Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​ប្រទេស​នេ​ប៉ាល់​

spot_img

​ភ្នំពេញ ​៖ សម្តេច​តេជោ បាន​ថ្លែងថា នៅ​ព្រឹក​ថ្ងៃ ២៩ វិច្ឆិកា នេះ ខ្ញុំ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​ប្រទេស​នេ​ប៉ាល់ ចាប់ពី​ថ្ងៃ​ទី ៣០ វិច្ឆិកា​-០២ ខែ​ធ្នូ ២០១៨ ។

នៅក្នុង​ពេល​ទស្សនកិច្ច​ខ្ញុំ​នឹង​ជួប​ជាមួយ លោកស្រី ប៊ីធ​យ៉ា ដេវី បាន​ដាវី ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់ និង លោក ខាត់​ហ្គា ប្រាសាត សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ ព្រមទាំង​ចូលរួម​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​មួយចំនួន​ផងដែរ​។

នៅក្នុង​ឱកាស​នោះ ខ្ញុំ​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨ ក្រោម​មូលបទ “​ការដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​នៃ​យុគសម័យ​របស់​យើង ៖ ការពឹង​អាស្រ័យ​គ្នា វិបុលភាព​ទៅវិញទៅមក និង​តម្លៃ​ជា​សាកល​”​។ រយ​:​ពេល​ធ្វើ​ដំណើរ​គឺ​ប្រហែល 3​ម៉ោង​40 នាទី​។

សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​។​

​តាម​សេចក្ដីប្រកាស​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានឲ្យដឹងថា សម្តេច​តេជោ និង​គណៈប្រតិភូ​នឹង​ចំណាយ​​ពេល​ប្រមាណ​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៨ ដើម្បី​បំពេញ​ទស្សនកិច្ច និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​នៅ​ប្រទេស​នេ​ប៉ាល់​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា ក្នុងឱកាស​ទស្សនកិច្ច​ផ្លូវការ សម្តេច​តេជោ ហ៊ុន សែន នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​លោកស្រី ប៊ីធ​យ៉ា ដេវី បាន​ដាវី ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់ ហើយ​ក៏​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ខាត់​ហ្គា ប្រាសាត សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់​។ បន្ទាប់​មក​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​មួយចំនួន​។​

​ដោយឡែក​ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨ នៅនេ​ប៉ាល់ សម្តេច​តេជោ ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ស្រប​តាម​មូលបទ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​២០១៨-​នេ​ប៉ាល់ «​ការដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​នៃ​យុគសម័យ​របស់​យើង​៖ ការពឹង​អាស្រ័យ​គ្នា វិបុលភាព​ទៅវិញទៅមក និង​តម្លៃ​ជា​សាកល​»​។​

​នៅ​ក្នុងឱកាស​ស្នាក់នៅ​ប្រទេស​នេ​ប៉ាល់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ទស្សនា​ទីប្រជុំជន​បុរាណ ប៉ា​តាន់ ឌួ​បា ដែល​ជា​រមណីដ្ឋាន​ក្នុង​បញ្ជី​បេតិ​ភ័ណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។​

​ឥស្សរជន​កម្ពុជា​ដែល​នឹង​អញ្ជើញ​អមដំណើរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី រួមមាន​៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សមាជិក​ដទៃ​ទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​តំណាង​ពី​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

​សូមបញ្ជាក់​ថា ដំណើរ​ចេញទៅ​ក្រៅប្រទេស​របស់​សម្តេច​តេជោ ហ៊ុន សែន នៅថ្ងៃនេះ គឺជា​ដំណើរ​ចេញ​ទៅ​ក្រៅប្រទេស​លើក​ទី​១៣​ហើយ នៅក្នុង​ឆ្នាំ​២០១៨​នេះ​។​

