Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច ស ខេង កោះហៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង ក្រសួង​កសិកម្ម ឲ្យធ្វើ​សេចក្តីព្រាងច្បាប់​ថ្មី ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​

spot_img

​ភ្នំពេញ ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដែល​រួមមាន​ក្រសួងមហាផ្ទៃ ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម និង គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍ តាម​បែប​ប្រជា​ធិប​តេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ (​គ ជ អ ប​) ដើម្បី​ពិនិត្យ និង កែសម្រួល​ច្បាប់​មួយចំនួន ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ការពារ ព្រៃឈើ និង ធនធានធម្មជាតិ​កម្ពុ​ជា ។ កិច្ចប្រជុំ​អន្តរក្រសួង​នា​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៧ ខែ​វ​ច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​ប្រារព្ធ​ឡើង​នេះ ដោយ​មាន​ការ​ប្រគល់​​ភារកិច្ច ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោក ប៉ោ ភក្តិ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ បាន​មាន ប្រសាសន៍ថា​៖ កិច្ចប្រជុំ​អន្តរក្រសួង​នេះ បាន​ពិនិត្យ​ឡើងវិញ​យ៉ាង​ល្អិតល្អន់ នូវ​ច្បាប់​ចំនួន​បី​ជាសំខាន់ គឺ​ច្បាប់​ស្តីពី ព្រៃឈើ ច្បាប់​ស្តីពី​ជលផល និង ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្ម​ជាតិ ដោយ​​​​មើលឃើញ​ថា​ច្បាប់​ទាំង នោះ​មាន​ចំណុច​មួយចំនួន មានការ​វិវាទ​ជា មួយ​ច្បាប់​ផ្សេងៗ ជាពិសេស ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋ​​បាល​រាជធានី ខេត្ត ក្រុង ស្រុក ខ​ណ្គ និង ការអនុវត្ត​គោលនយោបាយ វិមជ្ឈការ និង សហវិមជ្ឈការ ។ ដោយហេតុ ដូចនេះកិច្ច​ប្រជុំ​អន្តរក្រសួង បានសម្រេច ធ្វើ​សេចក្តីព្រាង​ទាំងបី​នេះ​ជាថ្មី ដើម្បី​សម្រួល ដល់​ការប្រត្តិបត្តិ របស់​អជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ។​

លោក ប៉ោ ភក្តិ បានឲ្យ​ដឹង​ដែរថា នៅក្នុង​កិច្ចប្រជុំ​នេះ សម្តេច​ក្រឡាហោម​ស ខេង ក៏បាន​សម្រេច​ឲ្យមាន​ការបញ្ចូល បន្ថែម​ក្រសួង​មួយចំនួនទៀត ដូចជា​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួង​រ៉ែ និង ថាមពល និង ក្រសួង មុខងារសាធារណៈ ជាដើម ដើម្បី​ចូលរួម​តាក់តែង​សេចក្តីព្រាងច្បាប់ មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព ។​

​លោក ប៉ោ ភក្តិ បានបញ្ជាក់​ថា នៅ ពេល ខាងមុខនេះ មន្ត្រី​ជំនាញ​ជាន់ខ្ពស់ របស់​អន្តរក្រសួង​ទាំងអស់ នឹង​ត្រូវ​ជួបប្រជុំ​គ្នា ដើម្បី​ធ្វើ​សេចក្តីព្រាងច្បាប់ បន្ទាប់មក នឹង​មាន​ការរៀបចំ​សិក្ខាសាលា ថ្នាក់ជាតិ មួយ ដោយ​មាន​ការចូលរួម​ពិភាក្សា ផ្តល់យោបល់​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល សហគមន៍ និង ផ្នែក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បីឲ្យ​ខ្លឹមសារ​សេចក្តីព្រាងច្បាប់​ទាំងនោះ កាន់តែ​សុក្រិត្យ​ថែមទៀត ។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ចេញ​សារាចរ​ណែនាំ ស្តី​ពី​វិធានការ​ចាំបាច់​នានា ក្នុង​ការពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ​។ រាជរដ្ឋាភិបាល​បាន និង​កំពុង​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ លើ​ការគ្រប់គ្រង​ធន​ធន​ធម្មជាតិ ជាពិសេស​ទៅលើ​វិស័យ​ព្រៃឈើ និង​ជលផល តាមរយៈ​ការ​ជម្រុញ ឲ្យមាន​ការធ្វើ​វិសោធនកម្ម​ច្បាប់ និង​លិខិត​បទ​ដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ក៏​ដូចជា​ការបែងចែក​ឡើងវិញ នូវ​សមត្ថកិច្ច​ឲ្យបាន​ច្បាស់លាស់ រវាង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ថ្នាក់ជាតិ ព្រមទាំង​រវាង​ថ្នាក់​ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធានា​នូវ​ការលើកកម្ពស់ និង​និរន្តរភាព​នៃ​ការគ្រប់គ្រង​ធនធានធម្មជាតិ​។​

​រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្ទេរ និង​ប្រគ់​សមត្ថកិច្ច​គ្រប់គ្រង​តំបន់​ការពារ និង​អភិរក្ស​ព្រៃឈើ​ទាំងអស់ ទៅ​ឲ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រង របស់​ក្រសួង​បរិស្ថាន និង​សមត្ថកិច្ច​គ្រប់គ្រង​តំបន់ វិនិយោគ​អភិវឌ្ឍន៍ សម្បទាន​ដី​សង្គមកិច្ច​ទាំងអស់ ទៅ​ឲ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​បាន​ដាក់បញ្ចូល​តំបន់​ព្រៃឈើ មួយ​ចំនួន​បន្ថែម​ទៀត ឲ្យក្លាយ​ទៅ​ជា​តំបន់​ការពារធម្មជាតិ​។​

​នៅក្នុង​សារាចរ​ណែនាំ​បានបញ្ជាក់​ថា ស្របពេល​នឹង​ការផ្ទេរ​សមត្ថកិច្ច​គ្រប់​គ្រង និង​ការ​ជម្រុញ​ឲ្យមាន​ការធ្វើ​វិសោធនកម្ម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នានា បុគ្គល​មួយចំនួន​បាននិងកំពុង​ឆ្លៀតឱកាស ប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ គួរឲ្យ​ព្រួយបារម្ភ​នៅក្នុង​តំបន់​ការពារ និង​អភិរក្ស​ធម្មជាតិ​។​

​សូម​រលឹក​ថា កាលពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដាក់​សំណើ​ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សុំ​ពិនិត្យ និង​ផ្តល់​មតិ​ណែនាំ លើ​ការធ្វើ​វិសោធនកម្ម ច្បាប់​ស្តីពី​ព្រៃឈើ ច្បាប់​ស្តីពី​ជលផល និង​ការកែសម្រួល​សមត្ថកិច្ច ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​ខណ្ឌ​រដ្ឋបាល​ជល​ផល នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង របស់​មន្ទីរ​កសិកម្ម​រាជធានី ខេត្ត​។ ហើយ​ច្បាប់​ស្តីពី​ជលផល គឺ​បាន​ធ្វើ​វិសោធនកម្ម​រួចហើយ នៅតែ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី ពី​ព្រៃឈើ នៅ​មិនទាន់​បាន​ចេញ​នៅឡើយ រហូតមកដល់​ពេលនេះ​។​

​សូមជម្រាបថា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជំរុញ​ឲ្យបាន​ឆាប់​ការធ្វើ វិសោ​ន​កម្មច្បាប់គ្រប់​គ្រង​ព្រៃឈើ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ព្រៃឈើ ដែល​មាន​ផល់ប៉ះពាល់​យ៉ាងខ្លាំង នាពេល​បច្ចុប្បន្ន​នេះ​។ នេះ​បើ​យោង​តាមផេក​សម្តេច​ក្រឡាហោម ស ខេង ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨​។ ការ​ថ្លែង​នេះ ក្នុង​ពិធី​កិច្ចប្រជុំ​បូក​សរុប​សកម្មភាព និង​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៨ ។​

​សម្ដេច​ក្រឡា​ហោ ស ខេ​ង បានបញ្ជាក់​ថា បច្ចុប្បន្ននេះ ច្បាប់​ការពារ​ព្រៃឈើ ពុំ​បាន​ផ្ដល់​អំណាច​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ដែនដី ដែល​បាន​ធ្វើឲ្យ​ជន​ខិលខូច មួយចំនួន កាប់​ឈើ​ខុសច្បាប់​នាំចេញ ជា​បន្តបន្ទាប់ ដែល​ធ្វើឲ្យ​មាន​ផលប៉ះពាល់ ដល់​បរិស្ថាន និង​ធន​ធានធម្មជាតិ​ប្រទេស​កម្ពុជា ។ នៅក្នុង​អាណត្តិ​រដ្ឋាភិបាល​ថ្មី​នេះ សម្ដេច​នឹង​ជំរុញ​ការកែប្រែ​ច្បាប់​នេះ ជា​ចាំបាច់ ដើម្បី​ផ្ដល់​អំណាច​ដល់​​អាជ្ញាធរ​ដែនដី សមត្ថកិច្ច ដើម្បី​រួម​គ្នា​ទប់ស្កាត់ ការពារ​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

    

spot_img
×