Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាការិនី​ស្នូកឃ័រ ស្រួង ភាវី ឈ្នះ​មេដាយមាស​ជើងឯក​អាស៊ី ជូន​កម្ពុជា​

spot_img

​សេ​អ៊ូ​ល ​៖ កីឡា​ការ​នី ស្រួង ភាវី ដែល​ជា​កីឡាការិនី​ជម្រើសជាតិ​ប៊ីយ៉ា កម្ពុជា បាន​ប្រកួត​ឈ្នះ​ជ័យលាភី​ពានរង្វាន់ Asian Championship Ladies 3-Cushion ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។ នេះ​គឺជា​មោទនភាព​យ៉ាង​ក្រៃលែង សម្រាប់​ប្រទេស​រួមទាំង​ជន​ជាតិ​កម្ពុជា និង​សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា​យើង យើង​សូម​ចូលរួម​អប​អរ​សាទរដល់​អ្នកស្រី និង​សូម​ឱ្យ​អ្នកស្រី​មាន​កិត្តិសព្ទ​ល្បី​រន្ទឺ​ទូ​ទាំង​អាស៊ី ក្នុងនាម​ជា​កូន​ខ្មែរ និង​បន្ត​ទទួល​ជ័យជំនះ នៅ​កម្មវិធី​ប្រកួត​ធំៗ​ដ៏ទៃទៀត នៅពេល​ខាងមុខ​។​

​កីឡា​ការិនី ស្រួង ភាវី បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុក​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៦​វិច្ឆិកា​នេះ​ថា “​ខ្ញុំ​សូម​អរគុណ​ដល់​សហព័ន្ធ​កីឡា ស្នូរ​យ័ក​ប៊ីយ៉ា នៅ ប្រទេស កម្ពុជា ដែល​ខិតខំ​ប្រឹងប្រែង ដើម្បី​ឱ​ខ្ញុំ​បាន​ចូលរួម​ប្រកួត​តំណាង​ឱ្យ​ប្រទេស​កម្ពុជា គ្រប់​ការប្រកួត​នៅ​ក្រៅប្រទេស​ផងដែរ នៅពេលនេះ ខ្ញុំ​ប្រកួត​អាស៊ី​បាន​លេខ​១ ជូន​ប្រទេស​ជាតិ បាន​ហើយ ហើយ​ក្ដី​សុបិន្ត​បាន​ក្លាយជា​ការពិត ហើយ​ខ្ញុំ​សូម​អរគុណ ដល់​ពុក​ម៉ែ​បងប្អូន ដែល​ស្រឡាញ់​គ្រាំទ្រ ភាវី​រហតូម​ក​ខ្ញុំ​អរគុណ​ណាស់​”​។​

​កីឡាការិនី​ឆ្នើម ស្រួង ភាវី បានឲ្យ​ដឹង​ពី​កូរ៉េ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​វិច្ឆិកា​នេះ​ថា នេះ​គឺជា​លើកដំបូង​ហើយ ដែល​សហព័ន្ធ​កីឡា​ស្នូកឃ័​រ និង​ប៊ីយ៉ា​អាស៊ី រៀបចំ​ការប្រកួត​ជើងឯក​អាស៊ី​ផ្នែក​នារី​នេះ​ឡើង ហើយក៏​ជា​អ្វី​ដែល​លោកស្រី​ទន្ទឹង​រង់ចាំ​ដែរ ដោយ​កីឡាការិនី​មាន​ដើមកំណើត​ពី​ខេត្ត​ត្បូងឃ្មុំ​រូបនេះ ចង់​ចូលរួម​ប្រកួត​ក្នុងនាម​កីឡាការិនី​កម្ពុជា និង​ដណ្ដើម​មេដាយមាស​ជូន​ជាតិ​របស់​ខ្លួន ហើយ​ពេលនេះ​លោកស្រី បាន​សម្ដែង​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង ក្រោយ​ទទួលបាន​ជោគជ័យ និង​សម្រេច​បំណង​របស់​ខ្លួន​ដូច្នេះ​។​

