Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​និង​នេ​ប៉ាល់ ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ចំនួន​៤

spot_img

​ភ្នំពេញ​ ៖ កម្ពុជា​និង​នេ​ប៉ាល់ បាន​ជំរុញ​កសាង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឲ្យមាន​ការរីកចម្រើន​ឈានឡើង ដោយ​បាន​ចុះ​ហត្ថ​លេខា​​លើ​ឯកសារ​៤​សំខាន់ ដូចជា ទាក់ទង​នឹង​ការលើកលែង​ទិដ្ឋាការ visa សម្រាប់​លិខិតឆ្លងដែន​ការទូត និង​ផ្លូវការ​ជាពិសេស​កិច្ចព្រមព្រៀង​ពាក់ ព័ន្ធ​វិស័យ​ដឹកជញ្ជូន តាម​ផ្លូវអាកាស និង​អនុស្សរណៈ​យោគយល់​គ្នា រវាង​ក្រសួងការបរទេស​ទាំង​ពីរ កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​។​

​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ខាត់ ហ្គា ប្រាសាទ ស្សា​ម៉ា អូ​លី (Khadga Prasad Sharma Oli)​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នេ​ប៉ាល់​។​

​នៅក្នុង​ជំនួប​នេះ​ផងដែរ លោកនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​នេ​ប៉ាល់ បាន​មានប្រសាសន៍ថា នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​របស់​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា មកកាន់​ប្រទេស​នេ​ប៉ាល់ លោក​ក៏​បាន​អរគុណ​ចំពោះ​សម្ដេច​តេជោ ដែល​បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច ក៏ដូចជា​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​ឆ្នាំ​២០១៨ ដែល​រៀបចំឡើង​ដោយ​ប្រទេស​នេ​ប៉ាល់​នាពេលនេះ​។​

​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​ចាត់ទុកថា ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ ពិតជា​មាន​សារសំខាន់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​លោក​បាន​ចាត់ទុកថា ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​នេ​ប៉ាល់ និង​ប្រទេស​កម្ពុជា គឺ​មាន​លក្ខណៈ​ស្និទ្ធស្នាល និង​ជា​លក្ខណៈ​មិត្តភាព​។ លោក​បាន​មាន​មានប្រសាសន៍​បន្ត​ថា ប្រទេស​យើង​ទាំងពីរ​បាន​ចាប់ផ្ដើម មាន​ទំនាក់ទំនង​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​១៩៧៥ មក​ម្លេះ លោក​ក៏​បាន​កត់សម្គាល់ អំពី​ស្ថិរភាព​នយោបាយ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោជា​នាយករ​ដ្ឋ​មន្ត្រី និង​បាន​អបអរសាទរ​ផងដែរ ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ជាប់ឆ្នោត​ដោយ​សំឡេង​ច្រើន​កន្លងមក ទន្ទឹមនឹងនេះ​លោក ក៏​បាន​មើលឃើញ​ពី​ការរីកចម្រើន​ជាច្រើន របស់​ប្រទេស​កម្ពុជា ដែល​បាន​ប្រែក្លាយ​ពី​ប្រទេស ដែល​មាន​ការអភិវឌ្ឍ​ន៍​តិចតួច ទៅ​ជា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​មធ្យម​កម្រិត​ទាប​នាពេល​បច្ចុប្បន្ន​។ មិនតែប៉ុណ្ណោះ លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ ក៏​បាន​មានប្រសាសន៍ថា កម្ពុជា និង​នេ​ប៉ាល់ អាច​ផ្លាស់ប្ដូរ​បទពិសោធន៍ គ្នា​ពាក់ព័ន្ធ​ទៅ​នឹង​ការអភិវឌ្ឍន៍​ទាំងសងខាង ហើយ​លោក​ក៏​បាន​ជម្រាបជូន​សម្តេច​តេជោ​អំពី​ការវិវឌ្ឍ របស់​ប្រទេស​នេ​ប៉ាល់​កន្លងមកនេះ ជាពិសេស​ការបោះឆ្នោត ដោយ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ការបង្កើត​ប្រព័ន្ធ សហព័ន្ធ​សាធារណៈ​នៅ​ឆ្នាំ​២០១៧​កន្លងមកនេះ ដែល​ធ្វើឲ្យ​ប្រទេស​នេ​ប៉ាល់​មាន​ស្ថិរភាព និង​បានប្រែក្លាយ​ប្រទេស​គាត់​ឲ្យមាន​ការរីកចម្រើន​ជា​លំដាប់ ដោយ​ឈរ​លើ​គោលការណ៍​មួយ​ចំនួន ដូចជា​អភិបាលកិច្ច​ល្អ ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​នេ​ប៉ាល់ រស់​នៅ​មាន​ភាពល្អប្រសើ​រ​។​

