ​ជាបន្ទាន់​ដល់ទី​ចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស ឲ្យ​ធ្វើការ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ឈ្មោះ​ប្រធាន​ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដែលមាន​ក្នុង​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ជាមួយនឹង​បញ្ជី​លទ្ធផល​ជា​ផ្លូវការ​នៃ​ការបែងចែក​អាសនៈ ក្រុមប្រឹក្សាឃុំ​សង្កាត់ ដែល​នៅ​ទំនេរ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ ករណី​មានការ​ខុសឆ្គង​ដោយ​ប្រការ​ណាមួយ ត្រូវ​រាយការណ៍​ជាបន្ទាន់​មក​ក្រសួងមហាផ្ទៃ​។​

២)​ការធ្វើ​នីត្យានុកូលកម្ម​៖ អភិបាល​រាជធានី ខេត្ត ត្រូវ​ចាត់ចែង​ធ្វើ​នីត្យានុកូលកម្ម​លើ​ប្រកាស​ស្តីពី​ការទទួលស្គាល់​ប​ប្រធាន​ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ រួច​បញ្ជូនទៅ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ចែកជូន​ដល់​សាមីខ្លួន និង​អង្គភាព​ពាក់ព័ន្ធ​នានា ដើម្បី​ចាត់ចែង​តាម​នីតិវិធី និង​តម្កល់​ទុកជា​ឯកសារ​។

​៣)​ការប្រកាស​ចូលកាន់​មុខតំណែង​៖ អភិបាល​រាជធានី ខេត្ត ត្រូវ​ណែនាំ​ដល់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដើម្បី​សម្របសម្រួល និង​គាំទ្រ​ដល់​ក្រុមប្រឹក្សាឃុំ សង្កាត់​នីមួយៗ ឲ្យ​រៀបចំ​ការប្រកាស​ចូល​តំណែង​ប្រធាន​ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ដែល​ក្រសួងមហាផ្ទៃ​ចេញប្រកាស​ទទួលស្គាល់​ឲ្យ​បាន​ទាន់ពេលវេលា​។ ការប្រកាស​ចូលកាន់​តំណែង​នេះ ត្រូវធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ ឬ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​ក្រុមប្រឹក្សាឃុំ​សង្កាត់​សាមី​។ ស្មៀនឃុំ សង្កាត់ ត្រូវ​ធ្វើជា​សេនាធិការ​ឲ្យ​រដ្ឋបាល​ឃុំ សង្កាត់​របស់ខ្លួន​ក្នុង​ការរៀបចំ​របៀបវារៈ ខ្លឹមសារ​នៃ​កិច្ចប្រជុំ និង​លិខិតអញ្ជើញ​សមាសភាព​ប្រធាន​ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ផ្អែក​តាម​ឈ្មោះ​ក្នុង​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​។ លិខិត​អ​ញ្ញើញ​ប្រជុំ ត្រូវ​ចុះហត្ថលេខា​ដោយ​មេឃុំ ចៅសង្កាត់ ក្នុង​មុខតំណែង ជំទប់ ចៅសង្កាត់រង​ដែល​កំពុង​បំពេញ​តួនាទី​ជា​មេឃុំ ចៅសង្កាត់​ស្តីទី​នៅតាម​រដ្ឋបាល​ឃុំ សង្កាត់​នីមួយៗ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×