​ភាវី បន្ដថា «​ការប្រកួត​កីឡា​ស្នូកឃ័រ​ជើងឯក​អាស៊ី​លើក​ដំបូង​នេះ គឺ​មាន​កីឡាការិនី ១៦​នាក់​មកពី ៣​ប្រទេស​ចូលរួម រួម​មាន​កូរ៉េ ៩​នាក់​, ជប៉ុន ៦​នាក់ និង​កម្ពុជា​ម្នាក់ ដែល​ជា​រូបខ្ញុំ​ផ្ទាល់​។ ជា​លទ្ធផល ខ្ញុំ​បាន​ឆ្លងកាត់ ៦​ប្រកួត និង​ទទួលបាន​ជ័យជម្នះ​ជាប់ៗ​គ្នា ដើម្បី​ឈ្នះ​មេដាយមាស ក្នុងនោះ​ប្រកួត​ផ្ដាច់ព្រ័ត្រ ខ្ញុំ​បាន​យកឈ្នះ​កីឡាការិនី​ជប៉ុន ៣០-១៧​ពិន្ទុ​។ ខ្ញុំ​សប្បាយចិត្ត និង​រំភើប​ខ្លាំង​នេះ ព្រោះ​នេះ​គឺជា​សមិទ្ធផល ដែល​ខ្ញុំ​ប៉ង​ចង់​បាន​យូរ​មក​ហើយ គឺ​ខ្ញុំ​ប៉ង​ដណ្ដើម​មេដាយមាស​ជូន​ប្រទេស​ជាតិ​កម្ពុជា​របស់​ខ្ញុំ​»​។​

​លោកស្រី​បាន​បន្ថែមថា «​ជោគជ័យ​នេះ គឺ​ជា​កត្ដា​រុញច្រាន និង​លើកទឹកចិត្ត​ខ្ញុំ​ឲ្យ​កាន់តែ​ខិតខំ​បន្ថែមទៀត ដើម្បី​បន្ដ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​នានា ក្នុងនាម​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​។ ចំពោះ​ការប្រកួត​នេះ ទោះបី​មាន​ប្រទេស​ចូលរួម​តិចក្ដី តែ​វា​គឺជា​កិត្តិយស​ដ៏​ធំធេង សម្រាប់​ប្រទេសជាតិ ហើយ​ខ្ញុំ​សង្ឃឹមថា ការប្រកួត​ក្រោយៗ នឹង​មាន​ការចូលរួម​កាន់តែច្រើន ពិសេស​ខ្ញុំ​ចង់​ឃើញ​កីឡាការិនី​ខ្មែរ មាន​វត្តមាន​ច្រើន ក្នុង​ព្រឹត្តិការណ៍​នេះ ហើយ​ខ្ញុំ​ក៏​ត្រៀម​ខ្លួន​ជួយ​ជំរុញ និង​លើកទឹកចិត្ត​ដល់​កីឡាការិនី​ខ្មែរ​ដូច​គ្នា​ផងដែរ​»​។​

​គួរបញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១ នោះទេ ដែល​ស្ដ្រី​ខ្មែរ និង​មាន​ស្វាមី​ជា​ជនជាតិ​កូរ៉េ ស្រួង ភាវី ដណ្ដើម​មេដាយ​លើ​ឆាក​អន្ដរជាតិ គឺ​លោកស្រី ធ្លាប់​ដណ្ដើម​មេដាយមាស ប្រាក់ និង​សំរឹទ្ធ ជាច្រើន​គ្រឿង​មកហើយ ជាក់ស្ដែង​កាលពី​ចុង​ខែ​កញ្ញា​កន្លងទៅ លោកស្រី ក៏​ទើប​ដណ្ដើមបាន​មេដាយ​សំរឹទ្ធ ១​គ្រឿង ក្នុង​ការប្រកួត​កីឡា​ស្នូកឃ័រ​ជ្រើសរើស​ជើងឯក​ពិភពលោក នៅ​ប្រទេស​ទួកគី​ផងដែរ ។ អ្វី​ដែល​គួរ​កត់សម្គាល់ ភាវី បាន​ធ្វើឲ្យ​អ្នក​និយម​លេង​កីឡា​ស្នូកឃ័​រ ជុំវិញ​ពិភពលោក មាន​ការភ្ញាក់ផ្អើល និង​កោតសរសើ រ​មិន​ដាច់​ពី​មាត់​ឡើយ ចំពោះ​សមត្ថភាព និង​ទេពកោសល្យ​របស់​លោកស្រី​៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×