​ការឆ្លើយតប សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា សម្តេច​ពិតជា​អរគុណ​ចំពោះ​លោកនាយក​មន្ត្រី​នេ​ប៉ាល់ ដែល​បាន​ផ្តល់​កិត្តិយស​ឲ្យ​សម្ដេច​អញ្ជើញ​បំពេញ​ទស្សនកិច្ច ក៏ដូចជា​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​នេះ ជាពិសេស​អរគុណ ក្នុង​ជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ កាលពី​ខែ​កញ្ញា ២០១៨ នៅ​ទីក្រុង​ញូវយ៉ក ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​។​
​សម្ដេច​តេជោ ក៏​បាន​មានប្រសាសន៍​ផងដែរ​ថា ក្នុងជំនួប​ទ្វេភាគី​នេះ​ចាត់ទុកថា ឆ្នាំ​២០១៩​ខាងមុខនេះ គឺជា​ខួប​លើក​ទី​៥៥​ផងដែរ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​ក៏​បាន​អរគុណ​ដល់​លោកនាយក​មន្ត្រី​នេ​ប៉ាល់ ដែល​បាន​ផ្ញើ​សារ​អបអរសាទរ​ខួប​៦៥​ឆ្នាំ នៃ​បុណ្យ​ឯករាជ្យ​ជាតិ របស់​ព្រះរាជាណាចក្រ​កម្ពុជា​កន្ល​ង​ទៅ​ថ្មីៗ​នេះ និង​អរគុណ​ចំពោះ លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់​ផងដែរ ដែល​បាន​ផ្ញើ​សារ​ចំពោះ​ភាព​ជោគជ័យ របស់​គណបក្ស​ប្រជាជន ដែល​ជាប់ឆ្នោត​កន្លងមក​នេះ​។ សម្ដេច​តេជោ បាន​បន្តថា តាមពិត​សម្ដេច​ចង់​មក​ទស្សនកិច្ច នៅ​ប្រទេស​នេ​ប៉ាល់​យូរ​មក​ហើយ ប៉ុន្តែ​មិន​អាច​ឆ្លៀត​ពេល​បាន​។ ប្រទេស​នេ​ប៉ាល់​នេះ គឺជា​ប្រទេស​ទី​កន្លែង​កំណើត​ដែល​ព្រះពុទ្ធ​បានប្រសូត សម្តេច​ក៏​អរគុណ​ប្រទេស​នេ​ប៉ាល់​ផងដែរ ដែល​បាន​បាន​ផ្ដល់​ដី​សម្រាប់​សង់​ប្រាសាទ និង​វត្ត​នៅ​ប្រទេស​នេ​ប៉ាល់​នេះ​។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា បាន​ឆ្លងកាត់​នូវ​ការលំបាក​ជាច្រើន ជាពិសេស​ឆ្លង​កាន់​សម័យ​សង្គ្រាម រហូត​ដល់​សម័យ​ប្រល័យ​ពូជសាសន៍ ប៉ុន្តែ​អ្វី​ដែល​សំខាន់​កម្ពុជា​បាន​សង្គ្រោះ​ជាតិ​ឡើងវិញ ហើយ​សម្តេច​បាន​ជំរាបជូន​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ថា ឆ្នាំ​នេះ​កម្ពុជា​នឹង​ប្រារព្ធ​ខួប​២០​ឆ្នាំ នៃ​ការអនុវត្តន៍​នយោបាយ​ឈ្នះ​ឈ្នះ ក្នុង​ការបង្រួបបង្រួម​ជាតិ ការបញ្ចប់​សង្គ្រាម ពី​ប្រទេស​ដែល​មាន​តំបន់​ត្រួតត្រា​ច្រើន មក​ជា​ប្រទេស​ដែល​មាន​តំបន់​ត្រួតត្រា​១ រដ្ឋាភិបាល​តែ​មួយ រដ្ឋធម្មនុញ្ញ​តែ​មួយ និង​ទទួលបាន​នូវ​សុខសន្តិភាព​។ ជាមួយគ្នា​នោះ សម្តេច​តេជោ ក៏​បាន​សំដែង​ការអបអរសាទរ ចំពោះ​ប្រទេស​នេ​ប៉ាល់ ដែល​ទទួលបាន​នូវ​សុខសន្តិភាព ក្នុងនោះ​សម្ដេច​តេជោ ក៏​បាន​មានប្រសាសន៍​ពាក់ព័ន្ធ នឹង​ការផ្លាស់ប្តូ​រមតិ​គ្នា​ធ្វើយ៉ាងណា ឲ្យ​ប្រទេស​ទាំង​ពីរ​មាន​ផ្លាស់ប្ដូរ​បទពិសោធន៍​ពី​គ្នា​ទៅវិញទៅមក ដើម្បី​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំង​ពីរ​បន្តែមទៀត​។​

​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​វិញ សម្ដេច​តេជោ ក៏​បាន​មានប្រសាសន៍ថា កម្ពុជា​នឹង​បើក​ស្ថានទូត នៅ​ទីក្រុង​ក​ដ្ឋ​មណ្ឌូប្រទេស​នេ​ប៉ាល់ ហើយ​ប្រទេស​នេ​ប៉ាល់ អាចបង្កើត​ស្ថាន​ទួត​នៅ​ទីក្រុង​ភ្នំពេញ​ផង​ដែរ​។ សម្ដេច​ក៏​បាន​គូសបញ្ជាក់ផងដែរ​ថា អ្វី​ដែល​ត្រូវ​ជំរុញ​នាពេល​បច្ចុប្បន្ន​នេះ គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ជំរុញ​កសាង កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឲ្យ មាន​ការរីកចម្រើន​ឈានឡើង ជាពិសេស​នៅ​ថ្ងៃនេះ នឹង​មាន​ការចុះហត្ថលេខា​លើ​ឯកសារ​៤​សំខាន់ ដូចជា​ទាក់ទង​នឹង​ការលើកលែង​ទិដ្ឋាការ visa សម្រាប់​លិខិតឆ្លងដែន​ការទូត និង​ផ្លូវការ​ជាពិសេស កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​វិស័យ ដឹកជញ្ជូន​តាម​ផ្លូវអាកាស និង​អនុស្សរណៈ​យោគយល់​គ្នា រវាង​ក្រសួងការបរទេស​ទាំង​ពីរ កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​៕ ដោយ ​៖ ​កូឡាប​

     

spot_img
×