ខាងក្រោម​ជា​ប្រវត្តិ​ចេញទៅ​បំពេញ​បេសកកម្ម​ការងា​រ នៅ​ក្រៅប្រទេស​របស់​សម្តេច​តេជោ ហ៊ុន សែន នៅក្នុង​ឆ្នាំ​២០១៨​នេះ​៖
​លើក​ទី​១៖ បំពេញ​ទស្សនកិច្ច​រយៈពេល​៥​ថ្ងៃ​នៅ​ប្រទេស​ឥណ្ឌា ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​២៧ ខែ​មករា ឆ្នាំ​២០១៨ តប​តាម​ការអញ្ជើញ​របស់ លោក ណារិ​នដ្រា ម៉ូ​ឌី (Narendra Modi) នាយករដ្ឋមន្ត្រី​ឥណ្ឌា​។​

​លើក​ទី​២៖ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្រា្តលី ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ស៊ីដ​នី ប្រទេស​អូស្ត្រាលី​។​

​លើក​ទី​៣៖ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ លើក​ទី​៦ និង​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​វៀតណាម លើក​ទី​១០ ស្តីពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ពី​ថ្ងៃ​ទី​៣០ ដល់​៣១ ខែ​មីនា​។​

​លើក​ទី​៤៖ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣២ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​សិង្ហ​បុរី ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៨​។​

លើក​ទី​៥៖ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ នៃ​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​អា​យ៉េយ៉ា​វាឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy/ACMECS) លើក​ទី​៨ និង​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (Cambodia-Lao PDR-Myanmar-Viet Nam Summit/CLMV) លើក​ទី​៩ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​កិច្ចប្រជុំ​កំពូល​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ មិថុនា ២០១៨​។​

​លើក​ទី​៦ (​ក្រោយ​បង្កើត​រាជរដ្ឋាភិបាល​បាន​៤​ថ្ងៃ​)៖ ចូលរួម​ពិព័រណ៍​អាស៊ាន​-​ចិន លើក​ទី​១៥ នៅ​ទីក្រុង​ណាន​នី​ង តំបន់​ស្វយ័ត​ក្វាង​ស៊ី ប្រទេសៅ​ចិន​។ រួច​បន្ត​អញ្ជើញ​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម (​ពី​ថ្ងៃ​ទី​១០-១៣​ខែ​កញ្ញា ឆ្នាំ​២០១៨)​។​

​លើក​ទី​៧៖ សម្តេច​តេជោ ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ប្រធានាធិបតី​វៀតណាម​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

លើក​ទី​៨៖ សម្តេច​តេជោ ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហ​ប្រជា​ជាតិ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។​

​លើក​ទី​៩៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ កំពូល​មេគង្គ​-​ជប៉ុន​លើ​ក​ទី​១០ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​១០ ខែតុលា ឆ្នាំ​២០១៨​។ បន្ទាប់​មក​បន្តដំណើរ​ទៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ចូលរួម​ជំនួប​ប្រជុំ​ថ្នាក់​ដឹកនាំ​អាស៊ាន​ចាប់ពី​ថ្ងៃ​ទី​១០-១២ ខែតុលា ឆ្នាំ​២០១៨​។​

​លើក​ទី​១០៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម «​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី ១២» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨-១៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ប្រ៊ុច​សែ​ល ប្រទេស​ប៊ែលហ្ស៊ិក​។ បន្ទាប់​មក​បន្ត​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួ​ក​គី​រយៈពេល​៣​ថ្ងៃ​ពី​ថ្ងៃ​ទី​២០ ដល់ ២២ ខែតុលា​។​

​លើក​ទី​១១៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​ចូលរួម «​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​នៃ​វេទិកា​វិនិយោគ​ពិភពលោក​ឆ្នាំ​២០១៨» ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២២ ដល់​ទី​២៤ ខែតុលា ឆ្នាំ ២០១៨ នា​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស ក្រោម​មូលបទ​រួម «​ការវិនិយោគ​លើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។​

​លើក​ទី​១២៖ សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​សិង្ហ​បុរី រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣-១៥ វិច្ឆិកា​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ

 

spot_img
×