Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា នាំមក​នូវ​លទ្ធផល​វិជ្ជមាន​សម្រាប់​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​

spot_img

​ភ្នំពេញ ​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់ថា គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (BFC) បាន​នាំមក​នូវ​លទ្ធផល​វិជ្ជមាន​សម្រាប់​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​ជាតិ ជាពិសេស​ចូលរួម​លើកស្ទួយ​លក្ខខណ្ឌ​ការងារ និង​ជីវភាព​រស់នៅ​របស់​ក​ម្មករ​និយោជិត ប្រមាណ​ជាង ៧​សែន​នាក់ ដែល​កំពុង​បំពេញការងារ​នៅតាម​រោងចក្រ​សហគ្រាស​នានា​ទូទាំង​ប្រទេស​។​

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ដូច្នោះ នា​ឱកាស​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​ប្រចាំ​ត្រីមាស ស្តីពី​ការអនុវត្ត​លក្ខខណ្ឌ​ការងារ​នៃ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង ដែល​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​វត្តមាន​ចូលរួម​ពី​តំណាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ស្វាគមន៍​លទ្ធផល​របាយ​ការណ៍​ឆ្នាំ ២០១៨ របស់ ILO-BFC ដែល​បង្ហាញ​ពី​ភាពប្រសើរឡើង​នៃ​បរិយាកាស​ការងារ ការថយចុះ​អំពើហឹង្សា និង​ការមិន​គោរព​បទដ្ឋាន​ច្បាប់ នៅ​តាម​រោងចក្រ​សហគ្រាស​ចំនួន ៤៦៤​ទីតាំង ក្រោម​ការចុះ​សិក្សា និង​វាយតម្លៃ​ពី​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​គម្រោង (PAC) ដែល​ចូលរួម​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​ពាណិជ្ជកម្ម សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​សហជីព​ការងារ​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់ ILO-BFC ដែល​បាន​រួមចំណែក​លើកកម្ពស់​កិត្តិនាម និង​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា ក្នុងនាម​ជា​ប្រទេស​ផលិត និង​នាំចេញ​ផលិតផល​សម្លៀកបំពាក់ ប្រកប​ដោយ​ក្រមសីលធម៌ ស្រប​តាម​បទដ្ឋាន​ស្តង់ដារ​ការងារ​ខ្ពស់​។

ឯកឧត្តម​ក៏បាន​សំណូមពរ​ដល់​ភាគី​ទាំងអស់ ប្រកាន់ខ្ជាប់​វប្បធម៌​សហការ​គ្នា​នេះ​បន្តទៀត ដើម្បី​នាំមក​នូវ​វឌ្ឍនភាព​កាន់តែ​ប្រសើរ សម្រាប់​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​នៅ​កម្ពុជា​។​

​សូមជម្រាបថា តាមរយៈ​កិច្ច​សហការ​អនុវត្ត​រយៈពេល​ជាង ១៥​ឆ្នាំនេះ ILO-BFC បាន​ជួយ​កែលម្អរ​លក្ខខណ្ឌ​ការងារ និង​បង្កើន​ប្រាក់​ចំណេញ​ដល់​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កម្ពុជា តាមរយៈ​ការផ្តល់​សេវា​អង្កេត និង​វាយតម្លៃ​ប្រតិបត្តិការ​របស់​រោងចក្រ​សហគ្រាស ការបណ្តុះបណ្តាល​ពិសេស​ដល់​កម្មករ និង​អ្នកគ្រប់គ្រង ការប្រឹក្សា​យោបល់ និង​ការបង្ហាញ​ព័ត៌មាន​ជា​សាធារណៈ​អំពី​លក្ខខណ្ឌ​ការងារ​ផ្សេងៗ ដែល​បាន​ពង្រឹង​កេរ្តិ៍ឈ្មោះ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុ​ជា ហើយ​ធ្វើឱ្យ​រោងចក្រ​ភាគច្រើន ទទួលបាន​ទំនុកចិត្ត​ខ្ពស់ ជាមួយនឹង​ការបញ្ជាទិញ​កាន់តែច្រើន ពី​ទីផ្សារ​អន្តរជាតិ​ធំៗ​នៅលើ​ពិភពលោក​៕  ដោយ ៖​ បញ្ញាស័ក្តិ

spot_img
×