Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូត​អាមេរិក វាយតម្លៃ​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា រឹងមាំ និង​ការរីកចម្រើន​ឥតឈប់ឈរ​

spot_img

​ភ្នំពេញ ​៖ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​រយៈពេល​៣​ឆ្នាំ បាន​វាយតម្លៃ​ពី​កំណើន​សេដ្ឋកិច្ច​រឹងមាំ និង​ការរីកចម្រើន​ឥតឈប់ឈរ របស់​កម្ពុជា នាពេល​បច្ចុប្បន្ន​។​

​លោក​ទូត បាន​ថ្លែងថា លទ្ធផល​ដែល​សម្រេចបាន​ទាំងនេះ ពី​ការ​កើត​ចេញ​មកពី​ការខិតខំ​ប្រឹងប្រែង និង​គោលដៅ​ច្បាប់​លាស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​អគ្គបណ្ឌិត សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក William Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ក្នុង​ខណៈ​ដែល​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ចូល​ជួប​ជម្រាបលា នៅពេល​ដែល​អាណត្តិ​បេសកកម្ម​ការទូត របស់​លោក​នៅ​កម្ពុជា នឹងត្រូវ​បញ្ចប់​នា​ចុងខែ វិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខនេះ​, នៅ​រសៀល​ថ្ងៃ​ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨, នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​លោក​ឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច បាន​មានប្រសាសន៍ថា អាណត្តិ​ការងារ​រយៈពេល​៣​ឆ្នាំ​របស់​លោក​ឯកអគ្គ​រដ្ឋទូត នៅ​កម្ពុជា ដែល​បាន​ធ្វើឲ្យ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា​អាមេរិក មាន​ភាពល្អប្រសើរ ជាពិសេស វិស័យសេដ្ឋកិច្ច ពាណិជ្ជ​កម្ម ដែល​បាន​រួមចំណែក​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា កម្ពុជា ស្វាគមន៍ និង​គាំទ្រ​រាល់​គ្រប់​គំនិត​ផ្តួចផ្តើម​ពី​គ្រប់​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ រួម​ទាំង​សហរដ្ឋ​អាមេរិក ផងដែរ ក្នុង​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច និង​សង្គម ដែល​នាំមក​នូវ​ភាពសុខដុមរមនា និង​ភាព​រីកចម្រើន​រុងរឿង​របស់​ប្រជាជន​កម្ពុជា និង​សម្រាប់​ជា​ឧត្តម​ប្រយោជន៍ ទៅវិញទៅមក សម្រាប់​កម្ពុជា​សហរដ្ឋ​អាមេរិក​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឯកអគ្គរដ្ឋទូត​អាមេរិក បាន​លើកឡើង​ថា សហរដ្ឋអាមេរិក អាច​នឹង​ចូលរួម​ចំណែក ដល់​កិច្ចខិតខំ​ប្រឹង​ប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់ និង​ពង្រីក​សហគ្រិនភាព​របស់​ស្ត្រី​វ័យក្មេង​នៅក្នុង​វិស័យ​ធុរកិច្ច សេដ្ឋកិច្ច និង​សង្គម សំដៅ​លើកកម្ពស់​សីលធម៌ សង្គម តម្លៃ​ស្ត្រី និង​សមភាព​យេនឌ័រ ក៏ដូចជា ការត្រៀមខ្លួន​របស់​កម្ពុជា សម្រាប់​ការមកដល់​នៃ​សេដ្ឋកិច្ច​ឌីជីថល និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ថ្មី ជាដើម​។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច បានបញ្ជាក់​ថា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នឹង​រក្សា​ទំនាក់ទំនង​ល្អ ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី របស់​សហរដ្ឋអាមេរិក ដើម្បី​បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​៕​ ដោយ​ ៖ ​កូឡាប​

 

 

spot_img
×