Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាឡេស៊ី​ចាប់ផ្តើម​កែលំអ​លក្ខខណ្ឌ​ជ្រើសរើស​ពលករ​បរទេស​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​

spot_img

​ភ្នំពេញ ​៖ ថ្លែង​ក្រោយ​ជំនួប​ពិភាក្សា​ការងារ​រវាង លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ម៉ាឡេស៊ី​ចំនួន​បី នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា នៅ​ទីស្តីការក្រសួង​ការងារ លោក ហ៊ូ វុទ្ធី អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មានប្រសាសន៍ថា លក្ខខណ្ឌ​ការងារ​ដែល​ភាគី​ម៉ាឡេស៊ី​ផ្លាស់ប្តូរ​ថ្មី រួមមាន នីតិវិធី​ក្នុង​ការជ្រើសរើស​ពលក​រ និង​ការតំឡើង​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​មុន ដើម្បី​ទាក់ទាញ​ពលករ​បរទេស ពិសេស​ពលករ​កម្ពុជា ឲ្យទៅ​ធ្វើការ​នៅ​ប្រទេស​របស់​ខ្លួន​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត ។​

​លោក ហ៊ូ វុទ្ធី បាន​បន្តថា នីតិវិធី​ក្នុង​ការជ្រើសរើស​ពលក​រ​ថ្មី​នេះ គឺ​ពលករ​មិនចាំបាច់​ចំណាយ​ពេលវេលា​យូរ​ដូច​មុន​ទេ ពោល​គឺ​ឲ្យតែ​ភាគី​ម៉ាឡេស៊ី​ត្រូវការពលករ គឺ​អាច​បញ្ជូន​ទៅ​ធ្វើការ​បាន ខណៈ​កាលពីមុន​ពលករ​ត្រូវមាន​កិច្ចសន្យា​ការងារ និង​បំពេញ​បែបបទ​ផ្សេងៗ​ទៀត ទើប​អាច​បញ្ជូន​ទៅ​បាន​ត្រូវ​ប្រើពេល​យូរ​។ ទន្ទឹមនឹនេះ​ម៉ាឡេស៊ី​បាន​តំឡើង​ប្រាក់​ឈ្នួល​ដល់​ពលករ​បរទេស​ដែល​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី​ប្រមាណ​ជាង​៣០០​ដុល្លារ​ក្នុង​១​ខែ ដើម្បី​ឲ្យ​ពលករ​ទទួលបាន​នូវ​ប្រាក់ចំណូល​ខ្ពស់​ជាង​មុន​ក្នុង​ការដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ និង​ផ្ញើ​ត្រឡប់​មក​ស្រុក​កំណើត​ផងដែរ​។​

​ព្រម​ជាមួយគ្នានេះ​ដែរ លោក​រដ្ឋមន្ត្រី អ៊ិត សំហេង បាន​ស្នើ​ឲ្យ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ម៉ាឡេស៊ី​ទាំង​បី​សហការ​ជាមួយ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា ត្រូវ​ធ្វើការ​រួម​គ្នា​ជា​ឯកច្ឆ័ន​ក្នុង​សំលេង​តែ​មួយ​ជាមុ​ន​សិន​ពាក់ព័ន្ធ​ទៅនឹង​លក្ខខណ្ឌ​ការងារ​ថ្មីៗ ហើយ​បន្ទាប់​ពី​បាន​លទ្ធផល​ហើយ​ក្រុម​ការងារ​បច្ចេកទេស នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​ពិភាក្សា​គ្នា​ឡើងវិញ​លើ​កិច្ច​ការងារ​ទាំងនេះ មុន​នឹង​ដាក់​ជូន​រដ្ឋ​មន្ត្រី​ប្រទេស​ទាំង​ពីរ​សម្រេច​ជា​ចុងក្រោយ​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក អ៊ិត សំហេង នៅ​តែ​រក្សា​ចំហរ​ទៅតាម​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដែល​បាន​ព្រមព្រៀង​ជាមួយ​គ្នា​កន្លង​មក​លើ​ការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និង​គ្រប់គ្រង​ពលករ​ខ្មែរ ដែល​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី ដែល​រដ្ឋាភិបាល ទាំងពីរ​បាន​ព្រមព្រៀង​ជាមួយ​គ្នា​រួច​ហើយ វា​ជា​ឯកសា​ផ្លូវការ​ស្របច្បាប់ ដែល​ក្លាយជា​ក្រប​ខណ្ឌ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​កាន់តែ​ប្រសើរ​ថែម​ទៀត​។​

​លោក​រដ្ឋមន្ត្រី លើកឡើង​បន្ត​ថា ប្រាក់​ឈ្នួល​នៅ​កម្ពុជា​ក៏​មាន​ការកើនឡើង​ខ្ពស់ ដូច្នេះ​ខាង​ម៉ាឡេស៊ី​ត្រូវ​ផ្តល់​ផលប្រយោជន៍​ដល់​ពលករ​កម្ពុជា តាមរយៈ​ប្រាក់​ឈ្នួល​ខ្ពស់ និង​លក្ខខណ្ឌ​ការងារ​ល្អ ទើប​អាច​ទាក់ទាញ​ពលករ​កម្ពុជា ចេញ​ទៅ​ធ្វើការ​នៅ​ទីនោះ​បាន​។ រីឯ​ប្រទេស​ដែល​ជា​គោលដៅ​ប្រកួតប្រជែង​ក៏មាន​ច្រើន​ផង​ដែរ ដូចជា​កូរ៉េ ជប៉ុន សឹង្ហ​បុរី ថៃ​ជាដើម​។​

​សូមបញ្ជាក់​ថា បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្អាក​ការជ្រើសរើស និង​បញ្ជូន​ពលករ​ខ្មែរ ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី រាជរដ្ឋាភិបាល​កម្ពុជា បាន​រៀបចំ​យន្តការ និង​បទដ្ឋាន​គតិយុត្តិ​ជាច្រើន​សម្រាប់​ការពារ គ្រប់គ្រង និង​លើកកម្ពស់​សិទ្ធិ​ដល់​ពលករ​ខ្មែរ​ទាំងអស់​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​។​

​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ចំនួន ០២ ៖

(១) អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការជ្រើសរើស និង​ប្រើប្រាស់​ពលករ​

(២)​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តី​ពី​ការជ្រើសរើស និង​ប្រើប្រាស់​ពលករ​ការងារ​ផ្ទះ​

​បច្ចុប្បន្ន​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​ដែល​ទទួលបាន​កា​អនុញ្ញាត​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ចំនួន ១០៣ ឱ្យ​ធ្វើ​ការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និង​គ្រប់គ្រង​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​បរទេស​។ ក្នុង​នោះ​ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន ៦៩ ក្រុមហ៊ុន (​គិត​ត្រឹម ខែតុលា ឆ្នាំ​២០១៨)៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

  

spot_img
×