Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ជំរុញ​សហភាព​អារ៉ាប់​រួម វិនិយោគ​លើ​វិស័យ​សំខាន់ៗ​ចំនួន​៤ ដើម្បី​ពន្លឿន​កំណើន​សេដ្ឋកិច្ច​កម្ពុជា​

spot_img

​ឌុយ​បៃ ​៖ វិស័យ​សំខាន់ៗ​ចំនួន ៤ រួមមាន កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរ​ស័ក្តិ ជំរុញ​សហភាព​អារ៉ាប់​រួម ធ្វើ​ការវិនិយោគ​នៅ​កម្ពុជា ដើម្បី​ពន្លឿន​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។​

​លោក​រដ្ឋមន្ត្រី បាន​លើក​សំណើ​នេះ​ឡើង នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ លោកស្រី រី​ម អាល់ ហាស្ហី​មី (REEM Al Hashimy) រដ្ឋមន្ត្រីក្រសួង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​រៀបចំ​ពិព័រណ៍​ពិភពលោក​ឌុយ​បៃ ឆ្នាំ​២០២០ នៃ​ប្រទេស​សហភាព​អារ៉ាប់​រួម កាលពី​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ជម្រាបជូន​លោកស្រី រី​ម អាល់ ហាស្ហី​មី អំពី​វឌ្ឍនភាព​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ គោលនយោបាយ​គាំពារ​វិនិយោគ និង​គោលការណ៍​លើកទឹកចិត្ត​ផ្សេងៗ ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់​ជូន​វិនិយោគិន​បរទេស ដែល​កំពុង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​ភាគី​សហភាព​អារ៉ាប់​រួម ចូលរួម​ព្រឹត្តិការណ៍ “​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ផលិតផល​នាំចេញ​-​នាំ​ចូល​កម្ពុជា​” កម្រិត​អន្តរជាតិ ដែល​គ្រោង​នឹង​រៀបចំ​ឡើង នៅក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៩ ដើម្បី​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម និង​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក​ឌុយ​បៃ​២០២០ ដល់​ប្រជាជន​កម្ពុជា និង​ប្រជាជន​នៃ​ប្រទេស​អាស៊ាន​។​

​ជា​ការឆ្លើយតប លោកស្រី​រដ្ឋមន្ត្រី រី​ម អាល់ ហាស្ហី​មី បាន​ថ្លែងអំណរគុណ​ដល់ លោក ប៉ាន សូរ​ស័ក្តិ ដែល​បាន​ចែករំលែក​ព័ត៌មាន​ល្អៗ ទាក់ទង​នឹង​ឱកាស​វិនិយោគ​នៅ​កម្ពុជា និង​បាន​សន្យា​ជួយ​ជំរុញ​វិស័យ​ឯកជន​ប្រទេស​សហភាព​អារ៉ាប់​រួម ចូល​មក​សិក្សា​អំពី​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា ក៏ដូចជា​ចូលរួម​ពិព័រណ៍ ដែល​រៀបចំឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម​។​

​លើស​ពី​នោះ​ទៀត លោកស្រី រី​ម អាល់ ហាស្ហី​មី បានបង្ហាញ​ចេតនា មក​បំពេញ​ទស្សនកិច្ច​នៅ កម្ពុជា​ក្នុងពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ស្វែងយល់​កាន់តែ​ច្បាស់​ពី​សក្តានុពល នៃ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​កម្ពុជា សំដៅ​ពង្រឹង​ទំនាក់ទំនង​ការទូត និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×