Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​កើន ទោះបីជា​សេដ្ឋកិច្ច​ពិភពលោក​មាន​បញ្ហា​ប្រឈម​ក្តី កំណើន​យ៉ាង​រហ័ស នៃ​ការប្រើប្រាស់​ក្នុងស្រុក និង​ការនាំចេញ បាន​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​នេះ​

spot_img

​ភ្នំពេញ ​៖ យោងតាម​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា ចុងក្រោយ របស់​ធនាគារ​ពិភពលោក ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៨​ខែ​វិច្ឆិកា​នេះ បានឲ្យដឹងថា ស្របពេល​ដែល​សេដ្ឋកិច្ចពិភពលោក ត្រូវបាន​គេ​ព្យាករណ៍​ថា នឹង​នៅតែ​បន្ត​បន្ថយល្បឿន និង​​​មាន​ហានិភ័យ​កើនឡើង សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នៅតែ​បន្ត​កើនឡើង​។ អត្រា​កំណើន​សេដ្ឋកិច្ច ត្រូវបាន​គេ​ព្យាករណ៍​ថា នឹង​កើនឡើង​បន្តិចបន្តួច ខ្ពស់​ជាង​ឆ្នាំ​កន្លងទៅ គឺ​កើនឡើង​ដល់ ៧,១​ភាគរយ នៅក្នុង​ឆ្នាំ ២០១៨ ដែល​កំណើន​នេះ នាំមុខ​ដោយ​ការ​ប្រើ​ប្រាស់​​ទំនិញ ក្នុងស្រុក និង​ការនាំចេញ​។​

​ការផ្សព្វផ្សាយ​ជា​ផ្លូវការ​នៃ​របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ចកម្ពុជា កាល​ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅ​សណ្ឋាគារឡឺ​រ៉ូយ៉ាល់​។

​បន្ទាប់ពី​មាន​ការ​ងើប​ឡើងវិញ​បន្តិច​ម្តងៗ នៃ​សេដ្ឋកិច្ច​នៅ​ឆមាស​ទី​២ ក្នុង​ឆ្នាំ ២០១៧​មក ការនាំចេញ​របស់​កម្ពុ​ជា បាន​កើនឡើង​យ៉ាង​រហ័ស ដោយ​មួយ​ភាគ​ធំ គឺ​តម្រូវការ​ដ៏​ច្រើន នៅក្នុង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​។ កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស​មួយចំនួន​តូច ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក ដែល​គេ​រំពឹងថា នឹង​មាន​កំណើន​សេដ្ឋកិច្ច​ល្អប្រសើរ​តិចតួច​។​

​ហានិភ័យ​នានា នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​បន្ត​កើនឡើង វា​នឹង​ពាក់ព័ន្ធ​ច្រើន ទៅលើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​។ ហានិភ័យ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ រួម​មាន​សក្តានុពល នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​ទំនិញ​នាំចេញ សម្រាប់​កម្ពុជា និង​ផលប៉ះពាល់ ដែល​មិន​អាច​ព្យាករណ៍​ទុក​បាន ដែល​កើតចេញ​ពី​ជម្លោះ ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​។​

​លោក លី សុ​ដេត អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់ របស់​ធនាគារ​ពិភពលោក ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា “​អាទិភាព​ជាច្រើន​សម្រាប់​​​កម្ពុជា រួមមាន ការការពារ​វិស័យ​ហិរញ្ញវត្ថុ​ឲ្យបាន​ល្អ ខណៈ​ដែល​កំពុង​តែ​កសាង​ធនធាន​បម្រុង ពង្រឹង​ភាព​ប្រកួតប្រជែង និង​ទប់ស្កាត់​កំណើន​នៃ​អត្រា​ប្តូរ​ប្រាក់​ពិត ដែល​បណ្តាល​មក​ពី​កំណើន ដ៏​ឆាប់រហ័ស នៃ​ការ​នាំចូល​ទំនិញ​នាពេល​ថ្មីៗ​”​។​

​ស្របពេល​ដែល​ទស្សនវិស័យ​វែងឆ្ងាយ នៅតែ​មាន​ភាព​វិជ្ជមាន កម្ពុជា ចាំបាច់​ត្រូវ​អភិវឌ្ឍ​លើ​ធនធាន​រូបវ័ន្ត និង​ធនធានមនុស្ស​របស់​ខ្លួន ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់ ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​មុន ក្នុង​រយៈពេល​វែង​។​

​លោកស្រី អ៊ីង​ហ្គូ​ណា ដូ​ប្រាចា ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា “​ដើម្បី​សម្រេចបាន​គោល​​បំណង​របស់​ខ្លួន ក្នុង​ការទទួលបាន​ចំណាត់ថ្នាក់ ជា​ប្រទេស ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ កម្រិត​មធ្យម កម្ពុជា​ចាំបាច់​ត្រូវ​បង្កើន​ការវិនិយោគ របស់ខ្លួន លើ​ផ្នែក​ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ និង​ធ្វើ​កំណែទម្រង់​នានា ដែល​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច លើ​គ្រប់​វិស័យ និង​ប្រកបដោយ​ចីរភាព​។ ការ​កៀរគរ​ប្រាក់​សន្សំ ក្នុងស្រុក ឲ្យបាន​ច្រើន ដើម្បី​យក​ទៅ​បង្កើន​ការវិនិយោគ គឺជា​កត្តា​សំខាន់ ក្នុង​ការឈាន​ទៅ​ដល់​គោលដៅ​មួយ ដូច​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​ល្អ ជាងគេ នៅ​អាស៊ី​សម្រេចបាន​”​។​

​របាយការណ៍​នេះ ក៏​បាន​ស្នើសុំ​ឲ្យ​ត​ភ្ជាប់​ភាពខ្វះខាត នៃ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ស្រូបយក​វិនិយោគទុន​ផ្ទាល់ ពី​បរទេស​លើ​ផ្នែក​ផលិតកម្ម និង​ការកែច្នៃ​កសិកម្ម ដែល​កំពុង​តែ​កើនឡើង ព្រមទាំង​ការកែលម្អ ជា​បន្តបន្ទាប់ លើ​បរិយាកាស​អាជីវកម្ម​។​

​របាយការណ៍​បច្ចុប្បន្ន​ភាព សេដ្ឋកិច្ច​កម្ពុជា គឺជា​របាយការណ៍​មួយ ចេញផ្សាយ​ពីរដង​ក្នុង​១​ឆ្នាំ ដែល​ផ្តល់​នូវ​ព័ត៌មាន​ថ្មី ស្តីពី​ការអភិវឌ្ឍ​ម៉ាក្រូសេដ្ឋកិច្ច រយៈពេល​ខ្លី និង​មធ្យម នៅក្នុង​ប្រទេស​កម្ពុជា​ ៕ ​ដោយ ​៖ ​កូឡាប​

spot_img
×